កំណត់​ហេតុ​ ជីវ​ តាក្វាន់ (៧)


១៣. អំពី​ពេល​បុណ្យ​ចូល​ឆ្នាំ

គេ​យក​ខែ​ទី​​១០ របស់​ចិន​ធ្វើ​ខែ​ទី​១ ហើយ​ខែ​នោះ​មាន​ឈ្មោះ​ថា​ កាតិក (កត្តិក) (1) ។ នៅ​ពី​មុខ​វាំង​គេ​សង់​វេទិកា​មួយ​យ៉ាង​ធំ ដែល​អាច​ដាក់​បាន​មនុស្ស​ ១.០០០នាក់ ហើយ​គេ​ចង​ប្រទីប​ជ្វា​លា និង​ផ្កា​ភ្ញី​ជា​ដើម លំអ​នៅ​លើ​ថ្នាក់​នោះ ។ នៅ​ពី​មុខ​ ដែល​ឃ្លាត​ពី​ទី​នេះ​ប្រមាណ​ជា ២០០​ហត្ថ មាន​ទី​លាន​មួយ​ទៀត គេ​បន្ត​ឈើ​ធ្វើ​ជា​រោង​រន្ទា​ដែល​មាន​កំពល់​ដល់​ទៅ​ជាង ២០០ហត្ថ ។ ក្នុង​យប់​នោះ​គេ​អុជ​កាំជ្រួច រន្ទា ផាវ​ បី-បួន ឬ​ប្រាំ​កន្លែង។ នៅ​ក្នុង​រោង​នោះ ស្ដេច​ក៏​យាង​ចេញ​មក​ទត​កាំជ្រួច រន្ទា និង​ផាវ​ដែល​គេ​អុជ​នៅ​ខាង​ក្រៅ​ចម្ងាយ ១០០លី តែ​គេ​អាច​មើល​ឃើញ និង​ស្ដាប់​សូរ​យ៉ាង​ច្បាស់ ឮ​ខ្លាំង​មើល​តែ​កាំភ្លើង​ធំ​ទ្រហឹង​ខ្ទរខ្ទារ​ពេញ​តែ​ទីក្រុង ។

មន្ត្រី និង​រាជវង្ស​ទាំងអស់​នាំ​គ្នា​កាន់​ទៀន និង​ម្លូ​ស្លា​ដែល​ជា​ហេតុ​នាំ​ឲ្យ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ។ នៅ​ក្នុង​ពិធី​នេះ ស្ដេច​បាន​អញ្ជើញ​​ពួក​ទូត​បរទេស​ទៅ​ចូលរួម​ផង​ដែរ ។ គេ​ធ្វើ​ដូច​នេះ​អស់​រយៈ​ពេល​កន្លះ​ខែ​ទើប​បាន​ចប់ ។ នៅ​ក្នុង​ខែ​និមួយៗ សុទ្ធ​តែ​មាន​ពិធី​បុណ្យ​ដែរ ដូច​ជា​នៅ​ខែ​ទី​៤ គេ​បោះ​​ឈូង ខែទី៩ ធ្វើ​ អ៊ាបឡាក់ (2) ពិធី​នេះ​គេ​ហៅ​ប្រជុំ​មនុស្ស​ចូល​ក្រុង​ហើយ​ហាត់​ក្បួន​ដើរ​ដង្ហែ​កាត់​មុខ​វាំង ។ ខែ​ទី​៥ គេ​ទទួល​យក​ទឹក​មន្ត​ព្រះពុទ្ធ ពី​គ្រប់​ទី​ជិត​ឆ្ងាយ​​ពេញ​ទាំង​អាណាចក្រ យក​មក​ស្រោច​ស្រង់​ថ្វាយ​ព្រះ​រាជា​ជម្រះ​កាយ ហើយ​​អុំ​នាវា​នៅ​លើ​គោក (អុំ​ទូក​គោក) ឯ​ស្ដេច​យាង​ឡើង​លើ ប្រាសាទ​ទត​មក​ពិធី​នេះ ។ ខែ​ទី​៧ ធ្វើ​ពិធី​ដុត​ភ្នំ​ស្រូវ ។ ពេល​នោះ​ស្រូវ​ទើប​នឹង​ទុំ​ថ្មី គេ​ទទួល​យក​មក​តាម​ទ្វារ​ខាង​ត្បូង ហើយ​គេ​គរ​ដុត​ថា​ជា​ការ​បូជា​ចំពោះ​ព្រះពុទ្ធ ។ មាន​ស្រី​ៗ ច្រើន​ណាស់​ជិះ​រទេះ ឬ​ដំរី​នាំ​គ្នា​មក​មើល​ពិធី​នេះ ឯ​ព្រះរាជា​មិន​ចេញ​មក​ទត​ពិធី​នេះ​ទេ ទ្រង់​គង់​នៅ​ឯ​ព្រះ​ដំណាក់ ។ ខែ​ទី​៨ ធ្វើ​ពិធី​អៃឡាំ (3) ពិធី​នេះ​គេ​រាំរែក ។ គេ​ចាត់​អ្នក​រាំ​ និង អ្នក​ភ្លេង​ពូកែ​ៗ ឲ្យ​ចូល​ទៅ​រាំ​អៃឡាំ ក្នុង​វាំង​រាល់​ៗ ថ្ងៃ ។ ក្រៅ​ពី​នេះ​មាន​ប្រជល់​ជ្រូក និង​ប្រជល់​ដំរី​ទៀត ។ ពិធី​នេះ​ស្ដេច​ក៏​អញ្ជើញ​ពួក​ទូត​ប្រទេស​ក្រៅ​ចូល​ទស្សនា​ផង​ដែរ ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់​ ១០​ថ្ងៃ ។ ឯ​ខែ​ដទៃ​ទៀត ខ្ញុំ​មិន​បាន​កត់ត្រា​ឲ្យ​ច្បាស់​លាស់​ទេ ។

អ្នក​ស្រុក​នេះ​ក៏​មាន​អ្នក​ចេះ​វិជ្ជា​តារាសាស្ត្រ​ដូច​ចិន​ដែរ អាច​នឹង​ដេញ​រក​ថ្ងៃ​ខែ​ណា​ធំ​តូច ឬ​ សូរ្យគ្រាស ចន្ទគ្រាស​ដែរ តែ​ថ្ងៃ​ខែ​ធំ​តូច​នេះ​មិន​ដូច​គ្នា​នឹង​ប្រទេស​ចិន​ទេ ។ បើ​ឆ្នាំ​ណា​ជា​ឆ្នាំ​អធិក​មាស គេ​ក៏​មាន​លើក​ខែ​ដែរ ។ ខែ​ដែល​ត្រូវ​លើក​នោះ គឺ​ខែ​ទី​៩ (4) ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ការ​នេះ​សព្វ​គ្រប់​ទេ ។ ក្នុង ១យប់ គេ​ចែក​ចេញ​ជា ៥យាម ។ ៧​ថ្ងៃ​រាប់​ជា​មួយ​ជុំ គឺ​ដូច​គ្នា​នៅ​ស្រុក​ចិន ហៅថា កាយ-ពី-ភៀន-ជូ

អ្នក​ស្រុក​នេះ​គ្មាន​ប្រើ​នាម​ត្រកូល (សែ) គ្មាន​ឈ្មោះ​ហើយ​មិន​ចេះ​កត់​ថ្ងៃ​ខែ​កំណើត​ផង ភាគ​ច្រើន​គេ​យក​ឈ្មោះ​ថ្ងៃ​ដែល​កើត​ហៅ​ជា​​​ឈ្មោះ​មនុស្ស ។ តាម​ក្បួន​យាម​ថា ក្នុង​មួយ​សប្ដាហ៍ មាន​២​​ថ្ងៃ​ល្អ​បំផុត ៣​ថ្ងៃ​ល្អ​មធ្យម ២​ថ្ងៃ​អាក្រក់ ហើយ​ថ្ងៃ​ណា​ត្រូវ​ចេញ​ដំណើរ​បែរ​មុខ​ទៅ​ទិស​បូព៌ ឬ​ត្រូវ​ឆ្ពោះ​ទៅ​ទិស​បស្ចិម ។ ពួក​ស្រី​ៗ ក៏​ចេះ​រាប់​ថ្ងៃ​ខែ​ដែរ ។ ឆ្នាំ​ទាំង​១២ មាន​យក​សត្វ​ជា​​ដំណាង​ដូច​ឆ្នាំ​របស់​ចិន​ដែរ​តែ​ហៅ​ឈ្មោះ​ខុស​គ្នា ឧបមា​ដូច​គេ​ហៅ​ ឆ្នាំ​សេះ​ថា ប៉ុកសាយ ឆ្នាំ​មាន់​ហៅ​ថា ឡាក់ ឆ្នាំ​ជ្រូក​ហៅ​ថា ចេកលូ និង​ឆ្នាំ​គោ​ហៅ គូ ជា​ដើម ។

១៤. អំពី​ការ​កាត់​ក្ដី

រឿង​ប្រជារាស្ត្រ​ក្ដីក្ដាំ​គ្នា​ពិត​មែន​តែ​ជា​ការ​តូចតាច ប៉ុន្តែ​ជា​ការ​មួយ​គួរ​ឲ្យ​ចង់​ដឹង​ចង់​ឮ​ដែរ ។ រឿង​ក្ដីក្ដាំ​របស់​​រាស្ត្រ​​សុទ្ធ​តែ​ឡើង​គាល់​រហូត​ដល់​ស្ដេច​ឲ្យ​ជម្រះ​ក្ដី ។ ដើម​ឡើយ ស្ដេច​ឥត​មាន​វាយ​តប់​ដោយ​រំពាត់​ធំ ឬ​តូច​ឡើយ មាន​តែ​ពិន័យ​ជា​មាស​ប៉ុណ្ណោះ ។ បើ​អ្នក​នោះ​មានៈ​មិន​ព្រម​ធ្វើ​តាម ឬ​ មាន​​ទោស​ធ្ងន់​នោះ គេ​​មិន​ចាប់​ចង​យក​ទៅ​ប្រហារ​ជីវិត​ដែរ គ្រាន់​តែ​នាំ​ចេញ​ទៅ​ទ្វារ​ខាង​លិច ហើយ​ឲ្យ​ជីក​រណ្ដៅ​កប់​អ្នក​ទោស​នោះ និង​យក​ដី​ ឬ​ថ្ម​កប់​គ្រប​ពី​លើ​ប៉ុណ្ណោះ ។

ទោស​ស្រាល​បន្ទាប់​មក គឺ​កាត់​ម្រាម​ដៃ​ជើង មាន​ខ្លះ​ត្រូវ​គេ​កាត់​ច្រមុះ​ចោល​ក៏​មាន​ដែរ ។ រឿង​សហាយ​ស្មន់ និង​លេង​ល្បែង​ឥត​មាន​ហាម​ឃាត់​ទេ ។ បើ​ប្ដី​របស់​ស្រី​ដែល​មាន​សហាយ​នោះ​ដឹង គេ​យក​ឈើ​២​ ទៅ​ចង​កៀប​​ជើង​របស់​ប្រុស​សហាយ​នោះ​​ឲ្យ​ឈឺ​ស្ទើរ​ស្លាប់ ។ បក្ស​ពួក​ខាង​ប្រុស​ទាំង​ប៉ុន្មាន​ត្រូវ​រួច​ខ្លួន ។ ឯ​អ្នក​ដែល​ផ្ដើម​គំនិត​បោកប្រាស់​គេ​ត្រូវ​មាន​ទោស​ដែរ ។ បើ​មាន​មនុស្ស​ស្លាប់​នៅ​នឹង​ទ្វារ​កំពែង គេ​យក​ខ្សែ​ចង​អូស​ទៅ​ទី​វាល​ក្រៅ​ក្រុង ហើយ​សម័យ​នោះ​គ្មាន​ការ​ពិនិត្យ​សាកសព​អ្វី​ទេ ។ បើ​គេ​ចាប់​បាន​ចោរ​ក៏​អាច​នាំ​ទៅ​ឃុំឃាំង​សួរ​ចម្លើយ​ដែរ តែ​មាន​ការ​គួរ​ឲ្យ​អស់​សំណើច ​​គឺ​ថា​បើ​គេ​សង្ស័យ​ថា​​ជន​នោះ​ជា​ចោរ​ ហើយ​ជន​នោះ​មិន​ព្រម​ទទួល​សារភាព គេ​នឹង​យក​ខ្ទះ​មក​ដាំ​ខ្លាញ់​ឲ្យ​ក្ដៅ​មែន​ទែន ហើយ​គេ​ឲ្យ​ជន​នោះ​លូក​ដៃ​ទៅ​ក្នុង​ខ្លាញ់​កំពុង​ពុះ​នោះ​ឯង ។ បើ​ជន​នោះ​ជា​ចោរ​មែន​ក៏​ត្រូវ​រលាក​រលួយ​ដៃ បើ​មិនមែន​ជា​ចោរ​ទេ​ឥត​មាន​រលាក​ឡើយ ។ ម្យ៉ាង​ទៀត បើ​មាន​គ្រួសារ​២​ក្ដីក្ដាំ​គ្នា ហើយ​រក​កាត់​សេចក្ដី​រក​នរណា​ត្រង់​​វៀច​មិន​​កើត គេ​ធ្វើ​ដូច្នេះ នៅ​ពី​មុខ​វាំង​មាន​ប្រាសាទ​ថ្ម​តូច​ៗ ១២​ខ្នង ហើយ​គេ​បញ្ជា​កូន​ក្ដី​ឲ្យ​ចូល​ទៅ​អង្គុយ​ក្នុង​ប្រាសាទ​នោះ​មួយ​ម្នាក់ ។ គេ​អង្គុយ​តាំង​ពី ១ថ្ងៃ ២ – ៣ ឬ​៤​ថ្ងៃ​ទៅ បើ​នរណា​ដែល​ជា​អ្នក​ធ្វើ​ខុស​នឹង​ច្បាប់​នោះ ពិត​ជា​មាន​ភស្តុតាង​លេច​ឡើង​មិន​ខាន គឺ​បើ​មិន​ចេញ​កម​រមាស់​ទេ ក៏​ក្អក​ក្ដៅ​ផ្ដាសាយ​ដែរ ។ ឯ​អ្នក​ទៀង​ត្រង់​ឥត​មាន​ផល​រមាស់​អ្វី​ឡើយ ។ ការ​វិនិច្ឆ័យ​ដូច្នេះ គេ​ហៅ​ថា គុកសួគ៌ (5) ។ រឿង​​ធ្វ់​ដូច្នេះ​បាន​មក​ពី​ព្រះ​ភូមិ​រក្សា​ទឹក​ដី​​របស់​គេ​ពូកែ​សក្ដិសិទ្ធិ​ណាស់ ទើប​គេ​អាច​ធ្វើ​ដូច្នេះ​ទៅ​កើត ។

***

  1. បាន​ជា​រាប់​ពី​ខែ​កត្តិក ព្រោះ​ជំនាន់​ដើម​គេ​រាប់​​រនោច​មុន​ខ្នើត គឺ​ពី ១រោច​ខែ​កត្តិក​ទៅ​ជា​ដើម​ឆ្នាំ ខែលេខ១ ។
  2. លោក Pelliot ប្រែ​ថា Ya-lie ហើយ​ចុះ​សេចក្ដី​យល់​ថា Ràp Riep ។
  3. លោក Pelliot ប្រែ​ថា Gnai-lan (Ràm) ។
  4. តាម​ពិត​យើង​លើក​ខែ​ទី​៨ គឺ​ខែ​អាសាឍ ប៉ុន្តែ​នេះ គឺ​​លោក ជីវ តាក្វាន់ និយាយ​តាម​ខ្មែរ​ជំនាន់​ដើម ដែល​រាប់​ពី ១​រោច ខែអាសាឍ ទៅដល់ ១កើត ខែ​ស្រាពណ៍ ចាត់​ជា​ខែ​ទី​៩ ។
  5. គុក​សួគ៌ គឺ​ជា​គុក​មួយ​ដែល​សក្ដិសិទ្ធិ ដូច​ទេវតា​មក​កាត់​ក្ដី​នេះ​ឲ្យ​ ។
About these ads

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , . Bookmark the permalink.

4 Responses to កំណត់​ហេតុ​ ជីវ​ តាក្វាន់ (៧)

  1. ស្រុកស្រែ និយាយថា៖

    ដល់​ពេល​ចប់ភាគ​ទៅ អាចអោយ​ខ្ញុំ​សុំ «បិណ្ឌបាត្រ» ជាសៀវភៅ​ តើបាន ឬអត់​ម្ចាស់​ផ្ទះ?… :-D

    • តា ម៉ាប់ និយាយថា៖

      មានអីអុងស្រុកស្រែ សៀវភៅនេះ​តាម​ពិត​ខ្ញុំ​មិន​បាន​សរសេរ​ឡើង​វិញ​នោះទេ គ្រាន់តែ​កូពី​ពី​គេហើយ​យក​មក​រៀប​ចំ​ កែ​សម្រួល​អក្ខរាវិរុទ្ធ​តាម​វចនានុក្រម​ខ្មែរ​តែ​ប៉ុណ្ណឹង​ឯង ។ ហើយ​បញ្ហា​រឿង​កំណត់​ហេតុជីវ តាក្វាន់ នេះ​ឃើញ​មាន​ការ​កែ​សម្រួល​ក្រោយៗ ដែល​មាន​សៀវភៅ​មួយ​ទើប​នឹង​បោះពុម្ព​តម្លៃ ៤ដុល្លារ ខ្ញុំ​បាន​ទៅ​អង្គុយ​អាន​នៅ​បណ្ណាគារ​រួច​ហើយឃើញ​ថា​មាន​ការ​មាន​កែ​សម្រួល​ពាក្យមួយចំនួន គិត​ថា​យកជា​ការ​បានព្រោះអ្នករៀបរៀង​ខ្មែរ​នោះ មាន​ប្រពន្ធ​ជា​ចិន បាន​អាន​អត្ថបទ​ចិន​ច្រើន​ជាង​ លោក លី ធាមតេង ផងដែរ ។ នៅពេល​ថ្មីៗ នេះ​ក៏​មាន​បុរស​ម្នាក់​កំពុង​តែ​ព្យាយាម​ស្រាវជ្រាវឡើង​វិញ​ផង​ដែរ តែ​មិនដឹង​ថា​រួច ឬ​នៅៗឡើយទេ ។

  2. ស្រុកស្រែ និយាយថា៖

    អរគុណអុងម៉ាប់!… គឺ​ដោយសារតែ​ខ្ញុំ​អាន​មើល​ទៅ​ ឃើញ​ខុស​ពី​មុន​ច្រើន​នេះ​ហើយ​ ទើប​ខ្ញុំ​ចង់​សុំ «បិណ្ឌបាត្រ» ជា​សៀវភៅ​តែម៉្រង… ងាយ​ស្រួល​អាន​ក្នុង​អាយផេត… យូណូ..!!.. :-D​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s