ប្រាសាទ​ភ្នំបាណន់


កាល​ពី​ចុង​សប្តាហ៍​មុន​ ខ្ញុំ​បាន​ទៅ​លេង​ខេត្ត​បាត់​ដំបង​ រយៈ​ពេល​២​យប់​និង​៣​ថ្ងៃ (០៥-០៧)។ ខ្ញុំ​បាន​ទៅ​លេង​ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ភ្នំបាណន់ ភ្នំសំពៅ និង​ អាងកំពីងពួយ​ តែ​ពេល​នេះ​សូម​លើក​យក​តែ​ ភ្នំបាណន់​មួយ​មក​និយាយ​។

ប្រវត្តិដើម

តាម​ប្រវត្តិ​ត្រួស​ៗ​​ដក​ស្រង់​ដោយ​ខ្លួន​ខ្ញុំ​ បាន​ឲ្យ​ដឹង​ថា​ប្រាសាទ​នេះ​ត្រូវ​បាន​កសាង​ពី​ថ្ម​បាយ​ក្រៀម​ និង​ថ្ម​ភក់​នៅ​លើ​កំពូល​ភ្នំ​កម្ពស់​ជាង​ ៨០ ម៉. នៅ​ក្នុង​រាជ​ ព្រះបាទ​ឧទយាទិត្យវម៌្ម​ទី២ (1050 – 1068) និង​ត្រូវ​បាន​បង្ហើយ​​ឲ្យ​រួច​រាល់​ដោយ ព្រះបាទ​ជ័យវម៌្ម​ទី៧ (1181 – 1218)។ ប្រាសាទ​នេះ​មាន​តួ​ប៉ម ​៥​ ដាច់​ដោយ​ឡែក​ពី​គ្នា​ ដែល​តួប៉ម ​៤​ មាន​ទំហំ​ប៉ុន​ៗ​គ្នា​ស្ថិត​នៅ​គ្រប់​ទិស​ធំ​ទាំង​ ៤ និង​តួ​ប៉ម​កណ្ដាល ​១​ ធំជាង​គេ ។ ប្រាសាទ​នេះ​មាន​ផ្លូវ​ឡើង​ពី​ទិស​ធំ ទាំង​ ៤​ ប៉ុន្តែ​សព្វ​ថ្ងៃ​មាន​តែ​​ផ្លូវ​ឡើង​ទិស​ខាង​កើត​ទេ​ដែល​អាច​ប្រើ​ប្រាស់​បាន​ ដោយ​ផ្លូវ​ឡើង​ដទៃ​ទៀត​​ខូច​​ខាត​គ្មាន​ការ​ជួសជុល និង​មាន​មីន​ទៀត​ផង ។ ជណ្ដើរ​ឡើង​ទិស​ខាង​កើត​មាន​ចំនួន​ប្រហែល​ជា ១៥០ កាំ ។

ការ​ធ្វើ​ដំណើរ

ផ្លូវ​ទៅ​ប្រាសាទ​​ភ្នំបាណន់​មាន​ចម្ងាយ​ ២៣​គ.ម​ ​ខាង​ត្បូង​ក្រុង​បាត់​ដំបង (សុំ​មិន​និយាយ​រយៈ​ពេល​ ស្រេច​លើ​អ្នក​បញ្ជា​យានយន្ត)។ ផ្លូវ​​ធ្វើ​ដំណើរ​​ជា​ផ្លូវ​ក្រាល​កៅស៊ូ​លំដាប់​ទី២ ហើយ​ងាយ​ស្រួល​ណឹង​ចំណាំ​ទៀត​គឺ យើង​ជិះ​ចុះ​មក​ខាង​ត្បូង​ស្រប​តាម​បណ្តោយ​ស្ទឹង​សង្កែ​តែ​ម្តង។ មុននឹង​ទៅ​ដល់ កុំ​ភ្លេច​ចូល​លេង​ចម្ការទំពាំងបាយ​ជូរ​ផង​ ដែល​ស្ថិត​ប្រហែល​ជា​ពាក់​កណ្តាល​ផ្លូវ​ធ្វើ​ដំណើរ​នេះ។ ចំពោះ​ខ្ញុំ​ ទៅ​លើក​ទី១​នេះ ខ្ញុំ​បាន​ជួល​ម៉ូតូ​ពី​ ហាង​កាហ្វេ​តុកែ (Gekco Cafe) តម្លៃ​​៨ដុល្លារ​សម្រាប់​រយៈ​ពេល​២៤​ម៉ោង​តែ​ម្តង (សាំង​ចាក់​ខ្លួន​ឯង)។

មតិ​​របស់​ខ្ញុំ​​ចំពោះ​មុខងារ​​របស់​ប្រាសាទ

នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ស្តាប់​ឮ​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ។ បុរស​ចំណាស់​ម្នាក់​ដែល​ជា​អ្នក​ថែ​រក្សា​ប្រាសាទ​បាន​ឆ្លើយ​​ប្រាប់​អ្នក​ដំណើរ​ នៅ​ពេល​ដែល​​គាត់​ត្រូវ​បាន​​គេ​សួរ​ពី​ឈ្មោះ​របស់​តួប៉ម​និមួយៗ ថា៖

ប្រាសាទ​នេះ​មាន​តួ​បម៉​៥​គឺ ឧទិ្ទស​ដល់​ព្រះ​ពុទ្ធ​ទាំង​៥​ព្រះអង្គ។

នេះ​គឺ​ ខុស​ទាំង​ស្រុង​ពី​អ្វី​ៗ​ដែល​ខ្ញុំ​បាន​រៀន​នៅ​សាលា។ ក្នុង​សៀវភៅ​បាន​សរសេរ​ថា​ ប្រាសាទ​ភាគ​ច្រើន​នៅ​សម័យ​អង្គរ (លើក​លែង​តែ​ប្រាសាទ​ក្នុង​រចនា​បទ​បាយ័នចេញ) សុទ្ធ​តែ​ត្រូវ​បាន​​កសាង​ឡើង​ដើម្បី​ឧទិ្ទស​ដល់​ទេវ​ក្នុង​ព្រហ្មញ្ញសាសនា។ តួប៉ម​ទាំង​៤​នោះ​តំណាង​ឲ្យ​ទ្វីប​លោក​ទាំង៤​ ដែល​ស្ថិត​នៅ​ជុំវិញ​ភ្នំ​មេរុ ឬភ្នំសុមេរុ​ដែល​ជា​លំនៅ​របស់​ទេវព្រហ្មញ្ញសាសនា ឯ​ស្រះទឹក​ ឬ​គូរទឹក​វិញ​តំណាង​ឲ្យ​មហាសមុទ្រ​ដែល​ព័ទ្ធ​ជុំវិញ​ទី្វបលោក​ទាំង​៤​ដែរ។

ខ្ញុំ​មិន​ហ៊ាន​អះអាង​ថា​ ពាក្យ​សម្តី​របស់​ខ្ញុំ​ត្រូវ​ ឬ​ពាក្យ​សម្តី​របស់​គាត់​ខុស​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ ប៉ុន្តែ​ខ្ញុំ​សុំ​ប្រកាន់​យក​មតិ​របស់​ខ្ញុំ​ជា​គោល។ លើស​ពី​នេះ​ទៅទៀត​​ ​ខ្ញុំ​​ក៏​មាន​សំអាង​ដោយ​ឃើញ​មាន​ទម្រ​សិវលឹង្គ ដែល​គេហៅ​ថា យោនីឬ ស្នានទ្រោណិ នៅរាយ​ពាសពេញ។

ម៉្យាង​វិញ​ទៀត​ដោយ​ សម័យ​ឥឡូវ​ខ្មែរ​បាន​បោះ​បង់​ចោល​ព្រហ្មញ្ញសាសនា​ចោល (មិនទាំងស្រុង) មក​គោរព​ពុទ្ធសាសនាហិនយាន ឬ ថេរវាទ​ (សម័យ​អង្គរ​គេ​គោរព​ពុទ្ធសាសនា​មហាយាន) វិញផង​នោះ វា​រឹត​តែ​ធ្វើ​ឲ្យ​ប្រជាជន​យើង​ដែល​មិន​បាន​ទៅ​​រៀនសូត្រ​ប្រកាន់​យក​មតិ​ គំនិត​ ត​គ្នា​ដូច​ខាង​លើ​ជា​គោល​មិន​ខាន។ មួយ​វិញ​ទៀត​ប្រាសាទ​ទាំង​នោះ តួយ៉ាង​តួប៉ម​កណ្តាល​របស់​ប្រាសាទ​ភ្នំបាណន់​ក៏​ត្រូវ​បាន​គេ​យក​ប្រើ​ជា​កន្លែង​តំកល់​ព្រះពុទ្ធបដិមាអស់ទៅហើយ​ដែរ។

មតិ​​របស់​ខ្ញុំ​​ចំពោះ​ឈ្មោះ​របស់​ប្រាសាទ

មីង​ម្នាក់​ដែល​ជា​អ្នក​នៅ​ទីនោះ​ បាន​ពោល​ប្រាប់​ខ្ញុំ​អំពី​ប្រវត្តិ​ឈ្មោះ​របស់​ភ្នំនេះថា៖

ឈ្មោះ​ប្រាសាទ​នេះគឺ មក​ពី​វា​ជា​កន្លែង​ដែល​ស្តេច​មក​បន់​
បាន​ជា​ជាប់​ឈ្មោះ​ជា​ប្រាសាទ​ភ្នំបាណន់ ។

ខ្ញុំ​គិត​ថា​នេះ​មិន​មែន​ជា​ឈ្មោះ​ដើម​របស់​ប្រាសាទ​ទេ ឯ​ឈ្មោះ​ដើម​ថា​យ៉ា​ង​ដូច​​ម្តេច​ ក៏​ខ្ញុំ​មិន​ដឹង​ដែរ។ តែ​ខ្ញុំ​គិត​ថា​ ឈ្មោះ​នេះ​ជា​ឈ្មោះ​ដែល​កើត​ឡើង​នៅ​សម័យ​ក្រោយៗ​ទេ។

សូម​មើល​រូប​ខាង​ក្រោម​ជា​កំសាន្ត​ចក្ខុ៖

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

***

សូមអានផងដែរ ៖ ៣ថ្ងៃ ២យប់ នៅបាត់ដំបង

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

6 Responses to ប្រាសាទ​ភ្នំបាណន់

  1. Lovepeehs05 និយាយថា៖

    បើតាមខ្ញុំបានមើលត្រួសៗ តាមរូបភាពប្រាសាទនិមួយៗ ដូចជាមិនមាន ប្រាសាទ ណាមួយតំណាងឱ្យពិតប្រាកដ ជារបស់សាសនា ព្រះពុទ្ធនោះទេ ដូចប្រាសាទបាយ័ន្តជាដើម ដែលស្តេចជ័យវរ្ម័នទី ៧ បានកសាង ហើយក៏មិនជឿ ថាប្រាសាទធ្វើឡើង ដើម្បីជាកន្លែងតំកល់សព របស់ស្តេចដែលជាអ្នក កសាង ប្រាសាទនោះដែរ ជាធម្មតាប្រាសាទ ដែលបានកសាងហើយ រមែងតែងតែដាក់ តម្កល់សពស្តេចអង្គនោះចឹងហើយ បើមិនដាក់ក្នុងប្រាសាទ តើឱ្យដាក់នៅ ទីណា? មិនខុសគ្នានឹងយកធាតុខ្មោចទៅដាក់ នៅទីវត្តអារាមនោះទេ ។ អ្នកសរសេរប្រវត្តិសាស្រ្ត ចូលចិត្តចុចដៅ ទៅតាមអ្វីដែលគេបានឃើញ និងជួប្បរទះនៅទីកន្លែងនោះ តៗគ្នា ខ្ញុំមិនទាន់យល់ស្របទាំងស្រុងទេ ។ គួរកត់សម្គាល់ថា សំណាកព្រះពុទ្ធ មានអ្វីខ្លះ? ព្រះពុទ្ធមិនគង់នៅក្នុងប្រាសាទ ទេ ឬមិនសំដៅយកទីកន្លែងស្តុកស្តម ជារបស់ព្រះអង្គឡើយ យើងឃើញមាន ព្រះពុទ្ធតែងគង់នៅ ក្រោមដើមពោធិ៍ និងក្រោមដើមរាំងជាដើម… ។ល។៚

    • តា ម៉ាប់ និយាយថា៖

      សូម​អរគុណ​បង​ចំពោះ​ការ​ផ្តល់​មតិ​។ តែ​ខ្ញុំ​នៅ​មិន​យល់​ត្រូវ​ឃ្លា​របស់​បង «ហើយក៏មិនជឿ ថាប្រាសាទធ្វើឡើង ដើម្បីជាកន្លែងតំកល់សព របស់ស្តេចដែលជាអ្នក កសាង ប្រាសាទនោះដែរ ជាធម្មតាប្រាសាទ ដែលបានកសាងហើយ រមែងតែងតែដាក់ តម្កល់សពស្តេចអង្គនោះចឹងហើយ បើមិនដាក់ក្នុងប្រាសាទ តើឱ្យដាក់នៅ ទីណា?»។

  2. Pingback: ៣​ថ្ងៃ ២យប់ នៅបាត់​ដំបង | ខ្ញុំចែករំលែក

  3. Lovepeehs05 និយាយថា៖

    ត្រង់នេះបានន័យថា ខ្ញុំមិនជឿងថា ប្រាសាទធ្វើសម្រាប់តែដាក់សព របស់ស្តេច នោះទេ តែធ្វើសម្រាប់បំរើផលប្រយោជន៍ទួទៅ ហើយក៏មិនជឿទាំងស្រុងថា ធ្វើប្រាសាទ សម្រាប់ថ្វាយស្តេចនេះ ស្តេចនោះ ឬអ្នកនេះអ្នកនោះដែរ ។ល។

  4. Pingback: ៣​ថ្ងៃ ២យប់ នៅបាត់​ដំបង | តាម៉ាប់ & យាយ​ម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s