លោក​ អៀវ កើស (១៩០៥ – ១៩៥០)


លោក អៀវ កើស កើត​នៅ​ឆ្នាំ ១៩០៥ នៅ​ឃុំ​សង្កែ ខែត្រ​បាត់ដំបង ជា​កូន​តែ​មួយ របស់​លោក អៀង ហេង និង អ្នកស្រី ទឹក ។

លោក​បាន​រៀន​នៅ​វត្ត​កណ្ដាល និង សាលា​បឋម​សិក្សា​ខែត្រ​បាត់ដំបង នៅ​អនុ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​​ក្រុងភ្នំពេញ និង សាលា​ពាណិជ្ជកម្ម​ក្រុង​ហាណូយ រហូត​ដល់​បាន​ប្រឡង​ជាប់​លេខ​ ១ ក្នុង​ឆ្នាំ ១៩២៧ ។ មុន​នឹង​លោក​បាន​ផ្ដើម​ប្រកប​អាជីវកម្ម​ជា​សហគ្រិន​ស្ថាបនា​នៅ​ស្រុក​មេមត់​ទៅ​ទល់​នឹង​ឆ្នាំ ១៩៣២។

នៅ​តុលាការ​ខែត្រ​កំពង់ចាម ក្នុង​ឆ្នាំ ១៩២៨ លោក​បាន​ប្ដឹង​ឈ្នះ​ក្ដី​លើ​ចាងហ្វាង​ចម្ការ​កៅស៊ូ ចាឡាង សញ្ជាតិ​បារាំ​ង ដែល​មាន​បាន​ប្រើ​អំណាច​ប្រមាថ​រូប​លោក។ នៅ​ឆ្នាំ ១៩២៩ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​អ្នកគ្រូ គិម ស៊ិរី ហៅ ពេញ។ លោក​មាន​កូន​ប្រុស​ពីរ​នាក់។

ទោះ​បី​លោក​កំពុង​ប្រកប​អាជីវកម្ម ព្រម​ទាំង​មាន​គ្រួសារ​ហើយ​ក្ដី លោក​បាន​ខំ​ឆ្លៀត​រៀន ទាល់​តែ​ប្រឡង​ជាប់​ក្នុង​ការ​ប្រជែង​យក​អាហារូបករណ៍ ​នៅ​ឆ្នាំ ១៩៣២ ដើម្បី​ទៅ​បន្ត​វិជ្ជា​នៅ​វិទ្យាស្ថាន​គីមី នា​ប្រទេស​បារាំង។ ប៉ុន្តែ​រដ្ឋាភិបាល​បារាំ​ង​នៅ​ឥណ្ឌូចិន មិន​បាន​ឲ្យ​លោក​ចេញ​ទៅ​រៀន​ទេ។

ពី​ឆ្នាំ ១៩៣២ ទៅ ១៩៤១ លោក​បាន​ធ្វើ​ជា​សហគ្រិន​សាធារណការ​នៅ​បាត់ដំបង។ ក្នុង​ពេល​នោះ លោក​បាន​ចូល​ជា​សមាជិក​សភា​តំណាង​រាស្ត្រ​ខ្មែរ រួច​ជា​សមាជិក​រង​នៅ​គណៈកម្មការ​ចម្រុះ នៃ​ក្រុម​មហា​ប្រឹក្សា​សម្រាប់​ការពារ​ផល​ប្រយោជន៍​ខាង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​នៅ​ប្រទេស​ឥណ្ឌូចិន និង បាន​ធ្វើ​ជា​សមាជិក​នៃ​គណៈកម្មការ​ចម្រុះ​នៅ​អម​រដ្ឋាភិបាល​ខ្មែរ។

នៅ​ឆ្នាំ ១៩៤១-១៩៤៥ លោក​បាន​ប្រកប​មុខរបរ​លក់​ថ្នាំពេទ្យ និង បាន​ធ្វើ​​​ឧស្សាហកម្ម​សាប៊ូ​នៅ​ខែត្រ​បាត់ដំបង។ ក្នុងឆ្នាំ ១៩៤៥ លោក​បាន​មក​ភ្នំពេញ​ កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច។ ឆ្នាំ​ក្រោយ​មក លោក​បាន​ចូលរួម​បង្កើត​គណ​បក្ស​ប្រជាធិបតេយ្យ និង បាន​ធ្វើ​ជា​ប្រធាន​រដ្ឋ​សភា​ព្រាង​រដ្ឋធម្មនុញ្ញ។ នៅ​ឆ្នាំ ១៩៤៧ លោក​បាន​ធ្វើ​ប្រធាន​រដ្ឋសភា​ម្ដង​ទៀត​រហូត​ដល់​ឆ្នាំ ១៩៤៩។

លោក​បាន​ចូល​ជា​សមាជិក​សមាគម​សិស្ស​ចាស់ និង មិត្ត​អនុ​វិទ្យាល័យ និង វិទ្យាល័យ​ស៊ីសុវត្ថិ សមាគម​គិលាន​សង្គ្រោះ​ចំពោះ​ព្រះសង្ឃ និង គណៈកម្មការ​វប្បធម៌ ព្រម​ទាំង​បាន​ធ្វើ​ជា​ទីប្រឹក្សា​សមាគម​មិត្ត​សាលា​បាលី​ផង​ដែរ ។

លោក​បាន​រៀបចំ​ក្បួន​ជវលេខ និង អង្គុលីលេខ​ខ្មែរ ជាមួយ​នឹង​គណៈ​កម្មការ​វប្បធម៌ លោក​បាន​កែ​សម្រួល​អក្សរ​ខ្មែរ​សម្រាប់​អង្គុលីលេខ។ លោក​ជា​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ ជា​កវី ជា​អ្នក​និពន្ធ​សារ​ព័ត៌មាន​​ខ្មែរ-បារាំង និង ជា​អ្នក​រៀបរៀង​សៀវភៅ«ភាសាខ្មែរ»នេះ។

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ទ្រង់​សព្វ​ព្រះទ័យ បាន​ព្រះ​រាជទាន គ្រឿង​ឥស្សរិយយស​មេដាយ​មាស​ព្រះករុណា​ទ្រង់​រាជ្យ និង មេដាយ​វរ​សេនា​អាណាចក្រ​កម្ពុជា។

នៅ​ចុង​ឆ្នាំ ១៩៤៧ លោក​បាន​ដង្ហែ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ទៅ​ប្រទេស​បារាំង។ លុះ​បាន​ឆ្លៀត​ព្យាបាល​រោគ​រួច​ ត្រឡប់​មក​ប្រទេស​យើង​វិញ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់​តែ​គ្រាប់បែកដៃ​មួយ​បាន​ផ្ទុះ​ឡើង​ប្រហារ​ជីវិត​លោក ក្រោយ​ពេល​ដែល​លោក​ទើប​នឹង​បាន​បិទ​សម័យ​ប្រជុំ​គណៈ​កម្មការ​នាយក នៃ​គណបក្ស​ប្រជាធិបតេយ្យ នៅ​ថ្ងៃ ១៤ មករា ១៩៥០ វេលា​ម៉ោង ៦ ល្ងាច។ ពាក្យ​បណ្ដាំ​​មុន​ផុត​ដង្ហើម​របស់​លោក​ ជា​ពាក្យ​ជ្រាប​ដោយ​ធម៌​អហិង្សា។

សព​លោក​បាន​បូជា​នៅ​វត្ត​បទុមវតី​រាជ​រាម។ ធាតុ​លោក​បាន​បញ្ចុះ​នៅ​វត្ត​កែវ​ព្រះភ្លើង ក្រុងភ្នំពេញ។

រៀបរៀង​ដោយ​ញាតិមិត្ត​នៃ​សពលោក អៀវ កើស

ដកស្រង់៖ សៀវភៅ «ភាសាខ្មែរ» និពន្ឋដោយ លោក អៀវ កើស

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​នយោបាយ, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , . Bookmark the permalink.

3 Responses to លោក​ អៀវ កើស (១៩០៥ – ១៩៥០)

  1. ស្រុកស្រែ និយាយថា៖

    ខ្ញុំនឹងភ្ជាប់(Link) ប្រកាសរបស់​តាម៉ាប់​នេះ​ ទៅ​នឹង​ប្រកាស​របស់​ខ្ញុំក្នុង កាលប្បវត្តិនៃអ្នកដឹកនាំ​ប្រទេស​កម្ពុជា របស់​ប្លុក​ស្រុកស្រែខ្ញុំ… អរគុណតាម៉ាប់

    • តា ម៉ាប់ និយាយថា៖

      អរគុណ​ហើយ​បង​ស្រុក​ស្រែ ។ យកម៉ា​សាលាញ់ យក​អី​យក​ទៅ ហាម​តែ​យក​ យាយម៉ាប់​ របស់​ខ្ញុំ ហាហាហា

  2. Pingback: កាលប្បវត្តិ នៃ​អ្នក​ដឹកនាំ​​ប្រទេស​​កម្ពុជា​យើង… |

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s