កំណត់​ហេតុ ជីវ តាក្វាន់ (២)


២. ដំណាក់​លំនៅ​ស្ថាន

ព្រះ​ដំណាក់ ផ្ទះ​នាម៉ឺន​មន្ត្រី និង​ផ្ទះ​អ្នក​មាន​ទាំងអស់​សុទ្ធ​តែ​បែរ​មុខ​ទៅ​កើត ។ ព្រះ​រាជ​ដំណាក់ ស្ថិត​នៅ​ខាង​ជើង ប្រាសាទ​មាស និង​ស្ពាន​មាស ហើយ​នៅ​ជិត​មាត់​ទ្វារ​ក៏​មាន​បន្ទាយ​ព័ទ្ធ​ជុំវិញ​ប្រវែង ៥ ឬ ៦លី ។ ក្បឿង​ប្រក់​តួ​ប្រាសាទ​កណ្ដាល​ធ្វើ​ពី​សំណ ឯ​អគារ​ផ្សេង​ទៀត​សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង ។ សសរ​និង​ស៊ុម​ទ្វារ​សុទ្ធ​តែ​ឆ្លាក់ ឬ​គូរ​រូប​រចនា​ផ្សេង​ៗ តែ​ភាគ​ច្រើន​ គឺ​រូប​ព្រះ​ពុទ្ធ ។ ដំបូល​ទាំង​នោះ​ល្អ​មើល​ណាស់ ។ របៀង​ប្រាសាទ និង ថែវ​យ៉ាង​វែង​អាច​ដើរ​បាន ជា​ផ្លូវ​ខ្វាត់​ខ្វែង ហើយ​ដំបូល​នោះ​ក៏​ខ្ពស់​ៗ សំបើម​ណាស់ ។ ទី​នេះ​ជា​កន្លែង​ព្រះ​រាជវាំង​ដែល ស្ដេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ស្ដេច​គង់​ប្រថាប់ មាន​សសរ ៤ជ្រុង​តម្កល់​កញ្ចក់​តម្រៀប​គ្នា​​ប្រមាណ​ជា ៤០ ឬ ៥០​បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (1)

ខ្ញុំ​ឮ​គេ​និយាយ​ថា ទី​ត្រង់​នេះ​មាន​របស់​ប្លែក​ៗ ​ច្រើន​ណាស់ ប៉ុន្តែ​បម្រាម​តឹង​តែង​ពេក​មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន ។ ក្នុង​បណ្ដា​រឿង​ប្លែក​ទាំង​នោះ​មាន​ការណ៍​មួយ​ថា នៅ​កណ្ដាល​ប្រាសាទ​មាន​ប្រាង្គ​មាស​មួយ​​ ហើយ​ថា រាល់​យប់​ស្ដេច​តែង​ឡើង​ទៅ​ផ្ទំ​លើ​ប្រាង្គ​មាស​នោះ ។ អ្នក​ស្រុក​គេ​មាន​ជំនឿ​ហើយ​នាំ​គ្នា​និយាយ​ថា នៅ​ក្នុង​ប្រាសាទ​មាស​នោះ​ឯង​មាន​បិសាច​មួយ​មាន​រូប​ពស់​ក្បាល​ប្រាំ​បួន (2) ។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ (3) ។ រាល់​យប់ បិសាច​តែង​ដំណែង​ខ្លួន​ជា​មនុស្ស​ស្រី ហើយ​ស្ដេច​ត្រូវ​រួម​ផ្ដេកផ្ដិត​នឹង​នាង​នេះ សូម្បី​តែ​មហេសី ឬ​ស្នំ​ស្និទ្ធ​ព្រះអង្គ ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ទី​នោះ​ដែរ ។ លុះ​ដល់​មជ្ឈិមយាម ទើប​ស្ដេច​ចេញ​មក​ពី​នាង​ពស់​នោះ​មក​រួមរក្ស​និង​មហេសី ឬ​ស្រី​ស្នំ​ដទៃ​ទៀត​បាន ។ បើ​បាត់​ពស់​នោះ​មិន​និម្មិត​មក​ទេ​នោះ​ថា​គ្រោះ​ថ្នាក់​នឹង​មក​ដល់​អាយុ​ស្ដេច​ហើយ រឿង​រ៉ាវ​អាក្រក់​នឹង​កើត​ឡើង​ ។ បើ​ស្ដេច​មិន​បាន​យាង​ចូល​ទៅ​ទីនោះ​មួយ​យប់​ណា​ហើយ ពេល​នោះ​អពមង្គល​នឹង​ពិត​ជា​កើត​ឡើង​ភ្លាម​មិន​ខាន​ដែរ ។

បន្ទាប់​មក ដំណាក់​ញាតិវង្ស ឬ​លំនៅ​នាម៉ឺន​មន្ត្រី​ធំ​ៗ សង់​យ៉ាង​ធំ​ទូលាយ​ស្ដុកស្ដម្ភ​ប្លែក​ពី​ផ្ទះ​អ្នក​ស្រុក​សាមញ្ញ ។ ផ្ទះ​ទាំង​នោះ​សុទ្ធ​តែ​ប្រក់​ស្លឹក មាន​តែ​ផ្ទះ​អ្នក​ធំ និង​វិហារ​ទេ​ដែល​ប្រក់​ក្បឿង ។ ហើយ​ទំហំ​ផ្ទះ​ទាំង​នោះ​ត្រូវ​សង់​ទៅ​តាម​លំដាប់​យសស័ក្ដិ​នៃ​ម្ចាស់​ផ្ទះ​ផង ។ ចំណែក​ផ្ទះ​ប្រជារាស្ត្រ​វិញ​សុទ្ធ​តែ​ប្រក់​ស្លឹក ឬ​ស្បូវ គេ​មិន​ហ៊ាន​ប្រក់​ក្បឿង​ទេ ឯ​ទំហំ​សោត​សង់​ទៅ​តាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​ឲ្យ​ដូច​លំនាំ​អ្នក​ធំ​ឡើយ ។

៣. សំលៀកបំពាក់ និង​គ្រឿងអលង្ការ

អ្នក​ស្រុក​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ​ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​បួង​សក់​ទាំង​អស់ ហើយ​គេ​តែង​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំវិញ​ខ្លួន​របៀប​គេ​ចង​ពុង ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​​ធំ​ជាង​មុន​មក​រុំ​ស្រោប​ថែម​ពី​លើ ។ ការ​ស្លៀកពាក់​នេះ មាន​លក្ខខ័ណ្ឌ​ទៅ​តាម​ឋានៈ​ទៀត ។ ព្រះ​ពស្ត្រ​របស់​ស្ដេច​មាន​តម្លៃ​ជា​មាស ​៣-៤​តម្លឹង គឺ​ល្អ​ដាច់​ពី​សំលៀក​បំពាក់​អ្នក​ផង​ទាំងពួង ។ អ្នក​ស្រុក​នេះ​ចេះ​ត្បាញ​សំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម និង​ចាម​ផង​ដែរ ។ សំពត់​ពិសេស​មក​ពី​បស្ចិមប្រទេស​ដែល​មាន​សាច់​ម៉ដ្ឋ​ល្អ មាន​តែ​ស្ដេច​ទេ​ដែល​មាន​ប្រើ គឺ​សំពត់​ផ្កា​សរសៃ​សូត្រ​ឆ្មារ ។ ស្ដេច​ពាក់​មកុដ​មាស បើ​ជួន​កាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រង​ផ្កា​ដូច​ជា​ផ្កា​ម្លិះ​ជាដើម ព័ទ្ធ​ជុំវិញ​ព្រះសិរ ។ នៅ​លើ​កំពូល​ព្រះ​កេស​មាន​ស្នៀត​សក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង ។ គ្រាន់​តែ​គ្រឿង​អលង្ការ​ដែល​ពាក់​នៅ​និង​ព្រះ​បាត និង​ព្រះហស្ត​មាន​ទម្ងន់​ដល់​ទៅ​ ៣​នាឡិ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែក​ឆ្មា ។ បាត​ព្រះហស្ត និង​បាត​ព្រះបាទ​មាន​លាប​​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក​ម្ដង​ៗ តែង​កាន់​ព្រះ​ខាន់​មាស​មួយ​ជានិច្ច ។

ចំណែក​ប្រជារាស្ត្រ​វិញ​ មាន​តែ​ស្រ្ដី​ភេទ​ទេ​ដែល​អាច​លាប​ថ្នាំ​ក្រហម​នៅ​បាតដៃ​បាតជើង​បាន ឯ​ប្រុសៗ មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា​រង្វើល​ៗ បាន ឯ​មន្ត្រី​ធម្មតា​ប្រើ​បាន​តែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ​ស្រី​ៗ អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​​ដែរ ។ ជនជាតិ​ចិន​ដែល​ទើប​មក​ដល់​ប្រទេស​នេះ​ថ្មី​ៗ ទោះ​បី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សង​ខាង​ក៏​គេ​មិន​ថា​អី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម​ស្រុក ហៅថា ពួក​ង៉ានទឹង ប៉ា ឆា (មិនដឹងភាសា?) ។

***

  1. ត្រង់​នេះ​ គឺ​ជា​បុស្បុក​​១ ដែល​មាន​សសរ ៤ និង​ក្បាច់​លំអ​ដោយ​កញ្ចក់​ជើង​ទ្រ​ធ្វើ​ពី​រូប​ដំរី តែ លោក ជីវ តាក្វាន់ សរសេរ​ថា ជា​ស៊ុម១ ព្រោះ​ឃើញ​មាន​តែ​គ្រប​ជុំ​វិញ ។
  2. ពស់​ក្បាល​ប្រាំបួន​​នេះ​ គឺ​ជា​នាគ ព្រោះ​នាគ​ខ្មែរ​មាន​ខ្លួន​ជា​ពស់ ឯ​នាគ​ចិន​មាន​ជើង​ក្បាល​តូច​ឥត​ពពារ​ទេ ។
  3. ចំណុច​នេះ​ខ្ញុំ​លើក​មក​ដោយ​ខ្លួន​ឯង មិន​មាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ឡើយ ។ តាម​ លោក ជីវ តាក្វាន់​ ថា គាត់​ត្រឹម​តែ​ឮ​ត​ពី​គេ​ប៉ុណ្ណោះ​មិន​បាន​និង​ឃើញ​ដោយ​ផ្ទាល់​ឡើយ​ ដូច្នេះ​ម្ដេច​ម្ដា​ក៏​យើង​គួរ​តែ​គិត​ផ្សេង​ពី​អ្វី​ដែល​គាត់​បាន​សរសេរ​បាន​ផង​ដែរ ។ បើ​យើង​មើល​ទៅ​ដើម​កំណើត​ប្រទេស​យើង​ដំបូង​ គឺ​មាន​ស្ដេច​ស្រី​ដែល​គេ​ថា​ជា​កូន​ស្ដេច​នាគ​ផង ។ លោក​ ជីវ តាក្វាន់ ថា «បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ» យើង​ក៏​អាច​និយាយ​ថា «ស្ដេច​ឡើង​ទៅ​នេះ​ គឺ​ទៅ​ជួប​ជា​មួយ​និង​ព្រលឹង​ម៉ែ​នាគ​ដែល​ជា​ម្ចាស់​ដើម​អ្នក​បង្កបង្កើត​នគរ​នេះ​ឡើង ។ ទៅ​ជួប​ដើម្បី​សុំ​យោបល់​ ក៏​ដូច​ជា​ពិភាក្សា​ពី​រឿង​ដឹក​នាំ​​ទឹក​ដី​នៅ​ថ្ងៃ​ស្អែក ។» បើ​គិត​ទៅ​រឿង​នេះ​ជា​រឿង​ផ្ទុយ​ទាំង​ស្រុង​ពី​រឿង​វិទ្យាសាស្ត្រ​ក៏​ពិត​មែន តែ​យើង​ក៏​មិន​អាច​ចោល​បាន​នោះ​ដែរ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s