កត្តញ្ញូតាធម៌


ថ្ងៃ​នេះ ផានី​បាន​ទទួល​សំបុត្រ​ពី​ឮឮឪពុក​គេ​ ដែល​កំពុង​បំពេញ​ភារកិច្ច​ឯ​កំពង់​សោម​នូវ​សំបុត្រ​មួយ​ច្បាប់ ឆ្លើយ​តប​នឹង​សំបុត្រ​របស់​គេ​ដែល​ផ្ញើ​ទៅ​គាត់​ថ្ងៃ​មុន ។ សេច​ក្តី​សំបុត្រ​មាន​ដូច​ត​ទៅ ៖

ផានី ! ឪពុក​សប្បាយ​ចិត្ត​ណាស់​ នឹង​សេចក្តី​សំបុត្រ​របស់​កូន ។ តែ​ឪពុក​​ចាប់​អារម្មណ៍​នឹង​សំដី​កូន​មួយ​ឃ្លា ដែល​កូន​ត្អូញ​ត្អែរ​ថា លោក​គ្រូ​របស់​កូន​មួម៉ៅ​ខ្លាំង​ពេក ។ កូន​អើយ ! កូន​នឹក​ឡើង​វិញ​មើល តើ​កូន​បាន​មួម៉ៅ​ប៉ុន្មាន​ដង​រួច​មក​ហើយ ? ហើយ​កូន​មួម៉ៅ​ជា​មួយ​នរណា ? មិន​គឺ​ជា​​មួយ​ឪពុក​ម្តាយ​កូន ​ជន​ដែល​កូន​ត្រូវ​តែ​គោរព​ទើប​សម ។

មាន​​ពេល​ខ្លះ​ លោក​គ្រូ​របស់​កូន​បាន​មួ​​ម៉ៅ​អញ្ចឹង​មែន​ ប៉ុន្តែ​ការ​​មួម៉ៅ​នេះ​មិន​មែន​មិន​មាន​ហេតុ​ផល​សោះ​នោះ​ទេកូន ។​ លោក​គ្រូ​របស់​កូន​បាន​នឿយ​លំបាក​នឹង​ក្មេងៗ យូរ​ឆ្នាំ​មក​ហើយ ។ ក្រៅ​ពិ​សិស្ស​ខ្លះ​ដែល​មាន​កត្តញ្ញូតាធម៌ និង​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​គាត់​ សិស្ស​ភាគ​ច្រើន​តែង​រមិល​គុណ​គាត់ ក្បត់​ចិត្ត​សប្បុរស​របស់​គាត់ ដោយ​ឥត​គិត​ដល់​ការ​នឿយ​ហត់​របស់​គាត់​ទេ ។ ក្មេង​អកត្ត​ញ្ញូ​ទាំង​នោះ ច្រើន​តែ​ធ្វើ​ឲ្យ​គាត់​ព្រួយ​ចិត្ត ។ ក្នុង​ឋានៈ​​គាត់​ជា​គ្រូ ទោះ​បី​មនុស្ស​ចិត្ត​ធ្ងន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​អត់​ទ្រាំ​បាន​ដែរ ។ កូន​មិន​ដឹង​ទេ​ថា ជួន​កាល​គាត់​មិន​ស្រួល​ខ្លួន គាត់​ខំ​ទៅ​ធ្វើ​ការ​ទាំង​ឈឺ​ទាំង​ជា ព្រោះ​គាត់​យល់​ថា មិន​ទាន់​ដល់​ពេល​ដែល​គួរ​ឈប់ ។ គាត់​មួម៉ៅ ពី​ព្រោះ​គាត់​ពិបាក​ក្នុង​ខ្លួន​ ហើយ​​គាត់​រឹត​តែ​ក្តៅ​ចិត្ត កាល​បើ​ឃើញ​សិស្ស​របស់​គាត់​ ឆ្លៀត​ឳកាស​នេះ​ដើម្បី​ប្រព្រឹត្ត​ផ្តេស​ផ្តាស ។ កូន​គិត​មើល​ទៅ​តើ​សិស្ស​​ទាំង​អស់​នោះ​ បាន​ធ្វើ​​អោយ​គាត់​ពិបាក​ចិត្ត​យ៉ាង​ណា ?

កូនអើយ ! ចូរ​​កូន​គោរព​ហើយ​ស្រលាញ់​លោក​គ្រូ​របស់​កូន ។ ចូរ​កូន​ស្រលាញ់​លោក​គ្រូ ពី​ព្រោះ​ឪពុក​បាន​ស្រលាញ់ហើយ​​គោរព​គាត់ ។ ចូរ​កូន​ស្រលាញ់​លោក​គ្រូ ពី​ព្រោះ​លោក​គ្រូ​បាន​បូជា​ជីវិត​ផ្តល់​សុភមង្គល​អោយ​កុមារា​ កុមារី​ យុវជន យុវនារី ជា​ច្រើន​នាក់​ដែល​តែង​តែ​ភ្លេច​រូប​គាត់ ។ កូន​ស្រលាញ់​លោក​គ្រូ​ ពី​ព្រោះ​លោក​គ្រូ​បាន​បណ្តុះ​ប្រជា្ញ​​និង​បាន​អប់​រំ​ចិត្ត​គំនិត​កូន ។

ថ្ងៃ​ក្រោយ ​កូន​នឹង​ធំ​ពេញវ័យ លោក​គ្រូ​​​ព្រម​ទាំង​ឪពុក​នឹង​ចាក​ឋាន​នេះ​ទៅ ។ ពេល​នោះ​ក្នុង​សារានីយារម្មណ៍​របស់​កូន កូននឹង​ឃើញ​លោក​គ្រូ និង​ឪពុក​នៅ​ក្បែរ​កូន​ជា​រឿយៗ ។ កូន​នឹង​ស្រមៃ​ឃើញ​​ទឹក​មុខ​នឿយ​ព្រួយ​របស់​លោក​គ្រូ ជា​ហេតុ​បណ្តាល​ឲ្យ​កូន​ស្រយុត​ចិត្ត​ជា​មិន​ខាន ទោះ​បី​សាម​សែ​សិប​ឆ្នាំ កន្លង​ទៅ​ហើយ​ក៏​ដោយ ។ ឱកាស​នោះ កូន​ប្រាកដ​ជា​មាន​វិប្បដិសារី ព្រមទាំង​សេចក្តី​អៀន​ខ្មាស​មិន​លែង​ឡើយ ពី​ព្រោះ​កូន​ពុំ​បាន​ស្រលាញ់​គាត់​ ហើយ​ថែម​ទាំង​ប្រព្រឹត្ត​ខុស​ចំពោះ​គាត់​ទៀត ។

កូន​អើយ ! ចូរ​កូន​ស្រលាញ់​លោក​គ្រូ ពីព្រោះ​គាត់​ជា​សមាជិក​នៃគ្រួសារ​អប់​រំ ដ៏​ធំ​មួយ​ដែល​រាយ​ពាស​ពេញ​ពិភពលោក ។ មហា​គ្រួសារ​នេះ បាន​អប់រំ​ជំទង់​ស្រការ​កូន​រាប់​លាន​នាក់ ។ បើ​កូន​ស្រលាញ់​ឪពុក​ម្តាយ ហើយ​បែរ​ជា​រមិល​គុណ​ចំពោះ​ឧបការី​ទាំង​ឡាយ​ដែល​មាន​លោក​គ្រូ​ជា​ពិសេស​នេះឪពុក​មិន​សប្បាយ​ចិត្ត​នឹង​កូន​ឡើយ ។

ចូរ​កូន​ស្រលាញ់​លោក​គ្រូ​ដូ​ច​ស្រលាញ់​ឪពុក ។ ចូរ​កូន​ស្រលាញ់​លោក​គ្រូ​ពេល​គាត់​សរសើរ​លើក​ទឹក​ចិត្ត​កូន ក៏​ដូច​ជា​ពេល​គាត់​ស្តី​បន្ទោស​កូន ។ ចូរ​កូន​ស្រលាញ់​លោក​គ្រូ​ពេល​គាត់​មាន​យុត្តិធម៌​​ក៏​ដូច​ជា​ពេល​កូន​យល់​ថា​គាត់​លំអៀង ។ ចូរ​កូន​ស្រលាញ់​លោក​គ្រូ​​ពេល​គាត់​សប្បាយ​រីករាយ ហើយ​ចូរ​កូន​ស្រលាញ់​គាត់​អោយ​លើស​ពីនេះ​ពេល​គាត់​មាន​ទុក្ខ ។ គប្បី​កូន​អាន​ពាក្យ គ្រូ ដោយ​សេចក្តី​គោរព ពីព្រោះ​បន្ទាប់​ពី​ពាក្យ​ ឪពុក មាន​តែ​ពាក្យ គ្រូ នេះ​ហើយ​ ដែល​ថ្លៃ​ថ្នូរ ហើយ​ពិរោះ​លើស​អ្វីទាំង​អស់​ ដែល​មនុស្ស​ម្នាក់​អាច​ជូន​ទៅ​មនុស្ស​ទៀត​បាន ។

ពីឪពុក​របស់​កូន

ដកស្រង់​ទាំង​ស្រុង៖ កំរង​អត្ថបទ​អក្សរ​សិល្ប៍ ថ្នាក់ទី​ ៥ ទំព័រ ៦៦-៦៨
(ក្រសួង​អប់រំ​ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ១៩៨២)

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សំណេរ and tagged , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s