អ្នក​ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ (១៨៥៩ – ១៩២៤)


អ្នកឧកញ៉ាសុត្តន្តប្រីជា ឥន្ទ

ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ កំណើត​កើត​នៅ​ស្រុក​ទន្លេធំ គឺ​ភូមិរការកោង ខេត្ត​មុខកំពូល មាតា​ឈ្មោះ យាយមុំ បិតា​ឈ្មោះ បញ្ចងកែ ។ ឧកញ៉ា​កើត​ថ្ងៃ​ចន្ទ ខែ​អាសាធ ឆ្នាំវក ពុទ្ធសករាជ​កន្លង​ទៅ​បាន ២៤០៣​វស្សា គឺ​ថ្ងៃ ២២ សូយេត(កក្កដា) ឆ្នាំ ១៨៥៩ ។

កាល​អាយុ ១០​ឆ្នាំ នៅ​វត្ត​សិក្សា​អក្សរ​ខ្មែរ អាយុ ១៥​ឆ្នាំ ចេញ​រៀន​ប្រែ​ព្រះ​បរិយត្តិ​បួស​ជា​សាមណេរ​នៅ វត្ត​ព្រែក​ពោធិ៍ ។ បួស​បាន ១​វស្សា សឹក​ចាក​ភេទ​ជា​សាមណេរ រួច​ទៅ​រៀន​នឹង​លោក​ព្រះ​អាចារ្យ ពេជ ស្រុក​ព្រះត្រពាំង ។ អាយុ ១៨​ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​ព្រះពុទ្ធឃោសាចារ្យ ប្រាក់ វត្តឧណ្ណាលោម ក្រុងភ្នំពេញ ។ អាយុ ១៩ឆ្នាំ ទៅ​រៀន​នឹង​លោក​គ្រូ​អាចារ្យ សុខ វត្តកែវ ស្រុកបាត់ដំបង ។ អាយុ ២០ឆ្នាំ បាន​បួស​ជា​ភិក្ខុ​នៅ​វត្ត​កែវ ១​វស្សា ទើប​លា​ព្រះ​ឧបជ្ឈាយាចារ្យ ទៅ​រៀន​នៅ ស្រុក​បាងកក ក្រុង​ស្យាម ។

រៀន​បាន ៧​វស្សា ក៏​វិល​មក​ស្រុក​ខ្មែរ​វិញ​ក្នុង​អំណាច​ លោក​ព្រះយ៉ាកថាថន ញ៉ុញ នៅ​ វត្តកណ្តាល ស្រុក​បាត់ដំបង រួម​បាន ១០​វស្សា លា​ចាក​សិក្ខា​បទ​សឹក​មក​មាន​បុត្រ​ភរិយា នៅ​ភូមិ​ជ្វា​ធំ ។ លោ​កកថាថន ឈុំ ចញ្ចឹម​ជា​ទី ហ្លួងវិចិត្រវោហារ បាន​តែង​​បាន​ប្រែ​បាលី​ជា​សម្រាយ​មាន​ឈ្មោះ ៤៤ ឈ្មោះ​ជា​សៀវភៅ​ខ្លះ ចារ​ស្លឹករឹត​ខ្លះ ។

លុះ​អាយុ​បាន ៥៥​ឆ្នាំ រាជការ​ក្រុង​ភ្នំពេញ ឲ្យ​យក​មក​តាំង​ជា​ទី ឧកញ៉ាសុត្តន្តប្រីជា ប្រោស​ឲ្យ​ជួយ​តែង​សព្វវចនាធិប្បាយ​ខ្មែរ នៅ​ទី​សាលា​បាលី ក្នុង​រវាង​អាយុ ៥៥​ឆ្នាំ ដល់អាយុ ៦៥​ឆ្នាំ បាន​លា​រាជការ វិល​មក​នៅ​ ស្រុក​បាត់ដំបង ដើម​វិញ ។

លុះ​នៅ​ថ្ងៃ ១០​កើត ខែអស្សុជ ឆ្នាំជូត ឆស័ក មាន​រោគ​ក្អក បណ្ដា​កូនចៅ​រាល់គ្នា នាំ​គ្នា​ប្រតិបត្តិ​ប្រកប​ថ្នាំ​រក​គ្រូ​រក្សា​ពុំ​ចេះ​ធូរ​ឡើយ លុះ​ដល់​ថ្ងៃអាទិត្យ ១២​កើត ខែកត្តិក ឆ្នាំជូត ឆស័ក ក៏​ទទួល​អនិច្ចកម្ម​នៅ​វេលា​ម៉ោង ៨​ព្រឹក គឺ​ថ្ងៃ ៨ ណូវ៉ម(វិច្ឆិកា) ឆ្នាំ ១៩២៤ ។

(ដកស្រង់ គតិលោក ក្បាល​ទី ១ ដោយ ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ )

៚៚៚

ស្នាដៃ​របស់​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ មាន​ច្រើន​ណាស់​ដូច​ជា គតិលោក​១០​ខ្សែ និរាស​នគរវត្ត រឿង​អំបែងបែក បឋម​សម្ពោធ លោ​ក​នីតិបករណ៍ សុភាសិត​ច្បាប់​ស្រី ក្បួន​មេកាព្យ ។ល។

នៅ​ចុង​សតវត្ស​ទី ១៩ និង​នៅ​ដើម​សតវត្ស​ទី ២០ ប្រជារាស្ត្រ​នៅ បាត់ដំបង ស្គាល់​ លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នេះ​ណាស់ ។ គ្រប់​គ្នា​ហៅ​គាត់​ថា អាចារ្យ​ឥន្ទ ។ អ្នក​បាត់ដំបង​ទាំង​អស់​សុទ្ធ​តែ​សរសើរ​ស្នាដៃ និង​សំនួន​វោហារ​របស់​គាត់​គ្រប់​គ្នា ។ នៅ​ពេល​ដែល​ខ្មែរ​យើង​មិន​ទាន់​មាន​សៀវភៅ​បោះពុម្ព អ្នក​បាត់ដំបង​នាំ​គ្នា​ខ្ចី​សៀវភៅ ដែល​ជា​ស្នាដៃ​របស់​គាត់​យក​មក​ចំលង​ទុក​ចែក​គ្នា​អាន​បន្ត​ពី​មួយ​ទៅ​មួយ ហើយ​មា​ន​អ្នក​ខ្លះ​ទន្ទេញ​កំណាព្យ​គាត់​ទាំង​ទំព័រ​ៗ ចាំ​រត់​មាត់ ។

លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ជា​កិត្តិយស​ធំ​ណាស់​សម្រាប់ ​ខេត្តបាត់ដំបង នៅ​សម័យ ដែល​ខេត្ត​នេះ​នៅ​ក្រោម​អំណាច​សៀម​អស់​ពេល​ជាង​មួយ​សត​វត្ស ។ គាត់​ជា​ភស្តុ​តាង​រស់​បញ្ជាក់​ថា​សៀម​អាច​ជ្រៀត​ជ្រែក​បាន​តែ​ក្នុង​វិស័យ​រដ្ឋបាល​ប៉ុណ្ណោះ តែ​មិន​អាច​ជ្រៀត​ជ្រែក​ចូល​ក្នុង​ផ្នត់​គំនិត​ខ្មែរ​នៅ​បាត់ដំបង​ ដែល​ជា​ខ្មែរ​នោះ​ទេ ។

គួរ​រំលឹក​ទៀត​ដែរ​ថា លោក​ តង់ដារ ដែល​ជា​បេសក​សង្ឃ​កាតូលិច ដែល​មក​តាំង​នៅ បាត់ដំបង ពី​ឆ្នាំ ១៩០១ ដល់ ១៩០៤ ក៏​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​អក្សរសាស្ត្រ​ខ្មែរ​​ណាស់​ដែរ ។ លោក​បាន​ទៅ​ប្រឹក្សា​រៀន​សូត្រ​ជា​មួយ លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ហើយ​បាន​ចង​ក្រង ​វចនានុក្រម​ខ្មែរ-បារាំង មួយ​ឈ្មោះថា វចនានុក្រម​តង់ដារ ដែល​ជា​ស្នាដៃ​ដ៏​សំខាន់​មួយ​ពិបាក​រក​ជា​ទី​បំផុត ។ ដូច្នេះ លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក៏​បាន​ចូលរួម​ក្នុង​ការ​ចងក្រង​វចនានុក្រម​នេះ​ដែរ ។

(ដកស្រង់ បាត់ដំបងសម័យលោកម្ចាស់ ដោយ លោក តូច ឈួន បោះពុម្ពគ្រាទី ២ ឆ្នាំ ១៩៩៤)

៚៚៚

ទាយ​យក​ឯកសារ​ជា ភីឌីអេហ្វ នៅ​ទីនេះ បវត្តិពង្សាវតារ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , , , , , . Bookmark the permalink.

8 Responses to អ្នក​ឧកញ៉ា​សុត្តន្ត​ប្រីជា ឥន្ទ (១៨៥៩ – ១៩២៤)

  1. ប្លុកនេះ មិនដឹងមានបញ្ហាអីទេ អត់មានចេញក្នុង អ្នកអានរបស់ខ្ញុំសោះ រាល់ពេលមានប្រកាសថ្មី។ វតប្រេស កំពុងក្រេហ្ស៊ីអីវា។

  2. យ៉ាហ៊ី!!!! នេះគេមិនហៅថារឿងច្រើនទេ គេហៅថាសន្សំរឿងមែនតែហ្មង!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s