បុណ្យ​ភ្ជុំ​បិណ្ឌ


ដោយ​សារ​​បុណ្យ​ភ្ជុំ​បិណ្ឌ​​​ចូល​មក​ដល់​​នៅ​​ថ្ងៃ​ស្អែក ថ្ងៃ​អង្គារ​ ​ទី១៣​​ ហើយ​នោះ​ ខ្ញុំ​ក៏​សុំ​ដក​ស្រង់​ឯកសារ​ពី​អំពី​បុណ្យ​ភ្ជុំ​បិណ្ឌ​ យក​មក​​ផ្សាយ​ជូន​អ្នក​ទាំង​អស់​គ្នា។

កាល​បរិច្ឆេទ

បុណ្យ​ភ្ជុំ​បិណ្ឌ​ជា​បុណ្យ​​ប្រពៃណី​ដែល​​ជនជាតិ​ខ្មែរ​គ្រប់​រូប​តែង​តែ​ប្រារព្ធ​​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​​មិន​ដែល​ខាន​ឡើយ។ តាម​ទំនៀម​ទំលាប់​ បុណ្យ​នេះ​មាន​រយៈ​ពេល​១៥​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ ០១​ រោជ​ ខែ​ភទ្របទ ដល់​ថ្ងៃ ១៥ រោជ​ ខែ​ដដែល។

ពី​ថ្ងៃ ០១ រោជ​ ដល់​ថ្ងៃ ១៤​ រោជ​ គឺ​ជាថ្ងៃ​ដាក់​បិណ្ឌកាន់​បិណ្ឌ (បិណ្ឌ​តូច) ឯ​ថ្ងៃ​ ១៥​ រោជ​ ជា​ថ្ងៃ​ភ្ជុំ​បិណ្ឌ (បិណ្ឌ​ធំ) ជាថ្ងៃ​ដែល​អ្នក​ស្រុក​គ្រប់​គ្នា​ ទាំង​ចាស់​ទាំង​ក្មេង​ ទៅ​ប្រជុំ​នៅ​ឯ​វត្ត​ដើម្បី​ឆ្លង​បុណ្យ។

គោល​បំណង

បុណ្យ​ភ្ជុំ​បិណ្ឌ​​មាន​គោល​បំណង​ ឧទ្ទិស​កុសល​ នឹង​ចំណី​អាហារ​ដល់​ខ្មោច​។

ពាក្យ​«បិណ្ឌ» មាន​ន័យ​ថា ដុំ​បាយ ឬ​ពំនូត​បាយ ដែល​គេ​ឧទិ្ទស​ដល់​ខ្មោច។ បាយ​បិណ្ឌ​គឺ​ថា ពំនូត​បាយ​ដំណើប​លាយ​ជា​មួយ​ខ្ទិស​ដូង​ និង​ជា​មួយ​គ្រឿង​ផ្សំ​ខ្លះ​ទៀត​ទៅ​តាម​ចំណូល​ចិត្ត​របស់​ស្រុក​និមួយៗ។ គេ​តែង​យក​បាយ​បិណ្ឌ​ដាក់​ក្នុង​ថាស​មួយ​​ដោយ​មាន​បាយ​បិទ​បូរ​ដក់​ចំ​កណ្តាល​ហើយ​ទូរ​ទៅ​វត្ត។

បាយ​បិទបូរ​ គឺ​ដូច​ជា​បាយ​បិណ្ឌ​ដែរ​​គ្រាន់​គេ​ពូត​អោយ​មាន​រាង​សាជី​ ហើយ​គ្រប​ស្លឹក​ចេក​ពី​លើ ហើយ​គេ​ចោះ​កំពូល​ស្លឹក​ចេក​សម្រាប់​ដោត​ធូប​ទៀន ឬ​ផ្កា។

​នៅ​ក្នុង​រោង​គេ​រៀប​ចំ​​តុប​តែង​ធ្វើ​ជា​ផ្កា​បិណ្ឌ​ដែល​មាន​រាង​មូល​ដូច​សាជី។ លើ​កំពូល​ផ្កា​បិណ្ឌ​ជា​ដង្វាយ​ចំពោះ​ព្រះ​ចូឡា​មណី។

ខ្លឹមសារ

ថ្ងៃ​១៤​រោជ​ មុន​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ គេ​ធ្វើ​នំនែក​ផ្សេងៗ​ ពិសេស​ នំគម និង​នំអន្សម ​ដើម្បី​ទៅ​ប្រគេន​លោក។ នៅ​យប់​ថ្ងៃ​ដដែល​នៅ​​ឯ​វត្ត​មាន​​ធ្វើ​ពិធី​បង្សកូល គោរព​ដល់​វិញ្ញាណ​ក័្ខន្ធ​អ្នក​ដែល​ស្លាប់​ទៅ​ ដោយ​មាន​ការ​សូត្រ​ធម៌​ទេសនា​ទាល់​ភ្លឺ។

ព្រឹក​ឡើង​ថ្ងៃ ១៥​រោជ​ ខែ​ភទ្រ​បទ​ ជា​ថ្ងៃ​សំខាន់​ជាង​គេ​ អ្នក​ស្រុក​អ្នក​ភូមិ​ទោះ​បី​នៅ​ឆ្ងាយ​​ដល់​​ទី​ណា​ក្តី​តែង​វិល​មក​ស្រុក​កំណើត​វិញ ដើម្បី​ទៅ​ប្រជុំ​គ្នា​នៅ​វត្ត​អារ៉ាម​រៀង​ៗ​ខ្លួន​ ដោយ​យក​បង្អែម​​ និង​ចំអាប​​ទៅ​ប្រគេន​លោក​ផង​ដែរ។

ក្រៅ​ពី​ពិធី​នៅ​វត្ត នៅ​មាន​ពិធី​សែន​ព្រេន​នៅ​តាម​គេហដ្ឋាន​តាម​គ្រួសារ​នៅ​ពេល​យប់​ថ្ងៃ​បង្ហើយ​នោះ​ផង។ នៅ​ពេល​នោះ​ គ្រួសារ​ទាំង​មូល​បាន​អុជ ​ទៀន ធូប ឧទ្ទិស​​​អញ្ជើញ​វិញ្ញាណ​ក្ខ័ន្ធ​ បុព្វ​បុរស​ ជីដូន ជីតា ៧​សណ្តាន​ ឲ្យ​មក​ទទូល​យក​ភោគ​ផល​ដែល​​ឧទ្ទិស​ទាំង​នោះ។

លុះ​ព្រឹក​ឡើង ​​ថ្ងៃ​១​កើត គេ​រៀប​ចំ​នំចំណី​ដាក់​ក្នុង​កូន​សំពៅ​ធ្វើ​ពី​ដើម​ចេក​បណ្តែត​ក្នុង​ទឹក​ ដើម្បី​ជូន​ដំណើរ​ដូន​តា​ទៅវិញ។

ហេតុ​ដូច​ម្តេច​បាន​ជា​គេ​និយម​ធ្វើ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​​រនោច​ខែ​ភទ្របទ?

តាម​ពុទ្ធ​សាសនា​ មនុស្ស​ស្លាប់​ទៅ​តែង​ទទួល​កម្ម​ផល​ទៅ​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​​ កាល​ដែល​ខ្លួន​នៅ​មាន​ជីវិត​ដូច​ៗ​គ្នា។ មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ច្រើន លុះ​ស្លាប់​ទៅ​តែង​ទៅ​កើត​ជា​ ប្រែត នៅ​ស្ថាននរក។

តាម​គម្ពីរ​ គេថា​ ប្រែត​ មាន​៤​ប្រភេទ​គឺ៖

  • ប្រែត​ ចិញ្ចឹម​ជីវិត​ដោយខ្ទុះ​ឈាម​​​
  • ប្រែត​ ​ដែល​ស្រែក​ឃ្លាន​ជា​និច្ច
  • ប្រែត​ ដែល​ត្រូវ​គេ​ដុត ឬ​ស្ងោរ​ក្នុង​ខ្ទះ​ភ្លើង​ជា​និច្ច
  • ប្រែត​ ដែល​ចិញ្ចឹម​ជីវិត​ដោយ​ ផល​ដែល​អ្នក​ដទៃ​ឧទ្ទិស​ឲ្យ

ប្រែត​ប្រភេទ​ទី៤​នេះ​ហើយ ដែល​ត្រូវ​ទទួល​​យក​ភោគ​ផល​ដែល​កូន​ចៅ​ឧទ្ទិស​ទៅ​អោយ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

គេ​និយម​ជ្រើស​រើស​​​យក​ថ្ងៃ​រនោច​ ខែ​ភទ្របទ ព្រោះ​ពេល​នោះ​ព្រះ​ច័ន្ទ​ពុំ​សូវ​មាន​ពន្លឺ​ ឬ​ពន្លឺ​កាន់​តែ​ងងឹត​​ទៅៗ​ពី​ថ្ងៃ១​ថ្ងៃ​ទៅ​១​ថ្ងៃ គឺ​ក្នុង​ឱ​កាស​នោះ​ហើយ​​ដែល​យម​រាជ​ដោះ​លែង​ពួក​ប្រែត​ទាំង​នោះ​ ឲ្យ​មក​ទទួល​ផល​ដែល​បង​ប្អូន​ឧទិ្ទស​ឲ្យ។

គេ​តែង​មាន​ជំនឿ​ថា​រយៈ​ពេល​១៥​ថ្ងៃ​នេះ បើ​ប្រែត​ដែរ​គ្រប់​៧​វត្ត​​ហើយ​មិន​ឃើញ​កូន​ចៅ​ទេ ពួក​ប្រែត​ទាំង​នោះ​នឹង​អត់​បាយ​ អត់​ទឹក​ រង​ទុក្ខ​វេទនា​ ហើយ​ពួក​នោះ​នឹង​ប្រទេច​ដាក់​បណ្តាសារ​ដល់​កូន​ចៅ​ឲ្យ​វិនាស​ហោន​ហោច​ទ្រព្យ​សម្បត្តិ​ព្រាត់​ប្រាស​គ្រួសារ​ជាក់​ជា​មិន​ខាន។

ដក​ស្រង់៖ វប្បធម៌​ អរិយធម៌​ខ្មែរ ទំព័រ​៩៣-៩៤
រៀប​រៀង​ដោយ​លោក ពន់ ឆាយ

ទោះ ជា​យ៉ាង​ណា​ កុំ​ភ្លេច​ពាក្យ​​លោកថា៖

ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s