កំណត់​ហេតុ ជីវ តាក្វាន់ (៦)


១០. អំពី​ភាសា

ភាសា​ចិន មាន​សំឡេង​ប្រហាក់ប្រហែល​នឹង​ភាសា​អ្នក​ស្រុក​នេះ​ដែរ តែ​និយាយ​ប្រាស្រ័យ​ស្ដាប់​គ្នា​មិន​បាន​ទេ ស្រុក​នេះ​មា​ន​ភាសា​មួយ​ពិសេស ទោះ​បី​ជា​ភាសា​អ្នក​ជិត​ខាង​ខ្លួន​ដូច​ជា​ ចាម្ប ឬ​សៀម​ក៏​មិន​អាច​ដូច​គ្នា ស្ដាប់​គ្នា​បាន​ឡើយ ។ ១​​​ថា បួយ ២​ថា ព័ក ៣ថា បេក ៤ថា ពួន ៥ថា ពុណាំ ៦ថា ពុំណាំមួយ ៧ថា ពុណាំព័ក ៨​ថា ពុណាំបេក ៩ថា ពុណាំពួន ១០ថា តាប់ ។ គេ​ហៅ ឪពុក​ថា ប៉ាថូ ឪពុក​ធំ ឪ​ពុក​មា ក៏​ហៅ​ ប៉ាថូ ដែរ ។ ម្ដាយ​គេ​ហៅ មី ឯ​ម្ដាយ​មីង និង​ស្ត្រី​​អ្នក​ជិត​ខាង​ក៏​គេ​ហៅ មី ដែរ ។ បងស្រី ប្រុស​ហៅថា ប៉ង ប្អូន​ប្រុស​ស្រី​ហៅថា ផូវអ៊ួង ។ មា​ខាង​ម្ដាយ​ហៅ​ថា ងាក​ឡៃ ឯ​ប្ដី​របស់​ម្ដាយ​មីង​ខាង​ឪពុក​ហៅថា ពូឡៃ ។ គេ​ប្រើ​ពាក្យ​យក​ខាង​ចុង​ជា​ដើម​បញ្ច្រាស​គ្នា ។ ឧបមា​ដូច​ពាក្យ «នេះ​មនុស្ស​.ទាសាំ.ជា​ប្អូន» គេ​ថា «ផូងអ៊ួង​.ទាសាំ.» ពាក្យ​ថា «នេះ​​មនុស្ស.​លីស៊ឺ​.​មា​ខាង​ឪពុក» គេ​ថា «ងាន​ឡៃ.​លីស៊ី.» ឧបមា​មួយ​ទៀត ដូច​គេ​ហៅ​ចិន​ថា ពីស៊ី ហៅ​មន្ត្រី​ថា ប៉ាតេង ហៅ​អ្នក​ប្រាជ្ញ​ថា ប៉ានឃាប លុះ​ដល់​គេ​ចង់​ថា មន្ត្រី​ចិន ឬ​អ្នក​ប្រាជ្ញ​ចិន គេ​មិន​ថា ពីស៊ី​ប៉ាតេងពីស៊ីប៉ានឃាប ទេ គេ​ទៅ​ជា​ប្រើ​ថា ប៉ាតេងពីស៊ីប៉ានឃាមពីស៊ី (1)  ទៅវិញ។

​ទាំងនេះ​គ្រាន់​តែ​លើក​យក​ជា​ឧទាហរណ៍​គោល​ៗ​ទេ ។ ម្យ៉ាង​ទៀត គឺ​មន្ត្រី​គេ​និយាយ​តាម​បែប​មន្ត្រី អ្នក​ប្រាជ្ញ​និយាយ​គ្នា​តាម​ភាសា​អ្នក​ប្រាជ្ញ លោកសង្ឃ ឬ​តាបស ក៏​មាន​ពាក្យ​សំដី​ប្រើ​របៀប​ខ្លួន​ជា​សង្ឃ ជា​តាបស ឯ​អ្នក​ស្រែ​ចម្ការ​ក៏​និយាយ​ប្លែក​តាម​បែប​របស់​គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​អ្នក​ស្រុក​ចិន​ទេ ។

១១. អំពី​មនុស្ស​ព្រៃ

មនុស្ស​ព្រៃ​មាន ២​បែប។ មួយ​ពួក​ជា​ពួក​ចេះ​និយាយ​ភាសា​អ្នក​ស្រុក​ស្ដាប់​គ្នា​បាន គឺ​ពួក​មនុស្ស​ព្រៃ​លក់​ខ្លួន​ជា​ទាស​បម្រើ​គេ​នេះ​ឯង។ មួយ​ទៀត គឺ​ពួក​មនុស្ស​ព្រៃ​ដែល​និយាយ​ស្ដាប់​ភាសា​គ្នា​មិន​បាន គ្មាន​រវល់​នឹង​កា​ចម្រើន ។ ពួក​នេះ​គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅ​ទេ តែង​នាំ​គ្នា​ទាំង​គ្រួ​ៗ ដើរ​រស់​នៅ​តាម​ភ្នំ ។ ក្បាល​គេ​មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី​រាង​ដូច​ឆ្នាំង ។ បើ​ដើរ​ទៅ​ជួប​និង​សត្វ​ព្រៃ គេ​បាញ់​និង​ព្រួញ ឬ​ពួយ​និង​លំពែង​បាន​សត្វ​នោះ​មក​ក៏​គូស​ដុំ​ថ្ម​យក​ភ្លើង​ចម្អិន​សត្វ​រួច​អង្គុយ​ដំ​កង់​ចែក​គ្នា​ស៊ី ។ រួច​ហើយ​ដើរ​ទៅទៀត ។ ពួក​នេះ​កាច​សាហាវ​ណាស់ តែង​សម្លាប់​គ្នា​នៅ​​ក្រុម​​ជា​មួយ ហើយ​ចេះ​ផ្សំ​ថ្នាំ​ពិស​ពូកែ​សក្ដិសិទ្ធិ​ណាស់ ។ នៅ​ដី​វាល​ជិត​ខាង​កន្លែង​នៅ គេ​មាន​ដាំ​សណ្ដែកកួរ​ ដើម​ក្រវាញ និង​ដាំ​​កប្បាស​ត្បាញ​សំពត់​ជា​វិជ្ជាជីវៈ ។ សំពត់​របស់​គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេមក្រវាម​ណាស់​ផង ។

១២. អំពី​អក្សរសាស្ត្រ (2)

លិខិត​ធម្មតា និង​អត្ថបទ​ទាំងអស់​ដូចជា​ ឯកសារ​ផ្លូវការ​ជាដើម សុទ្ធ​តែ​សរសេរ​លើ​ស្បែក​សត្វ​ប្រើស រមាំង ឬ​ស្បែក​ដទៃ​ទៀត​ដែល​គេ​យក​មក​ហាល​ស្ងួត​លាប​ពណ៌​ខ្មៅ ។ គេ​កាត់​ស្បែក​នោះ​ឲ្យ​មាន​ទំហំ​ធំ ឬ​តូច​ទៅ​តាម​សេចក្ដី​ត្រូវ​ការ និង​យក​ម្សៅ​ម្យ៉ាង​មក​ប្រើ​មាន​សណ្ឋាន​ដូច​ដី​ស​នៅ ស្រុក​ចិន ដោយ​លញ់​ឲ្យ​វែង ចិត​ចុង​ស្រួច​គេ​ហៅថា សោ (3) ហើយ​គេ​សរសេរ​ដោយ​ដៃ​បាន​ជាប់​ដិត​ល្អ​ណាស់​មិន​ងាយ​នឹង​រលុប​ឡើយ ។ កាល​ណា​គេ​សរសេរ​ហើយ គេ​យក​ដី​ស​នោះ​មក​សៀត​នឹង​ត្រចៀក​នាំឲ្យ​គេ​ចំណាំ​បាន​ថា អ្នក​នេះ​ហើយ​ជា​អ្នក​សរសេរ ។ បើ​សរសេរ​ហើយ​ត្រូវ​ការ​លុប​វិញ​តោង ប្រើ​របស់​ទទឹក​យក​មក​ជូត​ទើប​រលុប​អក្សរ​នោះ​ទៅ​វិញ ។ អក្សរ​នេះ មាន​សណ្ឋាន​ដូច​អក្សរ​ជនជាតិ​ហួយតូវ (តួរក៍ = Turk) ដូច្នេះ​ដែរ ។ ការ​សរសេរ​ជា​លិខិត​អ្វី​ក៏​ដោយ គេ​សុទ្ធ​តែ​សរសេរ​ពី​ក្រោយ​ទៅ​មុខ មិនមែន​សរសេរ​ពី​លើ​ចុះ​ក្រោម ។ ខ្ញុំ​ឮ​ អ៊ា​សាយហាយ៉ា និយាយ​ថា​ស្រះ​នៃ​អក្សរ​របស់​គេ​ស្រដៀង​គ្នា​និង​អក្សរ​ជាតិ​ម៉ុងហ្គោល​ដែរ មាន​ប្លែក​គ្នា​តែ​ពីរ​បី​ប៉ុណ្ណោះ ។ កាល​នោះ​គ្មាន​អត្ថបទ​បោះពុម្ព​ទេ ប៉ុន្តែ​មាន​អ្នក​និពន្ធ និង​អ្នក​តែង​ពាក្យ​ពេចន៍​ដែរ ។

***

  1. ប៉ាតេងពីស៊ី = មន្ត្រី​ចិន។ ប៉ានឃាបពីស៊ី = អ្នក​ប្រាជ្ញ​ចិន ។
  2. លោក Pelliot ប្រែ​ត្រង់​នេះ​ថា Ecriture (ការ​សរសេរ) ។ តែ​ន័យ​យើង​ថា​នេះ​ទូលាយ​ជាង ព្រោះ​តម្រូវ​តាម​អក្សរ​ចិន ។
  3. ត្រង់​នេះ លោក Pelliot ហៅ​ថា សូ ទៅវិញ។ តែ​បើ​ឮ​តាម​ចាស់​ៗ និយាយ​ត​ៗ មក​ថា គេ​សរសេរ​នឹង​ដី​.​ស.ពង គឺ​ដី​សុទ្ធ​តែ.​ស​.​ដូច​ម្សៅ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s