កំណត់ហេតុ ជីវ តាក្វាន់ (៣)


៤. អំពី​មន្ត្រី

ប្រទេស​នេះ​មាន​ រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ​មាន​ច្រើន​ឋានៈ​ទៀត ដូច​ជា​នៅ ប្រទេស​ចិន ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ ។ មន្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​ពូជពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង ទាល់​តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ​ឲ្យ​ធ្វើ​ជា​ស្នំ​ស្ដេច ។ ការ​ធ្វើ​ដំណើរ​​នៃ​មន្ត្រី​ទាំង​នោះ គេ​សំគាល់​តាម​គ្រឿង​​ហែហម​តាម​ឋានៈ ។ អ្នក​ធំ​ជាង​គេ​អង្គុយ​លើ​គ្រែ​ស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស៤ ។ អ្នក​បន្ទាប់​មក​ទៀត គ្រែ​ស្នែង​មាស​ក្លស់​ដង​មាស២ ចុះ​មក​ទៀត​គ្រែ​ស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស១ ។ អ្នក​តូច​បន្ត​មក​ចេះ​តែ​ថយ ក្លស់​ដង​មាស​តែ១ រួច​ក្លស់​ដង​ប្រាក់​១ ឥត​មាន​គ្រែ​ស្នែង ។

ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែ​ស្នែង​ប្រាក់ និង​ក្លស់​ដង​មាស១ ឡើង​ទៅ សុទ្ធ​តែ​ហៅ ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នក​ដែល​មាន​ក្លស់​ដង​ប្រាក់ ហៅថា សីលាត់ទី (ស្រិស្ធិន?) ។ ក្លស់​នោះ គេ​យក​សំពត់​ជាតី​សូត្រ​ដែល​ធ្វើ​មក​ពី​ ប្រទេស​ចិន ពាស​ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆត្រ​តាំងយូ គេ​យក​សំពត់​សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀត​ផង ។

៥. អំពី​លទ្ធិ​សាសនា​ ៣​បែប

អ្នកចេះដឹង (ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ានឃាប (1) លោកសង្ឃ គេ​ហៅថា ជូតូ (2) ពួក​តាបស​គេ​ហៅថា ប៉ាស៊ឺវី (3) ។ ដែល​ហៅ​ថា ប៉ានឃាប នេះ មិន​ដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​គេ​នេះ​ឯង​ដែល​ស្លៀក​ពាក់​ដូច​ជា​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​មាន​ពាក់​អំបោះ​ស​.​វេញ​មួយ​ខ្សែ​នៅ​ក.​​ហើយ​អំបោះ​នេះ​ពាក់​ជាប់​និង​ក.អស់​មួយ​ជីវិត ។ គេ​តែង​រើស​យក​ពួក ប៉ានឃាប នេះ​ឯង​ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុក​ជា​អ្នក​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ ។

ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះ​កេស​គ្រង​ចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មា​ខាង​ស្ដាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែក​ជើង​ឡើយ ។ ព្រះ​វិហារ​មួយ គេ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្ដាល​ព្រះ​វិហារ​នោះ មាន​តម្កល់​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​ដែល​មាន​ភិនភាគ ដូច​ព្រះ​សក្យមុនី​ (4) ដែរ គេ​ហៅ​ថា ពុតលៃ លាបលន​ពណ៌​ក្រហម​ដោយ​គេ​យក​ដី​ស​មក​សូន​ធ្វើ​ហើយ​លាប​ពណ៌​ផ្សេង​ៗ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពី​នេះ​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់ ។ ព្រះសង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំងនេះ​ថ្វាយ​ព្រះ​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​និមន្ត​ទៅ​បិណ្ឌ​បាត​ពី​ផ្ទះ​ឧបាសក​តែ ១​ដង​ទេ ហើយ គ្មាន​រៀប​ដណ្ដាំ​ស្ល​នៅ​ក្នុង​វត្ត​ឡើយ ។ លោក​ឆាន់​មួយ​ដ​ង​ក្នុង​មួយ​ថ្ងៃ ។

ធម៌​ដែល​សូត្រ​លោកសង្ឃ​មាន​ច្រើន​ណាស់ គេ​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស (5) ដិត​ស្នាម​អក្សរ​ខ្មៅ (6) តែ​មិន​សរសេរ​ដោយ​ជក់ ឬ​ខ្មៅ​ដុស​ឡើយ ។ ខ្ញុំ​មិន​ដឹង​សរសេរ​ដោយ​អ្វី​ទេ ។ គេ​យក​គ្រែ​ស្នែង និង​ក្លស់​ដង​មាស ឬ​ដង​ប្រាក់​មក​សែង​មក​បាំង​លោក​សង្ឃ​ដែរ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​និង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​ដែល​ធំ​ៗ របស់​ស្រុក​ទេស ។ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដូន​ជី​នៅ​ក្នុង​វត្ត​ទាំង​នោះ​ទេ ។

រី​ឯ​ពួក​តាបស​ដែល​ហៅ ប៉ាស៊ឺវី នេះ ស្លៀក​ពាក់​ជា​អ្នក​ស្រុក​ធម្មតា​ដែរ តែ​មាន​ជួត​ក្បាល​កំណាត់​ពណ៌​ក្រហម របៀប​ដូច​ពួក​ស្រី តារតា (Tatar) នៃ​ជនជាតិ​ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្តិច ។ ពួក​នេះ​មាន​វត្ត​ដូច​ព្រះសង្ឃ​ពុទ្ធសាសនា​ដែរ តែ​មាន​ទំហំ​តូច​ជាង ។ លទ្ធិ​តាបស​នេះ គ្មាន​ឥទ្ធិ​ពល​ខ្លាំង​​ដូច​សាសនាព្រះពុទ្ធ​ទេ ។ ពួក​នេះ​គេ​គោរព​ចំពោះ​តែ​ថ្ម​មួយ​ដុំ​ធំ (7) ដូច​ថ្ម​រូប​អ្នក​តា​ព្រះ​ស្រុក​ដូច្នោះ​ដែរ ។ ប្រភព​ក្ដី ​របៀប​ប្រតិបត្តិ​នៃ​ពួក​នេះ​ក្ដី ខ្ញុំ​ពុំ​បាន​ដឹង​ទេ ។ ពួក​នេះ មាន​ដូនជី​ហើយ​វិហារ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន​ដែរ ។ ពួក ប៉ាស៊ឺវី មិន​បរិភោគ​របស់​អ្នក​ដទៃ​ទេ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​មុខ​ទី​សាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់ខាត ។ ខ្ញុំ​មិន​ដែល​ឃើញ​តាបស​សូត្រ​ធម៌ ឬ​ក៏​ធ្វើ​អំពើ​អ្វី​ជា​ប្រយោជន៍​អ្នក​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ឡើយ ។

ចំណែក​ក្មេង​ៗ កូន​អ្នក​ស្រុក​វិញ ដែល​ត្រូវ​ការ​រៀន​សូត្រ គេ​តែង​យក​ទៅ​ទុក​ដាក់​រៀន​ជា​មួយ​ព្រះសង្ឃ​ហើយ​បួស​ជា​ព្រះសង្ឃ​ផង លុះ​ដល់​អាយុ​ច្រើន​ក៏​វិល​ត្រលប់​មក​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ ។ ឯ​ការ​ល្អិតល្អន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​បាន​ដឹង​អោយ​ច្បាស់​លាស់​ឡើយ ។

***

  1. តាម​សេចក្ដី​ប្រែ​របស់ លោក Pelliot ថា ប៉ាឃី ។​ ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ បណ្ឌិត ។
  2. លោក​សង្ឃ​ខាង​ពុទ្ធសាសនា ប្រហែល​មក​ពី​ពាក្យ ចៅគូ ។
  3. លោក Pelliot ប្រែ​ថា ប៉ាសីវ៉ៃ ប្រហែល​មក​ពីពាក្យ បស្វៈ ឬ បស្វិ ​។
  4. តាម​មហាយាន គេ​​ជឿ​ថា​​មាន​ព្រះពុទ្ធ ២អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋានសួគ៌​គឺ​នាម ​អមិតាភៈ និង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម សក្យមុនី ។
  5. បាន​ជា​ខ្ញុំ​ប្រែ​ថា តាលព្រឹក្ស ព្រោះ​ពាក្យ​ដើម​គេ​ពុំ​ទាន់​បញ្ជាក់​ច្បាស់​ថា ស្លឹករឹត នៅ​ឡើយ​ទេ ។
  6. ការពិត គេ​ចារ​ដោយ​ដែក​ចារ ហើយ​​យក​ធ្យូង​លាយ​ប្រេង​លុប ទើប​បាន​ជា​ស្នាម​ខ្មៅ​នេះ ។
  7. លោក Pelliot ចុះ​សេចក្ដី​​យល់ថា ជាលិង្គ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s