កំណត់​ហេតុ ជីវ តាក្វាន់ (១០)


២២. អំពី​ស្មៅ និង​ដើមឈើ

មាន​ដើម​ទទឹម អំពៅ ផ្កាឈូក ក្រអៅ​ឈូក ផ្លែ​ខេមម៉ា ចេក ដូច​នៅ​ស្រុក​ចិន​ដែរ ។ គូលែន​ និង​ក្រូចឃ្វិច​ក៏​មាន​រាងរៅ​ដូច​តែ​ជូរ ។ ក្រៅ​ពី​នេះ មាន​ផ្លែ​ឈើ​ព្រៃ​ជា​ច្រើន​ដែល​ប្រទេស​ចិន​យើង​មិន​ធ្លាប់​ដែល​ឃើញ ហើយ​ប្លែក​ៗ ទៀត​ផង ។ មាន​ផ្កា​ជា​ច្រើន​ដែល​ល្អ​ៗ ហើយ​មាន​ក្លិន​ក្រអូប​ណាស់ ។ ផ្កា​ដែល​ដុះ​នៅ​ក្នុង​ទឹក​ក៏​មាន​ច្រើន​យ៉ាង តែ​ខ្ញុំ​មិន​ស្គាល់​ថា​ជា​ឈ្មោះ​ផ្កា​អ្វី​ទេ ។ ចំណែក​ដើម​ថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយ ឡាង កេកលួយ ឈើ​ប្រភេទ​អស់​នេះ​គ្មាន​ទេ ។ នៅ​ស្រុក​នោះ ខែ​ទី​១ ក៏​មាន​ផ្កាឈូក​ដែរ ។

២៣. អំពី​សត្វស្លាប

បណ្ដា​សត្វ​ស្លាប ឃើញ​មាន ក្ងោក ចចាត លលក ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ​ដូច​ជា ខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និង​ចាប​ពួក ​ជា​ដើម​សុទ្ធ​តែ​មាន​ទាំងអស់ ។ សត្វ​ស្លាប​ដែល​ស្រុក​នេះ​គ្មាន​ដូច​ជា ហ៊ីងតូវ (ល្វា​ចេក?) ហុងអេង (ក្ងាន​ព្រៃ) អ៊ឹងអេង (ខ្លែង​លឿង) តូវអ៊ូ (ត្រចៀកកាំ) ។

២៤. អំពី​សត្វ​ជើង​បួន

សត្វ​ចតុប្បាទ​មាន ​រមាស ដំរី គោព្រៃ ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង កញ្ជ្រោង​ជាដើម​សុទ្ធ​តែ​មាន​ច្រើន​ណាស់ ។ សត្វ​ដែល​ស្រុក​នេះ​គ្មាន​ គឺ​តោ​ស៊ីងស៊ីង (1) និង អូដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង​ពពែ មាន​ច្រើន​ក្រៃលែង ។ តែ​សេះ​ស្រុក​នេះ​ទាប​ៗ ណាស់ គោ​តូច​ៗ ក៏​មាន​ច្រើន​ណាស់​ដែរ ។ សត្វ​គោ​នៅ​រស់ គេ​ហ៊ាន​ជិះ​តែ​ដល់​វា​ស្លាប់​ទៅ ​គេ​មិន​ហ៊ាន​ស៊ី និង​មិន​ហ៊ាន​យក​ស្បែក​វា​ទេ គេ​ទុក​ឲ្យ​វា​រលួយ​ទៅ​តាម​ចិត្ត​ចុះ ពី​ព្រោះ​វា​ធ្លាប់​ជួយ​ដល់​កម្លាំង​មនុស្ស​លោក ។ វា​ធ្លាប់​តែ​អូស​រទេះ ។ ពី​ដើម​មក​មិន​ធ្លាប់​មាន​ក្ងាន​ទេ ប៉ុន្តែ​​ឥឡូវ​មាន​​ហើយ ព្រោះ​មាន​នាវា​ចិន​ទៅ​ញយ​ៗ គេ​យក​ពូជ​ពី​ស្រុក​ចិន​ទៅ ។ កណ្ដុរ​ស្រុក​នេះ​ធំ​ៗ ដូច​សត្វ​ឆ្មា ហើយ​មាន​កណ្ដុរ​មួយ​មុខ​ទៀត​មាន​ក្បាល​ប្លែក​ពិសេស​ធំ​ដូច​ជា​ ក្បាល​កូន​ឆ្កែ ។

២៥. អំពី​បន្លែ​បង្ការ

បន្លែ​មាន ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែ​ដែល​គ្មាន​នោះ គឺ ឆៃថាវ ស្ពៃ​ខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែ​ដូច​ជា ត្រប់ ឪឡឹក ត្រសក់ ត្រឡាច ជា​ដើម តែ​ដល់​ខែ​ទី១ មាន​ហើយ ។ ដើម​ត្រប់​មាន​ដុះ​រាប់​ឆ្នាំ​មិន​ទាន់​រំលើង​ចោល​ក៏​មាន ។ ដើម​គរ​ខ្ពស់​ៗ ជាង​ផ្ទះ​ទៅ​ទៀត អាយុ​ជាង​ ១០​ឆ្នាំ​មិន​ទាន់​កាប់​ចោល​ក៏​មាន​ដែរ ។ មា​ន​បន្លែ​ច្រើន​មុខ​ទៀត ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ឯ​បន្លែ​ដុះ​ក្នុង​ទឹក​ក៏​មាន​ច្រើន​មុខ​ណាស់​ដែរ ។

២៦. អំពី​ត្រី និង​ល្មូន​

ពួក​ត្រី និង​អណ្ដើក​មាន  ត្រី​រ៉ស់​ច្រើន​ណាស់ ក្រៅ​ពី​នេះ​ដូច​ជា ត្រី​ឆ្ពិន និង ត្រី​ល្អិត​ឯ​​ទៀត​រឹត​តែ​ច្រើន​ណាស់​ទៅ​ទៀត មាន​ត្រី​ថូវពូ ដែល​ធំ​នោះ​​មាន​ទម្ងន់​ដល់​ជាង​ ២នាឡិ ហើយ​ត្រី​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​នោះ​ក៏​មាន​ច្រើន​ណាស់​ដែរ ដែល​ជា​ត្រី​មក​ពី​សមុទ្រ​ទឹក​សាប (ទន្លេ​សាប) ។ ចំណែក​ត្រី​ទឹក​ប្រៃ​វិញ​ក៏​មាន​ច្រើន​មុខ រាង​ដូច​អន្ទង់ និង​ត្រី​ខ្ជឹង​បឹង​ដែរ ។ ពួក​អ្នក​ស្រុក​នេះ​មិន​ស៊ី​កង្កែប​ទេ ម៉្លោះ​ហើយ​ដល់​ពេល​យប់​គេ​ឃើញ​កង្កែប​លោត​ច្រវាត់​កាត់​ផ្លូវ​ដើរ ។ អណ្ដើក កន្ធាយ​ធំ​ៗ ប៉ុន​ចង្អេរ​អុំ ។ នោះ​ជា​អណ្ដើក​មានអាយុដល់ទៅ៦ឆ្នាំ ក៏​គេ​នៅ​តែ​ស៊ី​វា​ដែរ ។ បង្កង​នៅ​ស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ​មាន​ទម្ងន់​ដល់​ជាង​ ១នាលិ ។ ជើង​អណ្ដើក​នៅ​ស្រុក​ចេនភូ ​មាន​ប្រវែង​ជាង ៨ – ៩​តឹក ។ ក្រពើ​ធំ​ៗ ប៉ុន​ទូក ។ មាន​នាគ​ជើង​៤​ មួយ​ប្រភេទ​យ៉ាង​ចម្លែក ឥត​មាន​ស្នែង​ទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅ​ក្នុង​សមុទ្រ​ទឹកសាប (ទន្លេ​សាប) នោះ​​គ្រាន់​តែ​លូក​ដៃ​ទៅ​ក៏​យក​បាន​ភ្លាម តែ​ខ្ញុំ​មិន​ឃើញ​មាន​ក្ដាម​ទេ ខ្ញុំ​ស្មាន​ថា​ប្រហែល​ជា​មាន​ដែរ តែ​គេ​មិន​ស៊ី​ទេ​មើល​ទៅ (2)

***

  1. តោ​ស៊ីងស៊ីង គឺ​ជា​ស្វា​មាឌ​ធំ​ប៉ុន​មនុស្ស ដូច​គេ​ធ្លាប់​ហៅ​តាម​កុន​ថា ស្វាគីងកុង (Gorilla?) ។
  2. ការ​ពិត​ស្រុក​យើង​មាន​ក្ដាម​ច្រើន​ណាស់​ពី​ដើម​មក តែ​ប្រហែល​ជា លោក ជីវ តាក្វាន់ មិន​ប្រទះ​ឃើញ​ក្នុង​ទន្លេ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s