កំណត់​ហេតុ​ ជីវ តាក្វាន់ (៨)


១៥. អំពី​ជំងឺ​ស្រែង (1)

អ្នកស្រុក​មាន​កើត​ជំងឺ​ស្រែង​ច្រើន​គ្នា​ណាស់ មក​ពី​គេ​ចូលចិត្ត​មុជ​ត្រាំ​ក្នុង​ទឹក ហើយ​ឧស្សាហ៍​កក់​លាង​សក់​ក្បាល តែង​មាន​កើត​ជំងឺ​ស្រែង​ច្រើន​ណាស់ ។ នៅ​តាម​ផ្លូវធ្លា ពួក​នេះ​មិន​សូវ​អៀន​ខ្មាស​ទេ ។ ខ្ញុំ​ឮ​គេ​ថា ពួក​ទាំង​នេះ​តែ​គេ​រួមរ័ក​គ្នា​ភ្លាម គេ​ចុះ​ទៅ​ងូត​ទឹក​ហើយ ដូច្នេះ​តែង​មាន​ជំងឺ​មួល​បណ្ដាល​ឲ្យ​ស្លាប់​អស់ ៨-៩នាក់​ដែរ​ក្នុង​បណ្ដា ១.០០០​នាក់ ។ នៅ​​ទីផ្សារ មាន​លក់​ថ្នាំ​សម្រាប់​កែ​រោគ​ដែរ តែ​មិន​ដូច​ថ្នាំ​ចិន​ទេ​មិន​ដឹង​ជា​ថ្នាំ​អ្វី​ឡើយ ថែម​ទាំង​មាន​គ្រូ​មន្តអាគម​ដើរ​ព្យាបាល​រោគ ឲ្យ​គេ​ជា​ការ​គួរ​អស់​សំណើច​ណាស់ ។

***

  1. លោក Pelliot ប្រែ​ថា​ឃ្លង់ ប៉ុន្តែ​តាម​ន័យ​អក្សរ​ចិន ប្រែ​ឲ្យ​ចំ​ គឺ​ស្រែង ។ បើ​ថា​ឃ្លង់​ដូច​ជា​មិន​មែន ព្រោះ​កើត​ឃ្លង់​ឯ​ណា​ដល់​ទៅ​ពេញ​ស្រុក បើ​ឃ្លង់​មែន​មិន​ងាយ​មើល​ជា​ទេ ។ បើ​ថា​ស្រែង​នោះ​សម​មែន ព្រោះ​ជំងឺ​នេះ​ច្រើន​បណ្ដាល​មក​ពី​ការ​កខ្វក់ ។

***

១៦. អំពី​មរណភាព

មនុស្ស​ចាស់​គេ​ឥត​មាន​ដាក់​ក្ដារមឈូស​ទេ គេ​យក​តែ​កន្ទេល​ក្រាល​ពី​ក្រោម យក​កំណាត់​សំពត់​គ្រប​ពី​លើ ​ហើយ​គេ​យក​ទៅ​ព្រៃ​ហើយ ។ កាល​ពី​ដើម គេ​ក៏​ប្រើ​ទង់​ព្រលឹង និង ភ្លេងភ្លាត់​ហែ​ខ្មោច​ដែរ ហើយ​គេ​លីង​លាជ ២មុខ​បាច​តាម​ផ្លូវ​នាំ​​មុខ​ខ្មោច លុះ​សែង​ទៅ​ដល់​ក្រៅ​ក្រុង​ដល់​កន្លែង​ស្ងាត់ គេ​ក៏​ដាក់​ចោល​ខ្មោច​នោះ​ហើយ​ត្រលប់​មក​វិញ ។ បើ​មាន​សត្វ​ខ្លែង ឬ​តិរច្ឆាន​អ្វី​ដទៃ​ទៀត​ស៊ី​ខ្មោច​នោះ​អស់​មួយ​រំពេច​ទៅ គេ​ថា​​ឪពុក​ម្ដាយ​នោះ​មាន​ភ័ព្វ​បាន​សុខ​សប្បាយ​ល្អ​ណាស់ តែ​បើ​គ្មាន​សត្វ​ស៊ី​សោះ ឬ​មាន​ស៊ី​ដែរ​តែ​មិន​អស់​វិញ គេ​បែរ​ជា​យល់​ថា ឪពុក​ម្ដាយ​នេះ​មាន​ពៀរ​មាន​ទោស​ទើប​បាន​ដូច្នេះ ។

លុះ​មក​ដល់​គ្រា​ឥលូវ​នេះ មាន​គេ​យក​ខ្មោច​ទៅ​ដុត​បូជា​ខ្លះ​ៗ ហើយ ។ ពួក​អ្នក​ដែល​មាន​ជាប់​ពូជ​ជា​កូន​ចិន ឪពុក​ម្ដាយ​ស្លាប់​ទៅ​គេ​ឥត​ស្លៀក​ពាក់​.​ស.​កាន់​ទុក្ខ​ទេ ។ ប្រុស​គ្រាន់​តែ​កោរ​សក់ ស្រី​គេ​គ្រាន់​តែ​កាត់​សក់​ខាង​មុខ​ធ្លាក់​មក​លើ​ថ្ងាស​ប៉ុន​ ១​ទះ​ ក៏​ចាត់​ជា​ការ​កាន់​ទុក្ខ​ហើយ ។ ចំណែក​ស្ដេច​វិញ​មាន​​ប្រាសាទ​សម្រាប់​កប់ ប៉ុន្តែ​មិន​ដឹង​ជា​កប់​ខ្លួន​ទាំង​មូល ឬ​ កប់​តែ​ឆ្អឹង​ទេ ។

១៧. អំពី​ការ​ភ្ជួរ​ដាំ

ប្រហែល​ជា​ក្នុង​ ១​ឆ្នាំ គេ​អាច​សាប​ព្រោះ​ និង​ច្រូត​ស្រូវ​បាន​​៣ ឬ​៤​លើក ពី​ព្រោះ​រដូវ​ទាំង​​៤ មាន​ធាតុអាកាស​ស្រួល ល្អ ដូច​ជា​ខែ​ទី​៥ ទី​៦ ដែរ ។ ម្យ៉ាង​ទៀត ស្រុក​នេះ​គេ​មិន​ស្គាល់​ដូចម្ដេច​ថា​ធ្លាក់​ព្រិល ឬ​ទឹកកក​ឡើយ ។ ស្រុក​គេ​កន្លះ​ឆ្នាំ​ភ្លៀង កន្លះ​ឆ្នាំ​ឥត​មាន​ភ្លៀង​សោះ ។ ចាប់​តាំង​ពី​ខែ​ទី​៤ ដល់​ទី​៥ តែ​ដល់​ពេល​រសៀល​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ទឹក​នៅ​ក្នុង​សមុទ្រ​ទឹក​សាប (ទន្លេសាប) ជោរ​ឡើង​មាន​កម្ពស់ ៧០ -៨០ ហត្ថ ។ ដើម​ឈើ​ធំ​ៗ លិច​នៅ​សល់​តែ​ចុង ឯ​ពួក​អ្នក​ស្រុក​រស់​នៅ​ក្បែរ​មាត់​ទឹក​នោះ​បាន​នាំ​គ្នា​រើ​លំនៅ​មក​ជ្រក​ខាង​ក្រោយ​ភ្នំ​វិញ ។

ចាប់​ពី​ខែ​ទី​១០ ដល់​ខែ​ទី​៣ នៃ​ឆ្នាំ​ថ្មី​គ្មាន​ភ្លៀង​មួយ​ដំណក់​ទេ នៅ​ក្នុង​សមុទ្រ​ទឹក​សាប​នោះ​ធ្វើ​​ដំណើរ​បាន​តែ​កូន​នាវា​តូច​ៗ ទេ ។ ត្រង់​កន្លែង​ទឹក​ជ្រៅ​មាន​ជម្រៅ​ត្រឹម ៣ ឬ​៥​ហត្ថ​ប៉ុណ្ណោះ ។ ពេល​នោះ​អ្នក​ស្រុក​រើ​លំនៅ​ទៅ​នៅ​មាត់​ទឹក​ធ្វើ​ការ​ភ្ជួរ​ដាំ​វិញ ។ ចំពោះ​ស្រូវ​ដល់​ទៅ​ពេល​ណា​ទុំ ក៏​ត្រូវ​ពេល​ទឹក​ឡើង​ដល់​ល្មម ។ គេ​សាប​ព្រោះ​ដាំ​តាម​កន្លែង​ដី​របស់​គេ​រក្សា​រៀង​ខ្លួន ។ គេ​ភ្ជួរ​ស្រែ​ដោយ​មិន​បាច់​ប្រើ​គោ​ទេ ។ ចប និង​កណ្ដៀវ​របស់​គេ​ពិត​មែន​តែ​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​និង​​របស់​ចិន​ដែរ តែ​មិន​ដូច​គ្នា​ឡើយ ។

មាន​ស្រែ​ព្រៃ​មួយ​បែប​ទៀត គេ​មិន​ព្រោះ​ស្រូវ​ធម្មតា​ទេ ស្រូវ​ដែល​គេ​ព្រោះ​នោះ​ចេះ​លូត​ឡើង​តាម​ទឹក បើ​ទឹក​ឡើង​ដល់​កម្ពស់ ១០ហត្ថ ក៏​ស្រូវ​លូត​ឡើង​កម្ពស់​នោះ​ដែរ ។ នេះ​ប្រហែល​ជា​ពូជ​ស្រូវ​មួយ​បែប​ផ្សេង​ទៀត​ហើយ ។ ស្រែ​អំពក​ និង​ថ្នាល​បន្លែ គេ​មិន​ប្រើ​គ្រឿង​ស្មោក​គ្រោក​ដែល​ជា​ហេតុ​នាំ​ឲ្យ​មិន​ស្អាត​នោះ​ទេ ។ ពួក​ចិន​ដែល​ទៅ​ដល់​ស្រុក​នោះ ក៏​គេ​មិន​ហ៊ាន​និយាយ​រឿង​ពាង​លាមក​នៅ​ប្រទេស​ចិន​ឲ្យ​ពួក​នោះ​ដឹង​ដែរ ព្រោះ​ខ្លាច​គេ​មើល​ងាយ ។ នៅ​ក្នុង​ផ្ទះ​ ២-៣ ខ្នង គេ​ជីក​រណ្ដៅ​បង្គន់​អាចម៍​មួយ​ហើយ​គេ​ប្រក់​ស្បូវ ។ ដល់​កាល​ណា​ពេញ​ទៅ​នោះ គេ​លុប​​ចោល​វិញ​ហើយ​ទៅ​ជីក​រណ្ដៅ​មួយ​ទៀត ។ នៅ​រាល់​​ពេល​ដែល​បន្ទោបង់​រួច គេ​តែង​តែ​ចុះ​ទៅ​លាង​ឯ​ក្នុង​ស្រះ​ឲ្យ​បាន​ស្អាត​ជា​និច្ច តែ​គេ​យក​តែ​ដៃ​ឆ្វេង​ទៅ​លាង​ទេ ឯ​ដៃ​ស្ដាំ​គេ​ទុក​បរិភោគ​បាយ ។ ពួក​គេ​មើល​ឃើញ​ជនជាតិ​ចិន​ចូល​បង្គន់​ហើយ​យក​ក្រដាស​កិត គេ​សើច​ថែម​ទាំង​មិន​ចង់​ឲ្យ​ឡើង​លើ​ផ្ទះ​គេ​ទៀត​ផង ។ ស្រី​ៗ​ ស្រុក​នេះ​បត់​ជើង​តូច​ឈ​រ​ដូច​ប្រុស​ដែរ ជា​ការ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ។

១៨. អំពី​ទឹក​ដី

ចាប់​តាំង​ពី​ចូល​ក្នុង ស្រុក​ចេងផូវ មក ខ្ញុំ​មើល​ឃើញ​សុទ្ធ​តែ​ព្រៃឈើ​វែង​អន្លាយ នៅ​តាម​មាត់​ទន្លេ​ដ៏​ធំធេង មាន​ដើមឈើ​ធំ​ ចាស់​បុរាណ និង​គុម្ព​ផ្ដៅ​ស៊ុបទ្រុប​ចម្ងាយ​​រាប់​រយ​លី ហើយ​មាន​សំឡេង​បក្សាបក្សី​ស្រែក​​ទ្រហឹង​អឹងកង នៅ​ទី​នោះ​ផង ។ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ទន្លេ ទើប​មើល​ទៅ​ឃើញ​វាល​ស្រែ​ដ៏​ធំធេង គ្មាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ឡើយ គេ​មើល​ទៅ​ឃើញ​តែ​ស្រូវ​ទុំ​នៅ​សព្វ​ទិសទី​ប៉ុណ្ណោះ ។

មាន​សត្វ​គោព្រៃ​រាប់​រយ​រាប់ពាន់​បាន​មក​ផ្ដុំ​គ្នា​ជា​ហ្វូង​នៅ​ទី​នោះ ។ មាន​ឫស្សី​ដុះ​ជាប់​គ្នា​ជា​ដង​ព្រៃ​មាន​ចម្ងាយ​រាប់​រយ​លី ហើយ​ឫស្សី​ទាំង​នោះ​មាន​ជួរ​បន្លា​នៅ​ត្រង់​គ្រប់​ថ្នាំង ។ ទំពាំង​ឫស្សី​មាន​រសជាតិ​ហាង​ខ្លាំង​ណាស់ ហើយ​និង​មាន​ភ្នំ​នៅ​គ្រប់​ទិស​ទាំង៤ ទៀត​ផង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s