កំណត់​ហេតុ ជីវ តាក្វាន់ (១២)


៣២. អំពី​ទូក​ និង​ច្រវា

អំពី​ទូក​ធំ​ៗ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​យក​ឈើ​រឹង​ៗ មក​ចាំង​ជា​បន្ទះ​ក្ដារ​សិន រួច​ទើប​វាយ​ផ្ដុំ​ឡើង​ជា​ទូក ។ មេ​ជាង​ឥត​មាន​ប្រើ​​រណា​ទេ គេ​ប្រើ​តែ​ដឹង​ហើយ​ និង​ដែក​ខួង​ដែល​ជា​ហេតុ​នាំ​អោយ​ខាត​ឈើ​ និង​កម្លាំង​ច្រើន​ណាស់ ។ នៅ​ពេល​ដែល​គេ​ចង់​កាត់​ឈើ​ជា​កំណាត់​ៗ គេ​តែង​យក​ដែក​ខួង​មក​ខួង​ទម្លុះ​​ផ្ដាច់​តែ​ម្ដង ទោះ​ជា​ធ្វើ​ផ្ទះ​ក៏​ធ្វើ​របៀប​គ្នា​នេះ​ដែរ ។ គេ​មាន​ប្រើ​ដែកគោល​វាយ​ធ្វើ​ទូក​ដែរ ។ គេ​យក​ស្លឹក​ឡេង (ក្រចាប់) មក​ប្រក់​ធ្វើ​ដំបូល ដោយ​យក​ដើម​ស្លា​មក​ពុះ​ជា​បន្ទះ​កៀប​សង្កត់​​ស្លឹក​នោះ​ផង​។ ទូក​របៀប​នេះ​គេ​ហៅ​ថា ស៊ីនណា ។ គេ​​បិទ​​ពរ​ទូក​ដោយ​ជ័រ​ឈើ ខ្លាញ់​ត្រី លាយ​នឹង​កំបោរ ។ ចំណែក​ទូក​តូច​វិញ គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម​ធំ ។ គេ​យក​ភ្លើង​ដុត​រោល​ឲ្យ​ទន់​សាច់​ឈើ ទើប​ទល់​បំប៉ោង​ពង្រីក​ពោះ​ទូក​ឲ្យ​ធំ​ក្បាល កន្សៃ​ស្រួច ឥត​មាន​ប្រើ​ដំបូល​ទេ តែ​ដាក់​បាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែរ ។ ទូក​របៀប​នេះ​ហៅ​ថា កុយឡាំង

៣៣. អំពី​ខែត្រ

ខែត្រ​មាន​ទាំង​អស់​ជាង​៩០ គឺ ខែត្រ​ចេងពួ (ចន្ទ​បូរ) ឆា​ណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ួចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម ។ ក្រៅ​ពី​នេះ​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទេ ។ ខែត្រ​និមួយៗ​ សុទ្ធ​តែ​មាន​មន្រ្ដី​កាន់កាប់ ហើយ​មាន​ធ្វើ​បន្ទាយ​ឈើ​ជា​របាំង​ផង ។

៣៤. អំពី​ស្រុក​ភូមិ

នៅ​ក្នុង​ភូមិ​និមួយៗ ជួន​មាន​វត្ត ជួន​មាន​ប្រាសាទ ហើយ​មាន​មន្ត្រី​ម្នាក់​នៅ​ត្រួតត្រា​យ៉ាង​ហ្មត់​ចត់ ។ មន្ត្រី​នោះ​គេ​ហៅ​ថា មួយស៊ី ។ នៅ​តាម​ផ្លូវ​ធំ​ៗ តែង​មាន​សាលា​មួយ​សម្រាប់​ឈប់​សម្រាក គេ​ហៅ​ថា ស៊ិមប៉ាក់ ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​ នេះ​មាន​កើត​ចម្បាំង​​ជា​មួយ​នឹង​ប្រទេស​សៀម ភូមិ​ទាំង​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ដី​វាល​ទៅ​វិញ ។

៣៥. អំពី​ប្រមាត់​ប្រមង់

កាល​ពី​​មុន​នេះ តែ​ដល់​ខែ​ទី​៨ គេ​តែង​ធ្វើ​ការ​ចាប់​មនុស្ស​យក​ប្រមាត់​ពី​ព្រោះ​ស្ដេច​ចាម្ប ក្នុង​មួយ​ឆ្នាំ​គេ​សុំ​យក​ប្រមាត់​ ១ថូ​ដែល​មាន​ចំនួន​រាប់​ពាន់ ។ នៅ​ក្នុង​ពេល​យប់ គេ​ចាត់​ពួក​អ្នក​យក​​ប្រមាត់ (ប្រមាត់​ប្រមង់?) ដើរ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង និង​ក្នុង​ភូមិ ។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែ​ចង​ក្បាល​ឲ្យ​ជាប់​ហើយ​យក​កូន​កាំបិត​ចាក់​ក្រោម​ក្លៀក​ខាង​ស្ដាំ​ខ្វះ​យក​ប្រមាត់​ដាក់​ក្នុង​ថូ លុះ​ត្រា​តែ​បាន​ពេញ​ចំនួន​ទើប​គេ​យក​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម្ប ។ ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​ជន​ជាតិ​ចិន​ទេ ។ ពី​​ព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​និង​គេ​ក៏​បណ្ដាលឲ្យ​ស្អុយ​រលួយ​ខូច​ប្រមាត់​នៅ​ក្នុង​ថូ​លែង​ប្រើ​ការ​បាន​ទាំង​អស់ ។ ពេល​ក្រោយ​មក គេ​លែង​មាន​ការ​ដើរ​ចាប់​យក​ប្រមាត់​ទៀត​ហើយ ហើយ​គេ​ចាត់​មន្ត្រី​ដោយ​ឡែក​សម្រាប់​​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​អំណាច​ខ្លួន ដែល​តាំង​ឲ្យ​នៅ​ជាយ​ក្រុង​ក្បែរ​ទ្វារ​ខាង​ជើង។

៣៦. អំពី​រឿង​ចម្លែក

នៅ​ក្នុង​កំពែង​នា​ទិស​ខាង​កើត មាន​អ្នក​ព្រៃ​ម្នាក់​នោះ​រួមរ័ក​ជា​មួយ​ប្អូន​ស្រី​ឯង​បង្កើត ក៏​ស្រាប់​តែ​ជាប់​ស្បែក​សាច់​គ្នា​បេះ​មិន​ចេញ​រហូត​គ្រប់​៣​ថ្ងៃ ឥត​មាន​ស៊ី​ចុក​អ្វី​សោះ​ក៏​ស្លាប់​បង់​ជីវិត​ទៅ ។ អ្នក​ស្រុក​ខ្ញុំ​ម្នាក់​សែ ស៊ី គេ​បាន​រស់​នៅ​ស្រុក​នេះ​រវាង ៣៥​ឆ្នាំ គេ​ថា គេ​បាន​ឃើញ​រឿង​នេះ​ច្បាស់​ពិត​ ២​លើក ហើយ​គេ​ថា​បាន​ជា​សក្ដិសិទ្ធិ​ដូច្នេះ ព្រោះ​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់ ។

៣៧. អំពី​ការ​ងូត​ទឹក

ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃ​ៗ បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះ​បី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង ឬ​២​ដង​ដែរ ។ គេ​គ្មាន​បន្ទប់​ទឹក គ្មាន​ចានដែក គ្មាន​ប៉ោត​ទេ ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ គេ​ព្រួត​គ្នា ២ -៣ ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​ពី​រឿង​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ ។ ប៉ុន្តែ​បើ​ឪពុកម្ដាយ​​ចាស់ គាត់​ទៅ​ដល់​ស្រះ​មុន ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ ប្រសិន​បើ​ក្មេង​កំពុង​តែ​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នោះ​នាំ​គ្នា​គេច​ចេញ​ដែរ ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា​ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទបាំង​កេរខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ ។ ជួន​កាល​ក្នុង​រយៈ ៣ – ៤ថ្ងៃ ឬ​ ៥-៦​ថ្ងៃ​ម្ដង ពួក​ស្រី​ៗ​ ទីក្រុង​ ១​ក្រុម​មាន​គ្នា ៣ -​ ៤នាក់ នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ខាង​ក្រៅ​កំពែង​ក្រុង​ ។ នៅ​ពេល​ដែល​ទៅ​ដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​នាក់ ។ សូម្បី​តែ​ពួក​ស្រី​ៗ ដែល​មាន​ត្រកូល​ខ្ពង់ខ្ពស់​ក៏​ដូច្នេះ ដែរ។ គេ​ឥត​មាន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់ ។

នៅ​មាត់​ទន្លេ​ក្រៅ​ទី​ក្រុង​នោះ រាល់​ថ្ងៃ​តែង​តែ​មាន​ជន​ជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​ថា​គេ​លួច​ឆ្លៀត​ពេល​នៅ​ក្នុង​ទឹក​នោះ​ផង ។ ទឹក​នោះ​នៅ​ក្ដៅអ៊ុនៗ ជានិច្ច លុះ​ត្រា​ដល់​ពេល​យប់​យាម​៤ ទើប​ត្រជាក់ លុះ​ដល់​ព្រឹក​ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅអ៊ុនៗ​ ឡើង​វិញ​ទៀត ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , , . Bookmark the permalink.

4 Responses to កំណត់​ហេតុ ជីវ តាក្វាន់ (១២)

  1. ភារម្យ ថា:

    តាម៉ាប់ឯងបកប្រែ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s