លោក ហង់រី មូហុត (១៨២៦ – ១៨៦១)


រូបរបស់ ហង់រី មូហុត គូរដោយ ហ. រូសសូ តាមរូបថតមួយសន្លឹក

ហង់រី មូហុត (Henri Mouhot) (១៥ ឧសភា ១៨២៦ – ១០ វិច្ឆិកា ១៨៦១) ជា​ធម្មជាតិ​វិទូ​ និង​អ្នករុករក​​​ជាតិ​បារាំង​នៅ​ពាក់​កណ្តាល​សតវត្ស​ទី ១៩។ គាត់​កើត​នៅ ម៉ុង​បេលីយ៉ាដ ឌូបស៍ ប្រទេស​បារាំង (Montbéliard, Doubs, France) នៅជិត​ព្រំ​ដែន​ប្រទេស​ស្វ៊ីស (Switzerland) ប៉ុន្តែ​បាន​ចំណាយ​កុមារភាព​របស់​គាត់​នៅ​ប្រទេស​រុស្ស៊ី (Russia) និង​ផ្នែក​ខ្លះ​​នៃ​ទ្វីបអាស៊ី។ គាត់​ស្លាប់​នៅ​ជិត ណាផាន ប្រទេស​ឡាវ (Naphan, Laos)។ គាត់​ត្រូវ​បាន​គេ​ចង​ចាំ​​ដោយ​សារ​ទំនាក់ទំនង​​របស់​គាត់​ទៅ​នឹង​​រាជធានី​អង្គរ

បឋមវ័យ

ជា​សាស្ត្រាចារ្យ​វ័យ​ក្មេង​ផ្នែកនិរុតសាស្ត្រ មូហុត​បាន​ចំណាយ​ពេល​យ៉ាង​តិច​១០​ឆ្នាំ​​ជា​គ្រូបង្រៀន​ភាសា​នៅ​ប្រទេសរុស្ស៊ី។ គាត់​បាន​ធ្វើ​ដំណើរ​ពាស​ពេញ​ទ្វីប​អឺរ៉ុប​ជា​មួយ​បង​ប្អូន​ប្រុស​របស់​គាត់ ឆាលស៍ (Charles) ដើម្បី​សិក្សា​ពី​បច្ចេកទេស​ថតរូប​ដែល​បាន​អភិវឌ្ឈន៍​ដោយ ល្វីស ដាហ្គ៊ែរ (Louis Daguerre)។ នៅ​ឆ្នាំ១៨៥៦ គាត់​បាន​ចាប់​ផ្តើម​ចំណាយ​ពេល​ទាំង​អស់​របស់​គាត់​​ដើម្បី​សិក្សា​​មុខ​វិជ្ជា​វិទ្យាសាស្រ្ត​ធម្មជាតិ។ នៅ​​ឆ្នាំនោះ​ដែរ គាត់​បាន​រៀប​ការ​ជាមួយ​នារី​ម្នាក់​ដែល​ទំនង​ជា​ចៅ​ស្រី​របស់​អ្នក​រុករក​ជាតិ​ស្កុតម៊ុងហ្គោ ផាក (Mungo Park)។ បន្ទាប់​ពី​បាន​អាន​សៀវភៅ «រាជាណាចក្រ​និង​ប្រជាជន​ស្យាម» (The Kingdom and People of Siam) ​ដោយ​ លោក​ ចេមស៍ បូវរីង​ (Sir James Bowring) នៅ​ឆ្នាំ​១៨៥៧​មក មូហុត​បាន​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​​ឥណ្ឌូចិន​ ដើម្បី​ធ្វើ​ការ​រុក​រក​​ផ្នែក​រុក្ខសាស្ត្រ​ជា​ច្រើន​​​ដង​​ក្នុង​គោល​បំណង​​ប្រមូល​អម្បូរ​​រុក្ខជាតិ​ថ្មីៗ។ សំណើរ​លើក​តំបូង​របស់​គាត់​ត្រូវ​បាន​ទាត់​ចោល​ដោយ​ក្រុម​ហ៊ុន​បារាំង និង​រាជរដ្ឋាភិបាល​របស់​​ណា​ប៉ូឡេអុងទី៣(Napoleon III) ប៉ុន្តែ​​រាជ​សមាគម​​ភូមិសាស្ត្រ​ (The Royal Geographical Society) និង​សមាគមសត្វសាស្រ្ត​នៃ​ទីក្រុង​ឡុង (Zoological Association of London) បាន​​ឧបត្ថម្ភ​ដល់​គាត់​។ គាត់​​ក៏​បាន​ចេញ​ដំណើរ​ទៅ​បាងកកតាម​កប៉ាល់​ ដោយ​កាត់​តាម​សឹង្ហបុរី

ដំណើរ​រុករក

ចេញ​ដំណើរ​ពី​មូល​ដ្ឋាន​របស់​គាត់​នៅ​បាងកក​នៅ​ឆ្នាំ១៨៥៨ មូហុត​​បាន​ធ្វើ​ដំណើរ​៤​ដង​ទៅ​ផ្នែក​ខាង​ក្នុង​នៃ​ប្រទេស​ស្យាម ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ។ ក្នុង​កំឡុង​ពេល​ជាង​​ឆ្នាំ​មុន​ពេល​គាត់​ស្លាប់ គាត់​បាន​​​អត់ធន់​ជា​មួយ​​នឹង​សេចក្តី​លំបាក​វេទនា​ជា​ខ្លាំង រួម​មាន​ទាំង​ការ​ការពារ​ខ្លួន​ពី​សត្វ​ព្រៃ ដើម្បី​ទៅកាន់​តំបន់​ព្រៃ​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​រុករក​​ពី​មុន​មក។

នៅ​ក្នុង​ដំណើរ​រុករក​ទី​១​របស់​គាត់ គាត់​បាន​ទៅ​អាយុធ្យា​ដែល​ជា​​អតីត​រាជធានី​របស់​ប្រទេស​ស្យាម (តំបន់​ដែល​ត្រូវ​បាន​គេ​រុករក​រួច​ហើយ) ហើយ​បាន​​ធ្វើ​ការ​ប្រមូល​ប្រភេទ​សត្វ​ល្អិត សម្បក​សត្វ​ទាំង​លើ​គោក​ និង​ក្នុង​ទឹក ហើយ​បាន​ផ្ញើ​វា​ទៅ​ប្រទេស​អង់​គ្លេស

នៅ​ខែ​មករា​ឆ្នាំ១៨៦០ នៅ​ចុង​បញ្ចប់​នៅ​ដំណើរ​រុករក​ទី​២​​ដែល​ជា​ដំណើរ​ដ៏​យូរ​ជាង​គេ​របស់​គាត់​​នោះ គាត់​បាន​មក​ដល់តំបន់​​អង្គរ ដែល​មាន​ក្រឡា​ផ្ទៃ​​ច្រើន​ជាង​៤០០គីឡូ​ម៉ែត​ក្រឡា ដែលរួម​មាន​ទីលាន​បុរាណ​ជា​ច្រើន អាង​ទឹក ទីក្រុង​មាន​គូរ​ទឹក​ព័ទ្ធ​ជុំ​វិញ រាជវាំង​ និង​ប្រាសាទ​បុរាណ ដែល​រួម​មាន​ទាំង ប្រាសាទ​អង្គរ​វត្ត​ ដ៏ល្បី​ល្បាញ​ផង​ដែរ។ គាត់​បាន​កត់​ត្រា​ដំណើរ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​របស់​គាត់ ដែល​រ៉ាយ​រ៉ាប់​​​យ៉ាង​ក្បោះ​ក្បាយ​អំពីការ​សង្កេត​​រយៈ​ពេល​៣​សប្តាហ៍​​នៅ​ទីនោះ។ សៀវភៅ​កំណត់​ហេតុ​ និង​ឯក​សារ​ទាក់ទង​ទាំង​នេះ ត្រូវបាន​គេ​យក​ទៅ​បញ្ចូល​គ្នា​ដោយ​ក្លាយ​ជា​សៀវភៅ «ដំណើរ​នៅ​​ក្នុង​រាជាណាចក្រ​ស្យាម កម្ពុជា និង​ឡាវ»​​ (Voyage dans les royaumes de Siam, de Cambodge, de Laos) ដែល​ត្រូវ​បាន​បោះពុម្ព​​ក្រោយ​ពេល​គាត់​ស្លាប់។

តំបន់​អង្គរ

មូហុត​តែង​តែ​ត្រូវ​បាន​គេ​​ផ្តល់​កិត្តិយស​​ដោយ​ច្រឡំ​ចំពោះ «ការរុករក​ឃើញ​តំបន់​អង្គរ» ដោយ​តាម​ការ​ពិត​​ជនជាតិ​ខ្មែរ​​បាន​ស្គាល់​ពីទីតាំង​​ និង​​​ស្ថេរភាព​របស់​តំបន់​អង្គរ​ទាំង​មូល​ ហើយ​​លើស​ពី​នេះ​ទៅ​ទៀត ថែម​ទាំង​មាន​​បស្ចឹម​ជន​​ធ្វើដំណើរ​ទៅ​​​​ដល់​​​ទីនោះតាំង​សតវត្ស​ទី​១៦​​មកម្លេះ។ មូហុត​បាន​ពិពណ៌នា​នៅ​ក្នុង​​កំណត់​ហេតុ​របស់​គាត់​ថា លោក​បូជាចារ្យ ឆាលស៍ អេមីល ប៊ូយលឺវ៉ូ (Father Charles Emile Bouillevaux) ដែល​ជា​សាសនទូត​ជាតិ​បារាំង​ដែល​មាន​មូលដ្ឋាន​នៅ​បាត់ដំបង​បានសរសេរ​ថា គាត់​រួម​ជា​មួយ​ និង​​អ្នករុករក​បច្ចឹម​ប្រទេស​ជាច្រើន​នាក់​ និង​សាសនទូត​ជា​ច្រើន​នាក់​ទៀត​ បាន​ទៅ​ដល់​​​ប្រាសាទ​អង្គរ​វត្ត​និង​ប្រសាទ​ខ្មែរ​ដទៃ​ទៀត​ យ៉ាង​ហោច​ណាស់​៥​ឆ្នាំមុន​ការ​ទៅ​ដល់​របស់​មូហុត​។ លោក​បូជា​ចារ្យ ប៊ូយលឺវ៉ូ បាន​បោះ​ពុម្ព​​ដំណើរ​រឿង​របស់​គាត់​នៅ​ឆ្នាំ​១៨៥៧ ​ដែល​មាន​ចំណង​ជើង​ថា «ដំណើរ​ទៅ​កាន់​ឥណ្ឌូចិន ១៨៤៨១៨៤៦ អណ្ណាម​និង​កម្ពុជា»។ មុន​នេះ​ទៅ​ទៀត ​អ្នក​ជំនួយ​ជាតិ​ព័រ​ទុយ​ហ្គាល់​ម្នាក់​ឈ្មោះ​ ឌី​អូហ្គោ ដូ គូតូ (Diogo do Couto) បាន​ទៅ​ដល់​តំបន់​អង្គរ​ និង​បាន​សរសេរ​ដំណើរ​រឿង​របស់​គាត់​ប្រហែល​នៅ​ឆ្នាំ១៥៥០ ហើយ​នៅ​ឆ្នាំ​១៥៨៦  មាន​លោក​សង្ឈ​ជាតិ​ព័រទុយហ្គាល់​ម្នាក់​ឈ្មោះ អង់តូនីញ៉ូ ដា ម៉ាគ្ហដាឡេណា (Antonio da Magdalena) ក៏​បាន​សរសេរ​ពី​ការ​ទៅ​ដល់​របស់​គាត់​នៅ​​ប្រាសាទ​អង្គរវត្ត​ដែរ។

ទោះ​ជា​យ៉ាង​ណា​ មូហុត​បាន​ធ្វើ​ឲ្យ​បស្ចឹម​ប្រទេស​ស្គាល់​តំបន់​អង្គរ។ ​មុន​នេះ​ប្រហែល​ជា​គ្មាន​ជនជាតិ​អឺរ៉ុប​​មួយ​ណា​ដែល​បាន​​ទៅ​​ដល់ អាច​សរសេរ​អំពី​តំបន់​អង្គរ​បានល្អ​ដូច​មូហុត​​ទេ ក៏​ព្រោះ​​គាត់​បាន​​បន្ថែម​​​គំនូរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​និង​ម៉ត់​ចត់​អំពី​ប្រាសាទ។ នៅ​ក្នុង​ស្នាដៃ​ក្រោយ​ពេល​ស្លាប់​របស់​គាត់ «ដំណើរ​នៅ​​ក្នុង​រាជាណាចក្រ​ស្យាម កម្ពុជា និង​ឡាវ» មូហុត​បាន​បៀប​ប្រដូច​​ប្រសាទ​នៅ​តំបន់អង្គរ​ទៅ​និង​ពីរ៉ាមីដ ក៏​ព្រោះ​តែ​​ភាព​ល្បី​ល្បាញ​នៅ​បញ្ចឹម​ប្រទេស​ដែល​ថា​ ដើម​កំណើត​នៃ​អរិយធម៌​ទាំង​អស់​គី​នៅ​មជ្ឈិម​បូព៌ា។​ ជា​ឧទាហរណ៍ គាត់​បាន​ពិពណ៌នា​អំពី​ព្រះ​កេស​របស់​ព្រះ​ពុទ្ធ​ (ព្រះព្រហ្ម) នៅ​ច្រក​ចូល​​អង្គរ​ធំ​ថា​ «ក្បាល​ធំ​សម្បើម​​​ដែល​ស្ថិត​ក្នុង​រចនា​បទ​អេស្ស៊ីព» ហើយ​បាន​សរសេរ​ពី​ប្រាសាទ​​នៅ​តំបន់​អង្គរ​ថា៖ «ប្រាសាទ​មួយ​ក្នុង​ចំណោម​ប្រាសាទ​ទាំង​នេះ ធំ​សម្បើម​ដូ​ច​ទៅ​និង​ប្រាសាទរបស់​ស្តេច​សូឡូម៉ុង ហើយ​ត្រូវ​បាន​កសាង​​​ដោយ​ ម៉ៃ​ឃើល អេងហ្គឹឡូ (Michael Angelo) (វិស្វករ​ជាតិ​អ៊ីតាលី) បុរាណ​មួយ​ចំនួន ​អាច​ទទួល​បាន​កន្លែង​កិត្តិយស​មួយ​ក្រៅ​ពី​អគារ​ដ៏​ស្អាត​ប្រិម​ប្រិយ​របស់​យើង។ ប្រាសាទ​នេះ​មាន​ធំហំ​ធំ​ជាង​អ្វី​ៗ​ដែល​ពួក​ក្រិច និង​រ៉ូម៉ាំង​បាន​បន្សល់​ទុក​ឲ្យ​យើង​ទៅ​ទៀត ហើយ​ក៏​បាន​បង្ហាញ​នូវ​ភាព​ផ្ទុយ​គ្នា​ដ៏​គួរ​ឲ្យ​ក្រៀមក្រំ​ចិត្ត​មួយ ​​ទៅ​នឹង​«​ចរិត​កាច​សាហាវ​ឃោរឃៅ»​ដែល​ជាតិ​នេះ​កំពុង​តែ​បាន​អនុវត្ត​នៅ​ពេល​បច្ចុប្បន្ន។»

គាត់​បាន​សរសរ​ទៀត​ថា៖ «នៅ​អង្គរ (Ongcor) វា​មាន… ​សំណល់​បាក់បែក​ទៅ​លើ​សំណង់​​ដ៏​ធំ​ៗ​ទាំង​នោះ… ដែល​នៅ​ពេល​បាន​មើល​ជា​លើក​ទី​ គ្រប់​គ្នា​ប្រាកដ​ជា​ជញ្ជក់​មាត់​កោត​សរសើរ​  ហើយ​មិន​អាច​និយាយ​អ្វី​បាន​ឡើយ ក្រៅ​ពី​​ចោត​សួរ​ថា តើ​​អ្វី​ទៅ​ដែល​បាន​ជម្រុញ​ឲ្យ​ជាតិ​​នេះ​ក្លាយ​ជា​ជាតិ​ដ៏​ខ្លាំង​ពូកែ ពោរ​ពេញ​ដោយ​អំណាច​ ដែល​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​ត្រចេះ​ត្រចង់​ ដែល​ជា​ស្ថាបនិក​នៃស្នាដៃ​ដ៏​មហស្ចារ្យ​ទាំង​អស់​នេះ?»

ពាក្យ​សម្លោក​ទាំង​នេះ​ប្រហែល​ជា​ដើម​ចម​នៃ​ការ​យល់​ច្រឡំ​ដ៏​ធំ​មួយ​ដែល​ថា​ មូហុត​បាន​រក​ឃើញ​សំណង់​បាក់​បែក​នៃ​អរិយធម៌​មួយ​ដែល​គេ​មិន​ធ្លាប់​ស្គាល់។ ​​រាជ​សមាគម​​ភូមិសាស្ត្រ​ និង​សមាគមសត្វសាស្រ្ត​នៃ​ទីក្រុង​ឡុង បាន​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកាស​ពី​ការ​រក​ឃើញ​​មួយ​នេះ ដែល​ហាក់​ដូច​ជា​ជួយ​ជម្រុញ​រឿង​ចចាម​អារ៉ាម​ដែល​ថា មូហុត​ដែល​ពួក​គេ​បាន​ឧបត្ថម្ភ​ដើម្បី​គូរ​ផែន​ទី​ភ្នំ​ ទន្លេ​ និង​ស្វែង​រក​អម្បូរ​សត្វ​ថ្មីៗ បាន​រក​ឃើញ​តំបន់​អង្គរមូហុតខ្លួន​គាត់​បាន​អះអាង​ដោយ​ភ័ន្ត​ច្រឡំ​ថា ប្រាសាទ​នៅ​តំបន់​អង្គរ​គឺ​ជា​ស្នាដៃ​របស់​អរិយធម៌​តំបូង​មួយ​ដែល​កើត​មុន​ជន​ជាតិ​ខ្មែរ។ បើ​ទោះ​ជា​អរិយធម៌​ដដែល​នេះ​ដែល​បាន​សាង​ប្រាសាទ​នៅ​តំបន់​អង្គរ នៅ​តែ​នៅ​រស់​​ចំពី​មុខ​គាត់​ក៏ដោយ ក៏​គាត់​បែរ​ជា​ចាត់​ទុក​ពួក​គេ​ជា​ «រដ្ឋ​ព្រៃ»  ថែម​ទាំង​មិន​ជឿ​ទាល់​តែ​សោះ​​ថា​ពួក​គេ​អាច​មាន​អរិយធម៌​ខ្ពង់​ខ្ពស់​ត្រចេះ​ត្រចង់​ ដែល​អាច​សាង​ប្រាសាទ​ទាំង​នោះ​បាន​នោះទេ។ គាត់​បាន​ប៉ាន់​ស្មាន​ថា​​ស្ថាបនិក​ប្រសាទ​ដ៏​ធំ​សម្បើម​ទាំង​នោះ​គឺ​ជា ពូជ​អម្បូរ​មួយ​ដែល​បាន​បាត់​បង់​អស់​ទៅ​ហើយ ហើយ​បាន​គិត​ថា​ប្រាសាទ​នៅ​តំបន់​អង្គរ​អាច​មាន​អាយុ​ជាង​ ២,០០០ឆ្នាំ​ ដែល​​មាន​អាយុប្រហែល​និង​ចក្រភព​រ៉ូម៉ាំង

ប្រវត្តិ​ពិត​របស់​អង្គរ​ ក្រោយ​មក​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​ពី​ចម្រៀក​តូចៗ​ ដោយ​សារ​សៀវភៅ «ទំនៀម​ទម្លាប់​អ្នក​ស្រុក​ខ្មែរ»  (The Customs of Cambodia) ដែល​សរសេរ​ដោយរាជទូត​របស់ស្តេច​ចិនជាតិ​ម៉ុងហ្គោល តេមៀរ ខាន់ (Temur Khan) ឈ្មោះ ជីវ តាក្វាន់ (Zhou Daguan) ដែល​បាន​មក​រាជធានី​អង្គរ​ពី​ឆ្នាំ ១២៩៥ ១២៩៦ និង​ដោយ​សារ​តែ​ភស្តុតាង​ពី​សិលាចារឹក និង​រចនា​បទ​របស់​ប្រាសាទ​ក្នុង​កំឡុង​ពេល​កាប់​ឆ្ការ​ និង​ស្តារ​តំបន់​អង្គរ​ទាំង​មូល។ ឥឡូវ​នេះ គេ​គ្រប់​គ្នា​បាន​ដឹង​ថា​តំបន់​អង្គរ​មាន​មនុស្ស​រស់​នៅ​ពី​​ដើម​សតវត្ស​ទី ដល់​ដើម​សតវត្ស​ទី​ ១៥

អាណានិគម​និយម

មនុស្ស​មួយ​ចំនួន​​បានលើក​ឡើង​​ថា​ មូហុត​អាច​ជា​ឧបករណ៍​​ប្រើ​សម្រាប់​រុករក​ដែនដី​ថ្មី​របស់​បារាំង ក៏​ព្រោះ​តែ​ការ​ចាប់​បញ្ចូល​ទឹក​ដី​មួយ​ចំនួន​ក្រោយ​ពេល​គាត់​ស្លាប់។ ទោះ​ជា​យ៉ាង​ណា មូហុតខ្លួន​គាត់​ហាក់​ដូច​ជា​មិន​មែន​មនុស្ស​​អាណានិគម​និយម​ទេ ក៏​ព្រោះ​តែ​ពេល​ខ្លះ​គាត់​ក៏​​ឆ្ងល់​អំពី​​ឥទ្ធិពល​នៃ​គុណ​ប្រយោជន៍​​​ក្នុង​ការ​ដាក់​អាណានិគម​របស់​ពូក​អឺរ៉ុប​ដែរ៖ «តើ​ចលនា​ពេល​បច្ចុប្បន្ន​របស់​​ជាតិ​សាសន៍​អឺរ៉ុប​ចំពោះ​ជាតិ​សាសន៍​នៅ​ទិស​ខាង​កើត​អាច​ផ្តល់​​ផល​ល្អ ដោយ​ការ​ណែ​នាំ​ជាតិ​សាសន៍​ទាំង​អស់​នេះ​អំពី​អរិយធម៌​របស់​យើង? ឬ​ក៏​យើង​ដែល​ជា​ឧបករណ៍​របស់​មហិច្ឆតា​ដែល​គ្មាន​ព្រំ​ដែន ទៅ​ទីនោះ​ដើម្បី​បន្ថែម​ទុក្ខ​ទោស​ទៅ​លើ​ភាព​សោក​សង្រេង​ដែល​មាន​ស្រាប់​របស់​ពួក​គេ​ទៀត?»

មរណភាព និង​កេរ្តិ៍​ឈ្មោះ

មូហុត​ស្លាប់​ដោយ​ជម្ងឺ​គ្រុន​ចាញ់​នៅ​ក្នុង​ដំណើរ​រុក​រក​ទី​៤​របស់​គាត់​ នៅ​ក្នុង​ព្រៃ​ប្រទេស​ឡាវ។ គាត់​បាន​ទៅ​ដល់​ហ្លួងព្រះបាង រាជធានី​របស់​រាជាណាចក្រឡានសាង ដែល​ជា​រាជាណាចក្រ​មួយ​ក្នុង​ចំណោមបី ដែល​ក្រោយ​មក​រួម​បញ្ចួល​គ្នា​ដែល​ក្លាយ​ជា​ប្រទេស​ឡាវ​បច្ចុប្បន្ន។ អ្នក​បម្រើ​​គាត់​២​នាក់​ បាន​កប់​សព​​របស់គាត់​នៅ​​ជិត​ជំរុំ​បារាំង​នៅ​ណាផាន ស្ថិត​នៅ​លើ​ច្រាំង​ទន្លេ​ណាមខាន។ អ្នក​បម្រើ​ជំនិត​របស់​មូហុត ឈ្មោះ​ព្រៃ​បាន​បញ្ជូន​សំណេរ​ និង​អម្បូរ​រុក្ខ​ជាតិ​ដែល​មូហុត​ប្រមួល​បាន​ទៅ​បាង​កក ដែល​ក្រោយ​មក​ត្រូវ​បាន​បញ្ជួន​ត​ទៅ​ទ្វីប​អឺរ៉ុប

រូប​សំណាក​ដ៏​សាមញ្ញ​មួយ​ត្រូវ​បាន​គេ​កសាង​ឡើង​លើ​ផ្នូរ​របស់​គាត់​នៅ​ឆ្នាំ១៨៦៧ ក្រោម​បញ្ជា​របស់​​នាយ​ឧត្តមសេនីយ៍​​បារាំង​ប្រចាំ​នៅ​ឥណ្ឌូចិន ឌូដាត ដឺ ឡាក្រេ ដែល​បាន​ថ្លែង​​ពាក្យ​សរសើរ​ថា៖ «​យើង​បាន​ឃើញ​គ្រប់​ទី​កន្លែង​នូវ​អនុស្សាវរីយ៍​ដែល​ជនរូមជាតិ​យើង[ហង់រី មូហុត]បាន​បន្សល់ទុក កាត់​​​​​មាន​អត្តចរិត​ទៀងត្រង់ មាន​សណ្តាន​ចិត្ត​សណ្តោស​មេត្តា ដែល​​ជាហេតុ​ធ្វើ​ឲ្យ​​​គាត់​ទទួល​បាន​ការ​គោរព​និង​ស្រលាញ់​ពី​ជន​ជាតិ​ដើម​នៅ​តំបន់​ទាំង​នេះ។»

រូប​សំណាក​នោះ​ត្រូវ​បាន​បំផ្លាញ​នៅ​ពេល​ដែល​ទឹក​ទន្លេ​ណាម​ខាន​បាន​ឡើង ហើយ​វា​ត្រូវ​បាន​ជំនួស​​ជា​ថ្មី​នៅ​ឆ្នាំ​១៨៨៧ ដោយ​រូប​សំណាក​​ដែល​ជាប់​មាំ​ជាង​មុន ហើយ​មាន​​ផ្ទះ​តូច​​មួយ​ត្រូវ​បាន​សាង​សង់​នៅ​ជិត​នោះ​ សម្រាប់​ជា​កន្លែង​ស្នាក់​នៅ​ និង​ហូប​ចុក​ចំពោះ​អ្នក​មក​ទស្សនា​ផ្នូរ​នោះ។ ការងារ​ស្តារ​លើ​ផ្នូរ​​ខ្លះ​ត្រូវ​បាន​​ធ្វើ​​នៅ​ឆ្នាំ​១៩៥១ ដោយ​សាលា​បារាំង​ចុង​បូព៌ា (Ecole Française d’Extrème Orient—The French School of the Far East)។

ផ្នូរ​របស់​គាត់​​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​ព្រៃ​ ទាល់​តែ​ឆ្នាំ​១៩៩០​ដែល​វា​ត្រូវ​បាន​គេ​រក​ឃើញ​សារ​ជា​ថ្មី​ដោយ​ចៃ​ដន្យ។ ក្រុង​កំណើត​​ម៉ុង​បេលីយ៉ាដ​ របស់​គាត់​​បាន​ឧបត្ថម្ភ​ការ​ស្តារ​នេះ។ ស្លាក​ថ្មី​មួយ​នៅ​ចុង​នៃ​រូប​សំណាក​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ផ្នូរ​របស់​មូហុត​សារ​ជា​ថ្មី​នៅ​ឆ្នាំ១៩៩០។​ តំបន់​នេះ​នៅ​ពេល​ឥឡូវ​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​មួយ​របស់​ហ្លូង​ព្រះ​បាង ហើយ​ភ្ញៀវ​ទេសចរណ៍​អាច​ជួល​ឡាន​​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ទីនេះ ដោយ​កាត់​តាម​ផ្លូវ​ដី​ បន្ទាប់​មក​ចុះ​ដើរ​​តាម​មាត់​ទន្លេ​ប្រហែល​១៥០​ម៉ែត្រ​ មុន​នឹង​ទៅ​ដល់​ផ្នូរ​នោះ។

ភាព​ល្បី​ល្បាញ​នៃ​តំបន់​អង្គរ​ដែល​បាន​បង្កើត​​ឡើង​តាម​អត្ថបទ​របស់​មូហុត​នោះ បាន​បណ្តាល​ឲ្យ​មាន​ការ​គាំទ្រយ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​បារាំង​ ទាំង​ផ្នែក​សិក្សា​​ស្រាវជ្រាវ​ និង​​ផ្នែក​អភិរក្ស។ ជនជាតិ​បារាំង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ជា​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់​អង្គរ​មក​ទល់​សព្វ​ថ្ងៃ​នេះ។

រួម​ផ្សំ​ទៅ​និង​ការ​ផ្តល់​កិត្តិ​យសក្រោយ​ពេល​គាត់​ស្លាប់​ដោយ​ច្រឡំ ​​អំពី​ការ​រក​ឃើញតំបន់​អង្គរ ​ គំនិត​ដែល​ថា​តំបន់​អង្គរ​បាន​បាត់​ ហើយ​ត្រូវ​បាន​រុក​រក​ឃើញ​សារ​ជា​ថ្មី​ដោយ​​ជនជាតិ​អឺរ៉ុប​បាន​បន្ត​សាយភាយ​ក្នុង​រយៈ​ពេល​ជា​យូរ។ ជាមួយ​គ្នា​នោះ​ផង​ដែរ​រូប​ភាព​នៃ​ភាព​យន្ត​ហូលីវូត​ ដែល​បង្ហាញ​ពី​តួអង្គ​ជា​ជាតិ​អឺរ៉ុបបាន​ចូល​ទៅ​ក្នុង​ព្រៃ​ដែល​គ្រប​ដណ្តប់​ពាស​ពេញ​តំបន់​អង្គរ កម្មវិធី Beyond Borders របស់​ប៉ុស្តិ៍​ទូរទស្សន៍ Discovery Channel ដែល​បង្ហាញ​​ឈុត​​ដែល ​មូហុត​បាន​ឃើញ​តំបន់​អង្គរ​ ក៏​បាន​ជួយ​ជម្រុញ​រឿង​មិន​ពិត​​មួយ​នេះ​ដោយ​ប្រយោល​ផង​ដែរ។

សំនេរ​របស់​មូហុត

សំនេរ​​អំពី​ដំណើរ​របស់​គាត់​ត្រូវ​បាន​គេ​អាន​មកទល់​សព្វ​ថ្ងៃ​ ដោយ​​មាន​ទាំង​ជា​ភាសា​បារាំង (Voyage dans les royaumes de Siam, de Cambodge, de Laos et autres parties centrales de l’Indochine) ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ១៨៦៣១៨៦៤ និង​ជា​ភាសាអង់គ្លេស (Travels in the Central Parts of Indo-China, Cambodia and Laos During the Years 1858,1859, and 1860)។

ចំនាំ៖ ខ្ញុំ​បាន​ស្វែង​រក​សៀវភៅ​នេះ​ឃើញ​នៅ amazon.com តែ​វា​មាន​តម្លៃ​ដល់​ទៅ​ជាង ២០០ ដុល្លារ​​ឯណោះ ​តែ​ជា​សំណាងល្អ​​​ខ្ញុំ​បាន​រក​វា​ឃើញ​ជា​ឯកសារ PDF នៅ archive.org ដែល​មាន​ទំហំ​ប្រហែល​ជា​ ២០MB។

ពន្លា មួយ របស់ ប្រាសាទ អង្គរវត្ត ដោយ ហ.មូហុត

ប្រាសាទអង្គរវត្តមើល ពីមុខ ដោយ ហ.មូហុត

គំនូរ បង្ហាញ ពី ប្រាសាទ អង្គរវត្ត ដោយ ហ.មូហុត

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នករុករក and tagged , , , , . Bookmark the permalink.

21 Responses to លោក ហង់រី មូហុត (១៨២៦ – ១៨៦១)

  1. ysb8899 ថា:

    ពិតជា​ក្បោះ​ក្បាយណាស់ សូមអរគុណ!

    • តា ម៉ាប់ ថា:

      ខ្ញុំ​បក​ប្រែ​មក​ពី​វិគី​ភីឌា ភាសា​អង់​គ្លេ​សទេ។ សូម អរគុណ

  2. pkay_sour ថា:

    ហើយបាន​អត្ថបទនេះមកពីណានឹង? បានលំអិតល្អម្ល៉េះណ៎? 🙂

    ប្រេះ ប្រេះភ្លេចមើលគេហៅផ្កាយថាយាយ ហិហិ ហាយ ហាយ​ អយុត្តិធម៌ណាស់​លោក​ម្ចាស់បាវ 😦

    • តា ម៉ាប់ ថា:

      យក​មក​ពី​វិគី​ភី​ឌាអង់គ្លេសណឹង​ណា ព្រោះ​ពេល​ទំនេរ​ៗ​ ខ្ញុំ​ចូល​ចិត្ត​បក​ប្រែអត្ថបទ​ទាំង​នោះ​ជា​ភាសា​ខ្មែរ​ណឹងណា ទុក​សម្រាប់​វិគីភីឌា​ខ្មែរ (http://km.wikipedia.org/wiki/)។
      រក​លោក​ម្ចាស់​បាវ​អញ្ចឹងគ្មានទេ!!! ហ្គាៗៗៗ អូ​ ទៅ​កំពង់​សោម​ទេ?

    • pkay_sour ថា:

      អូ កូនគេចេះអង់គ្លេសច្រើនណាស់ណ៎ ផ្កាយវិញអង់គ្លេសដូច​សណ្តែកដីលីង​ចឹង។

      អត់ទៅផង ចុះតាម៉ាប់ដូយ៉ាវិញ?

    • តា ម៉ាប់ ថា:

      មានណា អក្សរសាស្ត្រ​អង់​គ្លេស​ឆ្នាំ​ទី២ នៅ អាយ អេហ្វ អិល ណឹង 😛 សណ្តែក​ដី​លីង​ឆ្ងាញ់​តាស! អីគេដូយ៉ាណឹង??? អត់​បានទៅទេ ព្រឹក​ណឹង​ទៅ​បាត់ដំបងហើយ…

  3. Pingback: ទៅ​លេង​អង្គរ​វត្ត៖ អ្វី​ខ្លះ​ត្រូវ​ដឹង?​ « ទៅ​លេង​សៀមរាប​

  4. អាពៅ​ ថា:

    អរគុណ​តាម៉ាប់! បើ​ចូល​ចិត្ត​បក​ប្រែ​ប្រវត្តិសាស្ត្រ​ចឹង បក​ប្រែ​ឲ្យ​បាន​ច្រើនៗ​មក ចែក​ខ្ញុំ​អាន​ផង!!!!

    • តា ម៉ាប់ ថា:

      អា​រឿង​បក​ប្រវត្តិសាស្ត្រ​ ចូលចិត្ត​វា​ចូល​ចិត្ត​ហើយ ព្រោះ​ខ្ញុំ​រៀន​មេ​រៀន​ប្រវត្តិ​សាស្ត្រ​មិន​ដែល​ចាញ់​គេ​ទេ តាំង​ពី​បឋម​មក​ដល់​ឥឡូវ តែ​សំខាន់​រឿង​ឥត​មាន​ពេល ហើយ​ម៉្យាង​ទៀត ប្រវត្តិសាស្ត្រ​ស្រុក​ខ្មែរ​មាន​រឿង​មិន​ច្បាស់​ការ​ច្រើន​ណាស់ អ្នក​និពន្ធ​១០​នាក់ សរសេរ​ខុស​គ្នា ៨​ នាក់​ហើយ ។

  5. Pingback: តើជនជាតិ​អឺរ៉ុប បាន​ឃើញអង្គរវត្ត​ជា​លើក​ដំបូង​នៅ​​ឆ្នាំ​ណា? | ស្រុកស្រែ

  6. Pingback: តើជនជាតិ​អឺរ៉ុប បាន​ឃើញអង្គរវត្ត​ជា​លើក​ដំបូង​នៅ​​ឆ្នាំ​ណា? « អួងឧត្តម

  7. Pingback: គេហទំព័រខ្មែរដឹង » តើជនជាតិ​អឺរ៉ុប បាន​ឃើញប្រាសាទអង្គរវត្តជាលើកដំបូងនៅពេលណា?

  8. Pingback: តាម៉ាប់ & យាយ​ម៉ាប់

  9. Pingback: សៀវភៅ ២ ក្បាល​ដ៏មាន​តម្លៃ | តាម៉ាប់ & យាយ​ម៉ាប់

  10. បញ្ញាសោភណោ ថា:

    បងប្រុសរៀបរាប់បានពិរោះណាស់ អាត្មាសូមសរសើរ 😀

  11. បញ្ញាសោភណោ ថា:

    តបបានលឿនមែន អាត្មាឡើងភ្ញាក់ 😀

  12. តើរកទិញសៀវភៅទាំងពីរក្បាលហ្នឹងនៅណា? ឬ មានឯកសារ ជា ebook ផ្ញើរខ្ញុំផងបានទេ?

    • ទិញនៅខ្ញុំហេហេហេ បើ​ចង់បាន​សៀវភៅ ២ ក្បាលណឹង ចូលតំណរភ្ជាប់ដែល​ខ្ញុំ​បាន​ភ្ជាប់​ឲ្យរួចហើយនោះ ទាញយកដោយ​សេរីទៅ ៕

  13. Pingback: Facade of Angkor Wat, 1855 « The Ancient Gallery

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s