ផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy Dolphin)


កាយវិភាគវិទ្យាត្រីផ្សោត

ត្រីផ្សោតនៅកម្ពុជារងការប៉ះពាល់យ៉ាងខ្លាំង

ផ្សោត​អ៊ីរ៉ាវាឌី (ឈ្មោះ​បច្ចេកទេស Orcaella Brevirostris)  គឺ​ជា​ប្រភេទ​ម៉្យាង​នៃ​​​ផ្សោត​សមុទ្រ​ដែល​អាច​សម្រប​ខ្លួន​បាន​​នឹង​មជ្ឈដ្ឋាន​ជា​ច្រើន ។ ​ពួក​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​យ៉ាង​តិចតួច​ហើយ​មិន​ទៀង​ទាត់​នៅ​តាម​ជិត​ឆ្នេរ​សមុទ្រ នៅ​តំបន់​ដែល​ទឹក​សាប​និង​ទឹក​ប្រៃ​ជួប​គ្នា​ និង​នៅ​តាម​ទន្លេ​ ដូច​នៅ​​ឯ​ឈូង​សមុទ្រ​ Bengal និង​ តំបន់​អាស៊ី​អាគ្នេយ៍​។

ប្រវត្តិ​នៃ​ឈ្មោះ និង​ ប្រវត្តិ​នៃ​ចំណាត់​ថ្នាក់

ផ្សោត​អ៊ីរ៉ាវ៉ាឌី​ត្រូវ​បាន​ពិពណ៌នា​ជា​លើក​ដំបូង​ដោយ​ លោក Richard Owen នៅ​ឆ្នាំ​១៨៨៦ ដោយ​ផ្អែក​លើ​ផ្សោត​មួយ​ក្បាល​ដែល​​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​នៅ​ឆ្នាំ​១៨៥២​ នៅ​ឯ​កំពង់ផែ​ក្រុង Visakhapatnam នៅ​ឆ្នេរ​ខាង​កើត​ប្រទេស​ឥណ្ឌា ។ នេះ​ជា​ផ្សោត​​មួយ​ក្នុង​ចំណោម​ពីរ​​ប្រភេទ​​​ក្នុង​សន្តាន​ (Genus) របស់​វា ។ ពេល​ខ្លះ​វា​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ទៅ​ក្នុង​ក្រុម​គ្រួសារ​ផ្សោត​ដែល​​មាន​តែ​​​ខ្លួន​វា​ផ្ទាល់​នៅ​ក្នុង​គ្រួសារ​ ផ្សោត​ Monodontidae ផង​ និង​នៅ​ក្នុង​គ្រួសារ​ ផ្សោត Delphinidae ផង ។ មក​ទល់​ឥឡូវ​នេះ​ មាន​ការ​យល់​ព្រម​ជា​ច្រើន​ដែល​ចាត់​បញ្ចូល​វា​ទៅ​ក្នុង​ក្រុម​គ្រួសារ​ ផ្សោត Delphinidae ​ដែល​ជា​ផ្សោត​សមុទ្រ ។

បើ​គិត​ទៅតាម​លក្ខណៈ​តំណ​ពូជ ផ្សោត​អ៊ីរ៉ាវ៉ាឌី ជាប់​ទាក់​ទង​​​ជិត​បំផុត​ជា​មួយ​​នឹង​ ​បាឡែន Orca (Killer Whale) ។ ឈ្មោះ Brevirostris គឺ​បាន​មកពី​ភាសា​ឡាតាំង​ដែល​មាន​ន័យ​ថា​ ចំពុះ​​ខ្លី ។ នៅ​ឆ្នាំ​២០០៥​ ការ​វិភាគ​លើ​តំណ​​ពូជ​បាន​បង្ហាញ​ថា ​ផ្សោត​អូស្ត្រាលី (Australian Snubfin Dolphin) ដែល​គេ​ប្រទះ​ឃើញ​នៅ​ភាគ​ខាង​ជើង​​ប្រទេស​អូស្ត្រាលី​ជា​ប្រភេទ​ទី២​នៃ ​សន្តាន Orcaella ។

ជា​ទូទៅ ពណ៌​សម្បុរ​របស់​ផ្សោត​ គឺ​មាន​ពណ៌​ប្រផេះ​ ឬ​ក៏​ខៀវ​ទឹក​ប៊ិច ឯ​ខាង​ពោះ​វិញ​មាន​ពណ៌​រាង​ស​ស្លេក ហើយ​គ្មាន​ស្លាកស្នាម​​​សម្គាល់​បញ្ជាក់​ទេ។ វា​មាន​ព្រុយ​ខ្នង​ តូច​ហើយ​​មូល​ស្ថិត​នៅ​កណ្ដាល​ខ្នង​តែ​ម្ដង​ ឯ​ថ្ងាស​​មូល​រលោង​​ខ្ពស់​ឡើង​ទៅលើ​ ប៉ុន្តែ​គ្មាន​ចំពុះ ចំណែក​​ព្រុយ​ចំហៀង​ធំ​ទូលាយ​ និង​មូល ។ ប្រភេទ​ដែល​ត្រូវ​បាន​ឃើញ​នៅ ​កោះ​ប័រណេអូ (Borneo) គឺ​ ផរផស​គ្មាន​ព្រុយ (Finless Porpoise, ឈ្មោះ​បច្ចេកទេស Neophocaena Phocaenoides) គឺ​មាន​រូប​រាង​ប្រហាក់​ប្រហែល​គ្នា​ តែ​គ្មាន​ព្រុយ​ខ្នង​ទេ ឯ​ផ្សោត​ខ្នង​គម (Humpback Dolphin, ឈ្មោះ​បច្ចេកទេស Sausa Chinensis) គឺ​មាន​មាឌ​ធំជាង​ ចំពុះ​វែង​ជាង​ និង​ព្រុយ​ខ្នង​ធំជាង ។

មាន​ឈ្មោះ​ជា​ច្រើន​ដែល​គេ​ប្រើ​សម្រាប់​ហៅ Oecaella Brevirostris ទៅ​តាម​ភាសា​និមួយៗ ដូចជា​ ភាសា​អង់គ្លេស Irrawaddy Dolphin បារាំង Orcelle ភាសា​ភូមា Labia ភាសា​ឥណ្ឌូនេស៊ី Pesut ភាសា​ម៉ាឡេ Lumbalumba ភាសា​ឡាវ Pha’ka  ភាសា​ហ្វីលីព្ពីន Lampasut  និង​ ភាសា​ខ្មែរ​ ផ្សោត ។ ជា​ភាសា​ថៃ​ ឈ្មោះ​របស់​វា​មួយ​គឺ​ Pla loma hua bat  ក៏​ព្រោះ​តែ​ក្បាល​ដ៏​មូល​របស់​វា​មើល​ទៅ​ស្រដៀង​នឹង​រូប​រាង​ បាត្រ​លោក។

ការ​ពិពណ៌នា                                     

ផ្សោត​អ៊ីរ៉ាវ៉ាឌី​ មាន​រូប​រាង​ប្រហែល​នឹង ​បាឡែន​​ស​. Beluga បើ​ទោះ​ជា​វា​មាន​​ជាប់​ទាក់​ទង​​​ជិត​បំផុត​ជា​មួយ​​​នឹង បាឡែន Orca ​ក៏​ដោយ​ ។ វា​មាន​​ប្រដាប់​ចាប់​សំឡេង​​ធំ​មួយ​នៅ​ផ្នែក​ខាង​ក្នុង​ក្បាល​ ក្បាល​​មូល​រលោង​ ជាមួយ​នឹង​ចំពុះ​ដែល​ពិបាក​ក្នុង​ការ​កំណត់​មើល​ ​ព្រុយ​ខ្នង​​ស្ថិត​នៅ​ ២/៣ផ្នែក​ខាង​ក្រោយ​គឺ​ខ្លី​រលោង​រាង​ត្រី​កោណ ឯ​ព្រុយ​ចំហៀង​​វែង​និង​ធំ​ទូលាយ​ ។ វា​សម្បុរ​ជ្រះ​​ ប៉ុន្តែ​នៅ​ផ្នែក​ខាង​ពោះ​រាង​ជ្រះ​ជាង​ផ្នែក​ខាង​​ខ្នង ។ ផ្សោត​​ជំទង់​អាច​មាន​ទម្ងន់​លើស​ពី​ ១៣០​គ.ក ហើយ​មាន​ប្រវែង​ប្រហែល​ ២,៣​ម. នៅ​ពេល​វា​ពេញ​អាយុ​។ ប្រវែង​​វែង​បំផុត​ដែល​គេ​ធ្លាប់​​វាស់​គឺ ​២,៧៥​ម. របស់​ផ្សោត​ឈ្មោល​មួយ​ក្បាល​​នៅ​ប្រទេស​ថៃ ។

ការ​បន្ត​ពូជ

គេ​ជឿ​ថា​ផ្សោត​ទាំង​នេះ​អាច​បន្ត​ពូជ​បាន​នៅ​ពេល​ដែល​វា​មាន​អាយុ​ពី​ ៧​ទៅ​៩​ឆ្នាំ​ ។ នៅ​ឯ​អឌ្ឍគោល​ខាង​ជើង​ រដូវ​បន្ត​ពូជ​ចាប់​ផ្ដើម​ពី​ខែ​ធ្នូ​ដល់​ខែ​មិថុនា ។ ជាទូទៅ​ផ្សោត​ញី​ពពោះ​រយៈ​ពេល​១៤​ខែ​ ដោយ​កើត​ម្ដង​បាន​កូន​តែ​១​ទេ ហើយ​អាច​ផ្ដល់​កំណើត​​ម្ដង​ទៀត​​ក្នុង​រយៈ​ពេល​ពី​ ២​ទៅ​៣​ឆ្នាំ ។ ​កូន​ដែល​កើត​មក​ភ្លាម​អាច​មាន​ប្រវែង​ ១ម.​ និង​​មាន​ទម្ងន់​ ១០​គ.ក ហើយ​បៅ​ដោះ​មេ​វា​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដំបូង ។ ជា​ទូទៅ​​ផ្សោត​​អាច​រស់​នៅ​បាន​ដល់​អាយុ​៣០​ឆ្នាំ​ ។

អត្តចរិត

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ ទំនាក់ទំនង​គ្នា​ដោយ​ការ​បញ្ចេញ​សំឡេង​​​ផ្សេង​ៗ​គ្នា​​​នៅ​ ហ្វេក្រង់​​​ទំហំ​​ 60Mhz ដែល​គេ​ជឿ​ថា​ប្រើ​សម្រាប់​​ចាប់​សំឡេង ។ អាហារ​ជា​ប្រចាំ​របស់​វា​គឺ​ ត្រី​ល្អិត​ៗ ពង​ត្រី បង្គា ​បង្កង​ និង​ មឹក​ ។ តាម​ការ​សង្កេត​លើ​​ផ្សោត​ដែល​គេ​ចាប់​​ទុក​សម្រាប់​ស្រាវជ្រាវ​ ​វា​ចាប់​ចំណី​ដោយ​ការ​ស្រូប​បញ្ចូល​ទៅ​ក្នុង​មាត់ ។ ពេល​ខ្លះ​ ​ផ្សោត​អ៊ីរ៉ាវ៉ាឌី ​ជះ​ចេញ​នូវ​ខ្សែ​ទឹក នៅ​ពេល​ដែល​វា​​ងើប​ផុស​ពី​ក្នុង​ទឹក នៅ​ពេល​បំបៅ​ដោះ​ គឺ​ដើម្បី​បញ្ចេញ​ទឹក​ដែល​ស្រូប​បាន​​នៅ​ពេល​ស្រូប​យក​ត្រី​ ឬ​ក៏​ដើម្បី​ទាក់​ទាញ​ត្រី​ចំណី​ទៀត ។ ផ្សោត​អ៊ីរ៉ាវ៉ា​ឌី​ ខ្លះ​ដែល​គេ​ចាប់​ទុក​យក​មក​ចិញ្ចឹម​ ត្រូវ​​បាន​បង្ហាត់​ឲ្យ​ងើប​ផុស​ពី​ទឹក​នៅ​ពេល​ដែល​លឺ​​បញ្ជា ។ ​ផ្សោត​នេះ​ហែល​ទឹក​មិន​លឿន​ទេ​ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​ទទួល​គ្រោះ​ថ្នាក់​ វា​អាច​ហែល​បាន​ដល់​ទៅ​ ២០ទៅ​២៥ គ.ម/១ម៉ោង ។

នៅ​ពេល​ដែល​ វា​ងើប​ឡើង​មក​លើ​ផ្ទៃ​ទឹក​​ហើយ​ត្រលប់​ខ្លួន​បក​កន្ទុយ​ឡើង​លើ​ឲ្យ​ផុត​ពី​ទឹក គឺ​ដើម្បី​ជ្រមុជ​ទឹក​ឲ្យ​បាន​ជ្រៅ​ ។ ការ​ជ្រមុជ​​នេះ​អាច​មាន​ថេរ​វេលា​ពី  ៧០​វិនាទី​ទៅ​១២នាទី ។ នៅ​ប្រទេស​ឡាវ គេ​បាន​​កំណត់​ថេរ​វេលា​ត្រី​ផ្សោត​ចំនួន​ ២៧៧​ក្បាល ដោយ​រាប់​ពី​ពេល​ដែល​​​​ផ្សោត​ចុង​ក្រោយ​លិច​ចូល​ទៅ​ក្នុង​ទឹក​រហូត​ដល់​​​ ផ្សោត​ទី​១​ ផុស​ចេញ​មក​វិញ មាន​រយៈពេល​ ១១៥,៣​​វិនាទី ដែល​ស្ថិត​នៅ​ចន្លោះ​ពី  ១៩​វិនាទី ទៅ​៧,១៨​នាទី ។ យូរ​ៗ​ម្ដង​ដែល​​ផ្សោត​បង្ហើប​ខ្លួន​តិចៗ ហើយ​មិនដែល​ហែល​សន្សឹម​នោះ​ទេ ។ ជា​ទូទៅ​គេ​ច្រើន​តែ​ឃើញ​​ផ្សោត​នៅ​ជា​ក្រុម​តិច​ជាង​ ៦ក្បាល​​ ក៏​ប៉ុន្តែ​ពេល​ខ្លះ​ក្រុម​ដល់​ទៅ ១៥​ក្បាល​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ដែរ ។

ការ​ដណ្ដើម​ទីតាំង​និង​ចំណី​អាហារ​ត្រូវ​បាន​សង្កេត​ឃើញ​នៅ​ពេល​ដែល​ ​ សន្តាន Orcaella ត្រូវ​បង្ខំ​ចិត្ត​មក​ទឹក​រាក់​ និង​ដក​ខ្លួន​ចេញ​ពី​ប្រភេទ​ត្រី​ផ្សោត​ផ្សេងៗ​ទៀត ។ គេ​បាន​សាក​ល្បង​ដោយ​ដាក់​ត្រី​ផ្សោត​ខ្នង​គម​ និង​ ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ នៅ​ក្នុង​អាង​១​ជា​មួយ​គ្នា​ គេ​សង្កេត​ឃើញ​ថា​ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​​ តែង​តែ​រត់​គេច​ហើយ​ទៅ​សម្ងំ​នៅ​ផ្នែក​តូច​មួយ​នៃ​អាង ។ នៅ​ឯ​បឹង​ទឹកប្រៃ​ Chilika អ្នក​នេសាទ​នៅ​ទីនោះ​តែ​ង​និយាយ​ថា​ នៅ​ពេល​ដែល​ត្រី​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ និង​ត្រី​ផ្សោត​ធម្មតា (Bottlenose Dolphins) ជួប​គ្នា​នៅ​តាម​​ស្ទឹង​  ផ្សោត​អ៊ីវ៉ាវ៉ាឌី តែង​តែ​ខ្លាច​ហើយ​ត្រូវ​បង្ខំ​ចិត្ត​​ហែល​​ចូល​ទៅ​ក្នុង​បឹង​វិញ​។

ទី​ជម្រក​ និងចំនួន            

បើ​ទោះ​ជា​ពេល​ខ្លះ គេ​ហៅ​វា​ថា​ជា​​​ផ្សោត​ទន្លេ​ តាម​ពិត​ទៅ​នោះ​វា​មិន​មែន​ទេ តែ​ជា​​ផ្សោត​​សមុទ្រ​ដែល​ចូល​ចិត្ត​​រស់​នៅ​តំបន់​ដែល​​ទឹក​មាន​​កម្រិត​ជាតិ​​ប្រៃ​ទាប​ដូ​ច​ជា នៅ​ជិត​ឆ្នេរ​ តំបន់​ដែល​ទឹកសាប​និង​ទឹក​ប្រៃ​ជួប​គ្នា និង​នៅ​តាម​តំបន់​ដី​សណ្ដ ​។ វា​ក៏​បាន​រស់​នៅ​ជា​ក្រុម​តូច​ៗ​នៅ​តាម​ទន្លេ​ ដូច​ជា​ទន្លេ​គង្គា​ (Ganges River) ទន្លេ​មេគង្គ (Mekong River) ក៏​ដូច​ជា​ទន្លេ​អ៊ីរ៉ាវ៉ាឌី​​ (Irrawaddy River) ដែល​វា​យក​ឈ្មោះ​តាម ។ វា​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ពី​ ឈូង​សមុទ្រ​បេង​ហ្គាល់​ ទៅ​ដល់​ ហ្គីណេ​ថ្មី​ (New Guinea) និង​ហ្វីលីព្ពីន​ផង​ដែរ ។

ពួក​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជា​ញឹក​ញយ​នៅ​ តំបន់​ដែល​ទឹកសាប​និង​ទឹក​ប្រៃ​ជួប​គ្នា និង​នៅ​ឈូង​សមុទ្រ​នៅ​កោះ​ប័រណេអូ​ (Borneo Island) ហើយ​នឹង​ប្រទះ​ឃើញ​ជារឿយៗ​ពី​ Sandakan នៅ​រដ្ឋ Sabah របស់​ម៉ាឡេស៊ី ទៅ​ផ្នែក​ខ្លះ​នៃ​ប្រ៊ុយណេ និង​រដ្ឋ​Sarawak របស់​ម៉ាឡេស៊ី ។

គ្មាន​ការ​សិក្សា​ជា​ទ្រង់​ទ្រាយ​ធំ​ណា​មួយ​ត្រូ​វ​បាន​ចាត់​ចែង​សម្រាប់​ប្រភេទ​​សត្វ​ដែល​ងាយ​រង​គ្រោះ​នេះ​​ទេ បើ​ទោះ​ជា​យ៉ាង​ណា​ចំនួន​​ផ្សោត​នេះ​នៅ​ទូទាំង​ពិភពលោក​​មាន​ប្រហែល​ជា​​ជាង​ ៧.០០០​ក្បាល​ប៉ុណ្ណោះ​ ដែល​ក្នុង​នោះ​ ៩០%​ រស់​នៅ​បង់ក្លាដេស ។ ផ្សោត​ដែល​រស់​នៅ​ខាង​ក្រៅ​ បង់ក្លាដេស​ និង​ឥណ្ឌា​ត្រូវ​បាន​ចាត់​ទុក​ក្នុង​ប្រភេទ​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ ។ ចំនួន​ផ្សោត​​នៅ​​៨កន្លែង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ខាង​ក្រោម​នេះ ៖

ល.រ

ប្រទេស

ចំនួន

ជម្រក

បង់ក្លាដេស ៥.៨៣២ (ងាយ​រង​គ្រោះ)
៤៥១ (ងាយ​រង​គ្រោះ)
នៅ​តំបន់​ឆ្នេរ​នៃ​ឈូង​សមុទ្រ​បេងហ្គាល់
នៅ​តំបន់​ព្រៃ​កោង​កាង Sundarbans

ឥណ្ឌា ១៣៨ (ងាយ​រង​គ្រោះ) នៅ​បឹង​​ទឹក​ប្រៃ ​Chilika

កម្ពុជា និង​​ ឡាវ ៦៦-៦៨ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្ដោយ​ទន្លេ​មេគង្គ ​ប្រវែង​១៩០គ.ម

ឥណ្ឌូណេស៊ី (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្ដោយ​ទន្លេ Mahakam ប្រវែង​៤២០គ.ម

ហ្វីលីព្ពីន ប្រហែល៧៧ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) នៅ​តំបន់​ទឹកប្រៃ​ Malampaya Sound*

ម្យ៉ានម៉ារ ៥៨-៧២ (កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ) តាម​បណ្ដោយ​ទន្លេ​អ៊ីរ៉ាវ៉ាឌី​ ប្រវែង​ ៣៧០គ.ម

ថៃ តិចជាង៥០ (កំពុង​រង​គ្រោះ​​ធ្ងន់ធ្ងរ) នៅ​បឹង​​ទឹក​ប្រៃ​ Songkhla

*អ្នក​ស្រាវជ្រាវ​កំពុង​សិក្សា​ពី​ការ​រក​ឃើញ​ថ្មី​ៗ​នូវ​​​ផ្សោត​នេះ​ពី​ ៣០​ទៅ៤០​ក្បាល​នៅ​ក្នុង​ទឹក​ជិត​ទី​ក្រុង​ Bago និង​ក្រុង​ Pulupandan នៅ​ខែត្រ​ Negros Occidental នៅ​កោះ Western Visayas ។

ទំនាក់ទំនង​ជាមួយ​នឹង​មនុស្ស

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ ហាក់​ដូច​ជា​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការ​​សហការ​នេសាទ​ជា​មួយ​អ្នក​នេសាទ​ដែល​ប្រើ​ឧបករណ៍​ប្រពៃណី ។ អ្នក​នេសាទ​ជាតិ​ឥណ្ឌា បាន​និយាយ​ថា​គេ​តែង​តែ​ហៅ​​ផ្សោត​ដើម្បី​​ឲ្យ​ជួយ​ដេញ​ត្រី​ផ្សេង​ៗ​ចូល​មង ។ នៅ​ឯ ម្យ៉ានម៉ារ​ នៅ​ភាគ​ខាង​លើ​ទន្លេ​អ៊ីរ៉ាវ៉ាឌី ​​ផ្សោត​នេះ​តែង​តែ​ដេញ​ត្រី​ផ្សេងៗ​ឲ្យ​ចូល​ក្នុង​សំណាញ់​នៅ​ពេល​ដែល​វា​ទទួល​សំឡេង​​ពី​អ្នក​នេសាទ ជា​ការ​​តបស្នង​មកវិញ​អ្នក​នេសាទ​តែង​តែ​ផ្ដល់​ជា​ត្រី​ខ្លះ​មក​ឲ្យ​​ពួក​វា​វិញ ។ បើ​តាម​ប្រវត្តិសាស្ត្រ អ្នក​នេសាទ​នៅ​ ទន្លេ​អ៊ីរ៉ាវ៉ាឌី​ បាន​បញ្ជាក់​ថា​​​ផ្សោត​​និមួយៗ​​មាន​ទំនាក់​ទំនង​ជា​មួយ​ភូមិ​នេសាទ​មួយ​ៗ​ផ្សេង​គ្នា​ដែរ ហើយ​ក៏​ជួយ​ដេញ​ត្រី​ទៅ​តាម​ភូមិ​ដែល​មាន​ទំនាក់​ទំនង​រៀង​ៗ​ខ្លួន ។ សេចក្ដី​រាយការណ៍​​នៅ ​ឆ្នាំ​១៨៧៩​ បាន​បញ្ជាក់​ថា​ការ​ទាមទារ​ស្រប​ច្បាប់​តែង​តែ​ត្រូវ​បាន​យក​ទៅ​​ប្ដឹង​នៅ​​តុលាការ​​ស្រុក​ ដើម្បី​ទាមទារ​ចំណែក​​ត្រី​ដែល​ជាប់​ក្នុង​សំណាញ់​អ្នក​ដទៃ​ ដែល​ថា​​​ផ្សោត​ខ្លួន​បាន​ជួយ​ដេញ​បញ្ចូល។

ការ​គម្រាម​​កំហែង

​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ តែង​តែ​រង​ការ​​ប៉ះ​ពាល់​ពី​មនុស្ស​ជា​ជាង​​ផ្សោត​ផ្សេង​ទៀត​ដែល​​រស់​ឯ​នៅ​កណ្ដាល​សមុទ្រ។ ការ​លង់​ទឹក​នៅ​ក្នុង​សំណាញ់​​ក្រឡា​មុង​ គឺ​ជា​គ្រោះ​ថ្នាក់​ដ៏​ចម្បង​បំផុត​ចំពោះ​ពួក​វា ។ របាយការណ៍​ភាគ​ច្រើន​អំពី​ការ​ស្លាប់​របស់​​​ផ្សោត​នៅ​ក្នុង​តំបន់​ដែល​វា​រស់​នៅ​ក្រុម​​តូច​ៗ​ គឺ​បណ្ដាល​មក​ពី​​ការ​ចាប់​ដោយ​ចៃដន្យ​ ការ​លង់​ក្នុង​សំណាញ់​មុង​ និង ក្នុង​អួន ។ នៅ​ហ្វីលីព្ពីន​ គឺ​បណ្ដាល​មក​ពី​សំណាញ់​ចាប់​ក្ដាម​ នៅម្យ៉ានម៉ារ ដោយ​ការ​ឆក់​ត្រី​និង​ការ​រុក​រក​រ៉ែ​មាស ។ បើ​ទោះ​ជា​អ្នក​នេសាទ​ភាគ​​ច្រើន​មាន​ចិត្ត​អាណិត​ដល់​បញ្ហា​របស់​​ផ្សោត​យ៉ាង​ណា​ក្ដី​ ក៏​ពួក​គេ​នៅ​តែ​មិន​អាច​បោះ​បង់​របរ​ចិញ្ចឹម​ជីវិត​តាម​ទម្លាប់​ដើម​​របស់​គេ​បាន​ដែរ ។

នៅ​ប្រទេស​អាស៊ី​ជា​ច្រើន​ ​ផ្សោត​អ៊ី​រ៉ាវ៉ាឌី ​​ត្រូវ​បាន​គេ​ចាប់​យក​មក​ចិញ្ចឹម​ដើម្បី​បង្ហាត់​ទុក​សម្ដែង​នៅ​​ក្នុង​​សួន​មច្ឆា​​សាធារណៈ ។ រូប​រាង​ដ៏​ទាក់​ទាញ​របស់​ពួក​គេ​ និង​អត្ត​ចរិត​ដែល​ប្លែក​ខុស​ពី​គេ​ រួម​ទាំង​ការ​ព្រួស​ទឹក​ ការ​ងើប​ផុស​ពី​ទឹក ការ​បក់​កន្ទុយ​ បាន​ធ្វើ​ឲ្យ​ពួក​វា​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​សម្ដែង ។ ​មាន​ការ​ជំរុញ​​យ៉ាង​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​​ផ្សោត​នេះ​ដើម្បី​ហេតុផល​​ពាណិជ្ជកម្ម ក៏​ព្រោះ​តែ​វា​អាច​អាច​រស់​បាន​ក្នុង​​អាង​ទឹក​​សាប ដែល​គេ​អាច​ជៀស​វាង​ការ​ចំណាយ​យ៉ាង​ច្រើន​ទៅលើ​​ការ​រស់​នៅ​របស់​​ផ្សោត​ទឹក​ប្រៃ​វិញ ។ តំបន់​ដែល​មាន ឬនៅ​ជិត​រង្វង់​រស់​នៅ​​របស់​​​​ផ្សោត  បាន​កើន​ឡើង​​នូវ​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ការ​​សាង​សាង​សួន​កម្សាន្ត​ កាស៊ីណូ និង​កន្លេង​កម្សាន្ត​ផ្សេង​ៗ​ដែល​ទាក់ទង​​នឹង​​ផ្សោត ។ នៅ​ឆ្នាំ​២០០២ មាន​សួន​ទឹក​​​ផ្សោត​ជាង​៨០ (Dolphinariums) ​ នៅ​យ៉ាង​តិច ​៩​​ប្រទេស​នៅ​អាស៊ី ។

ការ​ស្លាប់​ដោយ​ប្រយោល​របស់​​​ផ្សោត​ធ្លាប់​កើត​មាន​យ៉ាង​ញឹក​ញាប់​នៅ​ពេល​មួយ នៅ​វៀតណាម​ និង​ថៃ បណ្ដាល​មក​ពី​ការ​បំ​ផ្ទុះ​គ្រាប់​បែក​យក​ត្រី ។ កាលពី​អតីតកាល​ ការ​សម្លាប់​ផ្សោត​យក​ខ្លាញ់​គឺ​ជា​មូល​ហេតុ​​ដ៏​ចម្បង​និង​ផ្ទាល់​ផង​ដែរ ។

សហជីព​អន្តរជាតិ​អភិរក្ស​ធម្មជាតិ​និង​ធនធាន​ធម្មជាតិ​ ដែល​ហៅ​កាត់​ថា IUCN (The International Union for Conservation of Nature and Natural Resources) បាន​ចុះបញ្ជី​តំបន់​ដែល​មាន​ចំនួន​​ផ្សោត​រស់​នៅ​ជា​ក្រុម​តូច​ៗ​​ចំនួន​៥​ក្នុង​ចំនោម​៨​ ជា​កន្លែង​ដែល​កំពុង​រង​គ្រោះ​ធ្ងន់ធ្ងរ បណ្ដាល​មកពី​ការ​លង់​សំណាញ់ ​។ ឧទាហរណ៍​ ដូច​ជា​នៅ​​ចំនួន​ផ្សោត​នៅ​តំបន់​ទឹកប្រៃ​ម៉ាឡាំប៉ាយ៉ា ដែល​កាល​ពី​គេ​រក​ឃើញ​នឹង​រាប់​នៅ ​ឆ្នាំ​១៩៨៦​ មាន​ចំនួន​ ៧​៧​ក្បាល​ ប៉ុន្តែ​ដោយ​សារ​​មាន​សកម្ម​ភាព​ប៉ះ​ពាល់​លើ​បរិស្ថាន​ជា​ច្រើន ចំនួន​នេះ​បាន​ធ្លាក់​​ចុះ​មក​​នៅ​ត្រឹម​ ៤៧ក្បាល ​នៅ ​ឆ្នាំ​២០០៧ ។

កិច្ច​អភិរក្ស​នៅ​កម្ពុជា

នាយកដ្ឋាន​ជលផល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​នូវ​ព្រះ​រាជក្រឹត្យ​មួយ​សម្រាប់​ការ​ពារ ​ផ្សោត​អ៊ីរ៉ាវ៉ាឌី​ នៅ​ទន្លេ​មេគង្គ ដែល​បង្កើត​ឲ្យ​មាន​តំបន់​ការ​ពារ​ចំនួន​ ៨​ ដែល​មាន​ក្រឡា​ផ្ទៃ​​សរុប​ចំនួន​ ៥.៧២១ហិចតា​ នៅ​តាម​បណ្ដោយ​ដង​ទន្លេ​ប្រវែង​ ១៩០​គ.ម នៅ​ខាង​លើ​ខែត្រ​ក្រចេះ ។ ការ​បង្កើត​តំបន់​អភិរក្ស​ត្រី​ទឹក​ជ្រៅ​ដែល​គ្រប់​គ្រង​ដោយ​សហគមន៍​ក្រោម​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ​អាច​បង្ហាញ​ពី​ឱកាស​យ៉ាង​ពិសេស​ក្នុង​ការ​ស្លាប់​របស់​​​ផ្សោត​​ពី​ការ​ជាប់​សំណាញ់​ក្រឡា​មុង​នៅ​​រដូវ​ប្រាំង ។ កិច្ច​ប្រឹងប្រែង​ក្នុង​ការ​បង្កើត​តំបន់​ការពារ​សម្រាប់​​ផ្សោត​កំពុង​តែ​ដំណើរ​ការ​ ។ នៅ​ឆ្នាំ​២០០៥ មូលនិធិ​សត្វព្រៃ​ពិភពលោក​ ហៅ​កាត់​ថា​ WWF (World Wildlife Fund) បាន​បង្កើត​គម្រោង​អភិរក្ស​​ផ្សោត​ទន្លេ​មេគង្គ​កម្ពុជា (Cambodian Mekong Dolphin Conservation Project) ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ និង​សហគមន៍​ក្នុង​តំបន់​​ដែល​​​​ត្រី​ផ្សោត​រស់​នៅ ។ គោល​ដៅ​របស់​គេ​គឺ​គាំ​ទ្រ​ការ​រស់​នៅ​បន្ត​របស់​​ផ្សោត​ដែល​នៅ​សេសសល់​ ក្រោម​សកម្មភាព​អភិរក្ស​ជា​គោលដៅ  ការ​ស្រាវជ្រាវ និង​ការ​អប់រំ ។

***

អ្នក​អាច​អាន​ផង​ដែរ​នូវ​​អត្ថបទ​​កាសែត​ដែល​និយាយ​ពី​ការ​ប៉ះ​ពាល់​លើ​​ផ្សោត​នៅ​ ទីនេះ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in គ្មាន​ចំណាត់ក្រុម and tagged , , , , . Bookmark the permalink.

8 Responses to ផ្សោត អ៊ីរ៉ាវ៉ាឌី (Irrawaddy Dolphin)

  1. Sao Sreymao ថា:

    សូមអភទោស!!​ខ្ញំុ​សុំអោយគាត់ស្រាវជ្រាវបាន​ច្បាស់ជាននេះបនិ្តច!!តាមតែខ្ញុំដឹងសត្វផ្សោតមិមានច្រីនទេ!!ខ្ញុំស្រលាញផ្សោតខ្ញុំចងអានពមានច្បាសលាស់បន្ថែមអគុណដែលបានចែករំលែក!!

    • អរគុណ​ស្រីម៉ៅ​ដែល​បាន​បញ្ចេញ​មតិ ។ អត្ថបទ​នេះ​ខ្ញុំ​បក​ប្រែ​ទាំង​ស្រុង​ពី​អត្ថបទ​ជា​ភាសា​អង់គ្លេស​របស់ វីគីភីឌា ។ តើ​ស្រីម៉ៅ​មាន​ចម្ងល់​ត្រង់​ណា​ដែរ ? អា​ចប្រាប់​ខ្ញុំ​បានទេ បើ​អាច​ខ្ញុំទៅ​រក​បន្ថែម ។

    • Sao Sreymao ថា:

      អូបើអ្នកបកប្រែពីគេដែលអត់អីទេ!!!នៅពេលដែលខ្ញុំអានហេយ,,,,, after i read all ur script i think it wrong from what i read from WWF information base

    • ខ្ញុំមិនមែន​អ្នក​ឯកទេស​ផង បើ​មិនបក​ម៉េច​នឹងកើត ។ សុំ​ឯកសារពីខាង WWF មើល​ផង ចង់​ដឹង​ខុស​គ្នា​ត្រង់​ណា ។

  2. Sao Sreymao ថា:

    ban ter can u sent me yr mail???? well pleas keep licene pong after read :D:D អត់ទាន់ចង់ជាប់គុកទេ!!!!!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s