លោក ឡុង បូរ៉េត (១៩៣៣ – ១៩៧៥)


ឡុង បូរ៉េត (កាលនៅជា រដ្ឋមន្ត្រីក្រសួង ការបរទេស)

ឡុង បួរ៉េត (០៣ មករា ១៩៣៣ ១៧ មេសា ១៩៧៥) គឺ​ជា​អ្នក​នយោបាយ​​ខ្មែរ​មួយ​រូប​ ដែល​បម្រើ​ការ​ជា​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កម្ពុជា ពី​ថ្ងៃទី ២៦ធ្នូ១៩៧៣ ដល់​ថ្ងៃ ១៧មេសា​១៩៧៥។ ត្រូវ​បាន​គេ​​គោរព​យ៉ាង​ខ្ពស់​ចំពោះ​ភាព​ស្មោះ​ត្រង់​របស់​គាត់ គាត់​បាន​ព្យាយាម​​ក្នុង​ការចរចារ​មិន​បាន​សម្រេច​មួយ​ជា​មួយ​ពួក​ខ្មែរ​ក្រហម ក្នុង​កំឡុង​ពេល​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។ ក្រោយ​មក​គាត់​ត្រូវ​បាន​​ខ្មែរ​ក្រហម​ចាប់​ខ្លួន និង​ប្រហារ​ជិវិត។

ជិវិត​ពេល​ដំបូង

ឡុង បូរ៉េតបាន​កើត​នៅឃុំ​​​ច្បារ​អំពៅ ស្រុក​កៀន​ស្វាយ​ ខេត្រ​កណ្តាលជា​កូន​របស់​លោកឡុង មាស និង​នាងនាង​ អៀង​ពុធគាត់​បាន​ចូល​រៀន​នៅ​វិទ្យាល័យ​ដ៏​មាន​កិត្យានុភាព​នៅ​ប្រទេស​កម្ពុជា គឺ​វិទ្យាល័យ​ស៊ីសុវត្ថិ​ពី​ឆ្នាំ​ ១៩៤៦ ដល់​ឆ្នាំ​ ១៩៥២ ហើយ​បាន​បន្តរ​ទៅ​រៀន​នៅប្រទេស​បារាំង​ពី​ឆ្នាំ​ ១៩៥៣ ដល់​ឆ្នាំ​ ១៩៥៥ក្រោយ​ពេល​ត្រឡប់​មក​វិញ ​គាត់​បាន​ចូល​បម្រើ​ការងារ​នៅ​រតនាគារជាតិ។

អាជិពនយោបាយ

នៅ​ឆ្នាំ​ ១៩៥៨ គាត់​បាន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ប្រចាំ​ខេត្រ​ស្ទឹង​ត្រែង ហើយ​ក៏​ជា​អ្នក​តំណាង​រាស្រ្ត​ក្មេង​ជាង​គេ​នៅ​ជំនាន់​នោះ​ដែរ។ គាត់​បាន​បម្រើ​ការងារ​មួយ​រយៈ​ខ្លី​នៅ​ឆ្នាំ​ ១៩៥៨​ ជា​ អនុ​រដ្ឋ​លេខាធិការ​ផ្នែក​សកម្មភាព​ពលកម្ម​និង​សង្គម ហើយ​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ត​សារ​ជា​ថ្មី​នៅ​ឆ្នាំ ១៩៦២។ នៅ​កំឡុង​ពេល​នោះ​ដែរ គាត់​ត្រូវ​បាន​គេ​ស្គាល់​ក្នុង​នាម​ជា​អ្នក​និពន្ធ​​សៀវភៅ​ប្រលោមលោក​ស្នេហា​មួយ​ចំនួន​ ដែល​ភាគ​​ច្រើន​បាន​ចេញ​ផ្សាយ​តាម​កាសែត។ គាត់​ត្រូវ​បាន​ផ្តល់​តំណែង​ជា​រដ្ឋលេខា​ធិការ​ក្រសួង​​សេដ្ឋកិច្ច​ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​វិញ​នៅ​ឆ្នាំ​ ១៩៦៣ ដោយ​សារ​តែ​គាត់​បាន​ប្រឆាំង​ជា​ចំហរ​ចំពោះ​ការសម្រេច​ព្រះទ័យ​ របស់​ព្រះ​ប្រមុខរដ្ឋ​ នរោត្តម​ សីហនុ ដែល​ចង់ធ្វើ​ជាតូបនីយកម្ម​លើ​ធានាគារ និង​ជំនូញ​បរទេស។ ​គាត់​នៅ​តែ​រក្សា​កៅ​អី​តំណាង​រាស្ត្រ​របស់​គាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ១៩៦៦។ គាត់​បាន​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​ពត៌មាន​ពី​ឆ្នាំ ១៩៧១ ដល់ ១៩៧២ និង​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​ពី​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ១៩៧៣

នាយក​រដ្ឋ​មន្ត្រី​នៃ​សាធារណរដ្ឋ​ខ្មែរ

នៅ​ថ្ងៃទី ០៩ធ្នូ១៩៧៣ គាត់​បាន​បន្ត​តំណែង​ពី​លោក អ៊ីន តាំ ​ជា​នាយករដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋខ្មែរ។ នៅ​ថ្ងៃ​ទី ០២មេសា​១៩៧៤ គាត់​បាន​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ទាំង​៤​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​មួយ​ដែល​រូម​មាន​ ប្រធានាធិបតី លន់ ណុល ទ្រង់​ស៊ីសុវត្ថិ សិរីមតៈ និង​ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស

នៅ​ថ្ងៃទី ០៨ មេសា ១៩៧៥ គាត់​បាន​ព្យាយាម​​​មិន​បាន​សម្រេច ក្នុង​ការចរចារ​ដើម្បីសន្តិភាព​ ​មួយ​ ជា​មួយ​តំណាង​​​ពួក​ខ្មែរ​ក្រហម នៅ​ក្រុង​បាងកក

ការ​ចាប់ខ្លួន និង​ការ​ប្រហារជិវិត

លោក​ ឡុង បូរ៉េត​ ​នៅ​តែ​ទៅ​ធ្វើ​ការ​ទាល់​តែ​ថ្ងៃ​ដែល​ខ្មែរ​ក្រហម​វាយ​បែក​ក្រុង​ភ្នំពេញ (១៧មេសា១៩៧៥)។ ឯកអគ្គ​រដ្ឋទូត​អាមេរិច ចន ហ្គាន់ធរ ឌៀន (John Gunther Dean) បាន​រំលឹក​ថា មិន​ដូច​មន្រ្តី​រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​ភៀសខ្លូន​ទៅ​អាមេរិច លោក ឡុង​ ប៉ូរេត​ សម្រេច​ចិត្ត​មិនទៅ​ បើ​ទោះ​ជា​ដឹង​​ថា​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មរណៈ​ដែល​ប្រកាស​ពី​ ក្រុង​ប៉េកាំង​ ដោយ​ទ្រង់នរោត្តម​ សីហនុ យ៉ាង​ណា​ក្តី។

«ឡុង បូរ៉េត​ បដិសេធ​មិន​ព្រម​​ឲ្យ​គេ​​ជម្លៀស​គាត់​​ចេញ​ឡើយ​។ គាត់​ជា​​មនុស្ស​ម្នាក់​ដែល​មាន​សមត្ថភាព មាន​ឥទ្ធិពល ហើយ​នៅ​ក្មេង​ជា​ លន់ ណុល ឬ​ទ្រង់​សិរីមតៈ​ ទៅទៀត។ ​ខ្ញុំ​​បាន​ទៅ​ជួប​គាត់​ដោយ​ផ្ទាល់​នៅ​ថ្ងៃ​ទី ១២​មេសា ​គឺ​នៅ​​​ព្រឹក​ព្រលឹម​ដែល​យើង​កំពុង​តែ​ជម្លៀស​ចេញ។ ខ្ញុំ​បាន​ប្រាប់​គាត់​ឲ្យ​នាំ​កូន​និង​ប្រពន្ធ​គាត់​ចេញពី​ ក្រុង​ភ្នំពេញ ក៏​ព្រោះ​តែ​ខ្ញុំ​បារម្ភ​នឹង​សុវត្ថិភាព​របស់​គាត់។ គាត់​បាន​អរគុណ​ខ្ញុំ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា គាត់​គិត​ថា​​នឹង​មាន​មិន​គ្រោះ​ថ្នាក់​អ្វី​ចំពោះ​រូប​គាត់​ទេ។

ឧត្តមសេនីយ៍ សាក់ ស៊ុតសាខាន់ បាន​រំលឹក​ថា «នៅ​ព្រឹក​ថ្ងៃ​ទី ១៧​មេសា ឡុង​ បូរ៉េត​ បាន​សម្រេច​ចិត្ត​នាំ​គ្រួសារ​របស់​គាត់​ចេញ​ពី ក្រុង​ភ្នំពេញ។ ទាំង​ឧត្តមសេនីយ៍ ស៊ុតសាខាន់  និង​អ្នក​កាសែត​ ចុន​ ស្វែន (Jon Swain) បាន​រាយ​ការណ៍​ថា គ្រួសារ​របស់​ ឡុង​ បូរ៉េត​ មិន​អាច​​ឡើង​ឧទ្ធម្ភាចក្រ​ជើង​​ចុង​ក្រោយ​ដែល​ចាកចេញ​ពី​ ក្រុង​ភ្នំពេញ​ ​បាន​នោះ​​ទេ។»

ឯកអគ្គរដ្ឋទូត ឌៀន បាន​អះអាងថា « ឡុង បូរ៉េត​ ព្យាយាម​ឡើង​​ឧទ្ធម្ភាចក្រ​​ជា​មួយ​ប្រពន្ធ​និង​កូន​គាត់ ប៉ុន្តែ​ពួក​យោធា​ខ្មែរ(?)​ បាន​បាញ់​ស្រោច​យ៉ាង​សាហាវ​មក​លើ​ឧទ្ធម្ភាចក្រ​។»

គាត់​ត្រូវ​បាន​គេ​ឃើញ​ជា​លើក​ចុង​ក្រោយ​ដោយ​ ចុន ស្វេន, ស៊ីដនី ស្សេនប៊ក (Sydney Schanberg) និង ឌិត ប្រន នៅ​ក្រៅ​ស្ថានទូត​បារាំង។ ចុន ស្វេន​ បាន​រាយការណ៍​ថា « ឡាន​ស៊ីត្រូន​ពណ៌​ខ្មៅ​មួយ​បាន​ឈប់ ហើយ​បន្ទាប់​មក​ លោក ឡុង​ បូរ៉េ​ត បាន​ចុះ​ពី​លើ​ឡាន​នោះ ភ្នែក​របស់​គាត់​​ហើម​ហើយ​ក្រហម ទឹកមុខ​គាត់​បង្ហាញ​ថា​គាត់​គ្មាន​អារម្មណ៍​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ។ នៅ​ពេល​ដែល​យើង​សួរ​គាត់​​​ថា​គាត់​យ៉ាង​ម៉េច​ហើយ​ គាត់​ខ្សឹប​មក​វិញ​ដែលទាំង​យើង​មិន​អាច​ស្តាប់​យល់។ គំនិត​គាត់​មិន​ដឹង​ជា​ហោះ​ហើរ​ដល់​ណា​នោះ​ទេ។ វង្វេង​ ហើយ​ដើរ​ឈ្ពាន់​ជើង​គ្នា គាត់​ចុះ​ចូល​ឲ្យ​ពួក​ខ្មែរ​ក្រហម​បញ្ចូល​គាត់​ឲ្យ​ដើរ​ជា​ជួរ​ជា​មួយ​អ្នក​ទោស​ជា​ច្រើន​ខ្មែរ។​ ខ្ញុំ​ពិត​ជា​កោត​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​គាត់​ណាស់។»

ស្សេនប៊ក​ បាន​ផ្តល់​ការពណ៌នា​យ៉ាង​ពិស្តារ​មួយ​ថា «ឡុង បូរ៉េត ជិះ​ក្នុង​ឡាន​ដែល​បើក​ដោយ​ប្រពន្ធ​របស់​គាត់… គាត់មើល​ទៅ​។ ភ្នែក​របស់​គាត់​ទាំង​២​ហើយ។ គាត់​សម្លឹង​មើល​ទៅ​ដី។ គាត់… ដឹង​ថា​អ្វី​ដែល​នៅ​រង់​ចាំ​គាត់។ ខ្ញុំគិត​ថា​ ខ្ញុំ​គួរ​តែ​ចាកចេញ​ប៉ុន្តែ​ខ្ញុំ​​មាន​អារម្មណ៍​ថា​ ខ្ញុំ​ត្រូវ​តែ​និយាយ​ជាមួយ​គាត់ ប្រន ក៏​យល់​ស្រប​ដែរ។ ខ្ញុំ​បានកាន់​ដៃ​គាត់​ ហើយ​ប្រាប់​គាត់​​ថា​ គាត់​ពិត​ជា​​ក្លាហាន​​ចំពោះ​ប្រទេស​ជាតិ​របស់​គាត់ ហើយ​ខ្ញុំ​ពិត​ជា​កើត​សរសើរ​គាត់​នៅ​ចំនុច​នេះ។  ប្រន ក៏​បាន​កាន់​ដៃ​គាត់​ដែរ… ឡុង បូរ៉េត​ ព្យាយាម​ឆ្លើយ​តប​ប៉ុន្តែ​មិន​អាច។ ចុង​ក្រោយ​គាត់​បាន​ខ្សឹប​មក​យើង​ថា​ «អរគុណ» បន្ទាប់​មក​យើង​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​គាត់។»

បន្តិច​ក្រោយ​មក កុយ ធួន មេ​បញ្ជារការ​រង​ទ័ព​ស្រួច​របស់​ខ្មែរ​ក្រហម បានរៀបចំ «គណកម្មការ​កំចាត់​ខ្មាំង» នៅ​សណ្ឋាគារ​មនោរម្យ។ ភារកិច្ច​តំបូង​របស់​ក្រុម​នេះ​គឺ​ ការ​ប្រហារ​ជិវិត​ជា​បន្ទាប់​នៃ លន់ ណុន និង​មេដឹកនាំ​កំពូល​ដទៃ​ទៀត​របស់​រដ្ឋាភិបាល។ ឡុង​ បូរ៉េត​ ត្រូវ​បាន​ប្រហារ​ជិវិត​នៅ​​ក្នុងបុរីកីឡា (​Cercle Sportif) នៅ ​ក្រុង​ភ្នំពេញ។ វិទ្យុ​​ខ្មែរ​ក្រហម​ បាន​រាយការណ៍​នៅ​ពេល​ក្រោយ​មក​ថា គាត់​ត្រូវ​បាន​ប្រហារ​ជិវិត​ដោយ​កាត់​ក្បាល ប៉ុន្តែ​របាយការណ៍​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា គាត់​ និង​ ទ្រង់​ស៊ីសុវត្ថិ សិរីមតៈ ត្រូវ​បាន​ប្រហារ​ជិវិត​ដោយ​ក្រុម​បាញ់​​​កាំភ្លើង។​

ការបរិច្ឆេត​សំខាន់ៗ

ថ្ងៃទី ០៩ ធ្នូ ១៩៧៣ ឡុង បូរ៉េត​ ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារណរដ្ឋ​ខ្មែរ ​រហូត​​ដល់​ថ្ងៃ​ទី ១៧ មេសា ១៩៧៥

ថ្ងៃទី ០១ មេសា ១៩៧៤ ក្រុម​ប្រឹក្សា​នយោបាយ​ជាន់​ខ្ពស់ ដែល​រំលាយ​មួយ​ថ្ងៃមុន​ត្រូវ​បាន​ជំនួស​ដោយ​ ក្រុមប្រឹក្សា​ប្រតិបត្តិ​មួយ​ ដែល​មាន​សមាជិក​៤​នាក់​គឺ លន់ ណុល ឡុង បូរ៉េត ទ្រង់​ស៊ីសុវត្ថិ សិរីមតៈ និង​ឧត្តមសេនីយ៍ សូស្ថេន ហ្វឺរណាន់ដេស (Sosthene Fernandez)។

ថ្ងៃទី ១៧ មិថុនា ១៩៧៤ ឡុង​ បូរ៉េត បាន​បង្កើតគណៈរដ្ឋ​មន្រ្តី​​ថ្មី​មួយ​​ក្រុម​ដែល​មាន​សមាជិក​១៦​នាក់។

ថ្ងៃទី ១១ មិនា ១៩៧៥ ប្រធានាធិបតី លន់ ណុល បាន​បញ្ជារ​ឲ្យ​ នាយករដ្ឋមន្រ្តី ឡុង​ បូរ៉េត​ បង្កើត​ក្រុម​គណៈរដ្ឋមន្រ្តី​​ថ្មី​មួយ​​ទៀត ហើយ​បាន​លុប​បំបាត់​តំណែង​ អគ្គមេបញ្ជារការ នៅ​ក្នុង​ជួរ​កងទ័ព។

ថ្ងៃទី ០៨ មេសា ១៩៧៥ នាយករដ្ឋមន្រ្តី ឡុង​ បូរ៉េត ព្យាយាម​​​មិន​បាន​សម្រេច​ក្នុង​ការចរចារ​ដើម្បីសន្តិភាព​ ​មួយ​ ជា​មួយ​តំណាង​​​ពួក​ខ្មែរ​ក្រហម នៅ​ក្រុង​បាងកក

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ and tagged , , , , . Bookmark the permalink.

3 Responses to លោក ឡុង បូរ៉េត (១៩៣៣ – ១៩៧៥)

  1. Pingback: ទិដ្ឋភាពដ៏ស្រងេះស្រងោច​ ​នៃពហុកីឡាដ្ឋាន​​អូឡាំពិកយើង… | ស្រុកស្រែ

  2. អត្ថបទល្អ… ខ្ញុំ​ធ្លាប់អាន​សៀវភៅ “រដ្ឋប្រហារ​លោកសេនាប្រមុខ លន់ នល់” និពន្ធ​ដោយ​លោក ឆាំង សុង អតីត​រដ្ឋមន្រ្តី​​ឃោសនាការ​ សម័យ​សាធារណរដ្ឋខ្មែរ ដែល​ក្នុង​សៀវភៅនោះ ​គាត់​បាន​រៀបរាប់​ហូរហែរ​ពី​ព្រឹត្តិការណ៍​ដ៏​ច្របូកច្របល់​នៅ​ថ្ងៃ ១៧មេសា ១៩៧៥…។ តែ​ដោយ​ឡែក រឿងរ៉ាវ​​ពិស្តារ​របស់​លោក​ ឡុងបូរ៉េត គឺ​មិន​បាន​ល្អិតល្អន់​ ដូច​អត្ថបទ​នេះ​ទេ។ អរគុណតាម៉ាប់…​​​

    • ខ្ញុំ​មាន​សៀវភៅ​មួយ​ចំនួន​ទាក់ទង​នឹង​រឿង​រ៉ាវ​សាធារណរដ្ឋ និង ខ្មែរ​ក្រហម តែ​មិន​ដែល​បាន​អាន​សោះៗមែន​តែ​ម្ដង​ខ្ញុំ ឲ្យ​តែ​មាន​លុយ​ទិញៗៗៗ រួច​ទុក​តាំង​ហេហេហេ ។ តាម​ពិត​រឿងរ៉ាវ​ប្រវត្តិលោក ឡុង បូរ៉េត នេះ ប្រភព​ខ្ញុំ​មិន​មាន​ប្រភព​អ្វី​កំបាំង​ទេ គឺ វីគីភីឌាអង់កាលេស ដែល​ខ្ញុំ​បក​ដោយ​ខ្លួន​ឯង ។ អរគុណ​ពូ​ដែល​តែង​តាម​ដាន ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s