កំណត់​ហេតុ ជីវ តាក្វាន់ (៤)


៦. អំពី​អ្នក​ស្រុក

តាម​ទម្លាប់​របស់​ពួក​មនុស្ស​ដែល​មិន​ទាន់​ស៊ីវិល័យ ​ច្រើន​តែ​មាន​រូប​ឆោម​ខ្មៅ​​គម្រិងគម្រាំង​មិន​និយម​នៅ​លើ​កោះ​ដែល​សម្បូណ៌​ដោយ​ទឹក​ទេ ចូលចិត្ត​តែ​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​ពី​គេ ។ ទម្លាប់​បែប​នេះ​ជា​ការ​ពិត​ណាស់ ។ ចំណែក​ស្ត្រី​ក្នុង​វាំង ឬ​ស្រុក​ក្នុង​ត្រកូល​ថ្កុំថ្កើង​វិញ​មាន​សាច់​ស​ដូច​ចាន ព្រោះ​តែ​គេ​មិន​ងាយ​ប៉ះ​​នឹង​កម្ដៅ​ថ្ងៃ​ឡើយ ។ តាមធម្មតា ទាំង​ស្រី​ទាំង​ប្រុស​គ្មាន​ស្លៀក​ដណ្ដប់​អ្វី​ក្រៅ​ពី​សំពត់​ ១​ផ្ទាំង​រុំ​ព័ទ្ធ​ភ្ជាប់​នឹង​ចង្កេះ​នោះ​ទេ ។ គេ​លែង​ខ្លួន​ទុក​ដើម​ទ្រូង​នៅ​កណ្ដាល​វាល ឯ​សក់​បួង ជើងទទេ​គ្មាន​ស្បែក​ជើង​ឡើយ ទោះ​ជា​ស្រី​មហេសី​ស្ដេច​ក៏​ដោយ ។

ព្រះ​មហាក្សត្រ​មាន​មហេសី ៥​អង្គ គឺ​អគ្គមហេសី១ និង​មហេសី​សាមញ្ញ ៤​ប្រចាំ​ទិស​ធំ​ទាំង ៤ដែរ ។ ចុះ​ពី​នោះ​មក​ខ្ញុំ​​ឮ​គេ​ថា​មាន​ស្រីស្នំ៤​ពាន់ ឬ​៥​ពាន់​នាក់ ហើយ​មាន​ចែក​ជា​ជាន់​ថ្នាក់ និង​មិន​ឲ្យ​ដើរ​ចេញ​ទៅ​ណា​ផ្ដេសផ្ដាស​ឡើយ ។ ខ្ញុំ​ចូល​ទៅ​ក្នុង​វាំង​ពេល​ណា ក៏​ឃើញ​ស្ដេច​ខ្មែរ​ចេញ​មក​ជា​មួយ​​អគ្គមហេសី ហើយ​គង់​ប្រថាប់​នៅ​ក្នុង​ស៊ុម​មាស (1) នា​ល្វែង​កណ្ដាល​ធំ​ទូលាយ ។ ចំណែក​​មន្ត្រី​ក្នុង​វាំង​វិញ​នាំ​គ្នា​នៅ​អង្គុយ​ក្នុង​ថែវ​ព័ទ្ធ​ជុំវិញ​តាម​លំដាប់​ថ្នាក់​យសស័ក្ដិ​រៀង​ខ្លួន ហើយ​នាំ​គ្នា​លប​មើល​ពី​ក្រោម​ស៊ុម​មាស​នោះ​មក ។ ខ្ញុំ​បាន​ចូល​ទៅ​ឃើញ​ម្ដង គឺ​ឲ្យ​តែ​នរណា​មាន​កូន​ក្រមុំ​ល្អ​ច្បាស់​ជា​ត្រូវ​គេ​ហៅ​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​វាំង ។ ពួក​ស្រី​នៅ​ខាង​ក្រោយ​នេះ​ដែល​ដើរ​ច្រវាត់​ចេញ​ចូល​បម្រើ គេ​ហៅ​ថា តាំងកេឡាង (ស្រឹង្គារ?) ។ ពួក​នេះ​មាន​ចំនួន​មិន​តិច​ជាង ១​ពាន់ ឬ​២ពាន់​នាក់​ទេ តែ​អាច​យក​ប្ដី​រស់​នៅ​ជា​មួយ​អ្នក​ធម្មតា​បាន ។ ស្រី​ទាំងនេះ​សុទ្ធ​តែ​កោរ​សក់​ពី​លើ​ថ្ងាស​បន្តិច ហាក់​ដូច​ជា​ពួក​អ្នក​បើក​ផ្លូវ​ទឹក​នៅ​ ស្រុក​ចិន​ខាង​ជើង ហើយ​គេ​លាប​ជាតិ​ហិង្គុល​នៅ​ត្រង់​ជើង​សក់​ក្បែរ​គុម្ព​ត្រចៀក​ទាំង​សង​ខាង ។ នេះ​ហើយ​ជា​សញ្ញា​សំគាល់​ពួក តាំងកេឡាង ឬ ជេនគាឡាង គឺ​មាន​តែ​ពួក​នេះ​ហើយ​ដែល​អាច​ចូល​ក្នុង​វាំង​បាន ឯ​អ្នក​ថយ​ថោក​ពី​នេះ​ទៀត​ចូល​ទៅ​កាន់​ផ្លូវ​ខ្វាត់ខ្វែង​ខាង​ក្រោម​ប្រាសាទ​នោះ​មិន​បាន​ទេ ។

ស្ត្រី​​អ្នក​ភូមិ​ធម្មតា​ក៏​បួងសក់​ដែរ ប៉ុន្តែ​គ្មាន​សៀត​ស្នៀត​សក់ និង​តុបតែង​លំអ​មុខ​ឡើយ ។ នៅ​ក​.ដៃ​មាន​ពាក់​កង​មាស នៅ​នឹង​ម្រាម​ដៃ​មាន​ពាក់​ចិញ្ចៀន​មាស ។ ម្យ៉ាង​ទៀត​ ពួកជេនគាឡាង និង​អ្នក​នៅ​ក្នុង​វាំង​ទាំង​ប្រុស​ទាំង​ស្រី​ សុទ្ធ​តែ​លាប​ប្រេង​ក្រអូប​ដែល​ផ្សំ​ឡើង​ពី​​ជាតិ​ឈើ​ក្រអូប និង​ក្រលៀន​ប្រើស ។

គ្រួសារ​ទាំង​អស់​សុទ្ធ​តែ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។ ក្នុង​ប្រទេស​នេះ មាន​មនុស្ស​ស្រី​ភេទ​ខ្លះ​ស្អាត​ៗ រាល់​ថ្ងៃ​តែង​ដើរ​ជា​ក្រុម​ ១០​នាក់ ឬ​លើស​ពី​នេះ ទៅ​ពាស​ពេញ​ទី​ផ្សារ​ជា​ញឹកញយ​ណាស់ មាន​បំណង​ទាក់ទង​ពួក​ចិន​ៗ ដូរ​យក​របស់​មាន​តម្លៃ​ដែល​ជា​ទម្លាប់​មួយ​មិន​ល្អ មិន​ថ្លៃថ្នូរ​សោះ ។

៧. អំពី​ស្ត្រី​សម្រាល​កូន

ស្ត្រី​ស្រុក​នេះ ក្រោយ​ដែល​សម្រាល​កូន​រួច​ទៅ គេ​យក​បាយ​ក្ដៅ​ប្រឡាក់​លាយ​អំបិល ហើយ​ញាត់​ចូល​ទៅ​ក្នុង​ទ្វារមាស លុះ​ដល់​បាន​មួយ​យប់​មួយ​ថ្ងៃ​ទើប​គេ​យក​ចេញ​មក​វិញ ។ ការ​ធ្វើ​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​មិន​សូវ​មាន​ជំងឺ និង​ឲ្យ​បាន​រួម​ទ្វារមាស​តូច​ដូច​ជា​ស្ត្រី​​ក្រមុំ​ទៀត ។ កាល​ខ្ញុំ​ទើប​ដឹង​រឿង​នេះ​ដំបូង ឆ្ងល់​ថា​ក្រែង​មិន​ពិត​ដូច្នោះ​ទេ​ដឹង ? ព្រោះ​ថា បើ​បាន​ជា​មាន​ប្ដី និង​មាន​កូន​ទៅ​ហើយ​ចុះ​ម្ដេច​ខ្លាច​គេ​ដឹង​រឿង​នេះ​ទៀត ? ប៉ុន្តែ​នៅ​នឹង​ផ្ទះ​ដែល​ខ្ញុំ​សំណាក់​នៅ ​មាន​ស្ត្រី​ម្នាក់​សម្រាល​កូន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​លាស់ នៅ​ក្រោយ​ពេល​សម្រាល​កូន​ហើយ មួយ​ផ្នែក​ទៀត ស្រី​នោះ​ពរ​កូន​ខ្ចី​ទៅ​មុជ​ទឹក​ទន្លេ ដែល​ជា​ការ​ចម្លែក​មិន​ដែល​ជួប​ប្រទះ​ទេ ។

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ជួប​គេ​ម្ដង​ណា គេ​តែង​ពោល​ថា ស្រី​ស្រុក​នេះ​ក្រាស់​ដោយ​កាម​តណ្ហា​ណាស់ ។ ក្រោយ​ពេល​ដែល​សម្រាល​កូន​ហើយ​ ១ថ្ងៃ ឬ​២​ថ្ងៃ​ប៉ុណ្ណោះ គេ​ក៏​រួម​ដំណេក​ជា​មួយ​ប្ដី​ទៀត​ហើយ ។ បើ​ប្ដី​នោះ​បំពេញ​ចំណង់​ខ្លួន​មិន​បាន​​ទេ​នឹង​ត្រូវ​គេ​បោះបង់​ចោល​ដូច ពួក​បួយឆេង (2) មិនខាន ។ ប្រសិន​ប្ដី​នោះ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​អស់​ច្រើន​យប់ ចាប់​ពី ១០​យប់​ឡើង​ទៅ ច្បាស់​ជា​ត្រូវ​ប្រពន្ធ​ស្ដី​ឲ្យ​ថា ខ្ញុំ​មិនមែន​ស្ត្រី​ខ្មោច​ទេ តើ​ឲ្យ​ខ្ញុំ​ដេក​ម្នាក់​ឯង​ម្ដេច​នឹង​បាន ? ខ្ញុំ​ឮ​ថា មាន​ស្ត្រី​ច្រើន​ណាស់​រក្សា​ទុក​សេចក្ដី​បរិសុទ្ធ​របស់​ខ្លួន ។ ស្ត្រី​​ៗ ច្រើន​តែ​ឆាប់​ចាស់​ណាស់ ពី​ព្រោះ​តែ​គេ​ឆាប់​មាន​ប្ដី ឆាប់​មាន​កូន​ពេក ។ មនុស្ស​ដែល​មាន​អាយុ ២០ ឬ​៣០​ គឺ​ប្រហែល​គ្នា​នឹង​ជនជាតិ​ចិន​ដែល​មាន​អាយុ ៤០ ឬ​៥០ឆ្នាំ ដូច្នោះ​ដែរ ។

***

  1. ស៊ុម​​មាស​ នេះ​ហើយ ដែល​យើង​ស្គាល់​ម្ដង​មក​ហើយ ហើយ​យើង​សន្មត​ថា​ជា បុស្បុក ដែល​ជា​ទី​ប្រថាប់​ក្នុង​ក្រឡាព្រះគំនាល់ ។
  2. បូយ​ឆេង ប្រែ​ថា មន្ត្រី​ទិញ គឺ​ពួក​ដែល​គេ​ទិញ​ដាច់​មិន​ឲ្យ​ទៅ​នៅ​មាន​ប្រពន្ធ​កូន​ឡើយ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s