កំណត់ហេតុ ជីវ តាក្វាន់ (១៣)


៣៨. ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍)

ពួក​ជនជាតិ​ចិន​ដែល​ជា​អ្នក​ឈ្មួញ​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ​ក៏​ពេញ​ចិត្ត​គេ​ខ្លាំង​ណាស់​ព្រោះ​ស្រុក​នេះ​មិន​បាច់​ប្រើ​សំលៀក​បំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រក​បាន ឯ​ផ្ទះ​សំបែង​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើប្រាស់​ក៏​ងាយ​រក ការ​លក់ដូរ​ក៏​ធូរ​ងាយ ម៉្លោះ​​ហើយ​បានជា​​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ មក​រស់​នៅ​ស្រុក​នេះ​ច្រើន​ណាស់ ។

៣៩. អំពី​កងទ័ព

កងទ័ព​ធ្វើ​ដំណើរ​ដោយ​លែង​ខ្លួន​ឥត​អាវ ។ ដៃ​ស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល​គ្មាន​ប្រើ​ធ្នូ​និង​ព្រួញ​ទេ កាំភ្លើង​ធំ ឬ​អាវក្រោះ​ក៏​គ្មាន​ដែរ ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​និង​ជាតិ​សៀម គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​កម្លាំង​តែ​ម្ដង ពុំ​មាន​ប្រើ​ល្បិច​កល​ឧបាយ​អ្វី​ឡើយ ។

៤០. អំពី​ការ​យាង​ចេញ​នៃ​មហាក្សត្រ

ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា ស្ដេច​អង្គ​មុន​ៗ មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ​ព្រោះ​ខ្លាច​មាន​រឿង​ហេតុ ។ ស្ដេច​អង្គ​ថ្មី​នេះ​ត្រូវ​ជា​សុណិសា​ស្ដេច​មុន  ។ កាល​ពី​ដើម លោក​មាន​ឋានៈ​ជា​មេទ័ព ។ បិតា​ក្មេក​នោះ​សព្វ​ព្រះ​ទ័យ​និង​បុត្រី​ព្រះអង្គ​ណាស់​បា​ន​ជា​កូន​ស្រី​នេះ លួច​យក​ព្រះ​ខ័ន​មាស​បាន​ហើយ​យក​ទៅ​ឲ្យ​ប្ដី​របស់​ព្រះ​នាង ។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ​ស្នង​បិតា ក៏​លើក​គ្នា​ទៅ​ដណ្ដើម​រាជ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់​ចាប់​បាន​នាំ​យក​មក​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត ។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវក្រោះ​ដែក ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ ។ ដូច្នេះ​ហើយ ទើប​ព្រះ​អង្គ​ហ៊ាន​យាង​ចេញ​ក្រៅ ។ ខ្ញុំ​បាន​ទៅ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ បាន​ឃើញ​ព្រះអង្គ​យាង​ចេញ​មក​ ៤-៥​ដង ។ ការ​យាង​ចេញ​មក​ម្ដង​ណា​តែង​មាន​ទ័ព​​នៅ​ការពារ​ពី​ខាង​មុខ មាន​អ្នក​កាន់​ទង់​ជ័យ និង​មាន​តន្ត្រី​នៅ​ខាង​ក្រោយ ។ ស្រី​ស្នំ ៤-៥នាក់​ស្លៀក​សំពត់​ផ្កា សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជា​ក្រុម​ៗ ។ ទោះ​បី​នៅ​ពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទៀន​ដែរ ។ នៅ​ក្នុង​ចំណោម​ស្រី​ស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូច​ជា ភាជន៍​មាស និង​គ្រឿង​បិទបាំង​ជា​ដើម​ផ្សេង​ៗ ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើ​ការ​អ្វី​ខ្លះ​ឡើយ ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត កាន់​ស្ន លំពែង ខែល ជា​ទ័ព​នៅ​ខាង​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ​ដែល​មាន​តាក់​តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ ។

ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ញាតិវង្ស​សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥត​គណនា ។ បន្ទាប់​មក​ទើប​ដល់​ព្រះ​មហេសី​ធំ​តូច តាម​លំដាប់​ថ្នាក់ ជិះ​អង្រឹង​​ស្នែង​ ជិះ​រទេះ​សេះ ឬ​ជិះ​ដំរី​ដ៏​មាន​ក្លស់ បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ ។ បន្ទាប់​ទៀត​ទើប​ដល់​ព្រះរាជា​ព្រះ​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះហស្ត​កាន់​ព្រះ​ខ័ន​ទិព្វ ។ ភ្លុក​ដំរី ព្រះ​ទីន័ង​សឹង​មាន​ពាក់​ចង្កំ​មាស ។ មាន​ក្លស់​.​ស​. (ស្វេតច្ឆត្រ) ចំនួន​២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះអង្គ​ដែល​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស នៅ​​ជុំវិញ​ព្រះអង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ ។ បើ​ប្រសិន​ជា​ស្ដេច​យាង​ទៅ​ណា​ជិត​ៗ ទេ ទ្រង់​គង់​លើ​គ្រែ​ស្នែង (ព្រះវ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រី​ៗ ស្នំ ។ សឹង​តែ​រាល់​ដង កាល​ណា​ស្ដេច​យាង​ចេញ​ដំណើរ​តែង​មាន​រូប​ស្តូប​​តូច​មួយ ហើយ​ពី​មុខ​នេះ​មាន​ព្រះពុទ្ធ​រូប​មាស​មួយ​អង្គ​ផង​សែង​ពី​មុខ​ព្រះរាជា ។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ​ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី​ ដែល​គេ​ហៅថា សំប៉ា (សំពះ?) បើ​ពុំ​ដូច្នោះ​ទេ​និង​ត្រូវ​គេ​ចោទ​ថា មើល​ងាយ​ព្រះ​ចេស្ដា ហើយ​និង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល​ឥត​ដោះ​លែង​ឡើយ ។

ក្នុង​មួយ​ថ្ងៃ​ព្រះរាជា​ទ្រង់​កិច្ចការ​រដ្ឋ​ ២​លើក គឺ​ទទួល​សវនាការ​ពី​រដ្ឋមន្ត្រី និង​រាស្ត្រ​ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​និង​កិច្ចការ​នោះ​ទេ ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់​ត្រូវ​តែ​ចូល​ទៅ​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ដី​រង់​ចាំ​ជា​មុន ។ មួយ​សន្ទុះ ក្រោយ​មក​ទើប​គេ​ឮ​សូរ​សំឡេង​​តន្ត្រី​រងំ​ខាង​ក្នុង ។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​​តប​ទៅ​វិញ ។ ខ្ញុំ​ឮ​គេ​ថា គេ​ប្រើ​តែ​ទី​នាំង​គ្រែ​ស្នែង​មាស (ព្រះវ​មាស) ទេ បើ​គ្រាន់​តែ​យាង​ជិត​ៗ ។ បន្ទាប់​មក​គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះវ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះ​ខ័ន នៅ​ក្នុង​ស៊ុម​មាស​ជា​ទី​ព្រះទែន​គង់​ប្រថាប់ ។ ពេល​នោះ ទាំង​មន្ត្រី​ទាំង​រាស្ត្រ​សុទ្ធ​តែ​អោន​ក្បាល​លើក​ដៃ​សំពះ លុះ​ត្រា​តែ​ផុត​សំឡេង​ស័ង្ខ​ដែល​ជា​សញ្ញា​ឲ្យ​ងើប​មុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា ។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ ។ ​ព្រះ​ទែន​នោះ​ក្រាល​ដោយ​ស្បែក​សត្វ​សិង្ហ ដែល​ជា​កេរ្តិ៍​ដំណ​មក​ច្រើន​ស្ដេច​ហើយ ។ លុះ​ទ្រង់​ប្រស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ ២នាក់​រូត​រនាំង​បិទ​ដូច​ដើម អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ​ហើយ​អែប​ៗ ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ ។ ពិត​មែន​តែ​ស្រុក​នេះ មិន​សូវ​ស៊ីវិល័យ តែ​គេ​ស្គាល់​ច្បាប់​ទម្លាប់​គោរព​ព្រះមហាក្សត្រ ។

***

  1. រឿង​នេះ​មក​ពី លោក ជីវ​ តាក្វាន់ មិន​បាន​ឃើញ និង​ស៊ើប​ព័ត៌មាន​ទេ ព្រោះ​តាម​ឯកសារ​ជា​ច្រើន​ណាស់​ថា ខ្មែរ​ចេះ​រៀបចំ​ទ័ព​ត្រឹមត្រូវ មាន​សស្ត្រាវុធ និង​ក្បួន​យុទ្ធសាស្ត្រ​ផង​។
  2. ស្ដេច​អង្គ​នេះ លោក Adémare Leclère សរសេរ​ក្នុង Histoire du Cambodge ថា : ក្នុង​ចន្លោះ​ពេល​នោះ មាន​ស្ដេច​សោយរាជ្យ​ជា​ច្រើន​អង្គ​មិន​ប្រាកដ​នាម តែ​គេ​សំគាល់​បាន​មួយ​តាម​សិលា​ចារឹក គឺ ស្ដេច​ជយបរមេស្វរៈ (ព្រះបាទ​ឥន្រ្ទវម៌​ទី៣) ដែល​សោយរាជ្យ​ក្នុង​ចន្លោះ​ឆ្នាំ ១២៥០ – ១៣០០​នេះ ។ **

** សុំ​បញ្ជាក់​ផង​ដែល​ថា តាម​​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​មនុស្ស​សាស្ត្រ និង​សង្គមសាស្ត្រ​ (​ភូមិន្ទ​ II) បច្ចុប្បន្ន​ ស្ដេច​ដែល​សោយរាជ្យ​នៅ​អង្គរ​កំឡុង​ពេល​​ដែល លោក ជីវ តាក្វាន់​ ម​ក​ស្នាក់​នៅ​នោះ គឺ​ ស្ដេច​ស្រីន្ទ្រវម៌ (១២៩៦-១៣០៨) ដែល​ជា​បុត្រ​សុណិសា​របស់ ស្ដេច​ជ័យវម៌​ទី៨ (១២៤៣-១២៩៥)​ ។ ឯ​ស្ដេច​ដែល​មាន​នាមបច្ឆាមរណៈ​ ជយវម៌បរមេស្វរៈ (ជយបរមេស្វរៈ) នោះ​ គឺ​ ស្ដេច​ជ័យវម៌​ទី៩ (១៣២៧-១៣៣៩) ដែល​គេ​កំណត់​ថា​ជា​ស្ដេច​ចុង​ក្រោយ​នៃ​សម័យ​អង្គរ ។ អាន​បន្ថែម ព្រះ​រាជា​ខ្មែរ​សម័យ​អង្គរ (ពី​ព្រះ​រាជា​ទី​១៩ ដល់​ទី​២៧​)

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in សៀវភៅប្រវត្តិសាស្រ្ត and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s