ពូជ​ក្បត់ជាតិ ?


កាល​ពី​ប៉ុន្មាន​ថ្ងៃមុន​ ខ្ញុំ​បាន​បញ្ចប់​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា «បាត់ដំបងសម័យលោកម្ចាស់» ដែល​និពន្ធ​ដោយ​លោក តូច ឈួន បោះពុម្ព​គ្រា​ទី ២ (១៩៩៤) ។

ដំបូង​ឡើយ ​ឃើញ​សៀវភៅ​នោះ​កម្រាស់​ក្រាស់​ ស្មាន​ថា​ត្រូវ​ប្រើ​ពេល​យូរ​ក្រែល តែ​ចៃដន្យ​សៀវភៅ​​នោះ​អក្សរ​ធំ​ៗ ដូច្នេះ​ខ្ញុំ​ចំណាយ​ពេល​តែ​មួយ​យប់​ក៏​ចប់​សព្វ​គ្រប់​ល្មម​នឹង​យល់​ការណ៍​យល់​សេចក្ដី​រឿងរ៉ាវ​អាច​សរសេរ​ អត្ថបទ​នេះ​បាន ។

សៀវភៅ​នេះ​ជា​រួម​សំដៅ​ទៅ​លើ​ត្រកូល​មួយ​នាម អភ័យវង្ស ដែល​បាន​គ្រប់​គ្រង​ ខែត្របាត់ដំបង​ដល់​ទៅ​ ៦​ជំនាន់ រៀង​ពី​ឆ្នាំ ១៧៩៥ ដល់ ១៩០៧ គឺ​រយៈ​ពេល ១១២​ឆ្នាំ យូរ​ជាង​អាណានិគម​បារាំង​ដែល​ដាក់​គ្រប់គ្រង​នគរខ្មែរ​ដែល​មាន​រយៈកាល​ត្រឹម ៩០​ឆ្នាំ។

ជន​ទី​មួយ​ដែល​គ្រប់​គ្រង​ខែត្រ​នេះ​ឈ្មោះ បែន ងារ​ជា ឧកញ៉ា​យមរាជ​(១)​ មាន​កំណើត​នៅ​ខែត្រទ្រាំង (ខែត្រតាកែវ​សព្វថ្ងៃ) ។ បែន នេះ​ក្រោយ​មក​​ត្រូវ​បាន​ ស្ដេច​សៀម ​ហៅ​ទៅ ​ស្រុកសៀម​ហើយ​បញ្ជា​ឲ្យ​គេ​ចៀរ​ស្លឹក​ត្រចៀក​ចោល តែ​ក្រោយ​មក​ក៏​ជញ្ជួន​មក​ស្រុក​ខ្មែរ​វិញ​ដោយ​សា​ជន​នេះ​ជា​នាយ​ទាហាន​មាន​ថ្វៃដី​ល្អ ។ ចម្បាំង​រាំង​ជល់​បន្ត​មាន​ត​ទៅ ដរាប​ដល់​ពេល​ដែល ស្ដេច​អង្គអេង​(២)​ ឡើង​សោយរាជ្យ ហើយ បែន នេះ​ទៅ​គ្រប់គ្រង​ ខែត្រ​បាត់ដំបង វិញ (បាត់ដំបង  សៀមរាប  សិរីសោភ័ណ) ។ បែន នេះ​ក្រោយ​មក​ក៏​ឡើង​ទៅ​ ស្ដេច​សៀម​ វិញ លែង​ឡើង​មក​ ស្ដេច​ខ្មែរ​ ដូច​មុន ដូច្នេះ​ខែត្រ​ខណ្ឌ​នោះ​ក៏​ក្លាយ​ជា​របស់​ សៀម​ ចាប់​ពី​ឆ្នាំ​នោះ​មក​ដរាប​រៀង​ដល់​ បារាំង​ យក​ពី​ សៀម​ វិញ​តាម​សិទ្ធិ​សញ្ញា ២៣​ មិនា ​១៩០៧ ។

បែន ដែល​មាន​ងារ​ពេញ​ថា «ចៅពញាអភ័យធិបេស វិសេសសង្គ្រាម រាមនរិន្ទ ឥន្ទជ័យ អភ័យភេរី បរាពាហុ» កាន់​អំណាច​ជា​ស្ដេច​ក្រាញ់ ។ បែន ស្លាប់​នៅ​ឆ្នាំ ១៨០៩ ឈ្មោះ ប៉ែន ជា​កូន​ក៏​ឡើង​បន្ត​ងារ អភ័យធិបេស នេះ​ទៀត​បាន​កាល ៧​ឆ្នាំ​ក៏​ស្លាប់​បាត់​ទៅ ។ រស់ ជា​កូន​របស់ ប៉ែន ក៏​ឡើង​បន្ត​ទៀត​រហូត​ដល់​ឆ្នាំ ១៨៣៥ ។

លុះ​អស់​ពី​ឈ្មោះ រស់ ទៅ កូន​របស់ រស់ ឈ្មោះ នង ក៏​ឡើង​បន្ត ។ គេ​មិន​ដឹង​ថា នង​ ស្លាប់​នៅ​ឆ្នាំ​ណា​នោះ​ទេ តែ​ក្រោយ​មក​កូន​របស់ នង ឈ្មោះ យារ ហៅ ញ៉ុញ មាន​ងារ​ត្រឹម​តែ​ជា «ចៅពញាគទាធរ ធរណិន្ទ្រ រាមនរិន្ទឥន្ទ្រាធិបតី អភ័យភេរី ពាហុ» ។ យារ នេះ​គ្រប់គ្រង​តែ ខែត្របាត់ដំបង​ ប៉ុណ្ណោះ​រហូត​ដល់​ឆ្នាំ ១៨៩៤ ។ គួរ​បញ្ជាក់​ថា​ពេល​នោះ ​ខែត្របាត់ដំបង​ នៅ​សល់​តែ​ស្រុក​ចំណុះ​ចំនួន ៤​ទេ​គឺ មង្គលបុរី, បាត់ដំបង, មោងឬស្សី និង ​ស្រែអន្ទាក់​(៣)​ ។ ឯ​ ខែត្រសៀមរាប និង​សិរីសោភ័ណ ​ត្រូវ​បាន​បំបែក​ជា​ខែត្រ​ដាច់​ដោយ​ឡែក​តាំង​ពី​ឆ្នាំ ១៨៤៥ មក​ម៉្លេះ ដែល​ដូរ​ឈ្មោះ​ទៅ​ជា ខែត្រ​វិបុលសង្គ្រាម(៤) និង ស៊ីសុផុន​ ​(៥)​ តាម​លំដាប់ ។

កូន​របស់ យារ ឈ្មោះ ឈុំ ក៏​បាន​ឡើង​បន្ត​ដំណែង​ពី​ឪពុក​ខ្លួន​ដោយ​សម្លាប់​បង​ថ្លៃ​របស់​ខ្លួន​ជា​សាសន៍​សៀម​ព្រោះ​ឮ​ថា​ ព្រះចៅ​សៀម​ ចង់​លើក​នាយ​បង​ថ្លៃ​នោះ​ឲ្យ​ឡើង​គ្រង​ខែត្រ​បន្ត​ពី​ឪពុក​របស់​ខ្លួន ។ ឈុំ នេះ​ជា​មនុស្ស​សាហាវ​ឃោរឃៅ ប្រហាក់ប្រហែល​ទៅ​នឹង​ជីតា​ជំនាន់​ទី ១ បែន របស់​ខ្លួន​ដែរ ។

ឈុំ នេះ​គ្រប់​គ្រង ខែត្របាត់ដំបង​ រហូត​ដល់​ឆ្នាំ ១៩០៧ ។ នៅ​ពេល​ដែល​បារាំង​ប្រគល់​ខែត្រ​នេះ​មក​ជា​សម្បត្តិ​នគរ​ខ្មែរ​វិញ ឈុំ​ ក៏​លក់​ផ្ទះ​សម្បែង​ទាំង​ប៉ុន្មាន​នៅ​បាត់ដំបង​ហើយ​ដឹក​ទ្រព្យសម្បត្តិ, ប្រពន្ធ និង​កូនចៅ​ប្រហែល​ជា​ ១០០ ​រទេះ​គោ​ទៅ​នៅ​ឯ​ បស្ចឹមបុរី ។ ក្រោយ​មក ឈុំ នេះ​ក៏​ស្លាប់​ដោយ​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ប្រហែល​កំឡុង​​ឆ្នាំ ១៩២០ ទៅ ។

កូន​របស់ ឈុំ ម្នាក់​ឈ្មោះ ខួង​(៦)​ បាន​ឡើង​បុណ្យ​សក្តិ​ខ្ពង់ខ្ពស់​រហូត​បាន​ក្លាយ​ជា ​នាយករដ្ឋមន្ត្រី​សៀម​ ជា​ច្រើន​គ្រា​ទៀត​ផង ។

ក្រោយ​ពី​ដឹង​ត្រួស​ពី​ប្រវត្តិ​គ្រួសារ​នេះ​ដែល​គេ​ហៅ​ថា «អភ័យវង្ស» ហើយ យើង​ចូល​ដល់​ការ​វិភាគ​ខ្លះ​ៗ ។

តាម​សៀវភៅ​បាន​បញ្ជាក់​ថា បាត់ដំបង​ សម័យ​នោះ​មិន​រីក​ចម្រើន​នោះ​ទេ ។ គ្រួសារ​ អភ័យវង្ស​រស់​ក្នុង​កំផែង​ដ៏​ស្កឹម​ស្កៃ ឯ​ប្រជាជន​វិញ​ទោះ​ជា​អ្នកងារ​ក៏​មិន​ខុស​ពី​ទាសករ​ប៉ុន្មាន​ដែរ ។ កំផែង​កែវ​នេះ​ហាក់​ដូច​ជា​ស្ថាន​សួគ៌​សម្រាប់​គ្រួសារ​ស្ដេច​ត្រាញ់​មួយ​នេះ ខណៈ​ដែល​ប្រជាជន​ដែល​រស់​នៅ​ក្រៅ​កំផែង​នេះ​ហាក់​ដូច​ជា​រស់​នៅ​ក្នុង​ស្ថាន​មួយ​ខុស​គ្នា​សែន​ឆ្ងាយ​ហៅ​មិន​ឮ ។

គេ​ឃើញ​មាន​ជនជាតិ​ផ្សេងៗ រស់​នៅ​ដែរ​ដូច​ជា សៀម​ ដែល​ក្លាយ​ជា​ប្រជាជន​ម្ចាស់​ស្រុក កូឡា​ដែល​រក​ស៊ី​ជីក​ត្បូង​នៅ​ ប៉ៃលិន ចិន​ ដែល​ប្រសព្វ​ខាង​រក​ស៊ី​ជំនួញ​ក្រោយ​មក​មាន​ច្រើន​បាន​ឡើង​បុណ្យ​មាន​សក្ដិ យួន​ ដែល​រក​ស៊ី​នេសាទ​និង​កាន់​សាសនា​កាតូលិក និង ចាម ​ដែល​កាន់​សាសនា​អ៊ីស្លាម​ ហើយ​មក​រស់​នៅ​ច្រឡូក​ឡំ​ជា​មួយ​ ខ្មែរ​ យូរ​ហើយ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​សាសន៍​ទាំង​នោះ​មាន​សំណាង​ជាង​ ខ្មែរ​ ដែល​ជា​ម្ចាស់​ដើម​ស្រុក ដោយ​មិន​ជាប់​កំណែន និង​បង់​ពន្ធ​ឡើយ ។

ឯ​ការ​ដឹក​ជញ្ជូន​វិញ​ក៏​មិន​រីក​ចម្រើន​អ្វី​ដែរ គេ​នៅ​ប្រើ​រទេះ​គោ សេះ ដំរី ឯ​កំពង់ផែ​មាន​តែ​មួយ​នៅ​ឯ បាក់ព្រា ។ ពី បាត់ដំបង ទៅ ប៉ៃលិន គេ​ត្រូវ​ប្រើ​គោ (មិន​ប្រើ​រទេះ) ព្រោះ​ជា​ផ្លូវ​ភ្នំ ។ គេ​ឃើញ​មាន​ប៉ុស្តិ៍​ប្រៃសណីយ៍​មួយ​ដែរ ។ ភាគ​ច្រើន​គេ​និយម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​ជាង​ផ្លូវ​គោក​ដោយ​សារ​មិន​សូវ​នឿយ​ហត់ និង​ម៉្យាង​ផ្លូវ​គោក​មិន​មាន​លក្ខណៈ​សម​ប្រកប​នៅ​ឡើយ ។

ឯ​ខាង​សេដ្ឋកិច្ច​វិញ គេ​ឃើញ​គ្មាន​អ្វី​ជា​រីក​ចម្រើន​ទេ ដោយ​សារ​អ្នក​ស្រុក​ធ្វើ​ស្រែ​បែប​ប្រពលវប្បកម្ម​ ហើយ​ត្រូវ​បាន​ពន្ធ​ស្រូវ និង​ពន្ធ​ខ្លួន​ទៀត ។ គេ​ឃើញ​មាន ​ជាង​សង់​ផ្ទះ ជាង​ដែក ជាង​ទង អ្នក​ធ្វើ​កន្ទេល​ផ្ដៅ មាន​ហាង​បិត​ស្រា​លក់​ផ្ដាច់​មុខ​មួយ​របស់​សាសន៍​ចិន ឯ​ហាង​កាត់​ខោអាវ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ។ ឯ​ពួក​កូឡា​ដែល​ជីក​ត្បូង​នៅ​ប៉ៃលិន​នៅ​មិន​ឡើង​មក​ស្រុក​បាត់ដំបង​ទេ គឺ​ឡើង​ទៅ ស្រុក​ចន្ទបុរី​ វិញ ។

ផ្នែក​សុខភាព​វិញ គេ​នៅ​តែ​ជឿ​លើ​គ្រូ​ស្ដោះ​ផ្លុំ ដែល​មើល​ទៅ​ជួយ​បាន​តែ​អ្នក​មាន​និស្ស័យ ។ មាន​តែ​គ្រួសារ​អ្នក​ធំ​ប៉ុណ្ណោះ​ដែល​ប្រើ​ថ្នាំ​បារាំង​ទិញ​មក​ពី បាងកក ឬ ភ្នំពេញ ។ ក៏​មាន​ បារាំង មក​បើក​ពេទ្យ​ដែរ តែ​ស្ដេច​ត្រាញ់​នេះ​ហាម​ដាច់​ខាត​មិន​ឲ្យ​ប្រជាជន​ទាក់ទង​ជា​មួយ​បារាំង បើ​មិន​ដូច្នោះ​ទេ​កំបុត​ក្បាល​មិន​ខាន ។

ខាង​ផ្នែក​សិល្បៈ​វិញ គេ​ឃើញ​មាន​ក្រុម​ល្ខោន​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រពន្ធ​របស់​ស្ដេច​ត្រាញ់​នេះ ​សម្ដែង​ជូន​ប្រជាជន​ទស្សនា​តាម​ពេល​វេលា​បុណ្យ​ប្រពៃណី ឬ​បុណ្យ​ផ្សេងៗ ។ នៅ​សម័យ​នោះ នរណា​ៗ ក៏​ស្គាល់ ហ្លួង​វិចិត្រ​វោហារ ឥន្ទ ដែរ ។ គាត់​ក្រោយ​មក​បាន​ឡើង​ងារ​ជា ឧកញ៉ាសុត្តន្តប្រីជា ដែល​យើង​គ្រប់​គ្នា​ស្គាល់​ដឹង​សព្វ​ថ្ងៃ ។

បើ​យើង​ក្រឡេក​មើល​ទៅ​លើ​វិញ (ដឹក​ទ្រព្យសម្បត្តិ, ប្រពន្ធ និង​កូនចៅ​ប្រហែល​ជា​ ១០០ ​រទេះ​គោ​ទៅ​នៅ​ឯ​ បស្ចឹមបុរី) ក៏​ដឹង​ថា គ្រួសារ​ អភ័យវង្ស នេះ​មាន​ដល់​កម្រិត​ណា​ដែរ នៅ​ពេល​ដែល​ប្រជាជន​សាមញ្ញ​រស់​នៅ​យ៉ាង​តោកយ៉ាក (ពុករលួយ​ស្រប​ច្បាប់) ។

៚៚៚

(១) ឧកញ៉ា​យមរាជ = រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌
(២) ស្តេច​​អង្គ​អេង (ភាគ ១) និង ស្ដេច​អង្គ​អេង (ភាគ ២)
(៣) បច្ចុប្បន្ន​ជា​ភូមិ​មួយ
(៤) ខែត្រ​វិបុលសង្គ្រាម
(៥) ស៊ីសុផុន ជា​សំនៀង​សៀម​ហៅ​តាម សិរីសោភ័ណ
(៦) នាយករដ្ឋមន្ត្រី​ថៃ​ដើម​កំណើត ខ្មែរ

អាន​អត្ថបទ​ទាក់ទង​ផ្សេង​ៗ ទៀត​នៅ​ ប្លុកបងសុភ័ក្ត្រ៖

១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. គ្រា​មួយ​ក្នុង​ប្រវត្តិសាស្រ្ត
៣. អំពី​ខែត្រ​កោះកុង (១)
៤. អំពី​ខែត្រ​កោះ​កុង (២)
៥. បាត់ដំបង​បច្ចុប្បន្ន
៦. History of Battambang
៧. សាវតារ​ត្រកូល «អភ័យវង្ស»
៨. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត

ចូល​ទៅ​ប្រធាន​របស់​អត្ថបទ​នេះ​វិញ តើ​អ្នក​អាន​យល់​ណា​ដែរ​ចំពោះ​ត្រកូល​មួយ​នេះ ? សូម​ពិចារណា​ដោយ​ខ្លួន​ឯង​ចុះ សម្រាប់​ខ្ញុំ​ៗ គិត​រួច​ហើយ​តែ​ក៏​មិន​បង្ហើប​ប្រាប់​នោះ​ដែរ ។

ជា​ចុង​ក្រោយ ខ្ញុំ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា នៅ​ពេល​អ្នក​មាន​អំណាច​ហើយ​ប្រព្រឹត្ត​មិន​ល្អ នរណា​ៗ​ក៏​ខ្លាច​អ្នក​ដែរ នរណា​ក៏​អោន​លំទោន​ដែរ នរណា​ៗ​ក៏​ថា​អ្នក​ល្អ​ឥត​ខ្ចោះ​ដែរ តែ​នៅ​ពេល​ដែល​អ្នក​អស់​អំណាច ឬ​អស់​ជីវិត​ទៅ ឈ្មោះ​របស់​អ្នក​នឹង​ស្អុយ​រលួយ​គគ្រុក​ជាង​គំរង់​ទៅ​ទៀត កុំ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​ឈាម​ជ័រ​ជា​សាសន៍​តែ​មួយ​ដូច​នឹង​អ្នក​ចាត់​ទុក​អ្នក​ជា​ជន​ក្បត់​ជាតិ​ក្បត់​ទឹក​ដី ។ មិន​មែន​គេ​មិន​ដឹង​នោះ​ទេ តែ​គេ​មិន​ហ៊ាន​និយាយ ។

ដើម្បី​យល់​កាន់​តែ​ច្បាស់​សូម​ទិញ​សៀវភៅ​នេះ​អាន តម្លៃ​ប្រហាក់​ប្រហែល ២​ដុល្លារ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ​តបចំពោះ​ការ​ស្វែង​រក, អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , , , , . Bookmark the permalink.

19 Responses to ពូជ​ក្បត់ជាតិ ?

  1. ស្រុកស្រែ និយាយថា៖

    សៀវភៅ បាត់ដំបងសម័យលោកម្ចាស់ នេះ​ល្អណាស់… ខ្ញុំ​បានអានវា​តាំង​ពី​សម័យ​អ៊ុនតាក់… បន្ទាប់​ពី​បាន​អាន​ហើយ​ ខ្ញុំ​បាន​តាម​មើល​ទី​កន្លែង​មួយ​ចំនួន​តាម​ការ​រៀបរាប់​ក្នុង​សៀវភៅនោះ។ ពេល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​ស្រុក​រស់​នៅ​បាត់ដំបង​ ពី​ប្រវត្តិ​ខ្លះៗ​ ទាក់ទង​នឹង​​រឿង​អតីតកាល​នេះ មាន​អ្នក​ខ្លះ​សួរ​ខ្ញុំថា តើ​ខ្ញុំ​កើត​នៅ​បាត់ដំបង​នេះឬ?… ខ្ញុំ​ឆ្លើយ​ប្រាប់ពួក​គេ​វិញថា៖ ខ្ញុំ​ដឹង​ដោយ​សារ​មើល​សៀវភៅ…😀

  2. Pingback: ចារឹក​លើ​ព្រះចេតិយ​ព្រះអង្គអេង | តាម៉ាប់ & យាយ​ម៉ាប់

  3. 007 និយាយថា៖

    ចារឹករឿងព្រេងទុកអោយមនុស្សជំនាន់ក្រោយ។

  4. Chanty Piseth និយាយថា៖

    និយាយទៅ ខ្ញុំធ្លាប់ចាប់អារម្មណ៏សៀវភៅមួយនេះដែរ ប្រហែលជាង១០ឆ្នាំមុន។ កាលនោះបានត្រឹមតែលួចអានផ្នែកខ្លះៗ នៅតាមបណ្ណាគារតែប៉ុណ្ណឹង ដោយសារតែអត់មានលុយទិញ។ ពេលនេះគិតថានឹង ទៅទិញវាទុក្ខមួយគ្រាន់អួតក្មេងៗ…។ អរគុណល្បងម៉ាប់ដែលបានចែករំលែក។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s