កំណត់​ហេតុ ជីវ តាក្វាន់ (៥)


៨. អំពី​​ស្ត្រី​ក្រមុំ

ពួក​ឪពុក​ម្ដាយ​ដែល​មាន​កូនស្រី​តែង​ឲ្យ​​ពរ​កូន​ថា «សូម​ឲ្យ​ឯង​ទៅ​អនាគត​បាន​ជា​ស្រី​ដែល​មាន​ប្ដី​រាប់​ពាន់» (1) ។ កូន​ស្រី​ក្នុង​គ្រួសារ​អ្នក​មាន​ចាប់​ពី​អាយុ ៧ ទៅ ៩​ឆ្នាំ គ្រួសារ​អ្នក​ក្រ​ខ្សត់​រហូត​ដល់​អាយុ ១១ឆ្នាំ គេ​និមន្ត​លោក​ឬ​តាបស​មក​បើក​មុខ​កូន​ស្រី​ហៅ​ថា ឆឺនថាន់ (2)

ពិធី​នេះ រាជការ​ដាក់​កម្រិត​ឲ្យ​ធ្វើ ១​ឆ្នាំ​ម្ដង នៅ​ក្នុង​ខែ​ដែល​ត្រូវ​នឹង ខែទី៤ របស់​ចិន ដោយ​រើស​យក​ថ្ងៃ​ណា​មួយ​ធ្វើ​តែ​ម្ដង ។ អ្នក​មាន​កូន​ស្រី​ដែល​ត្រូវ​ធ្វើ​ពិធី​នេះ តោង​ជម្រាប​រាជការ​ជា​មុន ហើយ​អ្នក​រាជការ គេ​ក៏​ឲ្យ​​ទៀន​ធំ​ ១​ដើម​មក​ទុក​មុន និង​មាន​គូស​គំនូស​មួយ​ជា​កំណត់​សញ្ញា​ផង​ថា ​ដល់​ពេល​យប់​ធ្វើ​ពិធី​នេះ បើ​ដុត​ទៀន​អស់​ត្រឹម​គន្លាក់​នោះ​ហើយ​ត្រូវ​ចាប់​ ពិធី​ឆិនថាន់ ឡើង ។

នៅ​មុន​ពេល​ដែល​ធ្វើ​ពិធី​នេះ​ ១ខែ ឬ​កន្លះ​ខែ ឬ​១០​ថ្ងៃ ឪពុកម្ដាយ​ត្រូវ​ជ្រើសរើស លោក ឬ​តាបស​ណា​មួយ​ ប្រកាន់​ទុក​ជា​មុន ទោះ​បី​នៅ​វត្ត​ណា​ក៏​ដោយ​ក៏​តែង​តែ​មាន​គេ​ទៅ​និមន្ត​ដែរ ។ លោក​គ្រូ​អង្គ​ណា​ដែល​សំខាន់​ៗ ជាង​គេ​តែង​តែ​ត្រូវ​ពួក​មន្ត្រី ឬ​អ្នក​មាន​គេ​និមន្ត​ទុក​អស់​ហើយ ឯ​អ្នក​ក្រពុំ​អាច​ជ្រើស​រើស​រក​លោក​បាន​តាម​ចំណង់​ឡើយ ។ មន្ត្រី ឬ​អ្នកមាន គេ​បូជា​លោក​នូវ សុរា អង្ករ កំណាត់​សំពត់ ស្លា​ម្លូ និង​គ្រឿង​ប្រាក់​យ៉ាង​ច្រើន​រហូត​ដល់​ទៅ ១០០អំរែក​ផង ហើយ​មាន​តម្លៃ​ប្រមាណ​មិន​តិច​ជាង​សាច់​ប្រាក់​ចិន ២០០ ឬ​៣០០ តម្លឹង​ឡើយ ។  អ្នក​មាន​របស់​របរ​តិច​ក៏​គង់ ៣០ – ៤០ ឬ​១០ -២០ អម្រែក​ដែរ ។ ដូច្នេះ គ្រួសារ​អ្នក​ក្រ​ត្រូវ​រង់​ចាំ​ដល់​កូន​ស្រី​អាយុ ១១​ឆ្នាំ ទើប​ចាប់​ធ្វើ​ពិធី​នេះ មក​ពី​ពិបាក​រក​របស់​របរ​ទាំង​នេះ​ឯង ។

មាន​អ្នក​ខ្លះ គេ​ជួយ​លុយ​ដល់​កូន​អ្នក​ក្រ​ឲ្យ​ធ្វើ​ពិធី​នេះ​ដែល​គេ​ទុក​ជា​ការ​សាង​កុសល​មួយ​ដែរ ។ ក្នុង​មួយ​ឆ្នាំ លោក ឬ​តាបស​មួយ​អង្គ​អាច​ទទួល​និមន្ត ធ្វើ​ពិធី​នេះ​ឲ្យ​ក្មេង​ស្រី​បាន​តែ​​ម្នាក់​ទេ បើ​លោក​យល់​ព្រម​នឹង​អ្នក​ណា​មួយ​ហើយ មិន​អាច​ទទួល​អ្នក​ដទៃ​ទៀត​បាន​ទេ ។

នៅ​ពេល​យប់​ដែល​ធ្វើ​ពិធី​នេះ គេ​មាន​រៀប​ចំ​គ្រឿង​ស៊ី​ផឹក និង​ភ្លេងភ្លាត់​ទ្រហឹង​អឹង​កង ។ ក្រៅ​ពី​ការ​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជា​រោង​មួយ​តម្កល់​រូប​មនុស្ស រូប​សត្វ​ដែល​សូន​ធ្វើ​អំពី​ដី ។ អ្នក​មាន​យស​សក្ដិ​ធ្វើ​រូប​នេះ​ដល់​ទៅ​ជាង​១០ ឯ​អ្នក​ធម្មតា​យ៉ាង​ហោច​​មក​​ក៏​​មាន ៣ ឬ​៤​ដែរ ។ ចំពោះ​អ្នក​ដែល​ទាល់​ក្រ​ខ្លាំង​វិញ គ្មាន​ធ្វើ​រូប​នេះ​ទេ គិត​តែ​រៀប​ពិធី​តែ​ម្ដង​ទៅ លុះ​ដល់​ពេល​គ្រប់ ៧ថ្ងៃ ទើប​គេ​រុះ​រោង​នេះ​ចេញ ។ នៅ​យប់​ដែល​ធ្វើ​ពិធី​នោះ​ទៀត គេ​យក​គ្រែ​ស្នែង​ទៅ​និមន្ត​លោក​ហើយ​បាំង​ក្លស់ និង​លេង​ភ្លេង​ដង្ហែ​នាំ​យក​មក ។ គេ​មាន​កូន​តូប​២ ដូច​គ្រែ​ស្នែង​ដែរ ដែល​បិទ​បាំង​លម្អ​​ដោយ​ព្រែ​ពណ៌​ភ្លឺ​ព្រាល ។ តូប​មួយ​សម្រាប់​ឲ្យ​កូន​ស្រី​នោះ​អង្គុយ ឯ​តូប​មួយ​ទៀត​សម្រាប់​លោក ឬ​តាបស​គង់​សូត្រ​ធម៌ តែ​ខ្ញុំ​មិន​ដឹង​លោក​សូត្រ​អ្វី​ឡើយ ។ ពេល​នោះ​ភ្លេង​ក៏​ប្រគំ​ឮ​​គឹកកង​រំពង​ដែរ ។ ខ្ញុំ​ឮ​ថា​យប់​នេះ​គ្មាន​ត្រណម​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា​ដល់​ពេល​វេលា​ភ្លាម លោក ឬ​ តាបស​នោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជា​មួយ​កូន​ស្រី ហើយ​លូក​ដៃ​របស់​លោក​ផ្ទាល់​ទៅ​យក​របស់​កូន​ស្រី​ដាក់​ទៅ​ក្នុង​ស្រា (3) ។ ខ្លះ​ទៀត​ថា យក​មក​ភ្លក់​គ្រប់គ្នា ហើយ​ខ្លះ​ថា លោក​ក៏​រួមរ័ក​ជា​មួយ​កូនស្រី​ក្នុង​ពេល​នោះ តែ​ខ្លះ​ថា​ឥត​មាន​ទេ ។ រឿង​នេះ គេ​មិន​ឲ្យ​ពួក​ចិន​បាន​ឃើញ​ផ្ទាល់​ទេ ហេតុ​នេះ​ទើប​ខ្ញុំ​មិន​អាច​បាន​ដឹង​នូវ​ការ​ពិត​ឡើយ ។

លុះ​ពេល​ទៀប​ភ្លឺ​ ទើប​គេ​ដង្ហែ​លោក​ដោយ​គ្រែ​ស្នែង​មាន​ភ្លេង​នឹង​បាំង​ក្លស់​នាំ​យក​ទៅ​វិញ ហើយ​គេ​យក​របស់​ល្អ​ៗ មាន ព្រែ​ពណ៌​ជាដើម ទៅ​ធ្វើ​ជា​ថ្នូរ​លស់​យក​កូន​ស្រី​នោះ​មក​វិញ ។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូនស្រី​នេះ​មិន​អាច​យក​ទៅ​ឲ្យ​មាន​ប្ដី​ដទៃ​ទៀត​បាន​ឡើយ ព្រោះ​នៅ​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ឡើយ ។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​នេះ គឺ​នៅថ្ងៃ៦ ខែ​ទី​៤ នៃ​ឆ្នាំ​តេងអ៊ីវ ក្នុង​រជ្ជកាល​ ស្ដេច​តាយតេក (គ.ស ១២៩៧) នៅ​ពេល​ដែល​មុន​ធ្វើ​ពិធី​នេះ កូនស្រី​ត្រូវ​នៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ឪពុកម្ដាយ លុះ​ដល់​ធ្វើ​ពិធី​នេះ​រួច​ហើយ កូន​ស្រី​ត្រូវ​បែក​ទៅ​ដេក​បន្ទប់​ដទៃ ហើយ​នាង​ចង់​ទៅ​ដេក​កន្លែង​ណា​ក៏​បាន តាម​ចិត្ត​​ចង់​ឥត​មាន​នរណា​តាម​មើល​គយ​ឃ្លាំ​ឡើយ​ ។

ចំពោះ​រឿង​អាពាហ៍ពិពាហ៍​វិញ ពិត​មែន​តែ​មាន​តម្រូវ​ឲ្យ​ជូន​លុយ​កាក់​ជា​ច្រើន ប៉ុន្តែ​គេ​មាន​អនុគ្រោះ​ច្រើន​ដែរ ។ មាន​ខ្លះ ​គេ​អាច​ដេក​នៅ​រួមរ័ក​នឹង​គ្នា​ជា​មុន​ទៅ​ហើយ ទើប​រៀបការ​ជា​ក្រោយ​ក៏​បាន ។ តាម​ប្រពៃណី​គេ​មិន​ចាត់​ទុក​ការណ៍​នេះ​ជា​ ការ​គួរ​ខ្មាស​អៀន ឬ​ចម្លែក​ឡើយ ។

នៅ​យប់​ដែល​ធ្វើ ពិធី​ឆិនថាន នោះ ជួនកាល​នៅ​តែ​តាម​ផ្លូវ​មួយ​​មាន​ដល់​ទៅ ១០​ផ្ទះ​ឯ​នោះ រៀប​ធ្វើ​ពិធី​នេះ ។ នៅ​តាម​ទីក្រុង​ អ្នក​ណា​ហ៊ាន​ដើរ​កាត់​ហ្វូង​ពិធី​ពី​មុខ លោក ឬ​តាបស​ទាំង​នេះ ច្បាស់​ជា​វង្វេងវង្វាន់​ផ្លូវ ហើយ​ណា​មួយ​ឮ​គឹកកង​សព្ទ​សូរ​ភ្លេង​គ្មាន​ចន្លោះ​ត្រង់​ណា​ទេ ។

៩. អំពី​ទាសាទាសី

គេ​សុទ្ធ​តែ​ទិញ​មនុស្ស​ព្រៃ (4) យក​មក​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសាទាសី ។ អ្នក​ដែល​មាន​ច្រើន គឺ​មាន​ទាសា​ទាសី​ដល់​ទៅ​ជាង ១០០​នាក់​ ឯ​អ្នក​ដែល​មាន​តិច​ក៏​ត្រឹម ១០ – ២០នាក់​ដែរ លើកលែង​តែ​អ្នក​​ក្រ​បំផុត​ទើប​គ្មាន​សោះ ។ ចំណែក​មនុស្ស​ព្រៃ​ទាំង​នោះ គឺ​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ​មាន​ជា​វង្ស​ត្រកូល​មួយ​​ហៅ​ថា ​អា​ចោរ «ថុង» (5) (ជង?) ។ ពួក​នេះ​បើ​មក​នៅ​កន្លែង​ណា​ហើយ មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ក្រៅ​ផ្ទះ​ឡើយ ។ ពួក​អ្នក​ស្រុក​ក្រុង គេ​ឈ្លោះ​គ្នា​គេ​ជេរ​គ្នា​ថា អាថុង​ៗ ដូច្នេះ គេ ខឹង​ខ្លាំង​ណាស់ ព្រោះ​ទុក​ជា​ការ​មើល​ងាយ​យ៉ាង​ធ្ងន់ ។ ក្មេង​ៗ​ មាន​កម្លាំង​ពេញ​លក់​បាន​តម្លៃ​ ១០០ «ប៉ូវ» (6) បើ​ចាស់​ៗ ខ្សោយ​កម្លាំង​បាន​តែ ៣០ ឬ៤០​ទេ ។

ពួក​នេះ គេ​ឲ្យ​នៅ​តែ​ក្រោម​ផ្ទះ លុះ​ត្រា​មាន​ការ​ប្រើ​ចាំ​បាច់​ទើប​គេ​អនុញ្ញាត​ឲ្យ​ឡើង​លើ​ផ្ទះ ហើយ​ត្រូវ​ឲ្យ​លុត​ជង្គង់​លើក​ដៃ​សំពះ​គេ​សិន​ទើប​អាច​ឲ្យ​ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ គេ​ហៅ​ម្ចាស់​គេ​ថា ប៉ាថូ (7) ហៅ​ម្ចាស់​ស្រី​ថា មី (8) ។ ប្រសិន​បើ​មាន​កំហុស​ត្រូវ​គេ​វាយ​ដំ​វិញ ពួក​នេះ​សុខ​ចិត្ត​ជ្រប់​មុខ​បណ្ដោយ​ឲ្យ​គេ​វាយ​តាម​ចិត្ត​​មិន​ហ៊ាន​រើ​បម្រះ​ឡើយ ។ ពួក​នេះ​ស្រី​ប្រុស គេ​យក​តែ​គ្នា​គេ​ជា​ប្ដី​ប្រពន្ធ គ្មាន​សិទ្ធិ​យក​អ្នកដទៃ​ឡើយ ។ បើ​មាន​ពួក​ចិន​ទៅ​នៅ​ស្រុក​នោះ​យូរ លួច​រួមរ័ក​ជា​មួយ​ស្ត្រី​ពួក​នោះ ដោយ​ការ​ស្រេក​ឃ្លាន​កាមតណ្ហា​ហើយ​ម្ចាស់​គេ​ទាន់ នោះ​អ្នក​ផង​គេ​លែង​ឲ្យ​ចិន នេះ​ឯង​អង្គុយ​ជា​មួយ​គេ​ហើយ ព្រោះ​ខ្លួន​លួចលាក់​ជា​មួយ​ពួក​ទាស ។

បើ​ពួក​ទាស​ទាំង​នេះ​ទាក់ទង​លួចលាក់​ជា​មួយ​អ្នក​ក្រៅ​រហូត​ដល់​មាន​ផ្ទៃពោះ កើត​បាន​ជា​កូន​ទៅ ក៏​ចៅហ្វាយ​នាយ​ឥត​សួរ​រក​ហេតុ​ផល​ឡើយ ។ បាន​ជា​គេ​មិន​សួរ​មក​ពី​គេ​យល់​ថា បើ​ទាស​នោះ កាលណា​បាន​កូន​មក​នឹង​បាន​ផល​ដល់​គេ ព្រោះ​ថ្ងៃ​ក្រោយ​គេ​នឹង​ចម្រើន​ទាស​ឡើង​ទៀត ។ បើ​ទាស​ណា​លួច​រត់ ហើយ​គេ​តាម​ចាប់​បាន​មក​វិញ គេ​ត្រូវ​យក​មក​សាក់​មុខ​ចំ​កណ្ដាល​ថ្ងាស​ពណ៌​ខៀវ​ជា​គ្រឿង​ចំណាំ ហើយ​គេ​ដាក់​ឃ្នាង​ជាប់​នឹង​ក​ ជួន​ដាក់​ឃ្នាង​ជាប់​ទាំង​ដៃ​ជើង​ទៀត​ផង ។

***

  1. ពរ​នេះ​បាន​ន័យ​ថា ឲ្យ​មាន​គេ​ស្រលាញ់​ច្រើន ដូច​ទម្លាប់​ពួក កួយ-ព្នង​ បើ​មាន​កូន​ក្រមុំ គេ​ឲ្យ​ដេក​នៅ​ផ្ទះ​បាយ ទុក​ឱកាស​ពេល​យប់​ឲ្យ​កំលោះ​ចូល​ទៅ​ស្ទាប​លលួង​ចុះ ។
  2. ឆឺន​ថាន់ នេះ​មិន​ដឹង​ជា​ពាក្យ​ដើម​ថា​អ្វី រក​ប្រែ​ឲ្យ​ជា​ន័យ​ច្បាស់​ពុំ​ទាន់​ឃើញ ។
  3. ត្រង់​នេះ អត្ថបទ​ដើម​ក៏​និយាយ​មិន​ច្បាស់​សេចក្ដី​ដែរ យើង​ប្រែ​ឲ្យ​នៅ​ន័យ​ត្រឹម​តាម​ឃ្លា​ដើម​ជា (អក្សរ​ចិន) ។ ត្រង់​នេះ លោក Pelliot ប្រែ​ថា : Il la déflore avec la main et recueille ses premices dans du vin ។ អ្នក​បកប្រែ​សូម​បញ្ជាក់​ថា ៖ រឿង​រ៉ាវ​ក្នុង​វគ្គ​នេះ ពុំ​ដែល​ឮ​ក្នុង​ទំនៀម​ខ្មែរ​ទេ ប៉ុន្តែ​យើង​ប្រែ​តាម​តែ​អត្ថបទ​ដើម​ប៉ុណ្ណោះ មិន​ហ៊ាន​បំបាត់​ចោល​ឡើយ ។
  4. មនុស្ស​ព្រៃ​នេះ គឺ​ពួក​អ្នក​ស្រុក​ដើម​ដែល​រស់​នៅ​ដោយ​ព្រៃ​មិន​ទាន់​មាន​ទទួល​ស៊ីវិល័យ គេ​កៀរ​ចាប់​មក​លក់ ។
  5. លោក Pelliot ក៏​សន្និដ្ឋាន​ថា ពាក្យ​នេះ​មក​ពី «ជង» ដែរ ហើយ​អះអាង​ថា​ជា​ពាក្យ​ដែល​អាន​តាម​សំឡេង​ចិន​ក្នុង សតវត្ស​ទី​១៣ ។
  6. លោក Pelliot  បន្ថែម​ន័យ​ថា Bande d’étoffe ពុំ​ដឹង​ជា​មាន​កំណាត់​ប៉ុន្មាន​ទេ តែ​នេះ​យើង​ប្រែ​តាម​ពាក្យ​ដើម​ថា ប៉ូវ ដែល​ប្រែ​ថា កំណាត់​សំពត់ ។
  7. ទំនង​ជា​មក​ពី ប៉ាតាវ ដែល​នៅ​សល់​ក្នុង ភាសា​ជនជាតិ​ដើម​ចារ៉ាយ ហៅ ឪពុក ។
  8. សំឡេង​​ចិន​អាន​ថា មី សំដៅ​ពាក្យ​ហៅ​ម្ដាយ​ថា មេ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , . Bookmark the permalink.

One Response to កំណត់​ហេតុ ជីវ តាក្វាន់ (៥)

  1. To Son និយាយថា៖

    ឆឺន​ថាន់ mean Truong Thanh in Vietnam, in English mean mature (Cambodian mean Vey Kroop Kar).

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s