សមិទ្ធិករ ប៉ាន់ រិទ្ធី (១៩៦៤ – បច្ចុប្បន្ន)


Rithy Panh (18, April 1964 – present)

លោក ប៉ាន់ រិទ្ធី កើត​នៅ​ថ្ងៃ​ទី ១៨ ខែ​មេសា ឆ្នាំ ១៩៦៤​ នៅ​ទី​ក្រុង​ភ្នំពេញ ។ លោក​​គឺ​ជា​សមិទ្ធិករ​​​ភាព​យន្ត​បែប​ឯកសារ​ ជនជាតិ​ខ្មែរ​ដែល​​ទទួល​បាន​កិត្តិយស និង​ការ​ទទួល​ស្គាល់​​ពាស​ពេញ​ពិភពលោក ។

សមិទ្ធិករ​​ដែល​រៀន​ចប់​មក​ពី​ប្រទេស​បារាំង​រូប​នេះ ផ្ដោត​សាច់រឿង​របស់​គាត់​ទៅ​កាន់​រឿង​រ៉ាវ​ដែល​កើត​ឡើង​ក្រោយ​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ។ ស្នា​ដៃ​របស់​គាត់​ទាំង​អស់​​គឺ​បង្ហាញ​ពី​គោល​គំនិត​តែមួយ​ ។

ឪពុក​របស់​លោក​ជា​គ្រូ​បង្រៀន​ និង​ជា ​កុងត្រូលលរ​ ផ្នែក​សាលា​​បឋម​សិក្សា ។ ​គ្រួសារ​របស់​គាត់​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ទីក្រុង​ភ្នំពេញ​​នៅ​ឆ្នាំ ១៩៧៥ ដោយ​ពួក​ខ្មែរក្រហម ។ ម្ដង​មួយ​ៗ សមាជិក​គ្រួសារ​គាត់​រួម​មាន ឪពុក ម្ដាយ បង​ប្អូន​ស្រី និង ក្មួយ​ប្រុស បាន​ស្លាប់​ដោយ​សារ​ការ​ខ្វះ​ខាត​ចំណី​អាហារ និង​ការ​បាក់​កម្លាំង​ក្នុង​ធ្វើពលកម្ម​ ។ គាត់​បាន​គេច​ខ្លួន​ទៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ ១៩៧៩ ហើយ​ស្នាក់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ម៉ៃរុត (Mairut) ។

ទី​បំផុត​ គាត់​បាន​ទៅ​ដល់​ទីក្រុង​ប៉ារីស ដែល​គាត់​បាន​ចូល​រៀន​នៅ​សាលា​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ផ្នែក​ជាង​ឈើ ។ នៅ​ក្នុង​កម្ម​វិធី​ជប់​លៀង​មួយ គាត់​ត្រូវ​បាន​គេ​ប្រគល់​ភារកិច្ច​ឲ្យ​កាន់​ កាមេរ៉ាវីដេអូ ចាប់​តាំង​ពី​ពេល​នោះ​មក ​គាត់​ចាប់​ផ្ដើម​មាន​ចំណាប់​អារម្មណ៍​លើ​ផ្នែក​ផលិត​ភាពយន្ត ។ គាត់​បាន​បញ្ចប់​ការ​សិក្សា​នៅ វិទ្យាស្ថាន​​សិក្សា​ភាពយន្ត​ជាន់​ខ្ពស់ ។ គាត់​បាន​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ ១៩៩០ តែ​ទោះ​ជា​យ៉ាង​ណា​ ប៉ារីស ជា​លំនៅឋាន​អចិន្ត្រៃយ៍​របស់​គាត់ ។

ស្នាដៃ និង ពាន​រង្វាន់

ភាពយន្ត​ឯកសារ​ទី​មួយ​របស់​គាត់​ដែល​មាន​ចំណង​ជើង​ថា «សាយធូ» (Site2) បង្ហាញ​​អំពី​ជនជាតិ​ខ្មែរ​ភៀស​ខ្លួន​​មួយ​គ្រួសារ​​​ដែល​រស់​​នៅ​ក្នុង​​​ជំរំ​ដែល​ស្ថិត​នៅ​ព្រំដែន​ខ្មែរ​-​ថៃ​នៅ​កំឡុង​ទសវត្ស​ទី ៨០ បាន​ទទួល​ពាន​រង្វាន់ «ពាន​រង្វាន់​ធំ​​ផ្នែក​ភាព​យន្ត​​ឯកសារ» (Grand Prix du Documentaire) នៅ​ ពិធី​មហោស្រព​​ភាពយន្ត​នៅ​ អាមៀនស៍ (Amiens) ។

នៅ​ឆ្នាំ​ ១៩៩៤ ភាព​យន្ត «អ្នក​ស្រែ» ដែល​​​មាន​លក្ខណៈ​ជា​រឿង​មនោសញ្ចេតនា​ផ្អែក​លើ​រឿង​ពិត (docudrama = documentary + drama) បង្ហាញ​ពី​​គ្រួសារ​​មួយ​នៅ​ជនបទ​ដែល​តស៊ូ​​យ៉ាង​ត្រដាបត្រដួស​​​នៅ​ក្រោយ​ពេល​ដែល​របប​ខ្មែរ​ក្រហម​រលំ​បាត់​ទៅ ។ ភាព​យន្ត​នេះ​បាន​ចូល​រួម​ប្រកួត​ប្រជែង​ ពិធី​មហោស្រព​ភាព​យន្ត​នៅ កាន (Cannes) នៅ​ឆ្នាំ ១៩៩៤ និង ជា​ភាពយន្ត​ខ្មែរ​ទី​មួយ​ដែល​​មាន​​​ចុះ​ឈ្មោះ​ដណ្ដើម​​យក​​ ពានរង្វាន់​អូស្ការ នៅ​ ពិធី​​​ពាន​រង្វាន់​លើក​ទី ៦៧ ផ្នែក​ភាពយន្ត​​ភាសា​បរទេស​ដ៏​ល្អ​បំផុត (7th Academy Awards for Best Foreign Language Film) ។

នៅ​ឆ្នាំ ២០០០ ភាពយន្ត​ឯកសារ «ទឹកដី​វិញ្ញាណ​វិលវល់» ​បង្ហាញ​អំពី​ការ​តស៊ូ​នៃ​ក្រុម​គ្រួសារ​មួយ​ នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ចាប់​ផ្ដើម​រស់​ឡើង​វិញ​ ។ ភាពយន្ត​នេះ​បង្ហាញ​ពី​ភាព​លំបាក​នៃ​ការងារ​របស់​ពួក​គេ​ ដែល​ត្រូវ​ជីក​រណ្ដៅ​កាត់​ពេញ​ផ្ទៃ​ប្រទេស​ដើម្បី​បង្កប់​ខ្សែ​កាប​អុបទិក​ទី​ ១ ។

ភាពយន្ត​ឯកសារ​នៅ​ឆ្នាំ ២០០៣ «ស២១ ម៉ាស៊ីន​ពិឃាដ​» ​អំពី​ពន្ធនាគារ​ទួលស្លែង ។ នៅ​ក្នុង​នោះ​ដែរ​ មាន​ជំនួប​​ដ៏​​ក្ដៅ​គគុក​រវាង​​​អតីត​អ្នកទោស​ រួម​មាន​ វិចិត្រករ​ វ៉ាន់ ណាត និង​អតីត​បុគ្គលិក​​នៅ​ ស២១ ដែល​រម្លឹក​ឡើង​វិញ​ពី ប្រវត្តិសាស្ត្រ​ដ៏​ព្រៃ​ផ្សៃ​​​នៃ​ប្រទេស​កម្ពុជា ។

ព្រឹត្តិការណ៍​ក្រោយ​របប​ខ្មែរ​ក្រហម​ជា​ច្រើន​ទៀត​ត្រូវ​បាន​ថត​ ដូច​ជា​ភាពយន្ត​​នៅ​ឆ្នាំ ២០០៥ «មហោស្រព​ឆេះ» ដែល​ផ្ដោត​ជា​សំខាន់​ទៅ​លើ​ក្រុម​សិល្បករ​ដែល​ស្នាក់​អាស្រ័យ​នៅ​ក្នុង​សំណល់​បាក់​បែក​នៃ ​សាល​មហោស្រព​ព្រះ​សុរាម្រឹត ដែល​បាន​ឆេះ​នៅ​ឆ្នាំ ១៩៩៤ ហើយ​មិន​ត្រូវ​បាន​ជួល​ជុល​ឡើង​វិញ​នោះ​ទេ [កម្ទេច​នៅ​ឆ្នាំ ២០០៨] ។

នៅ​ឆ្នាំ ២០០៧ ភាពយន្ត​ «ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង» បាន​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ជីវិត​នៃ​នារី​​ពេស្យា​នៅ​ក្រុង​ភ្នំពេញ ។

ភាព​យន្ត​ថ្មី​បំផុត​ «ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក» បង្ហាញ​អំពី​បទសម្ភាសន៍​ជា​មួយ កាំង ហ្គេច អៀវ ហៅ ឌុច អតីត​មេ​គុក​ស២១ ដោយ​ អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (ECCC : Extraordinary Chambers in the Courts of Cambodia) និង​ត្រូវ​​ផ្ដន្ទា​ទោស​រយៈពេល ៣៥ ឆ្នាំ តែ​ ឌុច បាន​ជំទាស់​និង​សាល​ក្រម​នេះ ។

ពានរង្វាន់​អន្តរ​ជាតិ​ជា​ច្រើន​ដែល លោក ប៉ាន់ រិទ្ធី ​ទទួល​បាន​ សូម​ចុច​លើ​ដំណ​ភ្ជាប់​នេះ​ ដើម្បី​អាន IMBD: Rithy Panh – Awards

លោក​ក៏​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ដែរ ដែល​មាន​បង្ហាញ​នៅ​លើ​រូប​ខាង​ក្រោម​នេះ ។

មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​ បុប្ផាណា – កម្ពុជា

លោក ប៉ាន់ រិទ្ធី រួម​និង​សមិទ្ធិករ​ម្នាក់​ទៀត​ឈ្មោះ អឿ ប៉ុណ្ណាការ បាន​​បង្កើត​ មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​ បុប្ផាណា ឡើង​ក្នុង​គោល​បំណង​ថែ​រក្សា ​ភាពយន្ត​ រូប​ថត និង ឯកសារ​សំឡេង ដែល​នៅ​សេសសល់ ។ មជ្ឈមណ្ឌល​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​​ចំណង​ជើង​នៃ​ខ្សែ​ភាពយន្ត​​បែប docudramas របស់​គាត់ «បុប្ផា​ណា សោកនាដកម្ម​មួយ» ដែល​បង្ហាញ​អំពី​នារី​ក្មេង​ម្នាក់​ដែល​ត្រូវ​បាន​ធ្វើ​ទារុណកម្ម​ និង​សម្លាប់​នៅ​ ស២១ ។


បញ្ជី​ភាពយន្ត

  • [ជំរំ​សាយធូ] Site 2 (1989)
  • Cinéma de notre temps: Souleymane Cissé (ទូរទស្សន៍​បារាំង 1990)
  • [កម្ពុជា ​ចន្លោះ​សង្គ្រាម​និង​សន្តិភាព] Cambodia: Between War and Peace (1991)
  • [អ្នក​ស្រែ] Rice People (1994)
  • [បុប្ផា​ណា សោកនាដកម្ម​មួយ] Bophana: A Cambodian Tragedy (1996)
  • [រាត្រី​មួយ​​ក្រោយ​សង្គ្រាម] One Evening After the War (1998)
  • [ទឹកដី​វិញ្ញាណ​វិលវល់] The Land of the Wandering Souls (2000)
  • Que la barque se brise, que la jonque s’entrouvre (ទូរទស្សន៍​បារាំង 2001)
  • [ស២១] S-21: The Khmer Rouge Killing Machine (2003)
  • [មនុស្ស​អង្គរ] The People of Angkor (2003)
  • [មហោស្រព​ឆេះ] The Burnt Theatre (2005)
  • [ក្រដាស​មិន​អាច​ខ្ចប់​ភ្លើង]Le papier ne peut pas envelopper la braise (2007)
  • [ជញ្ជាំង​សមុទ្រ] Un barrage contre le Pacifique (2008)
  • [ឌុច គ្រូ​លត់ដំ​នៅ​ឋាន​នរក] Duch, Master of the Forges of Hell (2012)

ខ្សែ​ភាពយន្ត​ជា​ច្រើន​ទៀត​ អាច​ស្វែង​រក​ចំណង​ជើង​បាន​នៅ​តំណ​ភ្ជាប់ IMDB : Rithy Panh – Filmogenre

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in បុគ្គល​ដែល​យើង​គួរ​តែ​ស្គាល់, អ្នក​សិល្បៈ and tagged , , , , , . Bookmark the permalink.

4 Responses to សមិទ្ធិករ ប៉ាន់ រិទ្ធី (១៩៦៤ – បច្ចុប្បន្ន)

  1. វិចូច និយាយថា៖

    ខ្ញុំ​ធ្លាប់​បាន​ទស្សនា៖ មហោស្រព​ឆេះ អ្នកស្រែនិង​ដូច​ជា​ជំរំសាយធូ​មួយ​ទៀត។ ទៅ​មើល​នៅ​មជ្ឈមណ្ឌល​ធនធានសោតទស្សន៍ បុប្ផាណា។

    • តា ម៉ាប់ និយាយថា៖

      ទើបតែទាញយកបាន អ្នកស្រែ និង រាត្រីមួយក្រោយ​សង្គ្រាម ។ បុប្ផាណា ទៅបានម្ដង ចាំទៅរកមើលរឿង ។

  2. Santel PHIN (@khmerbird) និយាយថា៖

    I like the opening scene of the rizière, it’s really well shot!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s