លោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ហៅថា សករាជ ជាគ្រឿងចំណាំ ។
ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖
- ពុទ្ធសករាជ
- គ្រិស្តសករាជ
- មហាសករាជ
- ចុល្លសករាជ
អំពីសករាជទាំង ៤
ពុទ្ធសករាជ (ព.ស) – ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។
ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា បកសករាជ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ខែ គឺត្រូវរាប់ពីថ្ងៃ ១រោច ខែពិសាខ មកដល់ថ្ងៃ ១៥កើត ខែជេស្ឋ ជា ១ខែ ។ល។ ពីថ្ងៃ ១រោច ខែចេត្រ មកដល់ថ្ងៃ ១៥កើត ខែពិសាខ ជា ១ខែ (ពេញជា ១ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ។
គ្រិស្តសករាជ (គ.ស) – ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ យេស៊ូស គ្រិស្ត (Jesus Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ត (Christianity) ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិតមែនតែព្រះយេស៊ូស គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៦ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤៣ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។
មហាសករាជ (ម.ស) – ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ២ ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា កាល, សម័យយុគ …,” រាជ ប្រែថា ស្ដេច ។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀ។ ជាដំបូងកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ន្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក។
ចុល្លសករាជ (ច.ល)– ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា សករាជតូច។ ចុល្លសករាជ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស. ១.១៨១។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យអង្គរ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនឹងចុល្លសករាជជាផ្លូវការនៅឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យអង្គរ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ នឹងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្ដុតាង។
ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២.៣៩១ គ.ស. ១.៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស នឹងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ដកស្រង់ដោយសង្ខេបពី វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ
ចំនាំ៖ សករាជនេះគឺ ព.ស ២៥៥៥ គ.ស ២០១១ ម.ស ១៩៣៤ និង ច.ស ១៣៧៤។