កំណត់​ហេតុ ជីវ តាក្វាន់ (១១)


២៧. អំពី​ការ​បិទ​ស្រា

ស្រា​ស្រុក​នេះ​មាន ៤​យ៉ាង ស្រា​លេខ១​ ចិន​ហៅ​ស្រា​ទឹកឃ្មុំ ដែល​គេ​យក​ជាតិ​ថ្នាំ និង ទឹក​ឃ្មុំ​លាយ​ជា​មួយ​ទឹក​ហើយ​ផ្សំ​ធ្វើ​ឡើង ។ បន្ទាប់​មក​ហៅ​តាម​ពាក្យ​អ្នក​ស្រុក​ថា ផេងកេស៊ី ដែល​គេ​យក​ស្លឹក​ឈើ​មក​ផ្សំ គឺ​ស្លឹក​ឈើ​ឈ្មោះ ផេងកេស៊ី នេះ​ឯង​ជាឈើ១ ប្រភេទ ។ បន្ទាប់​មក​ទៀត គេ​យក​អង្ករ ឬ​បាយ​ដែល​សេស​សល់​ទៅ​បិទ​ស្រា​ហៅ ប៉ាវលេងកាក ព្រោះ​​ពាក្យ​ថា ប៉ាវលេងកាក បាន​ន័យ​ថា អង្ករ (1) ក្រៅ​ពី​នេះ​ទៀត​មាន​ស្រា​ទឹក​ល្ងៃ​ស្ករ ដែល​គេ​យក​ជាតិ​ស្ករ​មក​បិទ​ឲ្យ​កើត​ទៅជា​​​ស្រា ។ បើ​គេ​ចូល​ទៅ​ស្រុក​ភូមិ​តាម​មាត់​ទន្លេ គេ​ប្រទះ​ស្រា​មួយ​មុខ​ទៀត​ធ្វើ​ពី​ទឹក​ក្រចាប់ ព្រោះ​ក្រចាប់​ដុះ​នៅ​មាត់​ព្រែក ហើយ​ស្លឹក​វា​មាន​រសជាតិ​ស្ករ​ដែល​គេ​អាច​យក​មក​ធ្វើ​ជា​ស្រា​បាន ។

២៨. អំពី​អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង​មី

នៅ​ប្រទេស​នេះ ការ​ធ្វើ​របស់​អស់​ទាំង​នេះ​ឥត​មាន​ហាមឃាត់​ទេ ។ តាម​ឆ្នេរ​សមុទ្រ​ចាប់​ពី ចេនភូ (2) និង ប៉ាង​កាង (2) គេ​ធ្វើ​អំបិល​ដោយ​ទឹក​សមុទ្រ ។ នៅ​ក្នុង​ភ្នំ​មាន​រ៉ែ​ដែល​គេ​បាន​ជាតិ​ថ្ម​ធ្វើ​ជា​អំបិល​ប្រសើរ​ជាង​អំបិល​សមុទ្រ​ទៀត និង​យក​ថ្ម​ធ្វើ​ជា​វត្ថុ​ដទៃ​ៗ ទៀត ។ ពួក​អ្នក​ស្រុក​នេះ​មិន​ចេះ​ធ្វើ​ទឹកខ្មេះ​ទេ តែ​គេ​ចូលចិត្ត​ប្រើ​ជាតិ​ជូរ​នៅ​ម្ហូប​ណាស់ គេ​ត្រាំ​ទឹក​ កាំផេង (3) ធ្វើ​ជា​ម្ជូរ កាល​ណា​ដើមឈើ​នេះ​កំពុង​តែ​លាស់​គេ​យក​ស្លឹក ឬ​ទង​ខ្ចី កាល​ណា​មាន​ផ្លែ​គេ​យក​ផ្លែ​វិញ ។

គេ​មិន​ចេះ​ធ្វើ​មី​ទេ ព្រោះ​តែ​គ្មាន​ស្រូវសាលី និង​សណ្ដែក ។ ពួក​នេះ​ក៏​មិន​ចេះ​ធ្វើ​ដំបែ​គ្រាប់​ដែរ កាល​ណា​គេ​បិទ​ស្រា​ គេ​លាយ​ទឹក​ឃ្មុំ និង​ទឹក​ត្រាំ​ស្លឹកឈើ​ឲ្យ​បាន​ជា​ក្បាល​ស្រា ហើយ​ក្បាល​ស្រា​នេះ​ដូច​គ្នា​នឹង​ស្រា.​ស.​នៅ​ក្នុង​ភូមិ​ស្រុក​យើង​ដែរ ។

២៩. អំពី​ដង្កូវនាង និង ដើម​មន

អ្នក​ស្រុក​នេះ​មិន​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ទេ ទាំង​ដើម​​មន​ក៏​គ្មាន​ដាំ​ដែរ ។ ស្រី​ៗ​ មិន​ចេះ​ប៉ាក់​ជុល​ និង​ដេរប៉ះ​ឡើយ ។ គេ​ចេះ​ត្បាញ​សំពត់ តែ​មិន​ចេះ​រវៃ​អំបោះ​ទេ គេ​យក​ដៃ​ត្រកួញ​សរសៃ​កប្បាស​ឲ្យ​កើត​ជា​អំបោះ ហើយ​គេ​យក​មក​ត្បាញ​មិន​បាច់​​មាន​កី​ទេ ។ គេ​ចង​សរសៃ​អំបោះ​ម្ខាង​ជាប់​នឹង​ចង្កេះ​គេ (?) ហើយ​គេ​ត្បាញ​ចុង​ម្ខាង​ទៀត​ដោយ​មាន​ត្រល់​ជា​បំពង់​ឫស្សី ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ​មាន​ពួក​សៀម​ចូល​មក​នៅ គេ​ក៏​ដាំ​មន​ចិញ្ចឹម​នាង​ធ្វើ​សូត្រ​ដោយ​យក​ពូជ​មក​ពី​ស្រុក​សៀម ។ នៅ​ស្រុក​នេះ​គ្មាន​ដើម​ធ្មៃ​ទេ​មាន​តែ​ដើម​ក្រចៅ ។ ជនជាតិ​សៀម​ចេះ​ដេរ​ប៉ាក់​ចំណាប់ បើ​សំពត់​អ្នក​ស្រុក​នេះ​រហែក គេ​យក​មក​ពឹង​ស្រី​សៀម​ឲ្យ​ដេរ​ប៉ះ​ឲ្យ ។

៣០. អំពី​ប្រដាប់​ប្រើប្រាស់

អ្នកស្រុក​ធម្មតា​មាន​ផ្ទះ​នៅ​ហើយ​តែ​គ្មាន​តុ​កៅអី ចានដែក ឬ​ថាំង​ជា​ដើម​ប្រើ​ទេ គេ​ប្រើ​ឆ្នាំង​ដី​សម្រាប់​ដណ្ដាំ​បាយ ហើយ​ឆ្នាំង​មួយ​ទៀត​សម្រាប់​ស្ល ។ គេ​យក​ថ្ម​ ៣​ដុំ តម្កល់​​ធ្វើ​ជា​ជើង​ក្រាន និង​យក​ត្រឡោក​ដូង​ធ្វើ​ជា​វែក ។ គេ​ប្រើ​ចាន​ទាប​មក​ពី​ស្រុក​ចិន​សម្រាប់​ដាក់​បាយ ឯ​សម្ល​គេ​ដាក់​នឹង​កន្ទោង​ស្លឹក​ឈើ​ដែល​គេ​ខ្ទាស់​មិន​លេច​ទឹក​ទេ (?) ។ គេ​យក​ស្លឹក​ក្រចាប់​ធ្វើ​ជា​ស្លាបព្រា​ដួស​សម្ល​បញ្ចូល​មាត់ កាល​ណា​ប្រើ​រួច​គេ​បោះ​ចោល​ទៅ ។ ម្ហូប​ថ្វាយ​ព្រះ​ថ្វាយ​ទេវតា ក៏​គេ​ដាក់​នឹង​ស្លឹក​ដូច្នេះ​ដែរ ។ គេ​យក​គ្រឿង​ដែល​ធ្វើ​ពី​ស្ពាន់​​.​ស​.​ដែល​ដាក់​ទឹក​នៅ​ក្បែរ​ខ្លួន សម្រាប់​ជ្រលក់​ដៃ​កុំ​ឲ្យ​ជាប់​បាយ​និង​ដៃ ព្រោះ​គេ​បរិភោគ​ដោយ​ផ្ទាល់​និង​ដៃ បើ​គ្មាន​ទឹក​ផ្សើម​ដៃ​មិន​បាន​ឡើយ ។ គេ​ប្រើ​ផ្ដិល​សំរឹទ្ធ​សម្រាប់​ចាក់​ស្រា​ផឹក ចំណែក​អ្នក​ក្រ​ប្រើ​ផ្ដិល​ដែល​ធ្វើ​អំពី​ដី រី​ឯ​ពួក​មន្ត្រី​គេ​ប្រើ​ផ្ដិល​ធ្វើ​ពី​ប្រាក់ ឬ​ជា​មាស​ផង​ក៏​មាន ។ បើ​ក្នុង​ឱកាស​បុណ្យ​ធំ​ៗ ដូច​ជា​បុណ្យ​ជាតិ​វិញ គេ​ប្រើ​ប្រដាប់​ទាំង​នេះ ធ្វើ​សុទ្ធ​តែ​ពី​មាស​ទាំងអស់ ហើយ​មាន​របៀប​ផ្សេង​ពិសេស​ទៀត​ផង ។ នៅ​នឹ​ង​ដី គេ​ក្រាល​កន្ទេល​មក​ពី​ស្រុក​ម៉េងជីវ (ស្រុក​ចិន) ឬមួយ​ក្រាល​ស្បែក​ខ្លា​ធំ ខ្លារខិន ស្បែក​ប្រើស រមាំង ពុំ​នោះ​ទេ​គេ​ប្រើ​កន្ទេល​ផ្ដៅ ។ នៅ​ពេល​ជិត​ៗ នេះ គេ​ទើប​នឹង​ចេះ​ប្រើ​តុ​ទាប​​ៗ មាន​កម្ពស់​ប្រហែល​មួយ​ហត្ថ ។ សម្រាប់​កន្លែង​គេ​ដេក គេ​ប្រើ​កន្ទេល​ឫស្សី​តែ​​ឥឡូវ​នេះ​មាន​ខ្លះ​ប្រើ​គ្រែ​ទាប​ៗ ខ្លះ​ដែរ​ហើយ ដែល​ជា​គ្រែ​ធ្វើ​មក​ពី​ស្រុក​ចិន ។ ម្ហូប​ចំណី​គេ​គ្រប​ដោយ​សំ​ពត់ ឯ​នៅ​ក្នុង​វាំង​គេ​ប្រើ​សំពត់​ព្រែ​ប៉ាក់ឌិន ឬ​ខ្សែ​សយ ដែល​បាន​មក​ពី​ពួក​ឈ្មួញ​សំពៅ​ប្រទេស​ក្រៅ​នាំ​យក​មក​ថ្វាយ ។ ដើម្បី​ស្រិត​អង្ករ គេ​មិន​ប្រើ​ត្បាល់​កិន​ទេ គេ​ប្រើ​ត្បាល់​បុក​ទៅ​វិញ ។

៣១. អំពី​រទេះ និង​អង្រឹង​ស្នែង

ការ​ធ្វើ​អង្រឹង​ស្នែង គេ​យក​ឈើ​មួយ​ដើម​ដែល​កោង​ចំ​កណ្ដាល​អ៊ែន​ចុះ​ក្រោម ចុង​សង​ខាង​.​ង​.​ឡើង​​លើ ហើយ​នៅ​ចុង​នោះ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្កា​ភ្ញី និង​មាន​ស្រោប​មាស ឬ​ប្រាក់​ពី​ក្រៅ​ឈើ​នោះ​ផង គេ​ហៅ​ថា អង្រឹង​ដង​មាស ឬ​ដង​ប្រាក់​សម្រាប់​តាម​លំដាប់​ថ្នាក់ ។ ចម្ងាយ​ពី​ចុង​ដង​ប្រហែល​មួយ​ហត្ថ គេ​វាយ​ដែក​ធ្វើ​ជា​ស្រយូវ​ម្ខាង​១ ហើយ​គេ​យក​សំពត់​មួយ​ផ្ទាំង​យ៉ាង​ធំ ហើយ​ក្រាស់​មក​បត់​ធ្វើ​ជា​ត្រចៀក​សម្រាប់​ស៊ក​ខ្សែ​ភ្ជាប់​ទៅ​និង​ស្រយូវ​ដែក​នោះ ។ អ្នក​ជិះ​គេ​អង្គុយ​លើ​សំពត់​នោះ ដៃ​កាន់​ជាយ​សំពត់​ផង ហើយ​ឲ្យ​មនុស្ស​ ២​នាក់​ជា​នាក់​សែង ។ នៅ​ក្បែរ​អង្រឹង​ស្នែង​តែងតែ​មាន​ប្រដាប់​មួយ​ទៀត​មាន​សណ្ឋាន​ដូច​ដំបូល​ទូក​តែ​ធំ​ជាង ក៏​មាន​បិទបាំង​ដោយ​សំពត់​ព្រែ ៥​ពណ៌ ហើយ​ដោយ​មាន​មនុស្ស​​​ ៤​នាក់​សែ​ង និង​មាន​មនុស្ស​ដើរ​តាម​ហែ​ពី​ក្រោយ​ផង ។ បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​អាច​ជិះ​ដំរី​ និង​សេះ​ព្រម​ទាំង​ប្រើ​រទេះ​ដែរ ។ រទេះ​នៅ​ស្រុក​នេះ ក៏​មាន​លក្ខណៈ​ដូច​រទេះ​ស្រុក​ឯ​ទៀត​ដែរ តែ​គេ​ជិះ​សេះ​ឥត​មាន​កែប​ទេ ឯ​ដំរី​ក៏​គ្មាន​ប្រដាប់​សម្រាប់​អង្គុយ​ដែរ ។

***

  1. អង្ករ​ ពី​ដើម​គេ​ហៅ រង្ករ ។
  2. ចេន​ភូ = ចន្ទ​បូរ​ ឬ ចន្ទបុរី ។ ប៉ាកាង = បាកាន ។
  3. តាមមើលទៅ ដើម​នេះ​គួរ​ជា ដើម​អំពិល ព្រោះ​គេ​ប្រើ​ស្លឹក​ក៏​បាន ផ្លែក៏បាន​។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s