កាលពីឆ្នាំទៅ (៣១ ធ្នូ ២០១១) ខ្ញុំបានឡើង ខ្ពង់រាបបូកគោ បានសម្រេចជាលើកទី ១ បន្ទាប់ពីខកខានមិនបានឡើងដល់កាលពី ១០ ឆ្នាំមុន ។ ខ្ញុំសូមរាយរ៉ាប់រៀបរាប់ត្រួស ៗ ពីដំណើរនេះដូចខាងក្រោម ៖
ចេញពីកែបវិញនៅម៉ោង ០៩ ព្រឹក សំដៅទៅ ភ្នំបូកគោ ដែលជាអតីតរាជនិវេសនដ្ឋានរបស់ សម្ដេចព្រះមុនីវង្ស ។ ខ្ញុំទៅដល់កំពតម៉ោង ១០ ព្រឹក បន្តទៅដល់កំពូលភ្នំបូកគោ (ហៅខ្ពង់រាបសមជាង) នៅម៉ោង ១១ ព្រឹក ។ សូមបញ្ជាក់ថា ផ្លូវឡើងទៅខ្ពង់រាបបូកគោ ត្រូវបានឈូសឆាយពង្រីកឲ្យធំទូលាយជាងមុន ហើយមានស្លាកសញ្ញាគ្រោះថ្នាក់ របាំងសងខាងផ្លូវ និង បង្គោលចំណាំងពណ៌ផងដែរ ដែលត្រូវបានអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនឋានសួគ៌បូកគោ របស់ម្ចាស់ ប្រាសាទអង្គរវត្ត ។
ជិះតាមផ្លូវឡើងដែលឆ្វែលជារង្វេលដូចពោះវៀនសាច់ផាក់ឡូវ អ្វីដែលទាក់ភ្នែកដំបូងបំផុតគឺ រូបសំណាកធំមួយរបស់ យាយម៉ៅ ដែលអង្គុយពែនភ្នែន (កម្ពស់ប្រហែល ២០ ម៉ែត្រ) ។ នៅទល់ម្ខាងផ្លូវនឹងរូបសំណាកគឺ ដំណាក់ស្លាខ្មៅ ។ បន្តទៅមុខទៀត យើងឡើងទៅដល់ផ្លូវបំបែកជា ៣ ប្រសាទប្រោសសត្វ ដែលនៅពីក្រោយនោះមានរោងមួយដ៏ធំដែលតាំងបង្ហាញនូវ Master Plan សម្រាប់ការអភិវឌ្ឍន៍ខ្ពង់រាបបូកគោនេះទាំងមូលតែម្ដង ។
ខ្ញុំបត់ស្ដាំចុះជម្រាលទៅក្រោមដើម្បីទៅកាន់ ទឹកធ្លាក់ពពកវិល ដែល ស្ថិតនៅចម្ងាយប្រហែលជា ២ គីឡូម៉ែត្រ លើផ្លូវដី។ គួរឲ្យសោកស្ដាយព្រោះថាគ្មានទឹកធ្លាក់តទៅទៀតទេ មានតែទឹកហូរបន្តិច ៗ ។
ខ្ញុំបកក្រោយមកវិញហើយមួរហ្គារ ម៉ូតូសំដៅទៅកាន់ចំណុចដែលមនុស្សភាគច្រើនទៅទស្សនា ។ ចំណុចរួមនៃខ្ពង់រាបបូកគោរួមមាន វត្តសំពៅប្រាំ កាស៊ីណូ វិហារគ្រិស្តសាសនា និង Royale Auberge Bokor (Royal Inn Bokor/រាជភោជនាលយ័បូកគោ) ។
ខ្ញុំ នៅលើខ្ពង់រាបបូកគោ ចំណុចក្រោយវត្តសំពៅប្រាំ រហូតដល់ម៉ោង ៦ និង កន្លះ ល្ងាច គោលបំណងចាំថតថ្ងៃលិច តែគួរឲ្យសោកស្ដាយព្រោះមេឃពពកបាំងជិត រកមើលសុរិយាអស្ដង្គតអ្វីក៏មិនបាន ។
ជិះចុះមកវិញដើម្បីរកបាយទឹក រងាផង ញាក់សាច់ផង (២០ អង្សាសេ) យើង (ខ្ញុំ និង បងប្រុសម្នាក់ទៀត ) មកដល់ក្រុងកំពតនៅម៉ោងប្រហែលជា ៨ ល្ងាច ហើយហូបអាហារសមុទ្រនៅ ហាងតាឪ ។
នៅម៉ោង ១១ យប់ យើងក៏ឡើងទៅម្ដងទៀតដោយឡាន Tacoma ដើម្បីទៅថតយករូបសកម្មភាពរាប់ចុះក្រោមឆ្លងឆ្នាំរបស់ប្រជាពលរដ្ឋ មួយចំនួនដែលពួកគាត់ឡើងទៅសម្រាកនៅទីនោះតែម្ដង (តាមព័ត៌មានដែលទទួលបាន គ្មាននរណាម្នាក់បានដេកទេ ព្រោះរងាពេក ដេកមិនលក់) ។ ឡើងមិនទាន់ដល់ផង ខ្ញុំក៏ចាក់បាញ់ឆែវសាច់ក្ដាម (ស្ដាយណាស់ 😦 ) ហើយក៏ចេញមកដេកនៅគូទឡានវិញ ។
យើងត្រឡប់មកសម្រាកនៅសណ្ឋាគារនៅកំពតវិញនៅវេលាម៉ោង ០១ ព្រឹក (Happy New Year 2012 😀 ) ។
បញ្ជាក់៖ រូបភាពនឹងមានភ្ជាប់មកនៅប្រកាសក្រោយ សូមអភ័យទោស ។
Pingback: ដំណើរម៉ូតូ ៥ ខែត្រ | តាម៉ាប់ & យាយម៉ាប់
Pingback: ខ្ញុំទៅភ្នំកំពង់ត្រាច | តាម៉ាប់ & យាយម៉ាប់
Pingback: The Carmelite Sisters Church | តាម៉ាប់ & យាយម៉ាប់
Pingback: កំពត និងកែប | តាម៉ាប់ យាយម៉ាប់