កេរ្តិ៍ដំណែលរបស់ព្រះរាជាមួយអង្គ


ព្រះបាទ ស៊ីសុវត្ថិ

ព្រះបាទស៊ីសុវត្ថិនិងមន្រ្តីបារាំងនៅ ស្រុកបារាំង ឆ្នាំ១៩០៦

នៅ​​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម​សីហមុនី​ ត្រូវ​បាន​តែង​តាំង​ជា​ព្រះ​មហាក្សត្រ​ទី​១​ដែល​សោយ​រាជ្យ​អា​ស្រ័យ​តាម​រដ្ឋធម្មនុញ្ញ​​របស់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​សតវត្ស​ទី២១ កាល​ពី​១០០​ឆ្នាំមុន​ព្រះអយ្យកា​លួត​​​​របស់​​ព្រះ​អង្គគឺ ព្រះបាទ​ស៊ីសុវត្ថិ បាន​ក្លាយជា​​មហាក្សត្រ​​ទី១​នៅ​លើ​ពិភពលោក​ដែល​សោយរាជ្យ​តែមិនកាន់​អំណាច។ តែ​ការ​ឡើង​សោយរាជ្យ​​ដោយ​មិនកាន់​អំណាច​នៅ​ពេល​នោះ​គឺ​មក​ពី​បញ្ហា​ស្ថានការ​មិន​អំណោយ​ផល ​មិនមែន​ដូច​​ការ​គោរព​តាម​ច្បាប់​ប្រទេស​ដូច​ពេល​​នេះទេ។

នៅឆ្នាំ១៨៦៣​ដែល​ព្រះ​បាទនរោត្តម​បាន​ឡាយ​ព្រះ​ហត្ថលេខា​ទទួល​ស្គាល់​អាណាព្យាបាល​បារាំង​មកលើ​កម្ពុជា​ដើម្បី​ការ​ពារ​ទឹក​ដី​នោះ ព្រះ​អង្គ​នៅ​មាន​សិទ្ធិ​អំណាច​ពេញ​ដៃ។ ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​បាទ​ស៊ីសុវត្ថិ​ឡើង​សោយរាជ្យ​នោះ​ ព្រះ​អង្គ​គឺ​គ្រាន់តែ​ជានិមិត្តរូប​តែប៉ុណ្ណោះ។ សូម្បី​តែ​ថវិកា​ចំណាយ​របស់​ព្រះ​អង្គ​សម្រាប់រាជវាំង​ និងកិច្ចការ​ទាំងអស់​ ​ក៏​ត្រូវ​បាន​បារាំង​គ្រប់គ្រងដែរ។ ប្រវត្តិ​វិទូបារាំង​ អាឡាំង​ ហ្វរ៉េសត៍ (Alain Forest) បាន​សរសេរ​ថា​ បើ​គិត​លើ​ចំនួន​​​ទឹក​ប្រាក់​ក្នុង​កញ្ចប់​ថវិកា​របស់​ព្រះបាទ​​ស៊ីសុវត្ថិ​គឺ​ច្រើន​ជាង​ព្រះបាទ​នរោត្តម តែតាម​ការ​ពិត​​គឺតិច​ជាង​​ ដោយ​ព្រះ​អង្គ​ត្រូវ​ចំណាយ​​ឲ្យទៅ​ពួក​មន្ត្រី​ និង​ញាតិ​វង្ស​ព្រះអង្គ​ ព្រោះ​បារាំង​បាន​កាត់​បន្ថយ​ប្រាក់​ខែ​របស់​ពួក។ នៅ​ក្នុង​បញ្ជី​កញ្ចប់​ថវិកា​នៅ​ឆ្នាំ​១៩០៦​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ ដែល​រាល់​ចំណាយ​និង​ចំណូល​ត្រូវ​បាន​កត់​ត្រា​យ៉ាង​ប្រុង​ប្រយ័ត្ន​ដោយ​មន្ត្រី​អាណានិគម​​បារាំង​ដោយ​មាន​ជំនួយ​ពី​ក្រមការ​​ខ្មែរ បាន​បញ្ជាក់​ថា​ការ​ចំណាយ​នោះ​រួម​មាន​ ការ​ឧបត្ថម្ភ​​ដល់​សមាជិក​រាជវង្ស​​មុន (សមាជិក​របស់​ព្រះ​បាទ​នរោត្តម) និង​បច្ចុប្បន្ន (សមាជិក​របស់​ព្រះអង្គ​ផ្ទាល់) ការ​បង់​ថ្លៃ​សិក្សា​របស់​ព្រះ​អង្គ​ម្ចាស់​ និង​ កូន​របស់​ឥស្សរជន​ខ្មែរ​ជា​ច្រើន​នៅ​ ស្រុក​បារាំង​ឬ​នៅ​សាយហ្គន។

នៅ​ឆ្នាំ​នោះ​ដែរ​ ព្រះបាទ​ស៊ីសុវត្ថិ​បាន​យាង​ទៅ​ស្រុក​បារាំង​ជាមួយ​នឹង​រាជ​បរិពារ​៦០នាក់ ដើម្បី​ទៅ​ចូល​រួម​ការ​តាំង​ពិពណ៌​របស់​អាណានិគម​នៅ​ឯ​ ម៉ាសីយ៍ (Marseille) ដែល​ចំណាយ​ត្រូវ​បាន​​​ចេញ​រួម​​គ្នា​ដោយ​​អាជ្ញាធរ​​អាណានិគម​បារាំងនិង​ខ្មែរ​ ដែល​គេយល់​ថា​នេះ​ជា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​យ៉ាង​ល្អ​មួយ​​សម្រាប់​សកម្មភាព​​​របស់​ពួកគេ​នៅ​ឥណ្ឌូចិន។ ព្រះ​រាជ​ទស្សនកិច្ច​នេះ​គ្រាន់​តែ​ជា​កិច្ច​ទំនាក់ទំនង​សាធា​រណៈ​ប៉ុណ្ណោះ។ មិនមែន​មានតែ​ប្រជា​រាស្រ្ត​ទេ​​ដែល​ចង់​ឃើញ​​ស្តេច​នៃ​ប្រទេស​​មួយ​ដែល​អំណាច​និង​សេដ្ឋកិច្ច​ត្រូវ​បានកំណត់ សូម្បី​តែ​អ្នកកាសែត​ក៏​តាម​ព្រះអង្គ​គ្រប់​​ជំហានដែរ​ ពីព្រោះ​ពិធី​ពិសេសៗ​ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​ស្វាគមន៍​ព្រះអង្គ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ​។ ព្រះ​រាជា​ត្រូវ​បាន​រដ្ឋាភិបាល​បារាំង​ទទូល​ក្នុង​នាម​ជា​ព្រះ​ប្រមុខ​រដ្ឋ​ដ៏​ធំ​មួយ​ ហើយ​គ្រប់​ដំនើរ​បស់​ព្រះ​អង្គ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ថត​ទុក និង​សម្រាប់​ប្រើ​ប្រាស់​នៅលើ​តែម​ប្រេសណិយ៍។​ នៅ​សាលា​ក្រុង​ប៉ារីស​ចុង​ខែ​មិថុនា​ ភ្ញៀវ​មានមុខ​មានមាត់​ជា​ច្រើន​បាន​ព្យាយាម​ដណ្តើម​គ្នា​​ចុះ​ឈ្មោះ​ចូល​រួម​ពិធី​មួយ​ដែល​ធ្វើ​ឡើង​ក្រោម​ព្រះ​នាម​ព្រះអង្គ។

ព្រះ​រាជា​ដែល​មាន​ព្រះ​ជន្ម​ជាង​៦០​ព្រះ​វស្សា​នេះ បាន​ត្រូវ​បានគេ​ស្គាល់​យ៉ាង​ច្រើន​ពាស​ពេញ​ស្រុក​បារាំង​មុន​ពេល​ដែល​ទ្រង់​ចុះពីលើ​កប៉ាល់ទៅ​ទៀត​ ក៏​ព្រោះ​មាន​ព័ត៌មាន​ថា​ព្រះ​អង្គ​បាន​បរិច្ចាគ​​យ៉ាង​ច្រើន​ជួយ​ដល់​ជនរងគ្រោះ​ពីការ​បាក់​អណ្តូងរ៉ែ​មួយ​នៅ​ស្រុក​បារាំង​ដែល​បាន​សម្លាប់​​មនុស្ស​១,២០០​នាក់។ ព្រះអង្គ​បាន​បន្ត​បង្ហាញទឹក​ព្រះទ័យ​​សប្បុរសធម៌​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​បាន​បរិច្ចាគ​ឲ្យ​ជនក្រីក្រ​នៅ​ ណានស៊ី​ (Nancy) ម៉ាសីយ៍ និងប៉ារីស និង​កន្លែង​ផ្សេងៗទៀត។ រាល់​ការ​ចំណាយ​នៅ​ក្នុង​ដំណើរ​នេះ ត្រូវ​បាន​កត់​ត្រា​និង​រាយការណ៍​យ៉ាង​ប្រុង​ប្រយ័ត្នដោយ​មន្ត្រី​តំណាង​របស់​អាណានិគម​បារាំង ហ្វ័រណង់ គ្ហូត្រេ (Fernand Gautret)។ រាល់​ការ​ចំណាយ​របស់​​ព្រះរាជា​ សមាជិក​រាជវង្ស​ និង​មន្រ្តី​ធំតូច​ក្នុង​ដំណើរ​នេះ​ស្ថិត​នៅ​ក្នុង​បញ្ជី​កញ្ចប់​ថវិកា​ឆ្នាំ​១៩០៦របស់​ទ្រង់ ប៉ុន្តែ​រដ្ឋបាល​បារាំង​បាន​បង់​លើ​ចំណាយ​ខ្លះ​របស់​ក្រុម​របាំ​ព្រះរាជ​វាំង​ដែល​ទៅ​សម្តែង​នៅ​ស្រុក​បារាំង។

អ្នក​ស្រាវជ្រាវ​ជាតិ​បារាំង​ អូលីវើ ដឺ បែរ​ណុន (Oliver de Bernon) បាន​សរសេរ​​នៅ​ក្នុង​​បទ​បង្ហាញ​នៅ​ក្នុង​​​សៀវភៅ​ «ដំណើរ​មក​ស្រុក​បារាំង​របស់​ស្តេច​ស៊ីសុវត្ថិ» របស់​គាត់​ថា​ អ្វី​ដែល​បញ្ជី​កញ្ចប់​ថវិកា​មិនបាន​បង្ហាញ​នោះ​គឺ​ អ្នក​បម្រើ​សាធារណៈ​បារាំង​ម្នាក់​បាន​ព្យាយាម​ទាមទារ​ឲ្យ​ព្រះអង្គ​បង់​ថ្លៃ​លើ​អំណោយ​ដែល​ទ្រង់​ទទួល​បាន​មាន​ដូចជា​បាច់​ផ្កា​របស់​ប្រធានាធិបតី​បារាំង ​អាម៉ង់ដ៍ ហ្វាលីយ៉េ​ (Armand Fallieres)។ ឧកញ៉ា​ វាំង.ជួន​ មន្ត្រី​សេដ្ឋកិច្ចនិង​វិចិត្រ​សិល្បៈ​ និង​មន្ត្រី​រដ្ឋបាល​​ធំ​របស់​បារាំង​នៅ​កម្ពុជា​ ប៉ូល​ ល្វីស​ លូសស៍ (Paul  Louis Luce) បាន​ទប់​ទល់​និង​រារាំង​បញ្ហា​នេះ មុនពេល​ដែល​វា​អាចបង្ករ​ឲ្យ​មាន​រឿង​អាម៉ាស់​កើត​ឡើង។

«ពីយ៉ាស» រូបិយប័ណ្ណ​​ដែល​ចរាចរ​នៅ​ពាសពេញ​ឥណ្ឌូចិន ត្រូវ​បាន​ប្រើ​ជា​រូបបិយ​ប័ណ្ណ​សម្រាប់​កត់​ត្រា​ក្នុង​​បញ្ជី​កញ្ចប់​ថវិកា​ឆ្នាំ​១៩០៦​ ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ១៩០៧​ ដោយ​រោង​ពុម្ព​អាណានិគម​បារាំង​នៅ​​ភ្នំពេញ​។ មួយ​ភាគ​បី​នៃ​ប្រាក់ ៤៦១,៥០០ពីយ៉ាស បាន​ចំណាយ​លើ​មន្រ្តី​នានា។ នេះ​មិនរាប់​បញ្ចូល​អ្នក​របាំ​ ភីលៀង​ និង​អ្នកបម្រើ​ ដែល​ប្រាក់​ខែ​ស្មើរ​នឹង​១០​ភាគរយ​នៃ​កញ្ចប់​ថវិកា​។ ប្រាក់​ខែ​របស់​ពួក​នេះ​​ស្ថិត​នៅ​ក្រោម​ការចំណាយ​របស់​​ក្រុម​គ្រូសារ​រាជវាំង។ ការ​កំណត់​តម្លៃ​របស់​ ពីយ៉ាស អាច​ធ្វើ​ឲ្យ​មាន​ការ​ភ័ន​ច្រឡំ​ដោយ​សារ​តម្លៃ​នៃ​វត្ថុផ្សេងៗ​​ខុស​គ្នា​យ៉ាង​​ឆ្ងាយ។ អាឡាំង ហ្វរ៉េសត៍ បាន​សរសេរ​ថា​ តម្លៃ​១ពីយ៉ាស​ស្មើរ​នឹង២.៧​ហ្វ្រង់​នៅ​ឆ្នាំ១៩០៧។ បើ​តាម​អ្នក​វិភាគ​នយោបាយ​សេដ្ឋកិច្ច​ជាតិ​បារាំង​ ហ្សង់​ ដានីញ៉ែល​ ហ្គាឌែរ៍ (Jean Daniel Gardere) ១ដុល្លារ​អាមេរិច​​មាន​តម្លៃ​ប្រហែល​ ២ភីយ៉ាស​ ដែល​គាត់​បាន​បន្ថែម​ទៀត​ថា​ ១ដុល្លារ​សម័យ​នោះ​ស្មើ​នឹង​២៥​ដុល្លារ​សម័យ​នេះ។

ចំនួន​មនុស្ស​ដែល​បាន​ធ្វើ​ការ​នៅ​រាជ​វាំង​បាន​ធ្វើ​ឲ្យ​ ចូអ៊ែល ម៉ុងតាហ្គ៍ (Joel Montague)​ ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង ​នៅ​ពេល​ដែល​គាត់​បាន​ជួប​បញ្ជី​កញ្ចប់​ថវិកា​នេះ​​​នៅភ្នំពេញ កំឡុង​ពេល​ដែល​គាត់​បាន​មកស្រាវជ្រាវលើប័ណ្ណ​ប្រេសណិយ៍​សម័យ​អាណានិគមសម្រាប់​សៀវភៅ​ «រូប​ភាព​ប័ណ្ណ​ប្រេសណិយ៍​របស់​កម្ពុជា» របស់គាត់។​ គាត់​បាន​បន្តរ​ថា​ «ខ្ញុំ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ចំពោះ​ការ​ចំណាយ​ទៅ​លើ​បុគ្គ​លិក​របស់​រាជ​វាំង។​ នៅ​ផ្នែក​ពេទ្យ​មាន​វេជ្ជ​បណ្ឌិត​១៤​នាក់​និង​ត្រូវ​ចំណាយ​ទៅ​លើ​ថ្នាំ​ជា​ច្រើន​មុខ​ទៀត។

ការ​ចំណាយ​ផ្នែក​សិល្បៈនិង​សិប្បកម្ម​រួម​បញ្ចូល​ទាំង​ផ្នែក​របាំ​គឺ​​៤.៥​ភាគរយ​នៃ​បញ្ចប់ថវិក​នោះ។ មាន​មនុស្ស​៧៧​នាក់​ធ្វើ​ការ​នៅ​ផ្នែក​អលង្ការ​ ៩​នាក់​សម្រាប់​រំលាយ​មាស​ ១២​នាក់​សម្រាប់​ខាង​មាស​សន្លឹក​ ហើយ​រួម​មាន​ជាង​គំនូ​រ ជាង​ចម្លាក់​ ជាង​ឆ្លាក់​ឈើ​ និង​ជាង​ធ្វើ​ស្រោម​មុខ​របាំ​ប្រពៃណី​ជាច្រើន​ទៀត។​ អ្នក​សម្តែង​២៤​នាក់​ត្រូវ​បាន​ចែក​ជា​៣ផ្នែក  ផ្នែក​ចម្រៀង​យី​កេ​ ផ្នែក​ល្ខោន​ខោល​ (​រាម​កេរ្តិ៍) និង​ផ្នែក​ល្ខោន​ស្រមោល។ ​ផ្នែក​តន្ត្រី​មាន​ជាច្រើន​ក្រុម​ភ្លេង​​​ទៅ​តាម​មុខ​ជំនាញ​ផ្សេង​ៗ​ដូច​ជា​ វង់​ភ្លេង​​មហោរី​ វង់​ភ្លេង​ពិណពាណ្យ និង​ខ្លងខែក (​ភ្លេង​បុណ្យ​សព)។ វង់​ភ្លេង​ដែល​ធំ​ជាង​គេ​គឺ​ វង់​ភ្លេង​អឺរ៉ុប​ដែល​មាន​គ្រូ​ជាតិ​បារាំង​ម្នាក់​ និង​តន្រ្តី​ករ​២៨​នាក់។

បើ​មើល​ទៅ​តាម​កញ្ចប់​ថវិកា​នេះ​ ព្រះ​បាទ​ស៊ីសុវត្ថិ​បាន​ឧបត្ថម្ភ​ការ​អប់រំ​នៅ​តាម​ទីវត្ត​អារ៉ាម។ នៅឆ្នាំ១៩០៦​ទ្រង់​បាន​ប្រគេន​បច្ច័យ​ទៅ​ព្រះ​សង្ឈ​ចំនួន​១,០៦៦​អង្គ​ដើម្បី​ឲ្យ​បង្រៀន​ខាង​​ពុទ្ធសាសនា​ និង​ផ្តល់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​២៥​នាក់​នៅ​ផ្នែក​ភាសាបាលី។ ប្រហែល​ជា​៦ភាគរយ​នៃ​កញ្ចប់​ថវិកា​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​​ប្រារព្ធ​ពិធី​បុណ្យ​​បែប​ជាតិ​និង​​បែប​សាសនា រួម​ទាំង​​ពិធី​បុណ្យ​ប្រពៃណី​ដូចជា​​ច្រត់​ព្រះ​នង្គ័ល​ បុណ្យ​អុំទូក ក៏ដូច​ជា​បុណ្យ​រៀង​រាល់​ថ្ងៃ​សីល។ មាន​មនុស្ស​១០​នាក់​ធ្វើ​ការ​នៅដំណាក់តែ នឹង​ ​​៤នាក់​នៅ​ដំណាក់​ស្រង់​ទឹក។  រួម​ជាមួយ​គ្នា​ផង​ដែរ​មាន​អ្នកសំអាត​រោង​ដំរី​៣៥នាក់ និង​ហ្ម​ដំរី​៥៩នាក់ ឯក្រោលសេះ​មាន​មនុស្ស​ចំនួន​១៧នាក់។ ទោះ​ជាយ៉ាង​ណា​ នេះ​ជា​ដើម​សតវត្ស​ទី២០​ហើយ​ព្រះ​បាទ​ស៊ីសុវត្ថិ​បាន​ព្យាយាម​ធ្វើ​ទំនើប​ភាវូបនីយកម្ម​នៅ​ជុំវិញ​ផ្ទៃ​រាជវាំង​ដោយ​ដាក់​ភ្លើង​អគ្គីសនី​បំភ្លឺ ដោយ​ចំនាយ​អស់​៣ភាគរយ​​​នៃ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ១៩០៦​ នេះបើ​តាម​ប្រវត្តិ​វិទូ​ ដាវីត ឆេនលរ៍ (David Chanler)។ ផ្នែក​អំពូល​ និង​អគ្គីសនី​មាន​បុគ្គលិក​១៣​នាក់ ឯ​ផ្នែក​នាឡិកា​មាន​បុគ្គលិក​៨នាក់់​ដែល​មាន​តួ​នាទី​បោស​​សម្អាត​និង​ត្រួត​ពិនិត្យ​នាឡិកា​ណាដែល​ដើរ​ខុស។

ដំណើរ​ទស្សនកិច្ច​នោះ ​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​​បារាំង​និង​​ខ្មែរ​ចំណាយ​រួម​គ្នា​អស់​ប្រហែល​៦០​ភាគរយ​។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏​មាន​ការ​ចំណាយ​ដោយ​ប្រយោ​ល​ នៅ​ពេល​ដែល​រោង​ជាង​ទង​​មាស​និង​ប្រាក់​បាន​ចំណាយ​ពេល​ធ្វើ​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​​ឲ្យ​ព្រះ​បាទ​ស៊ីសុវត្ថិ​ប្រទាន​ឲ្យ​ឥស្សរជន​បារាំង។ ដំណើរ​ទស្សនកិច្ច​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​បារាំង​ស្គាល់​និង​ចាប់​អារម្មណ៍​ពី​ស្រុក​ខ្មែរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ លើស​ពីនេះ​ទៅ​ទៀត​ បើ​ទោះ​ជា​គ្មាន​ឯក​សារ​ស្រប​​ច្បាប់មួយ​ណា​បញ្ជាក់​ថា​ ព្រះ​បាទ​ស៊ីសុវត្ថិ​បាន​ពិ​ភាក្សា​ជាមួយ​បារាំង​រឿង​ដែន​ដី​ខាង​លិច​​របស់​ខ្មែរ​ដែល​បាត់​បង់​ឲ្យ​ទៅ​សៀម​ តែ​មួយ​រយៈពេល​ខ្លី​ក្រោយ​មក​សៀម​បាន​យល់​ព្រម​ចុះ​សន្ធិសញ្ញា​នៅ​ខែ​មិនា​ឆ្នាំ​១៩០៧​ ​ប្រគល់​ខេត្រ​សៀម​រាប​ បាត់​ដំបង​ និងស៊ីសុផុន​មក​ឲ្យ​ខ្មែរ​វិញ។ ទទួល​បាន​នូវ​ដែន​ដី​ដែល​ខ្មែរ​បាន​បាត់​បង់​ជាង​១០០​ឆ្នាំ​ទៅ​ហើយ​នោះ​ មិន​ត្រឹម​តែ​បាន​បង្ហាញថា​បារាំង​មាន​សិទ្ធិ​អំណាច​យ៉ាង​ខ្លាំង​​នៅ​ក្នុង​តំបន់​នេះ​ទេ ថែម​ទាំង​បង្ហាញ​ពី​អំណាច​​របស់​ខ្មែរ​ថែម​ទៀត។​ ម៉ុង​តាហ្គ៍​បាន​បង្ហាញ​ទៀត​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​អង្គរ​ស្ថិត​នៅ​ជាប់​ឋិតថេរ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ទោះជាយ៉ាងណា​ សន្ធិសញ្ញា​នេះ​ក៏​រួម​មាន​ការ​ប្រគល់​មក​វិញ​នូវ​ប្រាសាទ​ព្រះ​វិហារដែល​​បន្ត​នៅ​មាន​បញ្ហា​ដល់​សព្វថ្ងៃ។

ចំនាំ៖ អត្ថបទ​នេះ​បក​ប្រែ​ពីភាសាអង់គ្លេស​នៅ​ក្នុង​ព្រឹត្តិប័ត្ត​ពិសេស​របស់ The Cambodia Daily-Weekend លេខ៦៨៧ ​ក្នុង​ឱកាស​ចម្រើន​ព្រះ​ជន្ម​ព្រះករុណា​​ចេញ​ផ្សាយ​ថ្ងៃ សៅរ៍​-អាទិត្យ​ ទី១៤-១៥ ខែឧសភា​ឆ្នាំ​២០១១។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s