កំណត់​ហេតុ​ ជីវ តាក្វាន់ (១)


១. បរិវេណ​នៃ​ក្រុង

បរិវេណ​នៃ​ក្រុង​នេះ មាន​ទំហំ ២០លី (១លី = ៥៧៦​ម៉ែត្រ) មាន​ទ្វារ ៥ ។ ទ្វារ​ទាំង​នោះ​សុទ្ធ​តែ​សាង​កម្រាស់​ជា​ពីរ​ជាន់​ក្នុង​ក្រៅ គឺ​នៅ​ទិស​ខាង​កើត​មាន​ទ្វារ ២ ។ ក្រៅ​ពី​នេះ ក្នុង​មួយ​ទិស​មាន​ទ្វារ​តែ​មួយ​ទេ ។ នៅ​ក្រៅ​កំពែង​ក្រុង​សុទ្ធ​តែ​មាន​ប្រឡាយ​ទឹក​ធំ​ៗ ពី​ក្រៅ​ប្រឡាយ​នោះ​មាន​ផ្លូវ​ដើរ​ទៅ​កាន់​ស្ពាន​ធំ​ៗ ហើយ​នៅ​សង​ខាង​ស្ពាន​និមួយៗ​ មាន​ទេវរូប​ថ្ម ៥៤ ដូច​ជា​មេទ័ព​ថ្ម​ដ៏​ធំ​ៗ ដូច្នេះ​ដែរ ។ រូប​ទាំង​នោះ​ដូច​ៗ គ្នា​នៅ​តាម​ច្រក​ទាំង​ ៥ ។ បង្កាន់​ដៃ​ស្ពាន​ទាំង​នេះ​គេ​ធ្វើ​អំពី​ថ្ម ហើយ​មាន​ឆ្លាក់​រូប​ពស់​ដ៏​ធំ (1)  ដែល​មាន​ក្បាល៩ ឯ​រូប​ថ្ម​ទាំង ៥៤នោះ សុទ្ធ​តែ​យក​ដៃ​ចាប់​ទាញ​ពស់​នេះ​ឯង​ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ស្ទុះ​ទៅ​រួច ។ នៅ​ខាង​លើ​ខ្លោងទ្វារ មាន​ពុទ្ធ​រូប​ថ្ម​ ៥​អង្គ​ បែរ​ភក្ត្រ​ទៅ​ទិស​ខាង​លិច ហើយ​ ១​អង្គ​ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​គេ​មាន​ទឹក​មាស​ល្អ​ស្រស់​ផង ។ នៅ​សង​ខាង​ទ្វារ​មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត ។

កំពែង​ទី​ក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំងអស់​មាន​កម្ពស់ ២០​ហត្ថ (១ហត្ថ = ០.៤៣​ម៉ែត្រ) តម្រៀប​ថ្ម​យ៉ាង​ជិត​ហើយ​មាំ​ណាស់ ។ នៅ​ពី​លើ​គ្មាន​ស្មៅ​ដុះ​ឡើយ តែ​នៅ​ចន្លោះ​មួយ​ដុំ​ៗ មាន​ដាំ​ដើម​ជ្រៃ ។ ឯ​ផ្ទៃ​ក្នុង​នៃ​កំពែង​ដែល​មាន​ចន្លោះ​ពី​គ្នា​ដល់​ទៅ ១០០ហត្ថ នោះ​ស្ថិត​នៅ​ជា​ដី​ជម្រាល បី​ដូច​ជា​ជម្រាល​នៃ​ភ្នំ​រលីង​ស្អាត​ណាស់ ។ លើ​កំពែង​ដែល​មាន​ផ្ទៃ​ជា​ជម្រាល​នោះ មាន​ទ្វារ​ធំ​ៗ ដែល​បិទ​ជិត​នៅ​ពេល​យប់ ហើយ​បើក​ចំហ​នៅ​ពេល​ថ្ងៃ​តាំង​ពី​ព្រលឹម និង​មាន​អ្នក​យាម​ប្រចាំ​ការ​ជានិច្ច ។ សត្វ​ឆ្កែ​គេ​មិន​ឲ្យ​ចូល​ក្នុង​ទ្វារ​នេះ​ទេ ។ ជន​ណា​ដែល​ធ្លាប់​មាន​ទោស​ត្រូវ​គេ​កាត់​ម្រាម​ជើង​ក៏​មិន​ឲ្យ​ចូល​ដែរ ។ កំពែង​ព័ទ្ធ​ជុំវិញ​នោះ​មាន​ជ្រុង​ជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ជ្រុង​និមួយៗ សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់​ជ្រុង ។

នៅ​កណ្ដាល​ទី​ក្រុង​នេះ​មាន​ប្រាសាទ​មាស​មួយ (2) និង​នៅ​ជិត​ខាង​នេះ​មាន​ប្រាង្គ​ប្រាសាទ​ជាង ២០ទៀត ព្រមទាំង​មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​បន្ទប់​ផង ។ នៅ​ប៉ែក​ខាង​កើត​មាន​ស្ពាន​មាស​មួយ​មាន​រូប​តោ​មាស ២ ស្ថិត​នៅ​អម​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ស្ពាន​មាស ។ មាន​ព្រះពុទ្ធ​រូប​មាស ៨​អង្គ តម្កល់​នៅ​តម្រៀប​គ្នា​ចំ​ពី​ក្រោម​ប្រាង្គ​សិលា ។ នៅ​ខាង​​ជើង​ប្រាសាទ​មាស​ចម្ងាយ​ប្រមាណ​ជាង ១លី មាន​ប្រាសាទ​ស្ពាន់​មួយទៀត​ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ប្រាសាទ​មាស​គួរ​ឲ្យ​គយគន់​ណាស់ ។ ចំ​ពី​ក្រោម​ប្រាសាទ​ស្ពាន់​នោះ​ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែល​ជា ១០ ដែរ ។ ចេញ​ពី នេះ​ទៅ​ខាង​ជើង​ថែម ១លី ទៀត គឺ​ជា​ព្រះ​រាជ​ដំណាក់​ដែល​ស្ដេច​គង់នៅ ។ នៅ​ក្នុង​ល្វែង​ដែល​ជា​ព្រះ​ដំណាក់​នោះ មាន​ប្រាង្គ​មាស​មួយ​ទៀត ។ ទំនង​ជា​ដោយ​ហេតុ​នេះ​ហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំណាល​ថា ប្រទេស​ចេនឡា ថ្កុំថ្កើង​រុងរឿង​ណាស់ ។

ចេញ​ពី​កំពែង​តាម​ទ្វារ​ខាង​ត្បូង​ទៅ​ចម្ងាយ​ប្រមាណ​ជា​ជាង​កន្លះ​លី តាម​ពាក្យ​ចចាមអារ៉ាម​គេ​និយាយ​ថា ចេតិយ​លូប៊ូន (3)  សង់​តែ​មួយ​យប់ ។ ផ្នូរ​សព ឬ ចេតិយ​លូប៊ូន ស្ថិត​នៅ​ក្រៅ​កំពែង​ខាង​ត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រមាណ​ជាង ១០​​លី និង​មាន​បន្ទប់​ថ្ម​ច្រើន​រយ​ទៀត​ផង ។ នៅ​ស្រះ​ខាង​កើត​កំពែង​នគរ​ប្រមាណ ១០លី មាន​ប្រាសាទ​ថ្មី​មួយ​ទៀត (4)  មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រវែង ១០០លី ។ នៅ​ក្នុង​ប្រាសាទ​នេះ មាន​ព្រះពុទ្ធ​រូប​មួយ​អង្គ​ទ្រង់​ផ្ទំ​ធ្វើ​ពី​ស្ពាន់ ហើយ​មាន​ទឹក​ចេញ​ជា​និច្ច​ពី​ផ្ចិត​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្រះ​ធំ​មួយ​នៅ​ពី​ខាង​ជើង​ប្រាសាទ​នេះ ។ នៅ​ទិស​ខាង​ជើង​កំពែង​នគរ​ចម្ងាយ​ប្រមាណ ៥លី មាន​ប្រាសាទ​មាស​រាង​បួន​ជ្រុង (5)  និង​មាន​បន្ទប់​ថ្ម​ជាច្រើន​រយ ហើយ​នៅ​ក្នុង​នោះ​ គេ​ឃើញ​មាន​ព្រះពុទ្ធ​រូប​មាស រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃ​ទៀត​ធ្វើ​ពី​ស្ពាន់​ច្រើន​ឥត​គណនា ។

***

  1. ពស់​ធំ​នេះ បើ​ខ្មែរ​គឺ​ជា​នាគ ។ ជីវ​ តាក្វាន់ ធ្លាប់​ស្គាល់​នាគ​ចិន​មាន​រូប​រាង​ផ្សេង​ពី​ពស់ បាន​ជា​ហៅ​នាគ​ខ្មែរ​ថា ពស់ ។
  2. លោក Pelliot ចុះ​សេចក្ដី​យល់​ថា​ប្រាសាទ​នេះ គឺ​ប្រាសាទ​បាយ័ន ។
  3. តាម​សេចក្ដី​ប្រែ​របស់​ លោក Pelliot ថា Lou-Pan ហើយ​លោក​ចុះ​សេចក្ដី​យល់​ថា​ជា ប្រាសាទ​អង្គវត្ដ (​តាម​ចិន លូប៊ូន ជា​ឈ្មោះ​មេ​ជាង​រចនា​ក្នុង​រឿង​ព្រេង ដូច​ខ្មែរ​យើង​និយាយ​ពី ពិស្ណុការ អ្នក​សាង​ប្រាសាទ​ដែរ) ។
  4. លោក Pelliot យល់ថា​ជា ប្រាសាទ​មេ​បុណ្យ​ខាង​លិច ដែល​គាត់​បន្ថែម​ថា ​ប្រហែល​ជា​គេ​ច្រឡំ ជា​ទិស​ខាង​កើត​ទៅ​វិញ។ អាន​បន្ថែម ៖ បារាយណ៍​មេ​បុណ្យ​ខាង​លិច និង បដិមា​ព្រះ​វិស្ណុ​ផ្ទំ
  5. ទំនង​ជា ប្រាសាទ​នាគព័ន្ធ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s