ប្រាសាទ​បក្សី​ចាំ​ក្រុង


ប្រាសាទ​បក្សី​ចាំ​ក្រុង ជា​ប្រាសាទ​ប៉ម​តែ​មួយ​​ដែល​ស្ថិត​នៅ​ចន្លោះ​ ភ្នំ​បាខែង និង​ច្រក​ទ្វារ​អង្គរ​ធំ​ខាង​ត្បូង ។ ប្រាសាទ​នេះ​សាង​ឡើង​អំពី​ឥដ្ឋ​​  ​និង​ថ្ម​បាយ​ក្រៀម​​មាន​កម្ពស់ ១៣ ម៉. ។ គួរ​បញ្ជាក់​​ផង​ដែរ​ថា ប្រាសាទ​រាង​សាជី​នេះ​មាន​ ៤ ថ្នាក់​ ។

ខាង​ក្រោម​នេះ ជា​រូប​ភាព​បង្ហាញ​ពី​ស្ថាន​ភាព​ប្រាសាទ​បច្ចុប្បន្ន​ និង​ប្រវត្តិ​​នៃ​ប្រាសាទ​តាម​ សិលា​ចារឹក និង​រឿងព្រេង ៖

តាម​សិលា​ចារឹក​​បញ្ជាក់​ថា ព្រះបាទ​ហស៌​វម៌្មទី ១ (899 – 925) បាន​កសាង​ប្រាសាទ​នេះ​ឡើង​​ដោយ​តម្កល់​រូប​ព្រះ​ឥសូរ និង​នាង​ឧមា ជា​​ឧទ្ទិស​ដល់​ព្រះ​មាតា​បិតា​ព្រះ​អង្គ (ព្រះបាទ​យសោ​វម៌្មទី ១ និង​ព្រះ​រាជ​អគ្គ​មហេសី) ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង ។

លុះ​ក្រោយ​មក​ក្នុង​រាជ្យ​ ព្រះ​បាទ​រាជេន្ទ្រ​វម៌្មទី ២ (944-968) ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​គេ​ចារ​សិលា​ចារឹក​​​​សំស្ក្រឹត​នៅ​លើ​មេ​ទ្វារ​ទាំង​សង​ខាង ​និទាន​អំពី​បុព្វការី​ជន​ដំបូង​បង្អស់​នៃ​ជនជាតិ​ខ្មែរ​ ៖ ខ្មែរ​មាន​តំណ​ពូជ​ពង្ស​មក​ពី​ឥសី​មួយ​អង្គ​ព្រះ​នាម​ ​«កម្ពុ​» ដែល​បង្កើត​ដោយ​ឯកឯង​ ​(ស្វាយម្ភូ) ។ ឥសី​នោះ​ទៅ​ភព​ប្រសព្វ​នឹង​ទេពកញ្ញា​ឈ្មោះ​ ​«មេរា» ទើប​បង្កើត​ជា​កូន​ចៅ​ខ្មែរ​ត​រៀង​​មក ។ សិលា​ចារឹក​ក៏​បាន​រៀបរាប់​ដោយ​ដឹង​ថា ព្រះបាទ​រាជេន្ទ្រ​វម៌្ម​ទី ២ បាន​សាង​រូប​ព្រះ​ឥសូរ​ដោយ​មាស​សុទ្ធ ហើយ​ប្រារព្ធ​ពិធី​ឆ្លង​នៅ​ម៉ោង ៩ និង ៤០​នាទី ព្រឹក ថ្ងៃពុធ ទី ២៣ កុម្ភៈ គ.ស. ៩៤៨ ។ ព្រះ​បដិមា​មាស​នោះ​មាន​នាម​ថា «បរមេស្វរៈ» ​ខុស​ប្លែក​ពី​ចម្លាក់​​ដទៃ​ទៀត​ដែល​គេ​​សាង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​ ដែល​ទូទៅ​មាន​រាង​ជា​ លិង្គ ។

ស្វាយម្ភូ និង មេរា (រូបភាព​ដោយ ឈូកខ្មែរ)

បើ​តាម​រឿង​ព្រេង​វិញ បក្សី​ចាំ​ក្រុង​ ​ត្រូវ​ជា​ព្រះ​មហាក្សត្រ​មួយ​នៃ​នគរ​កម្ពុជា ។ រឿង​ព្រេង​នេះ​មាន​ភាព​ប្រទាក់​ក្រឡា​យ៉ាង​វែង​អន្លាយ​ដែល​មិន​អាន​ឲ្យ​ខ្ញុំ​សរសេរ​នៅ​ទីនេះ​បាន​ដោយ​ចប់​ចុង​ចប់​ដើម ដូច្នេះ​ខ្ញុំ​សូម​សង្ខេប​ដោយ​ខ្លី ៖

ព្រះមហាក្សត្រ​ខ្មែរ​ដែល​សោយ​រាជ្យ​នៅ​មហានគរ ត្រូវ​បាន​ទ័ព​ដំបង​ក្រញូង​វាយ​ដណ្ដើម​រាជ្យ ឯ​ដំបង​ក្រញូង​ក៏​ឡើង​ជា​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា ។ ព្រះ​មហាក្សត្រ​មុន មាន​រាជបុត្រ​ ២ព្រះអង្គ​ ។ ព្រះ​អង្គ​បង​បាន​រស់​ភៀស​ខ្លួន​ទៅ​ក្នុង​ព្រៃ​ភ្នំ​ ហើយ​រៀន​មន្តវិជ្ជាការ​ ។ ឯ​ព្រះអង្គ​ជា​ប្អូន​ត្រូវ​ទាហាន​ដំបង​ក្រញូង​ចាប់​បាន ហើយ​បោះ​ចូល​ទៅ​ក្នុង​ភ្លើង ជា​សំណាង​ល្អ​ក៏​ទទួល​បាន​ការ​ជួយ​សង្គ្រោះ​ជា​ហូរហែ​ តែ​ក៏​ក្លាយ​ជា​ខ្វិន​ខ្វង់​ ដែល​គេ​ហៅ​ថា ព្រហ្ម​កិល ឬ ពញាក្រែក ។

ឯ​ពញាក្រែក​នោះ​វិញ​ ក្រោយ​មក​​បាន​ក្លាយ​ជា​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​ត​ពី​ ដំបង​ក្រញូង ។ និយាយ​ពី​ព្រះ​មហាក្សត្រ​មុន ពេល​បែក​មហានគរ​មាន​ស្នំ​ ១​អង្គ​មាន​គភ៌​តែ​មិន​ទាន់​ប្រសូត ក្រោយ​ប្រសូត​មក​ជា​ក្មេង​មាន​បុណ្យ​បារមី​ដោយ​មាន​ ស្នាម​កង​ចក្រ​នៅ​បាត​ដៃ បាត​ជើង ហើយ​មាន​បក្សី​ទៅ​ត្រដាង​ស្លាប​ក្រុង​នៅ​ពេល​មាន​ថ្ងៃ​ចាំង​ទៅ​ដល់ បាន​ជា​មាន​នាម​ថា បក្សី​ចាំ​ក្រុង ។ បក្សី​ចាំ​ក្រុង ជា​មួយ​ តា​គហេ បាន​រត់​គេច​ពី​ការ​ចាប់​ខ្លួន​របស់​ទ័ព​​របស់ ពញាក្រែក​ (ជា​បងប្អូន​ឪពុក​តែ​មួយ​ ម្ដាយ​​ដោយ​ខ្លួន) ពាស​ពេញ​​ផ្ទៃ​ប្រទេស​ ដែល​បង្កើត​ជា​ឈ្មោះ​តំបន់​ហូរ​ហែ ។ ក្រោយ​មក​ ពេល ពញាក្រែក​ អស់​បុណ្យ​ស្លាប់​ទៅ បក្សី​ចាំ​ក្រុង​ ក៏​ឡើង​សោយ​រាជ្យ​ជា​មហាក្សត្រ​​នៃ​ប្រទេស​កម្ពុជា ដល់​ទៅ ៤៤​ឆ្នាំ ។ (1)

ទោះ​ជា​យ៉ាង​ក្ដី តាម​រឿង​ព្រេង​នេះ ស្ដេច​បក្សី​ចាំ​ក្រុង មិន​បាន​កសាង​ប្រាសាទ​បក្សី​ចាំ​ក្រុង​នោះ​ទេ ដូច្នេះ​ឈ្មោះ​ ២នេះ​​ហាក់​ដូច​ជា​គ្មាន​អ្វី​​ទាក់ទង​គ្នា​​នោះ​ទេ ។

***

  1. អាន​អត្ថបទ​រឿង​ព្រេង​ពេញ ៖ ឈូក​ខ្មែរ ៖ ប្រវត្តិ​បក្សី​ចាំ​ក្រុង
  2. CEN : ប្រាសាទ​បក្សី​ចាំ​ក្រុង
About these ads

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , , . Bookmark the permalink.

10 Responses to ប្រាសាទ​បក្សី​ចាំ​ក្រុង

  1. ស្រុកស្រែ និយាយថា៖

    ខ្ញុំចាប់អារម្មណ៍ជាងគេ គឺកាលបរិច្ឆេទនៃពិធី​បុណ្យ​ឆ្លងរូប​ព្រះឥសូរ​ ធ្វើ​ពី​មាស​សុទ្ធ ដែល​ដឹងតាំង​ពីពេលម៉ោង​ ថ្ងៃខែ​ច្បាស់លាស់…។

    • តា ម៉ាប់ និយាយថា៖

      សូមអាន Michael Freeman, et Claude Jaques (2003) Ancient Angkor, Printed in Thailand.

    • ស្រុកស្រែ និយាយថា៖

      ខ្ជិលអានណាស់​អុងម៉ាប់​អើយ… បើមានស្រាប់ៗ​បែប​នេះ ចែក​គ្នាដឹង​ផង… :-D

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំគ្រាន់តែ​ដក​ស្រង់នោះទេ មិនបាន​បក​ប្រែ​ឲ្យ​ពិស្តារ​នោះឡើយ ឯ​ប្រាសាទ​ដែល​ខ្ញុំ​ផ្សាយ និង​បន្ត​ផ្សាយ​នោះ គឺ​ជា​ប្រាសាទ​ដែល​ខ្ញុំ​បាន​ទៅ​ពេល​ចម្រើន​ព្រះជន្ម​ប៉ុណ្ណោះ ។ ប្រាសាទ​ផ្សេង​ទៀត​ដែល​មាន​ក្នុង​សៀវភៅ​នោះ បើ​ខ្ញុំ​មិន​ទាន់​បាន​ឃើញ​ផ្ទាល់​ទេ ខ្ញុំ​មិន​យក​មក​ផ្សាយ​ទេ ។ អូភ្លេច​ប្រាប់​ពូថា សៀវភៅ​នេះ​តម្លៃ ២៤តុលា ទិញ​នៅ​សៀមរាប តែបើ​ប្រាប់ថា​ខ្មែរ គេ​លក់​ឲ្យ​តែ​ ៥ តុលាទេ (ខ្ញុំគិត​ថា​ពូអាច​ដឹង​រឿង​នេះ​រួច​ហើយ) ។

    • ស្រុកស្រែ និយាយថា៖

      បើយើងទៅទិញ ធើឫកអឿ សម​នឹង​អ្នកលក់​កោរ​ចឹង​ហើយ…

    • តា ម៉ាប់ និយាយថា៖

      តម្លៃលក់​ឲ្យ​បរទេស​ ។ តែបើសៀវភៅនេះរក​ទិញ​នៅ​ភ្នំពេញ តម្លៃតាម​លើ​ក្រម គ្មានចុះម៉ារៀលរ៉េ ៕

  2. Pingback: ប្រាសាទ​៣ និង​ប្រាសាទ​ថ្ម​បាយ​ក្អែក | តាម៉ាប់ យាយម៉ាប់

  3. Pingback: ប្រាសាទ​ភ្នំ​បាខែង | តាម៉ាប់ យាយម៉ាប់

  4. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s