ទសអវតារ ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ


សិល្បៈចម្លាក់ខ្មែរបុរាណ កាលព្រហ្មញ្ញសាសនានៅមានឥទ្ធិពលនោះ គេឃើញមានចម្លាក់ជាច្រើនបង្ហាញពីរូបអាទិទេពក្នុងសាសនានោះ ទាំងអាទិទេពត្រីមូតិ៍ ក៏ដូចជាអាទិទេពនានាទៀតដូចជា ព្រះឥន្ទ, ព្រះអាទិត្យ, ព្រះចន្ទ, ព្រះយម ជាដើម ។ អាទិទេពត្រីមូតិ៍ដែលគេគោរពរាប់អានជាងគេ គឺ ព្រះសិវៈ (ព្រះឥសូរ) ដែលគេឆ្លាក់តំណាងជា លិង្គ នៅលើ ទម្រយោនី ។ អាទិទេពត្រីមូតិ៍មួយអង្គទៀត គឺ ព្រះវិស្ណុ (ព្រះនារាយណ៍) ជួនកាលគេឆ្លាក់ជារូបមនុស្សជិះគ្រុឌ ជួនកាលជារូបមនុស្សតំណាងផ្សេងៗ (អវតារ) ។ ក្នុងចំណោម អវតារធំៗ ទាំង ១០ នៃព្រះវិស្ណុ សិល្បករខ្មែរមានឆ្លាក់ផងដែរ ប៉ុន្តែមិនទាំងអស់នោះទេ ។ រូបភាពចម្លាក់ ព្រះវិស្ណុ និងអវតារ មានតាមលំដាប់ដូចខាងក្រោម ៖

*** ព្រះវិស្ណុ ៖ ព្រះវិស្ណុ មានដៃ ៤ និងមានគ្រុឌជាជំនិះ ។

IMG_6781

ព្រះវិស្ណុ មានគ្រុឌជាជំនិះ, ចម្លាក់ផ្ដែរ ប្រាសាទធម្មនន្ទ រចនាបថអង្គរវត្ត ។

១. មត្ស្យា ៖ គេមិនដែលប្រទះឃើញចម្លាក់ ឬបដិមា អវតារទី ១ (មត្ស្យា) នោះទេ ។

២. កូម៌ៈ ៖ ឈុតរឿងកូរសមុទ្រទឹកដោះនេះ ឃើញមានឆ្លាក់ជាច្រើននៅតាមប្រាសាទនានាទូទាំងស្រុកខ្មែរ ។

IMG_1449

កូម៌ៈ ទ្រភ្នំមន្ទរៈ, ចម្លាក់នៅថែវខាងកើត ភាគខាងត្បូង ប្រាសាទអង្គរវត្ត រចនាបថអង្គរវត្ត ។

៣. វរាហៈ ៖ វរាហៈ មិនមានឃើញច្រើននោះទេ ថ្វីត្បិតតែគេប្រទះឃើញចម្លាក់រូបសត្វជ្រូកព្រៃមួយចំនួនក៏ដោយ ។ ទោះយ៉ាងណា នៅជញ្ជាំងទិសខាងជើង ប៉ែកខាងលិច នៃថែវជាន់ខាងក្នុងនៃ ប្រាសាទបាយ័ន គេឃើញមានចម្លាក់អាទិទេពត្រីមូតិ៍នៅជាន់ខាងលើ និងមានចម្លាក់ ជ្រូកព្រៃមួយក្បាល កំពុងកាយដីនៅជិតសសរភ្លើងមួយ ដែលត្រង់នេះ និយាយពីរឿងដែលព្រះព្រហ្ម និងព្រះវិស្ណុ ឈ្លោះគ្នាថានរណាខ្លាំងជាង ក៏ស្រាប់តែលេចសសរភ្លើងនេះឡើង ព្រះព្រហ្មក៏ប្រើ ហង្ស  ជាជំនិះហោះឡើងទៅមើល ឯព្រះវិស្ណុ ក៏កាឡាខ្លួនជា ជ្រូកព្រៃ (វរាហៈ) ឈ្មុសដីចុះទៅក្រោម ។ ចំណែកឯសសរភ្លើងនេះ គ្មាននរណាក្រៅពី ព្រះសិវៈ នោះឡើយ ។

ចម្លាក់រូបជ្រូកព្រៃនៅ ប្រាសាទបាភួន

ចម្លាក់រូបជ្រូកព្រៃនៅ ប្រាសាទបាភួន រចនាបថបាភួន ។

៤. នរសិង្ហ ៖ ថ្វីត្បិតមុខ នរសិង្ហ រលុប តែយើងអាចសម្គាល់បានតាមកាយវិការ (ចាប់ដាក់លើភ្លៅ និងវះពោះដោយដៃ) ។

IMG_2600

នរសិង្ហ វះពោះ ហរិណយក្សីពុ, ចម្លាក់ផ្ដែរ ប្រាសាទមេបុណ្យខាងកើត រចនាបថប្រែរូប ។

៥. វាមណៈ (វិស្ណុត្រីវិក្រម) ៖ ថ្វីត្បិត វាមណៈ ជាព្រាហ្មណ៍តឿ តែក្នុងចម្លាក់ខ្មែរកម្រមានឆ្លាក់រូប វាមណៈ ណាស់ ច្រើនឆ្លាក់ជារូប ព្រះវិស្ណុ តែម្ដង ។ (1)

IMG_6735

វាមណៈ (វិស្ណុត្រីវិក្រម), ចម្លាក់ផ្ដែរ ប្រាសាទចៅសាយទេវតា រចនាបថអង្គរវត្ត ។

៦. បរសុរាម ៖ បរសុរាមប្រើ ពូថៅ ជាអាវុធ។

 

៧. រាម ៖ រាមប្រើ ធ្នូ ជាអាវុធ ហើយតែងតែឃើញ វត្តមាន លក្ស្មណៈ នៅជាមួយជានិច្ច ។

IMG_1415

រាម និងអនុជ លក្ស្មណៈ និងហនុមាន សេនា, ចម្លាក់លើជញ្ជាំងជ្រុងអាគ្នេយ៍ នៃពន្លាជ្រុងនិរតី ប្រាសាទអង្គរវត្ត រចនាបថអង្គរវត្ត ។

៨. ក្រឹស្ណៈ (2) ៖ ក្រឹស្ណៈ ដែលគេឧស្សាហ៍ឃើញជាងគេ គឺ ក្រឹស្ណៈ ហែក នាគកាលិយៈ និងក្រឹស្ណៈ ទ្រភ្នំគោវធ៌ន ។

IMG_5276

ក្រឹស្ណៈ ហែក នាគកាលិយៈ, ផ្ដែរចម្លាក់ ប្រាសាទភ្នំជីសូរ្យ រចនាបថ ??? (អន្តរកាលរវាង ឃ្លាំង និងបាភួន) ។

IMG_8017

ក្រឹស្ណៈ ទ្រ ភ្នំគោវធ៌ន ការពារពួកគង្វាលពីព្យុះភ្លៀង បណ្ដាលមកពីកំហឹងនៃ ព្រះឥន្ទ, ផ្ដែរហោជាង ប្រាសាទព្រះខ័ន រចនាបថបាយ័ន (រូបតូចឈរជិតអាចជា ពលរាម) ។

៩. ពុទ្ធ ៖ មានបដិមាជាច្រើន ទាំងមុន, កំឡុង, និងក្រោយសម័យអង្គរ ។

១០. កល្កិ ៖ កល្កិ ឃើញមានជាក្បាលបដិមានៅសារមន្ទីរជាតិភ្នំពេញ ហៅឈ្មោះថា ពាជីមុខ (មុខសេះ) ។

ក្រៅពីចម្លាក់ គេឃើញមានបដិមាជាច្រើនផងដែរដូចជា រូបព្រះវិស្ណុ (ដៃ ៤ មានកេតនភណ្ឌ), រូបរាម (កាន់ធ្នូ), រូបក្រឹស្ណៈគោវធ៌ន, រូបពលរាម (3) (កាន់នង្គ័ល), ព្រះពុទ្ធ ជាដើមដែលមានតាំងនៅសារមន្ទីរជាតិភ្នំពេញ ។

IMG_7520

(រាប់ពីឆ្វេងទៅស្ដាំ) ៖ ភីម និង ទុយ៌ោធន (មិនអាចសម្គាល់បាន), ពលរាម (ដៃកាន់នង្គ័ល) និង ក្រឹស្ណៈ (ដៃ ៤) ចម្លាក់ ប្រាសាទបាភួន រចនាបថបាភួន ។

***

កំណត់សម្គាល់ និងអានបន្ថែម ៖

  1. បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ របៀបបង្ហាញរូបព្រះនរាយណ៍ត្រីវិក្រមប្លែកម៉្យាង
  2. បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ របៀបបង្ហាញព្រះក្រឹស្ណាប្លែកមួយ
  3. បណ្ដាញព័ត៌មានវប្បធម៌ខ្មែរ ៖ ពលរាម ឬពលទេព

About តា ម៉ាប់

ខ្ញុំគ្រាន់តែចង់ដើរលេង! I live and I travel!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.