ព្រះស្រីសុរិយោពណ៌ (១៥៥? – ១៦២?)


ព្រះស្រីសុរិយោពណ៌ ​​ ជាព្រះ​មហាក្សត្រ​ខ្មែរ​មួយ​​អង្គ​ដែល​នាំ​​សន្តិភាព​មក​ប្រទេស​កម្ពុជា​វិញ​ក្រោយ​ការបែក​បាក់​បន្ទាយ​លង្វែក​ ដែល​ជា​បន្ទាយ​ដ៏​រឹង​មាំ​​​​ចុង​ក្រោយ​បំផុត​របស់​ខ្មែរ ។​

យើង​អាច​ចែក​ដំណាក់​កាល​នៃ​ជីវិត​របស់​ទ្រង់​ជា​ ៤ គឺ៖

  • ​កាល​ជា​​រាជ​កុមារ
  • កាល​​ជា​មហា​​ឧបរាជ និង​ជា​ឧភយោរាជ
  • កាល​​ជា​ឈ្លើយសឹក
  • កាល​​ជា​ព្រះ​មហាក្សត្រ

១. កាលជារាជ​កុមារ

ព្រះ​ស្រី​សុរិយោពណ៌ ទ្រង់​ប្រសូត​នៅ​ចន្លោះ​ឆ្នាំ ១៥៥៤- ១៥៥៧ [ជា​ទូទៅ​ឆ្នាំ​កំណើត​របស់​ស្តេច​ខ្មែរ​កម្រ​នឹង​ត្រូវ​បាន​គេ​លើក​ឡើង​មក​ណាស់ នេះ​ខ្ញុំ​គណនា​ដោយ​យក​ឆ្នាំ​ឡើង​គ្រងរាជ្យ​ជា​គោល ព្រោះ​តាម​ឯកសារ ដែល​ខ្ញុំ​យក​មក​ពិគ្រោះ​បាន​សរសេរ​​ដោយ​ស្រប​គ្នា​ថា ទ្រង់​ឡើង​គ្រង​រាជ្យ​​នៅ​ព្រះជន្ម​ ៤៦​ព្រះវស្សា ខុស​តែ​ឆ្នាំ​ឡើង​គ្រង​រាជ្យ​គឺ ឆ្នាំ ១៦០០ (1) និង ១៦០៣ (2a & 3) ឯ​ (3) សរសេរ​ថា​ទ្រង់​ប្រសូត​នៅ​ឆ្នាំ ១៥៥៦ វិញ]

ព្រះ​បិតា​ព្រះ​នាម បរម​ឥន្ទរាជាទី ១ (1) ឬ​ បរមិន្ទរាជា (2b) ឬ បរមរាជាទី ៤ (3) ឯ​ព្រះ​មាតា​ព្រះ​នាម​ ព្រះម្នាង​កេសរ​មាលា (3)។ ទ្រង់​ជា​ព្រះ​រាជបុត្រ​ទី ២​ ដែល​ព្រះ​រាជ​បុត្រ​ទី គឺ​ព្រះ​សត្ថា ហើយ​មានព្រះអនុជ​ ២​អង្គ​ទៀត​​គឺ ពញានូ (4) និង ពញាអន (3) ។

២. កាល​ជាមហាឧបរាជ និង​ជា​ឧភយោរាជ

ត​មក​នៅគ.ស ១៥៧៦ (2b & 3) [(1) ថា​ឆ្នាំ ១៥៦៧ ឃើញ​ថា​ខុស​គ្នា ១០ឆ្នាំ​] ព្រះបរមរាជាទី ៤  ទ្រង់​សោយទីវង្គត​ទៅ ។ ព្រះរាជបុត្រ​ច្បង ទ្រង់​ឡើង​សោយរាជ្យបន្ត ។ អ្នក​ប្រវត្តិនិយម​ហៅ​ព្រះអង្គ​ថា ព្រះ​សត្ថាទី ១បរមរាជា ទី ៥ ។ ឯ​ព្រះ​ស្រីសុរិយោពណ៌ ​វិញ ទ្រង់​ឡើង​ជាមហាឧបរាជ ។

នៅកំឡុង​ឆ្នាំ ១៥៨០ (2b & 3) [(1) ១៥៦៧ ​កាលបរិច្ឆេត​ត​ពីនេះ​ទៅ​ក៏​​ថយ​ក្រោយ​ ១០​ឆ្នាំ​ដែរ​] ព្រះសត្ថា បញ្ជា​ឲ្យព្រះ​មហាឧបរាជ ​នាំ​ទ័ព​ខ្មែរ​ទៅ​ជួយ​ទ័ព​សៀម​ដែល​កំពុង​ច្បាំង​គ្នា​នឹង​ទ័ព​ប៉ាហ្គាន (ភូមា) តាម​សន្ធិសញ្ញា​មេត្រីភាព​ដែល​ចង​នឹង​គ្នា​ពីមុន​មក (កាល​ផែនដីព្រះបិតា)។

គ្រា​ដែល​ច្បាំងឈ្នះ​ហើយ ស្តេចសៀម នរេសួន  (1 & 3) [(2) នរេន្ទ្រសូរ ]ទត​ឃើញ​ព្រះមហាឧបរាជ​មិន​លុត​ជង្គង់​ថ្វាយ​បង្គំ​ដូច​អ្នក​ដទៃ ក៏​ខឹង​ហើយ​បញ្ជា​ឲ្យកាត់​ក្បាល​ឈ្លើយ​សឹក​យក​ទៅ​ដាក់​នឹង​មុខ​ព្រះទី​នាំង​ព្រះ​មហាឧបរាជ ។ ព្រះ​មហាឧបរាជ​ ទ្រង់​ពិរោធ​ណាស់​ក៏​លើក​ទ័ព​មក​វិញ ​ហើយទូល​ពិត​ព្រះ​ជេដ្ឋា​តាម​ដំណើរ​រឿង​ ឲ្យ​សុំ​ផ្តាច់​មេត្រី​ពី​ស្តេច​សៀម ។

លុះ​ឆ្នាំ ១៥៨៦ (3) ស្តេច​សៀម​ក៏​លើក​ទ័ព​មក​វាយ​ខ្មែរ​វិញ​ ដោយ​យក​លេស​ថា​ខ្មែរ​វាយ​ខ្លួន​កាល​ពី​ឆ្នាំ ១៥៨២ (3) ។ ទ័ព​សៀម​ជាន់​នោះ​ខ្លាំង​ណាស់​ វាយ​ទ័ព​ខ្មែរ​ឈ្នះ​គ្រប់​សមរភូមិ​ ហើយ​រុល​ទ័ព​មក​ដល់​បន្ទាយ​លង្វែក ។ ព្រះមហាឧបរាជ ទ្រង់​​ក៏​កៀរ​ស្បៀង​​ និង​​រាស្ត្រ​គ្រួរ​ចូល​បន្ទាយ​លង្វែក ហើយ​បិទទ្វារ​​បន្ទាយ​ច្បាំង​តតាំង​នឹង​ទ័ព​សៀម​ពី​ក្នុង​បន្ទាយ​មក​វិញ ។ សៀម​ឡោមព័ទ្ធ​អស់​រយៈ​ពេល​ ខែ​តែ​មិនអាច​យក​បន្ទាយ​លង្វែក​បាន ហើយ​ដោយ​កើត​ជំងឺ​ឆ្លង​រាតត្បាត​​ផង​នោះ ក៏ចាប់​ផ្តើម​ទន់​​ដៃ ទ័ព​ខ្មែរ​​ក្នុង​បន្ទាយ​ និង​ទ័ព​ជំនួយ​មក​ពី​តាម​ខេត្រ​ផង​នោះ ក៏​នាំគ្នា​វាយ​ទ័ព​សៀម​ឲ្យ​រត់​ទៅ​ស្រុក​អស់​វិញ​ទៅ ។

ក្រោយទ័ព​សៀម​ថយ​ទៅ​អស់​ទៅ​ ព្រះសត្ថា  ក៏​ដាក់​រាជ្យ ឲ្យ​ព្រះ​បុត្រ​ខ្លួន​ព្រះនាម​ ព្រះជ័យជេដ្ឋា (2b & 3) ឯ​ខ្លួន​នៅ​ជា​ព្រះរាជានុសិទ្ធ ឯរាជបុត្រទី ២​ ក៏​ឡើង​ជា​ព្រះ​មហា​ឧបរាជ។ ឯ​ព្រះស្រីសុរិយោពណ៌ ក៏ឡើង​ជា​ឧភយោរាជ​ ។ ទង្វើ​នេះ​ធ្វើ​ឲ្យ ​មន្រ្តីរាជការ មេទ័ព ពល​សេនាទាហាន រាស្ត្រ​បុ្រស​ស្រី​ ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ។

លុះ​ក្រោយ​មក​នៅ​ឆ្នាំ ១៥៩៣ (1 & 3) ស្តេច​សៀម​ក៏​នាំ​ទ័ព​មក​វាយ​ស្រុក​ខ្មែរ​ម្តង​ទៀត ។ ម្តង​នេះ​ ទ័ព​សៀម​ក៏​វាយ​បាន​បន្ទាយ​លង្វែក​​ ហើយ​យក​​ ព្រះស្រីសុរិយោពណ៌ និង​ព្រះ​រាជ​បុត្រ​ព្រះនាម ព្រះជ័យ​ជេស្តា ព្រះជន្ម ១៥វស្សា និង ព្រះឧទ័យ ព្រះជន្ម ​វស្សា ​ទៅ​ស្រុក​សៀម​បាត់ទៅ ។

កាល​កំពុង​វាយ​ស្រុក​ខ្មែរ ស្តេច​សៀម​ នរេសួន​ ទ្រង់​ត្រាស់​នឹង​មន្ត្រី​ថា «[…] ថា​បើ​ពិនិត្យ​មើល​ទៅ​តម្រិះប្រាជ្ញា ព្រះស្រីសុរិយោពណ៌​ នោះ ក៏ប្រហែល​​ដូច ​ព្រះចន្ទរាជ​ ជា​ព្រះអយ្យកោ​ដែរ ។ យើង​ទាំង​អស់​គ្នា​នឹង​មិនដល់​ចៅ​ពញា​ ស្រីសុរិយោពណ៌ ។ ប្រសិន​បើ​ជា​តាំង​ពី​ដើម​រៀង​មក​ពញា​ ស្រីសុរិយោពណ៌ នេះ​សំរេចរាជការ​​ផែនដី​វិញ​នោះយើង​មិនអាច​ចូល​ដល់​ទីនេះ​បាន​ទេ […]» (2b)

៣. កាល​​ជា​ឈ្លើយសឹក

ក្រោយ​ពេល​វាយ​បន្ទាយ​លង្វែក​បែក​ហើយ​ ស្តេច​សៀមពុំ​បាន​ដាក់​ក្តី​ទេ ហើយ​​ក៏​ត្រាស់​នឹង​ ស្រីសុរិយោពណ៌ ថា «[…] អ្នក​បង​ ព្រម​ទាំង​ក្មួយ​ទាំង​ ព្រម​ទៅ​ក្រុង​ទេពបុរី ជា​មួយ​នឹង​យើង យើង​នឹង​ថ្វាយ​ឲ្យរួច​ទោស​ព្រោះ​អ្នក​បង​ និង​យើង​ឥត​មាន​ទោស​ពៃរ៍​អ្វី​នឹង​គ្នា​ទេ ។ បើ​ព្រម​ទៅ ថ្ងៃ​ក្រោយ​យើង​នឹង​គិត​ជួយ​យក​រាជសម្បតិ្ត​ថ្វាយ​អ្នក​បង ឬ​បុត្រ​អ្នក​បង។ […]» (2b)

ឯ​ ស្រីសុរិយោពណ៌ ក៏​តប​ថា «[…] យើង​ជា​ឈ្លើយ​របស់​ព្រះអង្គ​ហើយ ចង់​សំលាប់​ឬ​ទុក​​ឲ្យ​រស់​ក៏​តាម​តែ​សព្វ​ព្រះទ័យ​ព្រះ​អង្គចុះ ។ យើង​​មិន​ត្រេក​អរ​និង​រាជសម្បត្តិ​ស្រុក​ខ្មែរ​នេះ​ទេ ព្រោះ​ជា​រាជសម្បត្តិ​របស់​ស្តេច​ខ្មែរ ។ ខ្លួន​យើង​ជា​មនុស្ស​គ្មាន​បុណ្យ គ្មាន​វាសនា​ នឹង​ត្រូវ​បាន​រាជ​សម្បត្តិ​នេះ​ទេ ។ ព្រះអង្គ​ឲ្យ​យើង​ជែង​រាជសម្បត្តិ​របស់​ក្មួយ​យើង​នោះ យើង​មិន​ប្រាថ្នា​ធ្វើ​យ៉ាង​នោះ​ឡើយ ។ […]» (2b)

ស្តេច​សៀម​ស្ងើច​ហើយ​គិត​ថា «ព្រះអង្គ​ឧភយោរាជ​នេះ​ មាន​ព្រះសត្យ​សុចរិត​ណាស់ ទាំង​តម្រិះ​​ប្រាជ្ញា​សោត​ ក៏​មាំ​មួន​ដែរ ។» (2b)

ព្រះអង្គ​និង​ព្រះ​រាជ​បុត្រ​គង់​នៅ​ជា​សុខ​នៅ​ស្រុក​សៀម​ត​រៀង​មក ដរាប​ដល់​ឆ្នាំ ១៦០០ (1) ឬ ១៦០៣ (2a & 3) ទើប​ទ្រង់​យាង​ចូល​ស្រុក​ ដើម្បី​មក​គ្រង​រាជ្យ​​​​តាម​ការ​ស្នើ​សុំ​របស់​ព្រះអយ្យកោរ​ សម្តេច​ព្រះ​ទេវីក្សត្រី  (3) [(1 & 2a) ថា​ជា​ព្រះមាតុច្ឆា] និង​មន្ត្រី​ដទៃ ព្រោះ​ស្តេច​ដែល​សោយ​រាជ្យ​មុន​ៗ សុទ្ធ​សឹង​ជា​ស្តេច​ពាល ។

៤. កាល​​ជា​ព្រះ​មហាក្សត្រ

កាល​ដែល​ទ្រង់​មក​ដល់​ស្រុក​ខ្មែរ​ហើយ ក៏​ទ្រង់​យាង​ទៅ​គង់​នៅ​កោះ​ស្លាកែត ទល់​មុខ​នឹង​ជ្រោយ​អំពិល​សព្វ​ថ្ងៃ (រាជ​វាំង​មាន​ច្រើន​កន្លែង​ដូចជា​នៅ ល្វាឯម និង អរិយក្សត្រ) ។ កាល​នោះ​​ស្រុក​ខ្មែរ​មិនទាន់​បានរាប​ទាប​មាន​សន្តិភាព​នៅ​ឡើយ​ទេ ទ្រង់​ក៏​បញ្ជា​ឲ្យ​ចៅ​ពញា​តេជោ​ប៉ាអង្គ (2a) [​(1) ហៅ​តេជោព្រះអង្គ (3)តេជោមាស​] នាំ​ទ័ព​ទៅ​បង្ក្រាប​អស់​ទៅ ។

សម្តេច​ព្រះកែវហ្វា​ ពញាញោម  (2a & 3) [(1) ហៅពញា​យោម​វិញ] ដែល​ធ្លាប់​ពី​អំណាច (កែវ​ហ្វា​ = រាជានុសិទ្ធ, ពញាញោម​នេះ​ ជា​​ព្រះ​រាជា​នុសិទ្ធ​មុន​ព្រះស្រី​សុរិយោពណ៌​ ទ្រង់​យាង​មក​ពី​ស្រុក​សៀម​វិញ)  ក៏​បាន​ប្រមូល​ស្ម័គ្រ​បក្ស​ពួក​បំណង​មក​លុក​ព្រះ​រាជា​យក​រាជបល្ល័ង្ក​ តែ​ត្រូវ​បាន​​​តេជោមាស បង្រ្កាប​បាន​ ហើយ​ព្រះ​រាជា​ក៏​ឲ្យ​គេ​យក​ទៅ​​ប្រហារ​ជីវិត​ចោល​ ដោយ​ខ្លឹម​ចន្ទន៍ រួច​​យក​ទៅ​ប្លែង​ទឹក​ចោល​ទៅ (2a) [តាម​ (1) ថា​ហេតុ​ការណ៍​កើត​នៅ​ឆ្នាំ ១៦១១ ឯ​ (2a) ថា​ក្រោយ​ពី​ទ្រង់​យក​មក​ដល់​ស្រុក​ខ្មែរ​វិញ​បន្តិច]។

នៅ​​ឆ្នាំ ១៦១៣ (1 & 3) ព្រះ​ស្រីស្រុរិយោពណ៌​  ទ្រង់​ទទួល​ព្រះរាជាពិសេក​ ហើយទទួល​ព្រះ​នាម​ថា ព្រះ​បាទ​សម្តេច​ព្រះ​បរម​រាជា​ធិរាជ​រាមធិបតី​ព្រះស្រីសុរិយោពណ៌ (1) [(3) ថា​ទ្រង់ទទួល​ប្រាប្តាភិសេក ហើយ​ទទួល​ព្រះ​នាម​ថា សម្តេចព្រះ​រាជឳង្ការ​ព្រះ​ស្រី​សុរិយោពណ៌​បរមរាជា​] ។

ឯ (2a) វិញ​សរសេរ​ថា «​ទ្រង់​ឡើង​សោយ​រាជ្យ​ប្រាប្តាពិសេក ទ្រង់​ព្រះនាមព្រះបាទសម្តេច​រាជ​ឳង្ការ​ព្រះ​ស្រីសុរិយោពណ៌បរមរាជា រាមាធិបតី ព្រះស្រីសុរិយោពណ៌​ ធម្មិករាជាធិរាជ បរមចក្រពត្រា មហា​ធីបិតន្ទនរិន្ទ​រតនាកាស ឳភាស​ជាតិ​មហ្សិរ វរអគ្គ​មហា​បុរស​រដ្ឋ​ វិវឌ្ឈនា​តិរេក ឯករាជជា​មហា​មេធង្កូល កំពូល​ក្រុង​កម្ពុជា​ធិបតី​ មហាបុរីរដ្ឋ សណ្ឋិតជាមកុដ​ភូមិ​ន្ទ ឥន្ទ​បត្ត​កុរុ​រដ្ឋ រាជ​មន្ទីរ​សិលា មហា​ស្ថាន​បរម​នាថ បរម​ពិត្រ​ជា​អម្ចាស់​ជីវិត​លើ​ត្បូង នៅ​ឆ្នាំ​​​មួយ​ឆ្នាំ​ក្រោយ​ដែល​ទ្រង់​យាង​មក​ពី​ស្រុក​សៀម​វិញ ។»

ប្រទេស​ជាតិ​ក៏​បាន​សុខ​រៀង​មក​ ដល់​ឆ្នាំ​ ១៦១៨ (1 & 3) [(2a) ថា​ឆ្នាំ ១៦២៨] ដោយ​ទ្រង់​មាន​ព្រះ​ជន្ម​កាន់​តែ​ច្រើន​វស្សា​ផង ទ្រង់​ក៏​ផ្ទេរ​រាជ​សម្បត្តិ​ទៅ​ ព្រះ​ជ័យ​ជេស្តា​ ជា​រាជ​បុត្រ​ច្បង​ឡើង​​សោយ​រាជ្យ​បន្ត ។

មួយ​ឆ្នាំ​ក្រោយ​មក​ទ្រង់​ក៏​សោយ​ទីវង្គត​ទៅ ។ ព្រះ​ជ័យ​ជេស្តា​  និង ព្រះឧទ័យ  ទ្រង់​ក៏​រៀប​ចំ​បូជា​ព្រះ​សព​ព្រះវររាជបិតា ហើយ​យក​ព្រះ​អដ្ឋិធាតុ​ទៅ​បញ្ចុះ​នៅ​ចេតិយ​មួយ​នៅ​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ (1) ។

នៅ​ក្នុង​ផែន​ដី​ព្រះ​​អង្គ​មាន​ ព្រឹត្តិការណ៍​នយោបាយ​ ២​ គួរ​ឲ្យ​កត់​សម្គាល់​គឺ ៖

  • ទ្រង់​ទទួល​យក​ឥទ្ធិពល​ពី​សៀម​យ៉ាង​ច្រើន (យើង​អាច​ឃើញ​មាន​នៅ​ព្រះ​រាជា​ក្រោយ​ៗ​ទៀត) ។
  • ការ​ចង​មេត្រី​ភាព​ជា​មួយ​អណ្ណាម​ ដោយ​ដណ្តឹង​យក​បុត្រីស្តេច​អណ្ណាម នាម​ព្រះនាង​ អង្គ​ចូវ  មក​​ឲ្យ​ជា​មហេ​សី ព្រះ​ជ័យ​ជេស្តា (ជ័យ​ជេដ្ឋាទី ២) ។

ឯកសារ​យោង៖

(1) ប្រវត្តិសាស្ត្រប្រទេសកម្ពុជា អាដេម៉ារ ឡឺក្លែរ
(2) a. ឯកសារមហាបុរស​ខ្មែរ​ភាគ ៤
​​​​​​​​​​​​​​       b. ឯកសារមហាបុរស​ខ្មែរ​ភាគ ៣
(3) ប្រវត្តិសាស្ត្រ​ខ្មែរ​ ត្រឹងងារ
(4) តាម៉ាប់និងយាយម៉ាប់ ព្រះរាមថ្មគោល

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, សមរភូមិ​នៅ​កម្ពុជា​សម័យ​កណ្តាល, អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , . Bookmark the permalink.

3 Responses to ព្រះស្រីសុរិយោពណ៌ (១៥៥? – ១៦២?)

  1. Pingback: ចារឹក​លើ​​ព្រះ​ចេតិយ​ព្រះ​ស្រីសុរិយោពណ៌ | តាម៉ាប់ & យាយ​ម៉ាប់

  2. អាច​សន្និដ្ឋាន​បាន​ថា​ជា​កា​ចាប់​ផ្តើម​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​ហើយ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s