កំណត់​ហេតុ ជីវ តាក្វាន់ ៖ ពន្យល់ពាក្យ


  1. កាងពាងឈូ ឬ​ កាងពាងជូ ៖ តាម​យោបល់​របស់ លោក Pelliot ថា​ពាក្យ កាងពាង ក្លាយ​ពី​ពាក្យ កំពង់ ។ តាម​យោបល់​របស់​យើង​ថា កំពង់ ចិន​សរសេរ​តែ​មួយ​មាត់​ទេ​ថា ប៉ុង ដូចជា ប៉ុងចាំ ៖ កំពង់ចាម ។ ម្យ៉ាង​ទៀត បើ​កាត់​យក​តែ​ពីរ​ម៉ាត់​ ត្រូវ​នៅ​សល់​មួយ​ម៉ាត់​ទៀត​ ឈូ ឬ​ ជូ ប្រែមិនកើត ។ ដូច្នេះ​ យើង​យល់​ថា​ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ កំពែង​ជួរ ទៅ​វិញ ព្រោះ​ពី​ដើម​ទី​ក្រុង​និមួយៗ តោង​ធ្វើ​ជា​កំពែង​ជា​ជួរ​ព័ទ្ធ​ជុំ​វិញ​ជា​ព្រំដែន​នៃ​ទីក្រុង ។ ក្នុង​បរិវេណ​នៃ​កំពែង​នេះ អ្នក​ក្រុង​រស់​នៅ​មាន​វាំង មាន​ផ្សារផ្សោ មាន​ផ្ទះ​អ្នក​ទី​ក្រុង ។ ទម្លាប់​បុរាណ​ហៅ​ថា កំពែង ឬ សីមា ។ សូម​មើល​ពាក្យ​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក្នុង​គតិលោក​ទី​១ ក៏​និយាយ​ហៅ​ទីក្រុង​ថា កំពែង ។ នៅ​សិលា​ចារឹក​ជា​ច្រើន​ក៏​ហៅ​ទី​ក្រុង​ថា កំពែង ។ លោក Pelliot បាន​ប្រែ កាងពាងជូ ថា Ville Murée ក៏​សម​ន័យ​ថា កំពែង នេះ​ដែរ ។
  2. កានពូចឺ (ចិនទាជីវអាន : កាំព័រទី) ៖ ជា​សំដី​ចិន​កត់​តាម​សំដី​ខ្មែរ : កម្ពុជ ឬ កម្ពុជា ។ ហេតុ​នេះ​ហើយ​បាន​ជា​ចិន​ដែល​សរសេរ​ក្រោយ​ ជីវ​ តាក្វាន់ កែ​ទៅ​ជា កាំផូវជិ ដូច្នេះ​ក៏​មាន ហើយ​​ក្រោយ​មក​ទៀត​កែ​ទៅ​ជា កាំពូចេ ដែល​នៅ​ប្រើ​ជាប់​រហូត​សព្វ​ថ្ងៃ​នេះ ។ ជីវ តាក្វាន់ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ផ្ដើម​ថា តាម​ការ​កត់​ត្រា​របស់​ពួក​អឺរ៉ុប​ថា ប្រទេស​នេះ​ឈ្មោះ​ដូច្នេះ​ដែរ ។ ត្រង់​នេះ​​​នាំ​ឲ្យ​យើង​ដឹង​ថា ជីវ តាក្វាន់ បាន​មើល​សៀវភៅ​កំណត់​ហេតុ​របស់​អឺរ៉ុប គឺ​ពួក​ព័រទុយគ្ហេ ដែល​សរសេរ​ឈ្មោះ​ប្រទេស​យើង​ថា Kamboja ឬ Kamvuja កម្វុជ (សូម​មើល​សៀវភៅ Le Cambodge) ។
  3. ឃុនលុន ៖ ឈ្មោះ​សមុទ្រ​ដែល ជីវ តាក្វាន់ និយាយ​ថា នៅ​តាម​រយៈ​ផ្លូវ​ពី​ក្រុង​ចាម្ប​ មក​ស្រុក​ចេនឡា ។ លោក Pelliot ស្រាវជ្រាវ​ឃើញ​ថា​ជា​សមុទ្រ​កោះ​ត្រឡាច ដែល​លោក​​ប្រែ La mer de Poulo-Condor ប៉ុន្តែ​យើង​ស្រាវជ្រាវ​តាម​រក​ឲ្យ​ឃើញ​ន័យ​ច្បាស់​ជាង​នេះ​ទៀត​ពុំ​ទាន់​ឃើញ ។
  4. ចេនគាឡាង ឬ តាំងកេឡាង ៖ ទំនង​ជា​ពាក្យ​សំស្ក្រឹត ស្រី​គារ​​ ដែល​ខ្មែរ​និយម​យក​មក​ប្រើ​ហៅ​ពពួក ស្នំ​បរិវារ និង​អ្នក​បម្រើ​ស្ដេច​សម្រាប់​ហែហម​ជា​លំអ និង​កត្ដិយស​ស្ដេច ។ យើង​សរសេរ​សព្វ​ថ្ងៃ​ទៅ​ជា «ស្រឹង្គារ» ។ មក​ពី​ដំបូង​ គេ​អាន​ថា សឹងគារៈ មាន​សំឡេង រៈ នៅ​ចុង​លុះ​ចិន​គ្មាន​អក្សរ ក៏​យក​សំលេង មក​ជំនួស​បានជា សឹងគារៈ ទៅ​ជា ចេនគាឡាង ។
  5. ចេងផូវ ឬ ថេងភូ ៖ ជីវ តាក្វាន់ ទុក​ជា​ឈ្មោះ​ស្រុក​មួយ​ជា​ជាយ​ដែន​ប្រទេស​ចេនឡា ។ លោក Pelliot បញ្ជាក់​ថែម​ថា​ស្រុក​នេះ​នៅ​ត្រង់​ភូមិភាគ Cap Saint-Jacques ឬ ខែត្រ​បារៀ​ សព្វ​ថ្ងៃ​នេះ ។
  6. ចេនឡា ឬ ចេនលាក់ : ពាក្យ​នេះ​នៅ​ក្នុង​ការ​រាវរក​សំខាន់​ណាស់​ ព្រោះ​ជា​ឈ្មោះ​ប្រទេស​តែ​ម្ដង ។ នឹងថា ជា​ឈ្មោះ​ដែល​អ្នក​ស្រុក​យើង​ហៅ​ខ្លួន​ថា យើង​ជា​អ្នក​ចេនឡា ឬ​​ជាតិ​ចេនឡា​ក៏​មិន​មែន ព្រោះ​ដូច​និយាយ​ខាង​ដើម​សេចក្ដី​ប្រែ​នេះ​ស្រាប់ ដែល​ លោក ជីវ តាក្វាន់ បញ្ជាក់​អ្នក​ប្រទេស​នេះ​ហៅ​ខ្លួន​ឯង​ថា កាន់ផៃចឺ ហើយ​ដែល​អ្នក​ស្រុក​អឺរ៉ុប​កត់​ទុក​ថា កាំពូចឺ ដែល​មាន​សំឡេង​ស្រដៀង​នឹង កាំពូចេ ដែរ ។ កំណត់​នេះ​បង្ហាញ​ថា មិន​មែន​ជនជាតិ​យើង​ដាក់​ឈ្មោះ​ ចេនឡា នេះ​ទេ ប្រាកដ​​ជា​បរទេស​ហៅ​សំគាល់​តាម​ហេតុ  ឬ​តាម​របស់​អ្វី​មួយ​មិន​ខាន ពិសេស​​​​គឺ ​ចិន​នេះ​ឯង​បាន​មក​ទាក់​ទង​ហើយ​បាន​សរសេរ​កត់​ត្រា​ស្រុក​យើង​មុន​គេ (តាំង​ពី​សតវត្ស​ទី​៤​) ។ បើ​ដូច្នេះ​យើង​ត្រូវ​រាវរក​តាម​សំនៀង​សំដី​ចិន តើ ​ចេនឡា ​នេះ​ថា​ត្រាប់​តាម​សំដី​ខ្មែរ​ថា​ម៉េច​? ឧទាហរណ៍ ពាក្យ ហ្វូហានហ្វូណាម មក​ពី​ត្រាប់​ពាក្យ​ខ្មែរ​ថា ភ្នំ ចិន​គ្មាន​អក្សរ​តម្រួត ម៉្លោះ​​ហើយ ភ្នំ រំលែក​សំឡេង​ទៅ​ជា ភូណមភូណាម ។ កាល​ខ្ញុំ​ទៅ​ស្រុក​ចិន ជួប​នឹង​អ្នក​ស្រាវជ្រាវ​​ចិន​ម្នាក់ ឈ្មោះ ស៊ីវម៉េង គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ឃើញ​ឯកសារ​មួយ​និយាយ​ពី​ឈ្មោះ ចេនលា នេះ​គឺ ដើមឡើយ​ចិន​ហៅ​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ខាង​លើ ប្រទេស ​ហ្វូណាន ។ ប្រទេស​នោះ​មាន​​ព្រៃ​ក្រាស់​ណាស់ ហើយ​សំបូរ​ឃ្មុំ​យក​ក្រមួន​ធ្វើ​ទៀន ។ ពួក​ចិន​តែង​ធ្វើ​ដំណើរ​តាម​សំពៅ​មក​ទិញ​ដូរ​យក​ក្រមួន​សុទ្ធ គឺ​ក្រមួន​យក​ពី​ឃ្មុំ​ដើម្បី​នាំ​ទៅ​លក់​ឯ​ស្រុក​គេ​សម្រាប់​​ធ្វើ​ទៀន ហើយ​គេ​នាំ​គ្នា​សន្មត​ហៅ​ស្រុក​នេះ​ថា ៖ ក្រមួន​សុទ្ធ គឺ​ថា ចេន ចេង ប្រែ​ថា​សុទ្ធ ឯ ឡាឡាក់ ប្រែ​ថា ក្រមួន ឬ ឃ្មុំ  ឬ ទៀន (ភាសា​ចិន​គេ​ដាក់​គុណនាម​មុន​នាម) បូក​រួម​មក​បាន​ន័យ​ថា «ស្រុក​ក្រមួន​សុទ្ធ»។ មាន​យោបល់​មួយ​ទៀត​ចុះ​សំរុង​គ្នា​ថា នៅ​ច្រក​ទន្លេ​ធ្លាយ​ទៅ​សមុទ្រ​ជា​កន្លែង​អ្នក ចេនលា នាំ​ក្រមួន​សុទ្ធ​ទៅ​ទុក​លក់​ឲ្យ​សំពៅ​ចិន​នោះ គេ​សន្មត​ឈ្មោះ​ស្រុក​ក្រមួន​ដែរ គឺ​ក្រមួន​ស (កម្ពុជាក្រោម) ស នេះ​មិន​សំដៅ​ខ្លាញ់​គោ​ទេ ព្រោះ​សម័យ​នោះ​មិន​ទាន់​មាន ដូច្នោះ​ស​នេះ គឺជា​ក្រមួន​​សុទ្ធ​នេះឯង​ ហើយ​នៅ​ភូមិភាគ​ក្រមួន​ស​នេះ ក៏​មាន​ស្រុក ភូមិ​មាន​ឈ្មោះ​ថា ក្រមួន​ៗ ច្រើន​ណាស់ នាំ​ឲ្យ​សន្និដ្ឋាន​បាន​ថា ៖ ស្រុក​ភូមិ​ត្រង់​នោះ​​ជា​ទី​ឃ្លាំង​ផ្ទុក​ក្រមួន នាំ​ទៅ​ទុក​លក់​ឲ្យ​សំពៅ​ចិន​មែន ព្រោះ​សំពៅ​ដើរ​តែ​តាម​សមុទ្រ​មិន​បាន​ចូល​មក​តាម​ទន្លេ​ទេ ។
  7. ឆឺនថា ឬ ឆេនថាន់ : ទំនង​មក​ពី​ពាក្យ ជាន់ឋាន ក្រែង​ក្នុង​ពិធី​នេះ​គេ​នាំ​លោក​មក​កាន់​ទី​កន្លែង​របស់​កូន​ស្រី ? ប៉ុន្តែ​ក្នុង​ទំនៀម​ហើយ​មក​ឥលូវ​នេះ​មិន​ឃើញ​មាន​ធ្វើ​ដូច្នេះ​ទេ ។ ពត៌មាន​នេះ មិន​គួរ​នឹង​ជឿ ប៉ុន្តែ​យើង​យល់ថា តើ លោក ជីវ តាក្វាន់ បំផ្លើស​រឿង​នេះ​ដើម្បី​ប្រយោជន៍​អ្វី? មិន​តែ​ប៉ុណ្ណោះ លោក​បញ្ជាក់​ទាំង​ពេល​ដែល​ឃើញ​គេ​ធ្វើ ហើយ​ត្រង់​ណា លោក​មិន​ឃើញ​ផ្ទាល់​ភ្នែក​ដូច​ជា​នៅ​ក្នុង​បន្ទប់​ក៏​លោក​បញ្ជាក់​ច្បាស់​ថា លោក​គ្រាន់​តែ​លឺ​គេ​ថា​ទេ (ត្រង់​នេះ​ឃើញ​ថា លោក​មាន​ចិត្ត​ត្រង់​ណាស់​ក្នុង​ដំណើរ​កត់​ហេតុ​នេះ) ។
  8. ឆេណាំ រឺ ឆាណាំ : ជា​សំឡេង​ចិន ត្រាប់​តាម​ពាក្យ​ខ្មែរ ឆ្នាំង ដោយ​សារ​ចិន​គ្មាន​សំឡេង​អក្សរ​​តម្រួត​ គឺ​សំដៅ​យក កំពង់ឆ្នាំង ព្រោះ​ពាក្យ​កំពង់​ប្រែ​ថា ភូមិ ម៉្លោះ​ហើយ លោក ជីវ តាក្វាន់ កត់​យក​តែ​ឈ្មោះ​ភូមិ​តែ​ម្ដង។ ច្បាស់​ថែម​ពី​លើ​នេះ​ទៀត គឺ លោក ជីវ តាក្វាន់ បាន​រាប់រៀប​ថា ជា​ឈ្មោះ​ខេត្ត​មួយ​នៃ ប្រទេស​ចេនឡា ហើយ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​នេះ​ត្រូវ​ឆ្លង​កាត់​សមុទ្រ​សាប (ទន្លេសាប) អស់​ពេល​ដប់​ថ្ងៃ​ទៀត ទើប​ដល់​ក្រុង​ធំ ។
  9. ផូគូ : ក្លាយ​តាម​សំដី​ចិន ទំនង​ជា​ហៅ​ពាក្យ​ខ្មែរ ចៅគូ ដែល​គេ​ធ្លាប់​និយម​ប្រើ​នៅ​ចុង​សតវត្ស​ទី១៣ សម្រាប់​ហៅ​លោក​សង្ឃ (សព្វ​ថ្ងៃ​សៀម​នៅ​ប្រើ​នៅ​ឡើយ) ។
  10. ប៉ាតេង : ពាក្យ​ខ្មែរ​បុរាណ កម្រ​តេង ដែល​ក្រោយ​មក​ក្លាយ​ជា កំរ​តែង រួច​សព្វ​ថ្ងៃ​ថា គម្ដែង គឺ​សម្រាប់​សំគាល់​ងារ​មន្ត្រី​ជាន់​ខ្ពស់ និង អ្នក​ប្រាជ្ញ​ធំ ឬ​​អ្នក​មាន​រិទ្ធិ​តេជះ​ខ្លាំងក្លា។ សព្វ​ថ្ងៃ​នៅ​ប្រើ​ចំពោះ​ព្រះសង្ឃ ឧទាហរណ៍  : បពិ​ត ព្រះ​គម្ដែង​សង្ឃ ទាំង​ឡាយ ជាដើម។
  11. ប៉ាធ : ទំនង​ជា ​ត្រប់ តាម​សំឡេង​អ្នក​ស្រុក​ដើម​ហៅ​ថា ប៉ាតូវ ។ លោក ប៉ែលិយោត បញ្ជាក់​ថា សព្វ​ថ្ងៃ​ជនជាតិ​ចារ៉ាយ​នៅ​ប្រើ​ពាក្យ ប៉ាតូវ ហៅ​ ឪពុក នៅឡើយ​ ។
  12. ប៉ានឃាប ឬ ប៉ានឃីត : ទំនង​ជា​ត្រាប់​សំឡេង​ខ្មែរ បណ្ឌិត (ដែល​យើង​អាន​ក្លាយ​ទៅ អន្ទិត សំដៅ​យក​ពួក​អ្នក​ប្រាជ្ញ ។
  13. ប៉ាវទៀងកាក : តាម​សេចក្ដី​ក្នុង​អត្ថបទ លោក ជីវ តាក្វាន់ ហៅ​សំគាល់​អង្ករ។ មក​ពី​ពាក្យ​អង្ករ បុរាណ​យើង​ហៅ រង្ករ មាន​ប្រើ​ក្នុង​សិលា​ចារឹក​ជា​ច្រើន ។
  14. ប៉ាស៊ីវ៉ី : សំស្ក្រឹត បស្វេរៈ ប្រែ​ថា​អ្នក​មាន​តបៈ គឺ​ខ្មែរ​បុរាណ​ហៅ​ពពួក​អ្នក​បួស​ជា​តាបស​នៅ​តាម​ព្រៃ​ ច្រើន​ជា​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ​វេទ (សូម​មើល​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ គេ​ប្រើពាក្យ​នេះ​សម្រាប់​ពួក​យក្ស​ហៅ​ ព្រះរាម ដែល​ធ្វើ​តបៈ​ក្នុង​ព្រៃ​ថា បស្វី ។
  15. ផេង កេស៊ី : លោក ជីវ តាក្វាន់ ថា ផេងកេស៊ី ជា​រុក្ខជាតិ​ដែល​គេ​យក​ស្លឹក​វា​មក​ធ្វើ​ស្រា ។ យើង​បាន​ប្រទះ​ឃើញ​ក្នុង​វចនានុក្រម​ខ្មែរ​ភាគ​១ ទំព័រ ៨២៩ និយាយ​ថា ខ្មែរ​យើង​ជាន់​ដើម​ គេ​យក​ស្លឹក​ឈើ​ម្យ៉ាង​មក​ធ្វើ​ស្រា​ហៅ​ថា ស្លឹក​ភ្ងាស ។ ភ្ងាស នេះ​ជា​ឈើ​ព្រៃ​មាន​សំបក​ក្រមរ​ជ្រួញ​ៗ ស្លឹក​ល្អិត​រឹង ផ្កា​ល្អិត​កញ្ចុំ ពណ៌​ស្វាយ ។ ដូច្នេះ​គឺ​ ស្លឹក​ភ្ងាស នេះ​ហើយ​ដែល​កត់ តាម​សំឡេង​ចិន​ទៅ​ជា ផេកេស៊ី ។
  16. ពុឡៃ : សំស្រ្កឹត ព្រះ ប្រែ​ថា ប្រសើរ គឺ​តាម​និយមន័យ​ខ្មែរ​​សម្រាប់​​ហៅ​បុគ្គល​ជា​ទី​គោរព មាន​ព្រះពុទ្ធ​អង្គ​ជា​ដើម ។ ក្រោយ​មក​គេ​ហៅ​មន្ត្រី​មាន​សក្ដិ​ខ្ពស់ ឬ សង្ឃ​ដែល​មាន​សមណសក្ដិ ។
  17. ពូលូវ ឬ ពូលូឈិង មក​ពី​ពាក្យ​ ផ្លូវ ដែល​ចិន​គ្មាន​សំឡេង​អក្សរ​តម្រួត ក៏​អាន​ទៅ​ជា​ពីរ​ព្យាង្គ​ថា ពូលូវ ។ ឯ​ពាក្យ ឈិង ជា​ពាក្យ​ចិន​ប្រែ​ថា ភូមិ ដូច្នេះ ពាក្យ​នេះ​មាន​ន័យ​ថា ភូមិ​ផ្លូវ ទំនង​ជា «ភូមិ​ផ្លូវ​ត្រី សព្វ​ថ្ងៃ​ទេ​ដឹង​? ព្រោះ​អត្ថបទ​នេះ​និយាយ​ពី ភូមិ​នៅ​មាត់​ទន្លេសាប តាម​រយៈ​ដំណើរ​ទៅ​សៀមរាប ។
  18. ភុយឡាំង : លោក Pelliot លោក​ពន្យល់​ពាក្យនេះថា C’est le non d’une barque faite seule pièce de bois,l’original plan? piran n’est pas cnnu ចំពោះ​យើង​យល់ថា​ទំនង​ជា​ ទូកកម្រោល ដែល​គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម ប៉ុន្តែ​មិន​ដឹង​ជា​ឈ្មោះ​ដើម​ថា​ម៉េច​បាន​ជា​ចិន កត់​ជា​ពាក្យ​ហៅ ផុយឡាំង នេះ ។
  19. ម៉ៃ ឬ មី :ជា​ពាក្យ​សម្រាប់​មនុស្ស​ស្ត្រី​ ឬ​ សម្រាប់​ហៅ​ម្ដាយ​ដែល​ចិន​ខំ​ថា​តាម​សំឡេង​ខ្មែរ មេ ។ ឧទាហរណ៍ មេ​ជ្រូក មេ​គោ មេ​បា … ។
  20. សាមប៉ា : ចិន​អាន​តាម​សំឡេង​ខ្មែរ​ថា សំពះ។
  21. ស៊ុនណា : លោក ប៉េលិយោត ដាក់​ក្នុង​វង់​ក្រចក​អាន​ថា Siennaja ហើយ​លោក​ពន្យល់ន័យ​ថា L’original de ce nomde bateau, quelque chose comme senda, n’a pas éteé retrouvé តាម​មតិ​យើង គឺ​ជា​ទូក​ម្យ៉ាង​ដែល​គេ​យក​​បន្ទះ​ក្ដារ​មក​វាយ​ភ្ជាប់​ភ្ជិត​គ្នា គេ​ច្រើន​ហៅ​សព្វ​ថ្ងៃ​ថា ទូក​ឡើង​ក្ដារ​បុរាណ​ហៅថា​ ទូកសន្ដរ ។ ទំនងជា សន្ដរ នេះ​ហើយ ដែល​ចិន​កត់​ទៅ​ជា ស៊ីនណា។
  22. ស៊ីលាក់ទី : មក​ពី​ពាក្យ​សំស្ក្រឹត ស្រិស្ឋិន ឬ ស្រិស្ធី ប្រែ​ថា អ្នក​ទ្រទ្រង់​នូវ​ស្រុតិ គឺ​ពួក​អ្នក​ចេះ​ដឹង ឬ​ អ្នក​មាន​ប្រាជ្ញា។
  23. ហ៊ុតឈឹង : ពាក្យ​នេះ​មក​ពី​ភាសា​ចិន : ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិ​ព្រះពុទ្ធ។ លោក ប៉េលិយោត យល់​ថា​ជា​ភូមិ​ពោធិ៍សាត់ ប៉ុន្តែ បើ​តាម​កំណាព្យ ​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ និរាស​អង្គរវត្ត លោក​និយាយ​ដំណើរ​លោក​ទៅ​អង្គរវត្ត​តាម​​មាត់​ទន្លេ​សាប ឃើញ​ភូមិ​មួយ​នៅ​ពាក់​កណ្ដាល​ផ្លូវ​នេះ​ឈ្មោះ​ថា ភូមិ​ត្រៃភព ។ ហើយ​គាត់​ពិចារណា​ថា នរណា​យក​ពាក្យ ត្រៃភព មក​ដាក់ឈ្មោះ​ជា​នាម​របស់​ព្រះពុទ្ធ​ដែរ ដូច្នេះ​ ហ៊ុតឈឹង គឺ​ជា​ភូមិ​ត្រៃភព​នោះ​ឯង ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង សៀវភៅប្រវត្តិសាស្រ្ត។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s