កំណត់​ហេតុ​ ជីវ តាក្វាន់ ៖ សេចក្ដី​ផ្ដើម


សេចក្ដីផ្ដើម ប្រពៃណី​អ្នក​ស្រុក​ចេនឡា

រឿង​រ៉ាវ​ទាំង​នេះ លោក ជីវ តាក់គង់ (1) បាន​និពន្ធ​ឡើង​ក្នុង​សម័យ​សន្តតិវង្ស ងន់ (2) គឺ​នៅ​ស្រុក វ៉េងតា (3) ហើយ​ក្រោយ​មក​ លោក ហ្កូវ គង់ បាន​កែ​សម្រួល​ក្នុង​រវាង​រាជ​សន្តតិវង្ស ម៉េង (4) ក្នុង​ស្រុក​សេងអាន (5)

***

  1. នេះ​តាម​សំឡេង ចិនទាជីវ បើ​អាន​តាម​​សំឡេង ចិន​ប៉េកាំង : ចូវ តាក្វាន់ តែ​យើង​ធ្លាប់​មក​ថា ជីវ តាក្វាន់​ៗ = Zhou Daguan
  2. សន្តតិវង្ស​ងន់​នេះ មាន​ស្ដេច​ច្រើន​អង្គ តែ​នេះ​ក្នុង គ.ស ១២៩៥ គឺ​ត្រូវ​លើ​ស្ដេច​ឈ្មោះ ងន់ សេងចុង នាម​សម្រាប់​រាជវង្ស ងន់​ចេង = Temür Khan, Emperor Chengzong of Yuan
  3. ស្រុក​វេងតា ​ខែត្រ​ជាក់កាង (ចិនខាងត្បូង) = ប្រហែល​ (Wenzhou, Zhejiang Province)
  4. សន្តតិវង្ស​ម៉េង ចូល​មក​ក្នុង​សតវត្ស​ទី ១៣ -១៤ នៃ​គ.ស = (Ming Dynasty 1368–1644)
  5. នៅ​ក្នុង​ខែត្រ​ហោណាំ (ហូណាន់) = (Hunan Province)

***

ចេនឡាចាម​ឡា អ្នក​ប្រទេស​ហៅ​ខ្លួនឯង​ថា «កាន់ផៃចឺ» តាម​កំនត់​ខ្លះ​របស់​ពួក​បស្ចឹម​ប្រទេស បាន​ហៅ​ថា «កាំពូចឺ» ដែល​មាន​សំលេង​ស្រដៀង​នឹង «កាំពួចេ» ដែរ ។ ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក អ៊ូជីវ តាម​ផ្លូវ​ទឹក​​ទន្លេ ស្រុក​ម៉ាំងគូយ និង គង់តុង កាត់​សមុទ្រ​ ឈិតជីវ ទៅ​ដល់​សមុទ្រ កាវជីវ ក៏​បាន​ទៅ​ដល់ ទីក្រុង​ចាម្ប បន្ត​ដំណើរ​បណ្ដោយ​ខ្យល់ ចេញ​ពី ក្រុង​ចាម្ប ទៅ​អស់​រយៈ​ពេល​កន្លះ​ខែ​ទៀត​ក៏​បាន​ទៅ​ដល់ ស្រុក​ចេញផូវ (ជម្ពូ?) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​​នេះ។ លុះ​ចេញ​ពី ចេងផូវ ទៅទៀត ឆ្លង​សមុទ្រ ​ឃុនលុន ក៏​ទៅ​ដល់​មាត់​ពាម គឺ​បែក​ចេញ​ពី​មាត់​សមុទ្រ​ទៅ​ជា​ដៃ​ទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្ដា​ច្រក​ទាំង​នោះ មាន​តែ​ច្រក​ទី៤​ ទេ ទើប​អាច​ចូល​ទៅ​បាន​ក្រៅ​ពី​នេះ​គេ​ដឹង​ថា​មាន​ទឹក​រាក់​ណាស់ នាវា​ធំ​ៗ​ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ត្រង់​ពាម​មាន​ច្រក​នោះ​ឃើញ​មាន​ព្រៃ​ទ្រុប ហើយ​ក្រៅ​ពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបុស និង​អំពៅ​ព្រៃ​ដុះ​បែក​ផ្កា​ស​សំព្រុស ម៉្លោះហើយ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ច្រក​ចូល​ទៅ​ណាស់ ។

ចូល​ផុត​ពី​មាត់​ពាម ធ្វើ​ដំណើរ​តាម​ដង​​ទន្លេ​ឆ្ពោះ​​ទៅ​​ទិស​​ខាង​​ជើង​​អស់​​រយៈ​​ដំណើរ​ប្រមាណ​កន្លះ​ខែ​ទៀត ទើប​បាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ ឆេណាំ (ឆ្នាំង?) ដែល​ជា​ខែត្រ​​មួយ​នៃ​ប្រទេស​នេះ ។ លុះ​ធ្វើ​ដំណើរ​ពី ឆេណាំ បណ្ដោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​ពេល ១០ថ្ងៃ​ទៀត កាត់ភូមិ ពូលូវឈឹង (ប្រែ​ថា​ភូមិ​កណ្ដាល​ផ្លូវ) ហ៊ុត​ឈឹង (ភូមិ​ព្រះពុទ្ធ)(1) ឆ្លង​កាត់​ សមុទ្រ​ទឹកសាប (2) ទៅ​ទៀត ទើប​បាន​ដល់ ទីក្រុង កាងពាងឈូ (កំពែងជូរ?) ។ ក្រុង​​នេះ​មាន​ទំហំ ៥០ លី (១លីប្រវែង ១.៨០០ហត្ថ) បើ​តាម​សៀវភៅ​ពួក​បស្ចិម​ប្រទេស​សរសេរ​ថា ប្រទេស​នេះ​មាន​ទំហំដី ៧.០០០​លី និង​មាន​ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ ក្រុង​ចម្ប៉ា គឺ​ត្រូវ​ធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចម្ងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាង​ត្បូង​ឃ្លាត​ពី​ទីក្រុង ហួងអ៊ូ ចម្ងាយ​ផ្លូវ ១០​ថ្ងៃ ឯ​ខាង​កើត​ប្រទេស​នេះ​គឺ​មហាសមុទ្រ ហើយ​ដែល​​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង​ខាង​សេដ្ឋកិច្ច​ជា​មួយ​ស្រុក​យើង​តាំង​ពី​ដើម​រៀង​មក​ផង ។

នៅ​គ្រា​ដែល ប្រទេស​ចិន (ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុងហ្គោល) បាន​ត្រួតត្រា​លើ​មហា​សមុទ្រ​ក្នុង​ទ្វីប​លោក​ហើយ លោក​ចម​ពល (មេទ័ព​ធំ) ឈ្មោះ ជុន តូវ ដែល​នៅ​ឈរ​ប្រចាំ​ការ​ត្រួតត្រា​ ទីក្រុង​ចាម្ប បាន​ចាត់​មន្ត្រី​ពីរ​នាក់​គឺ លោក ហ៊ូ ប៉េក​ហូវ អ្នក​មាន​ប៉ានមាស១ និង​លោក ឆាយ ហូវ ឲ្យ​ទៅ​កាន់ ប្រទេស​ចេនឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​ឲ្យ​មក​វិញ ។ លុះ​មក​ដល់​រជ្ជកាល​ស្ដេច ងន់ ចេង (គ.ស. ១២៩២) ខែទី៦ ព្រះរាជា​អង្គ​នេះ​ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក ប្រទេស​ចេនឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជា​មួយ​ដែរ ។ គឺ​នៅ​ក្នុង​ខែ​ទី២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ស្រុក ម៉េងជីវ នោះ​មក​ទៀត ។ លុះ​ថ្ងៃ១៥ ខែ​ទី​៣ ទើប​ដល់​​ ទីក្រុង​ចាម្ប នៅ​កណ្ដាល​ផ្លូវ​ជួប​នឹង​ខ្យល់​បក់​បញ្ច្រាស​ពី​មុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រ​អាក់​​​​​​​រ​អួល​ក្នុង​ដំណើរ ។ ដល់​មក​ខែ៧ ដែល​ជា​សរទរដូវ ទើប​បាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះ​ចូល​ទៅ (3)

លុះ​ដល់​មក​​រជ្ជកាល ស្ដេច តាយ តេក (គ.ស. ១២៩៧) ខែទី៦ ខ្ញុំ​ជិះ​នាវា​ត្រលប់​មក​វិញ ហើយ​ដល់​ថ្ងៃ​១២ ខែ​៨ ទើប​នាវា​ចូល​ចត​ដល់​កំពង់​ផែ​ស្រុក ស៊ីម៉េង ។ ចំពោះ​រឿង​ប្រពៃណី និង កិច្ចការ​នៃ ប្រទេស​ចេនឡា នេះ​ខ្ញុំ​មិន​បាន​ដឹង​ល្អិតល្អន់​អស់​សេចក្ដី​សព្វ​គ្រប់​មែន តែ​ខ្ញុំ បាន​ដឹង​ដោយ​ត្រួសៗ អាច​នឹង​ជម្រាប​បាន​ដែរ ។

***

  1. លោក Pelliot សង្ស័យ​ថា ពោធិ៍សាត់ តែ​ពិត​គឺ ភូមិ​ព្រៃ​ភព ព្រោះ​ជា​ពាក្យ​សំគាល់​នាម​ព្រះពុទ្ធ ដែរ ។
  2. ពាក្យ ទលេ បាលី ប្រែ​ថា​សមុទ្ទ សព្វ​ថ្ងៃ​ក្លាយ​ជា ទន្លេ​សាប​វិញ ។
  3. ត្រង់​នេះ តាម​សេចក្ដី​ប្រែ លោក Pelliot មិន​ឮ​ថា​ព្រម​ចំណុះ​ចូល​ទេ តែ​នេះ​ប្រែ​តាម​ប្រយោគ​ចិន​អក្សរ ដូច្នេះ​ន័យ​នេះ​បាន​ត្រឹម​តែ​ថា ​គេ​ព្រម​រាក់​ទាក់​ទទួល​បេសកជន​ប៉ុណ្ណោះ ។

***

ផ្ទៀង​ផ្ទាត់​ជា​មួយ​សៀវភៅ​ជា​ភាសា​អង់គ្លេស

On 20 February 1296, Zhou Daguan set sail from Wenzhou in Zhejiang province, on a compass guided ship, passing the ports of Fuzhou, Guangzhou, Quanzhou (Zaitong), the Island of Hainan, the Seven-Islands Sea (Qizhou yang), the sea off Central Vietnam coast (Jiaozhi Sea), and stopped over in Zhancheng or Champa (today’s Qui Nhon). The ship resumed its trip passed the province of Zhenpu, through Poulo Condor Sea, then heading north on the Mekong River into Tonle Sap River reaching the town of Kampong Chhnang of Cambodia; from there he boarded a small boat, sailing for a dozen days, through Tonle Sap Lake arriving at Angkor Thom, the capital of Cambodia in August.

  1. Fuzhou = អ៊ូជីវ ?
  2. Guangzhou = គង់តុង
  3. Seven-Islands Sea = សមុទ្រឈិតជីវ ?
  4. Jiaozhi Sea = សមុទ្រ​កាជីវ ?
  5. Zhancheng ឬ Champa (Qui Nhon បច្ចុប្បន្ន) = ទី​ក្រុង​ចាម្ប
  6. Zhenpu = ចេង​​ផូវ (ត្រូវ​នឹង​ខែត្រ​បារៀ កម្ពុជា​ក្រោម)
  7. Poulo Condor Sea = សមុទ្រ​​​ឃុន​លុន (សមុទ្រ​កោះ​ត្រឡាច)
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s