កំណត់​ហេតុ​ ជីវ តាក្វាន់ (៩)


១៩. អំពី​ផលានុផល

ស្រុក​នេះ​មាន​ភ្នំ​ច្រើន និង​មាន​ដើម​ឈើ​ប្លែកៗ ។ កន្លែង​ណា​ដែល​គ្មាន​ដើមឈើ​ទេ គឺ​ជា​កន្លែង​ដែល​សត្វ​រមាស ​និង​ដំរី​រស់​នៅ ។ ពពួក​សត្វ​ស្លាប​ដ៏​មាន​តម្លៃ និង​សត្វ​ម្រឹគ​ដ៏​ប្លែក​ៗ មាន​ច្រើន​ឥត​គណនា ។ មាន​សត្វ​ចចាត​ពណ៌ និង​រោម​ល្អិត ភ្លុក​ដំរី កុយ​រមាស ឃ្មុំ​ផ្លិត​ធំ​ៗ ឈើ​ចន្ទន៍ក្រស្នា ក្រវាញ ជ័រ​ចុង បញ្ញើ​ក្អែក (ជី​កេង) ប្រេង​សំរោង (តៃហួងជី) ។

ចចាត​ជា​សត្វ​មួយ​បែប គេ​កម្រ​ចាប់​វា​បាន​ណាស់ ។ នៅ​ក្នុង​ព្រៃ​​មាន​ស្រះ ឬ​ត្រពាំង​ហើយ​នៅ​ក្នុង​ទឹក​​នោះ​មាន​ត្រី​ជា​ច្រើន ។ សត្វ​ចចាត វា​ហើរ​ចេញ​ពី​ព្រៃ​មក​ចាប់​ត្រី​នោះ​ជា​អាហារ ។ ពួក​អ្នក​ព្រៃ​គេ​យក​ស្លឹក​ឈើ​បិទ​បាំង​ខ្លួន ហើយ​ទៅ​អង្គុយ​ក្បែរ​មាត់​ទឹក ។ គេ​យក​មេ​​.​ចចាត​ធ្នាក់​មួយ​ដាក់​ក្នុង​ទ្រុង ដើម្បី​នឹង​បញ្ឆោត​ចាប់​យក​ចចាត​ឈ្មោល គឺ​នៅ​នឹង​ដៃ​គេ​មាន​កាន់​លប់​មួយ​ទៀត រង់ចាំ​កាល​ណា​ចចាត​ឈ្មោល​មក​ជិត គេ​គ្រប​លប់​នោះ​យក​វា ។ គេ​ធ្វើ​របៀប​នេះ​ក្នុង​មួយ​ថ្ងៃ​ទាល់​ល្ងាច ជួល​កាល​ចាប់​ឥត​បាន​សោះ​ក៏​មាន​ដែរ ។

ភ្លុក​ដំរី មាន​តែ​អ្នក​ដែល​នៅ​ក្នុង​រូងភ្នំ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ​ទើប​រក​បាន ។ ដំរី​មួយ​ស្រុត​ស្លាប់​ទៅ នៅ​សល់​តែ​ភ្លុក​មួយ​គូ​ប៉ុណ្ណោះ ។ ដូច្នេះ​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​ថា សត្វ​ដំរី​ក្នុង​មួយ​ឆ្នាំ​ប្ដូរ​ភ្លុក​ម្ដង​នោះ​មិន​ពិត​ទេ ។ ភ្លុក​ណា​ដែល​ចាក់​នឹង​ច្បូក ឬ​លំពែង​បាន​មក​គេ​ទុក​ជា​ភ្លុក​លេខ​១ បើ​ភ្លុក​ណា​ដែល​គេ​បាន​ដោយ​ឃើញ​វា​ស្រុត​ស្លាប់​ខ្លួន​វា​ភ្លាម​គេ​ចាត់​ជា​ភ្លុក​ល្អ​លេខ​២ បើ​គេ​រើស​បាន​ដោយ​ដំរី​ស្លាប់​យូរ​ឆ្នាំ​ចោល​នៅ​ក្នុង​រូង​ភ្នំ គេ​ចាត់​ជា​ធុន​អន់​ជាង​គេ ។

ក្រមួន​ឃ្មុំ គេ​រក​បាន​ពី​ដើមឈើ​ចាស់​ៗ នៅ​ក្នុង​ភូមិ​ដែល​សត្វ​ឃ្មុំ​មួយ​ប្រភេទ​មាន​ចង្កេះ​ស្ដួច​ឆ្មារ ដូច​សត្វ​អង្ក្រង​ វា​ធ្វើ​សំបុក ។ អ្នក​​ស្រុក​​ដែល​​ទៅ​​យក​​ឃ្មុំ​តាម​ទូក​តូច​ៗ គេ​អាច​ដាក់​បាន​ពីរ​បី​ពាន់​ផ្លិត ។ ផ្លិត​​ណា​​ដែល​​ធំ​​ជាង​​គេ​​មាន​​ទម្ងន់​​ដល់​​ទៅ ៣០-៤០នាឡិ ឯ​ផ្លិត​ណា​ដែល​តូច​ក៏​មិន​តិច​ជាង ១៨ ឬ ១៩​នាឡិ​ដែរ ។ (១នាឡិ ប្រហែល ៦០០ ក្រាម)

កុយ​រមាស​ណា​ដែល​ពណ៌​ស​ហើយ​មាន​ផ្កា គេ​ចាត់​ទុក​ជា​កុយ​ល្អ​ហើយ​បើ​ខ្មៅ​វិញ​គេ​ទុក​ជា​កុយ​អន់​មិន​សូវ​ល្អ ។

ឈើ​ចន្ទន៍ក្រស្នា ដុះ​នៅ​តែ​​ក្នុង​ព្រៃស្បាត ព្រៃ​ស្ដុក ។ អ្នក​ស្រុក​ទៅ​កាប់​យក​បាន​មក​ដោយ​ពិបាក​ណាស់ ព្រោះ​​ជា​ឈើ​ដែល​មាន​ខ្លឹម ។ ឈើ​នេះ​មាន​សាច់​ស្រាយ​កម្រាស់ ៨ ឬ​៩​តឹក ។ ទោះ​ជា​ដើម​តូច​ក៏​មាន​សាច់​ស្រាយ ៤ ឬ​៥​តឹក​ដែរ ។

ក្រវាញ ពួក​អ្នក​ព្រៃ​គេ​ដាំ​នៅ​លើ​ភ្នំ ។ ជ័រចុង គឺ​ជា​ជ័រ​ឈើ​ម្យ៉ាង​ដែល​អ្នក​ស្រុក​នេះ​ គេ​យក​កាំបិត​ទៅ​ចោះ​ឈើ​សំរក់​ជ័រ​មុន​ ១​ឆ្នាំ ដល់​ឆ្នាំ​បន្ទាប់​មក ទើប​គេ​ទៅ​យក​ជ័រ​នោះ​មក ។ បញ្ញើ​ក្អែក​ជី​កេង​ (អ័រគីដេ?) ដុះ​នៅ​លើ​មែក​ឈើ​មួយ​ប្រភេទ​ដូច​គ្នា​និង​ដើម​មន​ដែល​ដុះ​ផ្ញើ​​សាំ​និង​គេ​ដូច្នេះ​ដែរ ហើយ​គេ​កម្រ​នឹង​រក​បាន​ណាស់ ។

ប្រេង​សំរោង គេ​យក​មក​ពី​ផ្លែ​ឈើ​ដើម​ធំ​មួយ​ប្រភេទ​ដែល​មាន​សណ្ឋាន​ដូច​ផ្លែ​ដូង​ល្អិត​មូល​ៗ ។ នៅ​ក្នុង​ផ្លែ​នោះ​មាន​គ្រាប់​ច្រើន​ទៀត ។ ឯ​ម្រេច​ដុះ​ព័ទ្ធ​លើ​ដើម​ផ្ដៅ​មួយ​គូ មាន​ពណ៌​បៃតង​ដូច​​ផ្លែ​ស្មៅ បើ​នៅ​ខ្ចី​ពណ៌​ក៏​ខ្ចី និង​រឹត​​​ហឹរ​​តែ​​ណាស់​ផង ។

២០. អំពី​របរ​ជំនួញ

អ្នក​ស្រុក​នេះ ពួក​ស្រី​ៗ ប៉ិន​ជួញ​ដូរ​ណាស់​ ហេតុ​នេះ​ពួក​ចិន​ៗ គេ​រក​ប្រពន្ធ​មួយ​ជា​មុន​សិន ហើយ​នឹង​បាន​ចំណេញ​ច្រើន​ដោយ​គេ​ប៉ិនប្រសព្វ​រក​ស៊ី ។ រាល់​ថ្ងៃ​គេ​ទៅ​លក់​តាំង​ពី​ភ្លឺ​ព្រាង​ៗ ដល់​ពេល​ថ្ងៃ​ត្រង់​ទើប​ឈប់ ហើយ​ពួក​នេះ​គ្មាន​គ្រែ ឬ​ផ្ទះ​សម្រាប់​លក់​អីវ៉ាន់​ទេ គេ​ច្រើន​តែ​ក្រាល​វត្ថុ​ហាក់​ដូច​ជា​កន្ទេល​ផ្ទាល់​នឹង​ដី​តម្រៀប​គ្នា ។ ខ្ញុំ​ឮ​គេ​ថា មាន​បង់​ឈ្នួល​ដី​ជា​លុយ​ឲ្យ​ពួក​មន្ត្រី​ទៀត​ផង ។

ជំនួញ​តូចតាច គឺ​គេ​ជួញ​ស្រូវ​អង្ករ និង​របស់​ដែល​ធ្វើ​មក​ពី​ស្រុក​ចិន ។ បន្ទាប់​មក​មាន​លក់​ដូរ​កំណាត់​​សំពត់​ផ្សេង​ៗ ។ ជំនួញ​ធំ គឺ​គេ​ជួញ​មាស​ប្រាក់ ។  តាមធម្មតា ពួក​អ្នកព្រៃ​តែ​ឃើញ​ពួក​ចិន​ទៅ​ដល់ គេ​គោរព​ចិន​សំបើម​ណាស់​ទុក​ដូច​ជា​បាន​ជួប​នឹង​ព្រះ​ហើយ​ក្រាប​ក្បាល​គោរព​ទៀត​ផង ។ លុះ​ដល់​ពេល​ថ្មី​ៗ​នេះ ទើប​មាន​ការ​បោកប្រាស់ និង​មើល​ងាយ​ចិន​ដោយ​ហេតុ​មក​ពី​មាន​មនុស្ស​ទៅ​ច្រើន​ពេក ។

២១. ទំនិញ​​ដែល​គេ​ត្រូវការ

អ្នក​ស្រុក​នេះ គ្មាន​កើត​មាស​កើត​ប្រាក់​ទេ គេ​នឹក​ឃើញ​តែ​មាស​មក​ពី​ស្រុក​ចិន គឺ​មាស​ប្រាក់​ជា​ផល​លេខ​១ កំណាត់​មាន​​ពណ៌​ទាំង​ប្រាំ​ជា​លេខ​២ ។ បន្ទាប់​មក គេ​ត្រូវ​ការ​សំណ​មក​ពី​ ស្រុកចេងផីវ ថាំង​តែ​ស្មាច់​មក​ពី​ ស្រុក​អ៊ូជីវ ថូ​ផ្កា​ពណ៌​មក​ពី ស្រុក​ជួរជីវ និង​ទឹកប្រាក់ ​ជាតិ​ហិង្គុល ក្រដាស​សរសេរ ស្ពាន់ធ័រ ថ្ម​ដុត ឈើ​ក្រអូប ឫស​ប៉េកជី ក្រលៀន​ប្រើស សំពត់​សរ សរសៃ​ធ្មៃ សំពត់​ហ្វាងឆាវ ឆត្រ ឆ្នាំង​ដែក ថាស​ស្ពាន់​ គជ ម្រ័ក្សណ៍ ក្រាស​ឈើ ម្ជុល ជាដើម ។ ក្រៅ​ពី​នេះ​របស់​ដែល​ធំ​ៗ ដូច​ជា​ កន្ទេល​ស្រុក​ម៉ែងជីវ ដែល​គេ​ពេញ​ចិត្ត​បំផុត គឺ​មាន​សញ្ញា​រូប​ម្ទេស តែ​គេ​មិន​ងាយ​នឹង​យក​ទៅ​បាន​ទេ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , , , , , , . Bookmark the permalink.

6 Responses to កំណត់​ហេតុ​ ជីវ តាក្វាន់ (៩)

  1. នែក!!!! កុំមក to be four ​អីនោះ! ថាអីបាន តែកុំមកលេងដាក់ទំនាយគ្នាចឹងនោះ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s