ដោយថ្ងៃនេះត្រូវជាថ្ងៃបូជាព្រះបរមសពនៃ ព្រះមហាបរមរតនកោដ្ឋ នោះ ខ្ញុំសូមដាក់បង្ហាញអត្ថបទមួយអំពីរឿងរ៉ាវឯកជននៃមហាក្សត្រអង្គនេះ ។
*****
ក្រៅពីរឿងរ៉ាវនយោបាយដែលព្រះអង្គបានធ្វើចំពោះប្រទេសជាតិនោះ រឿងរ៉ាវឯកជនរបស់ព្រះអង្គក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរ ជាពិសេសរឿងរ៉ាវទាក់ទងនិងជីវិតស្នេហារបស់ព្រះអង្គកាលពីយុវវ័យ រហូតដល់ពួកអ្នកកាសែតលោកខាងលិចបានប្រសិទ្ធព្រះនាមព្រះអង្គថា «PlayBoy» ។
ជាក្សត្រមួយអង្គដែលមិនទាន់បានបញ្ចប់មធ្យម សិក្សានៅឡើយ ព្រះអង្គត្រូវបានលើកឲ្យឡើងសោយរាជ្យដោយ ប្រទេសបារាំង ។ ព្រះមហាក្សត្រអង្គនេះ គឺជាក្សត្រដែលមានព្រះជន្មវ័យក្មេង បន្ទាប់ពីម្ចាស់ក្សត្រី អង្គម៉ី បុត្រីព្រះបាទឧទយរាជា «អង្គចន្ទ» ដែលប្រទេសយួនបានលើកបន្តុបឲ្យឡើងសោយរាជ្យ កាលពី១០០ឆ្នាំមុន ខណៈពេលដែល ប្រទេសកម្ពុជា ស្ថិតនៅក្រោមអាណាព្យាបាលរបស់បរទេស ក្នុងរយៈពេលប្រមាណជាជាងមួយសតវត្សចុងក្រោយនេះ ។
អគ្គទេសាភិបាល បារាំងប្រចាំនៅកម្ពុជា លោក Léon Tibaudeau បានចាត់ទុកក្សត្រវ័យក្មេងអង្គនេះថា អាចបញ្ជាបានដោយស្រួល និងជាក្សត្រដ៏ត្រឹមត្រូវមួយព្រះអង្គខុសពីព្រះមហាក្សត្រមុនៗ ដែលមានស្រីស្នំរាប់ពុំអស់ តែក្ដីសង្ឃឹមនេះហាក់ដូចជាខុសស្រឡះនៅពេលដែលរាជ្យរបស់ព្រះអង្គ បានចាប់ផ្ដើម ។
គ្រាន់តែសោយរាជ្យបានប្រមាណ ៥ខែ សម្ដេចព្រះ នរោត្តម សីហនុ ពិតជាពុំអាចទប់ព្រះទ័យមិនឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍ នាថការិនីរបាំព្រះរាជ្យទ្រព្យ គឺ អ្នកនាង ផាត់ កាញ៉ុល បាននោះទេ បើទោះបីជាស្នេហាមួយនេះ ត្រូវបានជំទាស់ដោយ អគ្គទេសាភិបាលប្រចាំកម្ពុជា Tibaudeau និងព្រះ អយ្យកោ សុធារស យ៉ាងណាក៏ដោយ ។
ស្នេហាដែលមានអាយុប្រមាណ ២ឆ្នាំ ព្រះអង្គទទួលបានបុត្រ ២ព្រះអង្គ គឺ ម្ចាស់ក្សត្រីព្រះរាម បុប្ផាទេវី នៅឆ្នាំ១៩៤៣ និង ព្រះអង្គម្ចាស់ រណឫទ្ធិ នៅឆ្នាំ១៩៤៤ ។ ម្ចាស់ក្សត្រី បុប្ផាទេវី បានរៀប អភិសេកជាមួយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ជីវន្តមុនីរក្ស ហើយក្រោយមកក៏បានលែងលះគ្នា ដោយ ម្ចាស់ក្សត្រី បានមករៀបអភិសេកជាមួយលោក ខែក វណ្ឌី ។ ដោយឡែក ព្រះអង្គម្ចាស់ រណឫទ្ធិ បានរៀបអភិសេកជាមួយ កញ្ញា អេង ម៉ារី តែអភិសេកមួយនេះក៏មិនគង់វង្សដែរ ដោយបច្ចុប្បន្នព្រះអង្គមានមហេសីវ័យក្មេងម្នាក់ទៀត គឺ អ្នកម្នាង អ៊ុក ផល្លា ។
ក្នុងឆ្នាំ១៩៤២ នេះដែរ សម្ដេចព្រះ នរោត្តម សីហនុ បានទាក់ទងជាមួយព្រះមាតុច្ឆាបង្កើតរបស់ខ្លួន គឺ ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី បុត្រីរបស់អតីត ព្រះមហាក្សត្រ ស៊ីសុវត្ថិ មុនីវង្ស ជាមួយនិងអ្នកម្នាង ឃុន ណាត ។ ដូចគ្រាមុនដែរ ស្នេហាមួយនេះត្រូវបានជំទាស់យ៉ាងដាច់អហង្ការពីសំណាក់ព្រះមាតា របស់ទ្រង់ គឺ សម្ដេចព្រះមហាក្សត្រិយានី កុសមៈ និងអគ្គទេសាភិបាលបារាំងថ្មីប្រចាំកម្ពុជា លោក Georges Gauthier ។ តែទោះបីជាមានការជំទាស់ ពីសំណាក់ព្រះមាតារបស់ទ្រង់ និងអគ្គទេសាភិបាលបារាំងក្ដី ក៏ព្រះអង្គនៅប្រឹងជម្នះតស៊ូចង់រៀបអភិសេកជាមួយ ម្ចាស់ក្សត្រី ពង្សសានមុនី រហូតដល់ព្រះអង្គគំរាម នឹងដាក់រាជ្យសម្បត្តិដោយយកគំរូតាម ស្ដេច Edward VIII របស់ចក្រភពអង់គ្លេស ក្នុងការរៀបការជាមួយស្ត្រីមេម៉ាយពីរភ្លើងម្នាក់ គឺអ្នកស្រី Sampson ដែរជាជនជាតិអាមេរិក ។ ការលះបង់ដ៏ធំធេងសម្រាប់ស្នេហាមួយរបស់ ស្ដេច Edward VIII ត្រូវបានគេសើចចំអកពាសពេញពិភពលោក។ ដោយឡែក សម្ដេច សីហនុ វិញ ព្រះអង្គបានបរាជ័យក្នុងការតស៊ូដើម្បីស្នេហាមួយនេះ។
រយៈពេល ៩ឆ្នាំ នៃចំណងស្នេហាជាមួយ ម្ចាស់ក្សត្រី ពង្សសានមុនី បានបន្សល់ទុកនូវបុត្រាបុត្រីចំនួន ៧ព្រះអង្គ គឺ ព្រះអង្គម្ចាស់ យុវនាថ, ព្រះអង្គម្ចាស់ ចក្រពង្ស, ព្រះអង្គម្ចាស់ វីរវង្ស, ព្រះអង្គម្ចាស់ ខេមានុរក្ស, ម្ចាស់ក្សត្រី សូរិយារង្សី, ម្ចាស់ក្សត្រី គន្ធបុប្ផា និងម្ចាស់ក្សត្រី បុទុមបុប្ផា ។ ក្នុងចំណោមបុត្រាបុត្រីទាំង ៧អង្គនេះ មានតែពីរព្រះអង្គប៉ុណ្ណោះដែលនៅមានព្រះជន្ម គឺ ព្រះអង្គម្ចាស់ យុវនាថ និងព្រះអង្គម្ចាស់ ចក្សពង្ស ។ ឯបុត្រាបុត្រី ៤អង្គទៀត ត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមអស់ទៅហើយ ។ ម្ចាស់ក្សត្រី សូរិយារង្សី បានបន្សល់ទុកនូវបុត្រា ១អង្គ មានព្រះជន្មរហូតដល់សព្វថ្ងៃនេះ គឺ ព្រះអង្គម្ចាស់ នរោត្តម សូរិយារង្សី មីស្ហែល ។ ចំណែកឯ ម្ចាស់ក្សត្រី គន្ធបុប្ផា ទ្រង់បានសោយទិវង្គតតាំងពីមានព្រះជន្ម ៤វស្សា មកម្ល៉េះដោយជំងឺ គ្រុនឈាម ។
គួររំលឹកថា ព្រះអយ្យកោ សុធារស របស់សម្ដេច សីហនុ ចង់ឲ្យព្រះអង្គរៀបអភិសេកជាមួយម្ចាស់ក្សត្រីជនជាតិថៃ តែដោយឡែក អគ្គទេសាភិបាលបារាំងប្រចាំនៅកម្ពុជា លោក Gauthier ចង់ឲ្យសម្ដេច សីហនុ រៀបការជាមួយ កញ្ញា ជួន ជឿម ជាចៅស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រី ជួន ដ៏ល្បីល្បាញដែលបានអុកឡុកស្ដេចអស់បីជំនាន់មកហើយ។ លោក Gauthier បានប្រៀបប្រដូច កញ្ញា ជួន ជឿម ទៅនិងម្ចាស់ក្សត្រី ណាំផូង ព្រះមហេសីព្រះចៅ បៅដាយ នៃប្រទេសយួន និងបានចាត់ទុកគ្រួសារ ជួន ជាគ្រួសារដែលមានការអប់រំខ្ពស់ជាងគេនៅប្រទេសកម្ពុជា ដោយក្នុងនោះមាន ជួន ជឿន វេជ្ជបណ្ឌិតដ៏ល្បីល្បាញ ជួន ប្រសិទ្ធិ អ្នកការទូតដ៏ចំណាន និង ជួន មុំ គឺជាវិស្វករអាតូមិច ដូចលោក គាត ឈន់ ដែរ ។ ប៉ុន្តែជាការគួរឲ្យសោកស្ដាយដែលសម្រស់របស់កញ្ញា ជួន ជឿម មិនអាចទាក់ទាញចិត្ត សម្ដេច សីហនុ បានទាល់តែសោះ ហើយការប្រកែកមិនទទួលយកកញ្ញា ជួន ជឿម មកធ្វើជាមហេសី វាមានន័យស្មើនិងការប្រមាថចំពោះគ្រួសារអភិជនមួយនេះផងដែរ ។
ប្រហែលជាបញ្ហានេះហើយបានជាក្រោយមក ក្រុមគ្រូសារត្រកូល ជួន បានក្លាយជាអ្នកប្រឆាំងនិង សម្ដេច សីហនុ យ៉ាងផ្កាប់មុខតែម្ដង ។ ក្នុងនោះ ប៊ុន ច័ណ្ណម៉ុល មេខ្មែរឥស្សរៈហាក់ដូចជាចេញមុខចេញមាត់ជាងគេ ។ គ្រួសារដ៏មានឥទ្ធិពលនេះបានខកចិត្តម្ដងហើយនៅពេលដែល អាណាព្យាបាលបារាំង បានលើកសម្ដេច សីហនុ ឲ្យឡើង សោយរាជ្យរំលងបុត្រាច្បងរបស់សពព្រះមហាក្សត្រ មុនីវង្ស គឺសម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុនីរ៉េត ដែលមានមហេសីឈ្មោះ ប៉ុក វ៉ាណេ កូនស្រីលោក ប៉ុក ហ៊ែល ជាកូនប្រសារបស់អតីតនាយករដ្ឋមន្ត្រី ជួន។
កញ្ញា ជួន ជឿម ក្រោយមកបានរៀបការជាមួយ លោក ឈាន វ៉ម ដែលត្រូវបាន គណបក្សប្រជាធិបតេយ្យ បោះឆ្នោតតែងតាំងជានាយករដ្ឋមន្ត្រីជំនួស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ជាជនជាតិខ្មែរដំបូងគេដែលទទួលបានសញ្ញាប័ត្របណ្ឌិតគណិតវិទ្យាពី ប្រទេសបារាំង តែព្រះអង្គបានសោយទិវង្គតនៅឆ្នាំ១៩៤៧ ក្នុងព្រះជន្ម ៣៥ព្រះវស្សា ដោយជំងឺរបេង និងបានបន្សល់ទុកព្រះជាយាជនជាតិបារាំង អ្នកម្នាង Dominique ឲ្យក្លាយទៅជាស្ត្រីមេម៉ាយ ។
នៅក្នុងចន្លោះឆ្នាំ១៩៤០ នេះដែរ សម្ដេច សីហនុ ក៏បានទាក់ទង ស្នេហាជាមួយព្រះញាតិវង្ស ២ព្រះអង្គផ្សេងទៀត គឺម្ចាស់ក្សត្រី ស៊ីសុវត្ថិ មុនីកេសន ដែលជាព្រះមាតុច្ឆារបស់ព្រះអង្គ និងជាមួយបងប្អូនជីដូនមួយរបស់ព្រះអង្គ គឺម្ចាស់ក្សត្រី នរោត្តម នលក្ខណ៍ បុត្រីម្ចាស់ក្សត្រី កន្ថាវ៉េត បងស្រីរបស់ ព្រះមហាក្សត្រី កុសមៈ ។ ម្ចាស់ក្សត្រី នល្ខណ៍ ដែលជាស្រ្តីមេម៉ាយ អតីតព្រះជាយារបស់ ព្រះអង្គម្ចាស់ នរោត្តម មគ្គរីវណ្ណ ប្រធានពិធីការរបស់ព្រះបរមរាជវាំង ។ ស្នេហាជាមួយម្ចាស់ក្សត្រី មុនីកេសន សម្ដេច សីហនុ ទទួលបានបុត្រមួយព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម នរៈទីប៉ោ ។ ក្នុងចំណោមបុត្រទាំងអស់ នរៈទីប៉ោ ទ្រង់កម្សត់ជាងគេ ព្រោះគ្រាន់តែប្រសូតិបានប៉ុន្មានម៉ោង មាតារបស់ទ្រង់ក៏បានលាចាកលោកនេះគួរឲ្យរន្ធត់ ហើយព្រះអង្គ ម្ចាស់ផ្ទាល់ត្រូវបានខ្មែរក្រហមសម្លាប់ ពេលខ្មែរក្រហមឡើងកាន់កាប់អំណាចអំឡុងឆ្នាំ១៩៧៥ បើទោះបីព្រះអង្គជាអ្នកកុម្មុយនិស្តនិយមយ៉ាងណាក៏ដោយ។ នេះប្រហែលជាព្រះអង្គមានការប្រៀបធៀប លទ្ធិកុម្មុយនិស្តចិន ដែលព្រះអង្គបានទទួលកាអប់រំនៅទីនោះ និងកុម្មុយនិស្តរបស់ខ្មែរក្រហម មានការខុសគ្នាហើយមើលទៅ បានជាខ្មែរក្រហមសម្លាប់ព្រះអង្គ ។
ចំណែកជីវិតស្នេហាជាមួយ ម្ចាស់ក្សត្រី នលក្ខណ៍ ដែល សម្ដេច សីហនុ បានរៀបអភិសេកជាមួយនៅក្នុងឆ្នាំ១៩៥៥ នោះ មិនមានបុត្រាបុត្រីនោះទេ ។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលាវក្នុងឆ្នាំ១៩៤៩ សម្រស់របស់យុវតីលាវម្នាក់ គឺនាង ម៉ានីវណ្ណ ផានីវង្ស បានឆាបយកបេះដូងរបស់ព្រះអង្គបានមួយរំពេច ។ ដោយសារប្រពៃណីលាវដែលតម្រូវឲ្យមានពិធីរៀបអភិសេកនោះ សម្ដេច សីហនុ បានរៀបអភិសេកជានិមិត្តរូបជាមួយយុវតីលាវរូបនេះ ដោយមានការចូលរួមពី ព្រះមាតុច្ឆាព្រះអង្គ ម្ចាស់ក្សត្រី នរោត្តម រស្មីសុផាណា និងម្ចាស់ក្សត្រី នរោត្តម មុំកេតកញ្ញា ។ ចំណងស្នេហាជាមួយក្រមុំលាវនេះ បានផ្ដល់កំណើតបុត្រីពីរព្រះអង្គ គឺម្ចាស់ក្សត្រី នរោត្តម សុជាតា និងម្ចាស់ក្សត្រី អារុណរស្មី ។ ម្ចាស់ក្សត្រី សុជាតា ត្រូវបានខ្មែរក្រហមសម្លាប់ ក្នុងការចាប់ខ្លួនជាមួយ លោក ស៊ីសុវត្ថិ សិរីមតៈ នៅក្រុងភ្នំពេញ ដោយឡែក ម្ចាស់ក្សត្រី អារុណរស្មី បានភៀសខ្លួនទៅកាន់ សហរដ្ឋអាមេរិក ជាមួយព្រះស្វាមី ដែលជាបុត្ររបស់ លោក សិរីមតៈ គឺលោក ស៊ីសុវត្ថិ សេរីរ័ត្ន តែក្រោយមកក៏បានលែងលះគ្នា ហើយ ម្ចាស់ក្សត្រី បានទៅរៀបការជាមួយ លោក កែវ ពុទ្ធិរស្មី ។
ចំណែកឯ ព្រះនាង ម៉ានីវណ្ណ ផានីវង្ស ក្រោយមកបានចូលរួមជាមួយនិង លោក លន់ ណុល ដោយសារតែខឹងនឹងការបោះបង់ចោលពីសំណាក់ សម្ដេច សីហនុ ហើយត្រូវបានខ្មែរក្រហមសម្លាប់ផងដែរ ។
ស្នេហាចុងក្រោយដែលធ្វើឲ្យព្រះអង្គឈប់បន្តផ្សងព្រេងនឹងស្នេហាបន្តទៅទៀតនោះ គឺជាមួយ អ្នកម្នាង អ៊ុំ មុនីនាថ ឬ Paule-Monique Izzi ជាបុត្ររបស់ លោក Izzi ជនជាតិបារាំងកាត់អ៊ីតាលី និងអ្នកស្រី ប៉ុម ពាង ។ លោក Izzi គឺជាមិត្តម្នាក់របស់ ព្រះបាទ សុរាម្រឹត ព្រះបិតាសម្ដេច សីហនុ ហេតុដូច្នោះហើយទើបធ្វើឲ្យព្រះអង្គបានស្គាល់កញ្ញា Monique យ៉ាងច្បាស់តាំងពីនៅកុមារមកម្ល៉េះ ក៏ប៉ុន្តែសេចក្ដីស្នេហាបានឆាបឆេះឡើង នៅពេលដែលមានការប្រលងបវរកញ្ញានៅ វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលទ្រង់បានចូលរួមក្នុងពិធីនោះ ។
ម្ដាយកញ្ញា Monique អ្នកស្រី ប៉ុម ពាង ហាក់ដូចជាស្ទាក់ស្ទើរក្នុងការលើកកូនស្រីសំណព្វចិត្តឲ្យធ្វើជាមហេសីនៃ សម្ដេច សីហនុ ព្រោះតែអ្នកស្រីបានចាត់ទុកថាព្រះអង្គមានចិត្តសាវ៉ាពេកក្នុងរឿងស្នេហានេះ ។ ក៏ប៉ុន្តែ នៅទីបំផុតព្រះអង្គបានសម្រេចជោគជ័យក្នុងការតាមស្នេហ៍ កញ្ញា Monique និងក្រោយមកបានរៀបអភិសេកជាមួយគ្នាដោយ កញ្ញា Monique ជាភរិយាទី២ បន្ទាប់ពី ម្ចាស់ក្សត្រី នលក្ខណ៍ ។
ចំណងស្នេហ៍ជាមួយ អ្នកម្នាង Monique ព្រះអង្គបានទទួលចំណងដៃនូវបុត្រា ២ព្រះអង្គ គឺ ព្រះអង្គម្ចាស់ នរោត្តម សីហមុនី និងព្រះអង្គម្ចាស់ នរិន្ទៈពង្ស ។ ព្រះអង្គម្ចាស់ សីហមុនី ក្រោយមកត្រូវ បានក្រុមប្រឹក្សាព្រះរាជបល្ល័ង្កបោះឆ្នោតជ្រើសតាំងជាព្រះមហាក្សត្រជំនួសព្រះបិតារបស់ទ្រង់ ដែលបានដាក់រាជ្យសម្បត្តិនៅក្នុងឆ្នាំ ២០០៤ ។ ព្រះអង្គជាក្សត្រដែលគ្មានមហិច្ឆតានយោបាយ និងជាក្សត្រប្រកបដោយទសពិធរាជធម៌ ។
មកដល់ចំណុចនេះ ប្រហែលជាត្រូវបរិយាយបន្តិចពី ព្រះអង្គម្ចាស់ នរិន្ទៈពង្ស បុត្រមួយអង្គ ដែលធ្វើឲ្យ ព្រះមហាវិរក្សត្រ ចុកចាប់ព្រះឱរាជាងគេក្នុងចំណោមបុត្រាបុត្រីទាំង ១៤អង្គ របស់ទ្រង់ ។ ព្រះអង្គម្ចាស់ នរិន្ទៈពង្ស ត្រូវបានបញ្ជូនឲ្យទៅសិក្សានៅ សហភាពសូវៀត ដោយឡែក ព្រះអង្គម្ចាស់ សីហមុនី ត្រូវបានបញ្ជូនទៅសិក្សានៅ ប្រទេសឆេកូស្លូវ៉ាគី និងក្រោយមកបន្តការសិក្សានៅ ប្រទេសកូរ៉េខាងជើង។ ខុសពីព្រះរៀមរបស់ព្រះអង្គដែលបាន ការពារព្រះបិតារបស់ខ្លួន ទ្រង់ នរិន្ទៈពង្ស នៅខណៈដែល ក្រុមខ្មែរក្រហម ឡើងកាន់អំណាចនៅចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលពួកគេបានឃុំឃាំង ព្រះមហាវីរៈក្សត្រ និងព្រះញាតិវង្សមួយចំនួននៅក្នុង ព្រះបរមរាជវាំង ព្រះអង្គម្ចាស់ នរិន្ទៈពង្ស រួមជាមួយបងប្អូនជីដូនមួយរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចិត្រា ព្រះអនុជព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងជាបុត្រាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មេថាវី និងអ្នកម្នាង អ៊ុំ ណាណែត ឬ Anne Marie Izzi បងស្រីបង្កើត អ្នកម្នាង Monique បានក្លាយជាមនុស្សដ៏ស្និទ្ធស្នាលនឹង ពួកខ្មែរក្រហម ហើយបានក្លាយជាសត្រូវស្លាប់រស់ជាមួយព្រះបិតាឯង ដោយរួមគ្នាប្រមាថការដឹកនាំនៃ របបសង្គមរាស្រ្តនិយម ថាជារបបសក្ដិភូមិ ព្រមទាំងបានសម្លុតគំរាមកំហែង ព្រះញាតិវង្សមួយចំនួន ដោយទាំងពីរព្រះអង្គបានលើកតម្កើងការដឹកនាំរបស់ ខ្មែរក្រហម ថា ត្រឹមត្រូវដែលអាចលុបបំបាត់របបមូលធននិយម ដែលបានជិះជាន់វណ្ណៈកសិករកន្លងមក ។
បន្ទាប់ពី ប្រទេសវៀតណាម បានផ្ដួលរំលំរបប ខ្មែរក្រហមៗ បានជម្លៀស សម្ដេច សីហនុ និងព្រះញាតិវង្សមួយចំនួនទៅកាន់ ប្រទេសចិន ។ បើទោះបីជាមិត្តភ័ក្ដិព្រះអង្គ លោក ម៉ៅ សេទុង និងលោក ជូ អេនឡាយ បានស្លាប់ទៅហើយក្ដី ក៏ក្រុមអ្នកដឹកនាំ ចិន ជាន់ក្រោយនៅតែយកចិត្តទុកដាក់ និងព្រះអង្គជាពិសេស ឧបនាយករដ្ឋមន្ត្រីចិន តេង ស៊ាវពីង ដែលក្រោយមកបានក្លាយជា ប្រធានាធិបតី កែទម្រង់ ចិន ដំបូងគេ បានកសាង ព្រះដំណាក់ ដ៏ស្កឹមស្កៃមួយនៅ ក្រុងប៉េកាំង ថ្វាយព្រះអង្គ និងព្រះញាតិវង្សសម្រាប់គង់នៅ ក៏ប៉ុន្តែ សម្ដេច សីហនុ បានបដិសេធ ក្នុងការគង់នៅជាមួយ ព្រះអង្គម្ចាស់ នរិន្ទៈពង្ស និងព្រះអង្គម្ចាស់ ចិត្រា ដោយព្រះអង្គហាក់ដូចជាបានដាក់គំនាបដល់ ប្រទេសចិន ឲ្យជ្រើសរើសរវាងព្រះអង្គ និងព្រះអង្គម្ចាស់ទាំងពីរ ។ ដោយជ្រើសរើសយក សម្ដេច សីហនុ ប្រទេសចិន បានបញ្ជូនព្រះអង្គម្ចាស់ទាំងពីរឲ្យស្នាក់នៅកន្លែងផ្សេង និងក្រោយមកព្រះអង្គម្ចាស់ទាំងពីរបានយាងទៅរស់នៅ ប្រទេសបារាំង ។ ក្នុងការរស់នៅ ប្រទេសបារាំង ព្រះអង្គម្ចាស់ និរិន្ទៈពង្ស នៅតែបន្តបកអាក្រាត និងរិះគន់ព្រះបិតាខ្លួនយ៉ាងខ្លាំងក្លាដដែល ហើយនៅទីនោះ ព្រះអង្គបានរៀបការជាមួយស្ត្រីម្នាក់ដោយទទួលបាន ចំណងដៃនូវព្រះបុត្រីពីរព្រះអង្គ ។
បន្ទាប់ពីព្រះបិតាទ្រង់បានគ្រងរាជ្យសម្បត្តិឡើងវិញជាលើកទី ២ ក្នុងការយាងមកកាន់ រាជវាំងភ្នំពេញ ម្ដងម្កាល ព្រះអង្គម្ចាស់ នរិន្ទៈពង្ស បានទាក់ទងជាមួយស្ត្រីបម្រើការនៅក្នុងវាំងម្នាក់ ដោយទទួលបានបុត្រាមួយអង្គ គឺព្រះអង្គម្ចាស់ នរោត្តម ដារ៉ាទីណូ ។ ព្រះអង្គបានសោយទិវង្គតនៅ ប្រទេសបារាំង ក្នុងចន្លោះឆ្នាំ ២០០៣ ដោយជំងឺគាំងបេះដូង ហើយព្រះសពត្រូវបានព្រះរៀមរបស់ទ្រង់ គឺព្រះអង្គម្ចាស់ សីហមុនី ទៅដង្ហែយកមកកាន់ រាជធានីភ្នំពេញ និងបានថ្វាយព្រះភ្លើងដោយព្រះបិតារបស់ទ្រង់ ។
នៅក្នុងដំណើរផ្សងព្រេងស្នេហាផ្សេងៗទៀត នៃ ព្រះមហាវិរៈក្សត្រ ទ្រង់បានផ្សងព្រេងជាមួយនារីស្អាតៗ ជាច្រើន ជាពិសេសជាមួយអតីតស្រីស្នំ នៃព្រះអយ្យកោ ខាងមាតា គឺព្រះបាទ មុនីវង្ស ក៏ប៉ុន្តែមានតែនារី ៥នាក់ទេ ដែលមានបុត្រាបុត្រីជាមួយព្រះអង្គ ហើយរហូតមកដល់ពេលនេះ ក្នុងចំណោមបុត្រាបុត្រីទាំង ១៤អង្គ នៅមានព្រះជន្មតែ ៦អង្គប៉ុណ្ណោះ ៕
*****
(ដកស្រង់ចេញពីសៀវភៅព្រះរាជនិពន្ធផ្ទាល់ «អនុស្សាវរីយ៍ផ្អែមល្ហែម និងជូរចត់», «អ្នកទោសខ្មែរក្រហម» និង «កម្ពុជាក្នុងព្យុះសង្គ្រាម»)



I like the summary. Thanks a lot!
thx u
មានពាក្យចចាមរាមជាច្រើនដែលទាក់ទងនឹងបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់នរិន្ទៈពង្ស។ ខ្លះថានេៅមានព្រះជន្ម ខ្លះថាអស់ហើយ តែឥឡូវឯកសារនេះបានបង្ហាញច្បាស់ហើយថាទ្រង់អស់ព្រះជន្មតាំងពីឆ្នាំ2003 ម្លេះ។
តាម៉ាប់ ច្បាប់ដើមសៀវភេៅនេះជាភាសារជាតិ រឺអន្តរជាតិ?
បែបច្រឡំ នរិន្ទៈពង្ស ជាមួយ នរ៉ាទីប៉ូ ហើយមើលទៅ ។ នរិន្ទៈពង្ស នរណាក៏ដឹងថាសុគតនៅឆ្នាំ ២០០៣ ដែរ ។ សៀវភៅទាំងនេះជាភាសាខ្មែរ គេសរសេរចំណងជើងខ្មែរប៉ុណ្ណាប៉ុណ្ណីហើ្យណឹង ។
Comprehensive. Nice work!!!
thx u.
អគុណសំរាប់ការចែករំលែក បងបាន share លើ wall របស់បងក្នុង Facebook មិននឹកស្មានថា មានមនុស្សជាច្រើនបានអាន និង ចូលចិត្តអត្ថបទនេះដូចជាបងដែរ ។ Goog job!!
អរគុណបង
ខ្ញុំគិតថាមានរឿងជាច្រើនដែលខ្ញុំដឹងមិនទាន់អស់។
ដូចគ្នា រឿងខ្លះជារឿងឯកជនពេក ។
That is a nice effort! It is a great text u’ve made.
it is a text i have modified
thx u mybabe
អត្ថបទធ្លាប់បានអានហើយ… តែរូបថតទី២ ស៊ីលុយម៉ង… ព្រោះអត់ដែលឃើញ…
ចុះរូបទី ៣?
អរគុណដែលបានផ្សាយអត្ថបទដ៏កម្រមួយនេះ
អរគុណដែលបានអាន ។
សូមអគុណចំពោះអត្ថបទមួយនេះ
សុំដាក់តំណមួយ ៖ សូមដាក់ឲ្យទាញយកសៀវភៅដែលនិយាយអំពីពាក្យសម្រាប់ប្រើជាមួយរាជវង្ស ហៅថា “ក្បួនរាជសព្ទ” ដែលមានចំណងជើងពីដើមថា ក្បួនរាជស័ព្ទ បានរៀបរៀងដាក់ឲ្យប្រើតាំងពីឆ្នាំ 1855 រហូតមកដល់ឆ្នាំ 1929 ទើបយកទៅបោះពុម្ពដោយមានសេចក្ដីវែង ដោយសារប្រើអស់ទើបមកដល់ឆ្នាំ 1941 ក៏ចាប់បោះពុម្ពម្ដងទៀតដោយសង្ខេបយកតែពាក្យសំខាន់ៗ និងតម្រៀបតាមព្យញ្ជនៈដើម្បីងាយស្រួលចាំ។-សៀវភៅ ក្បួនរាជសព្ទ (1944)
http://akbalthom.blogspot.com/2013/01/book-khmer-royal-language.html
សូមអរគុណ ។
ល្អណាស់តើបានឯកសារទាំងនេះពីណាមក តាម៉ាប់ ខ្ញុំអត់ទាន់អានចប់ទេ ។ ចាំមើលមានពេលទំនេរអានឲ្យចប់តែម្តង ។
យកតមកពីគេ ។ ចំណងជើងសៀវភៅមានដាក់នៅខាងក្រោម ។
អរគុណចាំរកទិញមើលដែរសិន