ថ្ងៃមួយ វេលាដែលខ្ញុំកំពុងអង្គុយនៅកំពង់កន្ទួត រង់ចាំជិះឡានមកភ្នំពេញវិញ គឺជាពេលរសៀលម៉ោងមួយ, មេឃមីរស្រទំពពកខ្មៅងងឹតឈ្លប់បាំងជិតព្រះសុរិយា, អាកាសត្រជាក់, ខ្យល់ផាត់រំភើយល្ហើយ សព្វសព៌ាង្គកាយ។ នៅផ្លូវ ឥតសូវមានមនុស្សដើរ ឮតែសូរទឹកហូរក្នុងដងស្ទឹង គួរឲ្យស្រងេះស្រងោចលន្លង់លន្លោចខ្លោចផ្សានឹករឭកដល់ខ្មោចមាតា ខ្ញុំ ដែលទើបនឹងចាកស្ថានទៅប៉ុន្មានខែមុននេះ។ ខ្ញុំក្រឡេកមើលឃើញគេហែខ្មោចយកទៅបូជានៅវត្តជិតនោះ។ ក្បួនដែលគេហែបុគ្គលស្ងាត់ណាស់, ឥតឃើញមានភ្លេងសោះ, អ្នកប្រាយលាជ អ្នកបួសមុខភ្លើងក៏គ្មាន, មានតែលោកសង្ឃមួយអង្គនិមន្តព្រះបាទទទេ ពីខាងមុខសូត្រធម៌ខ្សឹបៗ។ មនុស្សដើរតាមបុគ្គលប្រាំនាក់៖ ម្នាក់ប្រុសយំសោកអាឡោះអាល័យ មានទំនួញទួញសព្វគ្រប់, បួននាក់ទៀត ដើរស្ងៀមស្ងាត់ក្បែរគ្នា។ ខ្ញុំគិតថា “ខ្មោចនេះគួរឲ្យអនិច្ចាណាស់ ឥឡូវនៅជិតមួយម៉ោងទៀត ទើបបានរថយន្តមកដល់ គួរណាស់តែសន្សំកុសល ជួយហែខ្មោចនេះបន្តិចចុះ”។
លុះ គិតដូច្នោះហើយ ខ្ញុំខំស្រូតរូតយ៉ាងប្រញាប់ ដើរឲ្យបានទាន់ក្បួនដង្ហែ។ សេចក្ដីប៉ុនប៉ងរបស់ខ្ញុំក៏បានសម្រេច។ ខ្ញុំចូលទៅជិតអ្នកទាំងបួននាក់ដែលដើរក្រោយក្បួន។ អ្នកទាំងបួនក្រឡេកមើលមកខ្ញុំ ដោយមានទឹកមុខងឿងឆ្ងល់ណាស់។ ខ្ញុំក៏កេះអ្នកមួយសួរភ្លាមថា “អ្នក, ខ្មោចនេះខ្មោចអ្នកណា?”។ អ្នកនោះងាកមកប្រាប់ខ្ញុំថា «ខ្មោចនេះជាខ្មោចមនុស្សស្រីឈ្មោះនាង “កណិការ“ អាយុ ម្ភៃមួយឆ្នាំ អ្នកដែលដើរក្រោយបុគ្គលផ្ទាប់ជាប់ជិតក្ដារមឈូស យំសោកអមោក្ខអធម្មនោះគឺ ប្ដីនាង។ អ្នកអើយ, រឿងស្រីនោះគួរឲ្យអាណិតណាស់, កាលពីក្មេងអាយុដប់ពីរឆ្នាំ ម្ដាយមេម៉ាយប្រើឲ្យទៅទិញក្ដាមប្រៃ ស្រាប់តែ អាយូ មេចោរដែលគេកាត់កវាប៉ុន្មានឆ្នាំមុននេះ ស្ទុះមកចាប់កំហែងនាង ហើយអំពើពាល, នាងយំសំពះអង្វរវាដូចម្ដេច ក៏វាមិនព្រមស្ដាប់…។
លុះល្ងាចឡើង នាងត្រឡប់មកទីលំនៅម្ដាយវិញ។ ម្ដាយស្រែកទ្រហោយំដោយបានដឹងរឿងនោះសព្វគ្រប់។ ដំណឹងនេះដឹងដល់ ក្មេងចាស់ប្រុសស្រី ក្នុងភូមិទាំងអស់គ្នា។ គេតែងជំនុំនិយាយសើចលេងជាល្បែងពីនាងកុមារី។
ចាប់តាំងពីថ្ងៃដែល អាយូ វាចាប់កំហែងនាងមក អស់ចាស់ទុំប្រុសស្រីទាំងប៉ុន្មាន គេហាមប្រាមប្រាប់កូនស្រីគេដែលធ្លាប់រួមល្បែងជាមួយនឹងនាង មិនឲ្យចូលទៅលេងជិតនាងទៀត ពីព្រោះគេខ្លាចច្រឡូកច្រឡំ កេរ្តិ៍អាក្រក់មកលើកូនស្រីគេ។ ឱពុទ្ធោអើយ! តែវេលាណានាងដើរទៅជិតគេ, គេនាំគ្នារត់ពួនបាត់អស់, វៀរលែងតែពួកអាក្មេងប្រុសខិលៗបួនដប់នាក់ តែវេលាណានាងក្រឡេកឃើញនាង វាស្រែកបង្អើលគ្នាវាថា “ជំទាវយូ ! ជំទាវយូ មកហើយវើយ!” ទើបនាំគ្នាទះដៃសើចគឹលៗឡើង។ នាងទ្រាំមិនបាន ត្រឡប់ទៅផ្ទះវិញ ទឹកភ្នែកហូរសស្រាក់ពួនយំស្ងប់ស្ងាត់ក្នុងបន្ទប់ផ្ទះអាត្មា។
កូនចាបចេះហើរដែល មេចាបឲ្យចាំសម្បុកនោះ មានសេចក្ដីអផ្សុកយ៉ាងណា នាងកណិការ ក៏អផ្សុកយ៉ាងនោះដែរ។ នាងភិតភ័យស្លុងនឹងពាក្យគេចំអកឡកលេង ដូចកូនចាបញ័រចំប្រប់នឹងក្រចកឆ្មា។
លុះយូរខែយូរឆ្នាំតទៅ នាងកណិការ ចម្រើនអាយុបាន ប្រាំបីដណ្ដប់ ឆ្នាំ នាងប្រកបដោយរូបឆោមលោមពណ៌ល្អគួរសម ទាស់តែអកុសលមានទឹកមុខក្រៀមក្រំជានិច្ច។ នាងមិនដែលមានគ្នីគ្នានៅលេងប្រឹក្សាអ្វីជាមួយផងទេ។ ទៅណាមកណា នឹងតែងទៅតែពីរនាក់នឹងម្ដាយមេម៉ាយ ដូចជាពេលថ្ងៃសីលដែលត្រូវទៅវត្តម្ដងៗ ហើយដើរកាត់តាមផ្លូវផ្សារ អស់ទាំងបណ្ដាជនតែងក្រឡេកមើលមុខនាង ហើយកេះគ្នានិយាយខ្សឹបៗ។
នាងដើរឱនមុខក្រញុល មិនហ៊ានក្រឡេកមើលមុខអ្នកណាឡើយ។ ចំណែកប្រុសកំឡោះខ្លះ ក្រឡេកឃើញរូបឆោមនាងស្រី មានចិត្តចាប់ស្រលាញ់ តែពុំអាចហ៊ានចូលមកដណ្ដឹងគិតគូរតាមច្បាប់ចេញមុខមាត់ ព្រោះតែងរអើលខ្លាចគេរិះគន់ទៅថ្ងៃមុខ។
មានថ្ងៃមួយ ស្មៀនមេឃុំម្នាក់ ដែលទើបមកនៅស្រុកនេះថ្មី ក្រឡេកឃើញនាងស្រី ក៏ចងចិត្តចេតនាលើនាង ចូលដណ្ដឹងដល់ម្ដាយនាង។ ម្ដាយក៏ព្រមឲ្យទៅអ្នកស្មៀននោះ តែបង្អង់មិនទាន់បានរៀបអាពាហ៍ពិពាហ៍ភ្លាម ក្នុងពេលនោះនៅឡើយ។ ចាប់តាំងតែអំពីថ្ងៃនោះមក មានអ្នកស្រុកខ្លះទៅផ្លុំត្រចៀកអ្នកស្មៀន និយាយសរកេរ្តិ៍ប្រាប់សព្វគ្រប់ជាពាក្យពេបជ្រាយ ក្លែងក្លាយបញ្ចេញបញ្ចូលបញ្ចេះឲ្យទៅដណ្ដឹងកូនគេវិញ។ អ្នកស្មៀនស្ដាប់ហើយ ដំបូងនៅស្ងៀម ព្រងើយកន្តើយ ឥតមានចិត្តអើពើ តាមការណ៍ដែលគេចាក់រុកនោះឡើយ, លុះណាស់ផាណាស់ ក៏ទៅនិយាយប្រាប់គេថា “ខ្ញុំចូលចិត្តតែកន្លែងណាដែលខ្ញុំបានដឹងអាក្រក់ដឹងល្អហើយ, កន្លែងណាដែលគេតែងថាល្អហើយ តែខ្ញុំមិនបានដឹងច្បាស់ថាដូចម្ដេចទៀតទៅថ្ងៃក្រោយនោះ ខ្ញុំមិនព្រមល្មមក្នុងចិត្តខ្ញុំទេ”។ លុះគេឮអ្នកស្មៀននិយាយដូច្នោះ គេលែងហ៊ានចូលមកនិយាយអ្វីៗទៀត។
នៅក្នុងខ្នើតខែកត្តិក ឆ្នាំមុននោះ ម្ដាយនាងកណិការ បានរៀបវិវាហមង្គលការកូនស្រីខ្លួនជាគូនឹងស្មៀនឃុំ តមកមិនយូរប៉ុន្មានក៏មានជំងឺធ្ងន់ធ្ងរទទួលអនិច្ចកម្មទៅ។ ឯ នាងកណិការ ក៏នៅរួមរក្សនឹងប្ដី បានសេចក្ដីសុខក្សេមក្សាន្តពន់ពេកណាស់ ហើយអ្នកទាំងអស់គ្នាតែងនិយាយសរសើររាល់មាត់ពី នាងកណិការ និងប្ដីនាង ដែលចេះស្រលាញ់រក្សាគ្នាទៅវិញទៅមក មិនដែលរឱសឋានសោះ នឹងរកប្ដីប្រពន្ធឯណាមកប្រៀបធៀបស្មើគ្មាន។
ក្នុងឱកាសបុណ្យ សង្គ្រោះអ្នកទីទាល់ក្រពីប៉ុន្មានថ្ងៃមុននេះ រាជការបានចំណាយចាយចែកទានដល់អ្នកកម្សត់ទុគ៌តទាំងពួងនៅក្នុង ស្រុក នៅទីសាលាទានមួយធំដែលគេបានសង់ទុក។ ពួកនាហ្មឺនប្រពន្ធនាហ្មឺនទាំងអស់ក្នុងស្រុក បានមកជួបជុំជាអធិបតីជួយអប់អរក្នុងកិច្ចនោះ។ នាងកណិការ ដែលជាប្រពន្ធនាហ្មឺននឹងគេដែរ ក៏មកអង្គុយសុភាពរាបទាបនៅជិតខាងគេនោះដែរ។ ចំណែកប្ដីនាងខំចាត់ចែងវាល់អង្ករ ស្រូវ ត្រីងៀត ត្រីឆ្អើរ ក៏គ្មានសល់ក្នុងកញ្ជើល្អី។ អ្នកស្មៀនស្រែកជម្រាបពួកស្មូម ដោយសេចក្ដីគួរសមថា “បងប្អូនទាំងអស់គ្នា, ឥឡូវវត្ថុដែលត្រូវចំណាយជាទានអស់ហើយ”។
ក្នុងបណ្ដាពួកអ្នកដែល មិនបានទទួលអំណោយ មានមនុស្សខិលខូចបួនដប់នាក់នាំគ្នាស្រុះស្រួលស្រែកឡើង៖ “យកពីជំទាវយូរមកទៀត! យកពីជំទាវយូមកទៀត!” ។ កាលស្រែករួចហើយ វានាំគ្នាគេចវេះបាត់អស់ទៅ។ ចំណែក នាងកណិការ វិញ ដែលនាងមានខ្លួន “ឱដំបៅអើយ! គិតស្មានថាជាសះជិតសាច់ហើយ ម្ដេចឡើយក៏មកស្អុយគគ្រិច មួយរំពេចដូច្នេះ” នាងខ្មាសក្រៃណានឹងខ្មាសអស់ទាំងពពួកមហាជនទាំងពួង ទន់ខ្លួនប្រាណងងឹតមុខជ្រប់ ទៅជាខ្យល់គចាប់ ដួលដេកស្ដូកស្ដឹង ត្រជាក់ជើងដៃមួយរំពេច។ គេសែងនាងយកទៅដល់ទីលំនៅនាង, នាងក៏ដាច់ជីវិតភ្លាម ។
អ្នកអើយ, អ្នកមើលខ្មោចនុ៎ះ គ្មានអ្នកស្រុកណាមួយមកជួយហែទេ ព្រោះគេថាមនុស្សខូច។ ឯយើងទាំងអស់គ្នាសុទ្ធតែពួកអ្នកធ្វើការ ជាមួយនឹងប្ដីនាងដែលដើរនុ៎ះន៏ យំសោកបោកខ្លួនសង្រេងស្រងៃ អត់បាយក្រហាយទឹកពីរបីថ្ងៃហើយ» ។
វេលានោះក្បួនហែ ហែមកដល់វត្ត ខ្ញុំក៏លាគេមកដំណាក់រថយន្តវិញ នឹកអរព្រួចក្នុងពោះដោយសារបានជួយហែខ្មោចមនុស្សស្រី ដែលជាអ្នកត្រឹមត្រូវល្អសោះហើយត្រឡប់ទៅជាវេទនាវិញ ព្រោះតែមនុស្សអសប្បុរសធ្វើបាបមកជាយូរអង្វែងឆ្នាំ រហូតមកទល់នឹងមរណកាល។
រឹម គិន
ចម្លងទាំងស្រុងពី ប្លុកប្អូន ទេព សុវិចិត្រ ហៅ ក្ចូច http://sovichetlife.wordpress.com/2011/08/08/chumteav-yu/
អានហើយជក់ចិត្ត ។ ចុះលោក រឺម គិន គាត់និពន្ធតាំងពីឆ្នាំណាដែលតាម៉ាប់ដឹងអត់? យូរនៅ?
ដកស្រង់ចេញពីទស្សនាវដ្ដី មិត្តសាលាបាលី លេខ៥ ឆ្នាំ១៩៥០, ទំព័រ ១៨៨ – ១៩៣