អំពីពាក្យ ក្រចេះ


មាន​ចន្ទ​ឆាយា មណ្ឌប​សាលា ឆ្វេង​ស្ដាំ​សឹង​ស្រស់
ផ្យួរ​(1)ដាំ​សឹង​ផ្កា ចម្ប៉ា​បាន​បេះ ក្លិន​ដូច​ក្រចេះ
ពិដោរ​ស្រេច​ហោង ។

សិលា​ចារឹក K.301 បណ្ឌិត​ជ័យនន្ទ (គ.ស. 1702) ល្បះ​ទី  152

ព្រះអង្គ​ស្ដេច​ទ្រង់​រស្មី កាន់​ព្រះ​វវិជនី មាល​មាស​​សុវណ្ណា ។
ស្ដេច​ទ្រង់​គ្រឿង​ផ្ទង់​សោភា ម្សៅ​ផាត់​ភក្ត្រា ក្រចេះ​ចួង​ចន្ទ ។

កំណាព្យ​រឿង ហង្សយន្ត (ស.វ. ទី 18 ឬ 19)

បើ​ចង់​ទិញ​អ្វី​ខ្ញុំ​មាន​គ្រប់ បារី​សឹង​អប់​ប្រេង​ ក្រចេះ
ដន្លាប់​សឹង​អប់​ក្លិន​ផ្កា​ម្លិះ ស្រី​ខ្លះ​ឈរ​រិះ​មើល​សើច​ម្ដងៗ ។

សាស្ត្រា​ទាវ​ឯក លោក នូ.កន (ដើម ​ស.វ. ទី ២០)

LTOkammappkratie

នេះ​ខែត​ក្រ​ចែ្ចះ

ល្បះ​ទាំង ៣​ខាង​លើ​បាន​ដក​ស្រង់​ចេញ​ពី​អ្នក​និពន្ធ​បី​នាក់​ផ្សេង​គ្នា នៅ​សម័យ​កាល​ខុស​ៗ​គ្នា​ផង​ដែរ ។ ពាក្យ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ គឺ​ ពាក្យ «ក្រចេះ» តើ​ពាក្យ​​​នេះ​មាន​ន័យ​យ៉ាង​ណា ? មាន​ការ​ពន្យល់​ផ្សេង​គ្នា បែប​លេង​សើច​ដូច​ជា​ថា អ្នក​ស្រុក​នោះ​ភាគ​ច្រើន​ជា​អ្នក​ក្រ តែ​ចេះ, តើ​ចេះ​ដូច​ម្ដេច ?

មាន​ការ​ពន្យល់​មួយ​ថា ៖ តាម​ចាស់​ព្រឹទ្ធាចារ្យ​ក្នុង​តំបន់​នេះ​បាន​អោយ​ដឹង​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​ពី​ភាសា​បារាំង​ថា Gatille ដោយ​អ្នក​បកប្រែ​ឲ្យ​បារាំង​ពេល​នោះ និយាយ​ពុំ​ត្រឹមត្រូវ​តាម​ភាសា​បារាំង។ ដោយ​មាន​កា​រ​បះបោរ​ពី​ជនជាតិ​ដើម​ភាគ​តិច “ព្នង” ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​បារាំង អាណាព្យាបាល​បារាំង​បាន​បញ្ជូន​ទ័ព និង​ចាត់​លោក Gatille ឲ្យ​ផ្គត់ផ្គង់​សម្ភារៈសឹក ភស្តុភារ និង​បោះ​ទីតាំង​ក្នុង​ ក្រុង​ក្រចេះ សព្វថ្ងៃ​ដោយ​តាំង​មូលដ្ឋាន​នោះ​ថា Camp Logistique de Gatille ។ ដូច​នេះ​ អ្នក​ខ្លះ​យល់​ថា ក្រចេះ គឺ​ជា​ពាក្យ​ក្លាយ​មក​ពី​ឈ្មោះ​នាយ​ទាហាន​បារាំង​រូប​នេះ។

តាម​វចនានុក្រម​ខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នាំ១៩៦៧ សរសេរ​ថា ៖ ក្រចេ” (ន) (ពាក្យ​ជនជាតិ​ស្ទៀង) ក្របី កំពង់​ក្រចេ កំពង់​ចម្លង​ក្របី (ក្លាយ​មក​ជា ក្រចេះ)។ តាម​ការ​រៀបរាប់​របស់​ចាស់ទុំ​រស់​នៅ​ក្នុង​តំបន់​នេះ​បាន​ឲ្យ​ដឹង​ថា​នៅ​ សម័យ​ដើម​ខែត្រ​ ក្រចេះ មាន​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​រស់​នៅ ហើយ​​​​មាន​​ទំនាក់ទំនង​ពាណិជ្ជកម្ម​​​​​​​ផ្សេង​​​ៗ នៅ​ភូមិភាគ​ឦសាន​ទាំង​មូល​តាម​ច្រក “កំពង់​ចម្លង​ក្របី” របស់ ជនជាតិ​ស្ទៀង​​ឆ្លង​​ពី ក្រចេះ ទៅ​តំបន់​ខាងលើ និង ក្រចេះ មក​តំបន់​ខាង​ក្រោម ហើយ​តែង​តែ​មក​ផ្លាស់​ប្ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​នៅ​កំពង់​ចម្លង​នេះ ។

ផ្អែក​តាម​ឯកសារ​យោង របស់​លោក ជួប ឃាន ៖ កំណើត និង​ប្រវត្តិ​នាម​ខែត្រ ក្រចេះ ចុះថៃ្ងទី១៨ មេសា ២០០១ បញ្ជាក់​ថា​សម័យកាល ក្រុង​​​​​​​​​​សម្ភបុរៈ (សំបូរ) ស្ដេច​លាវ​តែង​តែ​នាំ​សួយសារ​អាករ​ផ្សេង​​ៗ មក​ថ្វាយ​ស្ដេច​ខ្មែរ តាម​រយៈ​កំពង់​ចម្លង​នេះ​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ម្ដុំ​ខែត្រ​ក្រចេះ​នេះ ជា​អតីត​ទីក្រុង​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាង​ច្រើន​កុះករ​តាំង​ពី​មុន​សម័យ​អង្គរ​មក​ម្ល៉េះ​ ដូចជា សម្ភបុរៈ ដែល​ជា​រាជធានី​​នៃ​ប្រទេស​ចេនឡា​ទឹក​លិច​ ដែល​ក្រោយ​មក​នៅ​តែ​មាន​មុខងារ​សំខាន់​នៅ ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ ។

ការ​ពន្យល់​​មួយ​ចុង​​ក្រោយ​នៃ​​ពាក្យ​នេះ សូម​អាន​អត្ថបទ​ពេញ​នៅ ៖ បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ក្រចេះ

តើ​អ្នក​គិត​ថា​ការ​ពន្យល់​មួយ​ណា​សាក​សម​ជា​ប្រភព​ដើម​នៃ​ពាក្យ​ ក្រចេះ​ នេះ ?

***

(១) គួរ​តែ​ជា ព្យួរ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , , . Bookmark the permalink.

7 Responses to អំពីពាក្យ ក្រចេះ

  1. achharia និយាយថា៖

    ដូចឃើញតាមការប្រើប្រាសពាក្យ ក្រចេះ នេះ
    ក្នុងសំរង់កំណាព្យទាំងបីខាងលើ​ ខ្ញុំគិតថា
    ក្រចេះ គួរតែជារុក្ខជាតិ រឺ ផ្កា ដែលមានក្លិនឈ្ងុយក្រអូប
    គួរអោយចូលចិត្តមិនខាន ប្រៀបបាននឹងផ្កាចំប៉ាដែរមើលទៅ ។

    ចំណែកដែលថា ក្រចេះ ក្លាយមកពីពាក្យបារាំង Gatille
    ដូចមិនទំនងអ្វីបន្តិចសោះហើយ ។

    សមិទ្ធិផលរបស់សម្ដេច ជូន ណាត ប្រៀបបានទៅនឹងផ្លូវលំប៉ុណ្ណោះ
    ផ្លូវលំតាំងពីយូរយាណាស់ដែរហើយ …កូនខ្មែរជំនាន់ក្រោយៗ
    ជំនាន់ថ្មីៗនេះ ល្មមនាំគ្នាក្រាលថ្មចាក់កៅស៊ូចាក់ស់ីម៉ង់ត៍ហើយ ។
    កុំជឿលើគាត់ទាំងស្រុងពេក គ្រាន់តែអ្នកស្រុកនិយាយថា
    “ស្វាយនេះផ្លែឡើងចង់បាក់មែក” គាត់ថាគាត់ស្ដាប់ម្បាន !
    តែពាក្យដែលមានក្នុងវចនានុក្រមគាត់នោះ មានច្រើនណាស់ដែល
    គ្មាននរណាយកមកប្រើ ហើយក៏ស្ដាប់មិនបានវិញដែរផង😀

    • តា ម៉ាប់ និយាយថា៖

      ណឹងហើ្យពូ តាម​ដំណរ​ភ្ជាប់​ដែល​ខ្ញុំ​ដាក់​នៅ​ក្រោម​គេ​ ដែល​សិក្សា​ដោយ​ក្រុម​លោកគ្រូ អាំង ជូលាន គឺ មាន​ន័យ​ដូច​ដែរ​ពូ​និយាយ​អញ្ចឹង​ដែរ ។ ដោយ​សារ​តែ​អត្ថបទ​ខាង​លោក​គ្រូ​គាត់​ដាក់​ជារូប (ការពារ​ការ​ចម្លង) ដូច្នេះ​ខ្ញុំ​ក៏​ដាក់​តំណរ​ភ្ជាប់​ទៅ ។

      ពាក្យ​សម្ដេច​ជួនណាត​នេះ​ខ្ញុំ​តែង​និយាយ​ជា​ញយៗដែរ តែ​ឃើញ​ថា​រាជ​បណ្ឌិត​សភាក្ដី ក្រុមប្រឹក្សាភាសា​ខ្មែរ​ក្ដី ដូច​ជា​មិន​ព្រម​ចាក់​កៅស៊ូសោះ ។

    • achharia និយាយថា៖

      អរគុណ​ប្អូនម៉ាប់ ចំពោះតំណទៅសំណេរនៅទំព័រភ្នំពេញប៉ុស្តិ៍នោះ
      ខ្ញុំបានអានហើយ ។

    • តា ម៉ាប់ និយាយថា៖

      មានអ្នក​សួរថា តើ​កម្រិត​ប៉ុណ្ណាដែលថា​ច្បាស់ ?

  2. achharia និយាយថា៖

    អត់យល់ ។
    នរណាសួរនរណា កំរិតច្បាស់ពីរឿងអី ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s