ការបកស្រាយផ្ទាំងចម្លាក់នៅប្រាសាទអង្គរវត្តរោងទងខាងត្បូង


ការ​បក​ស្រាយ​ផ្ទាំង​ចម្លាក់​នៅ ប្រាសាទអង្គរវត្ត រោងទង​ខាង​ត្បូង
ដោយ​ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា

នៅ​ពេល​កម្ពុជា​មាន​កំណើន​ចំនួន​ទេសចរ​កាន់​តែ​ច្រើន​ឡើង ដោយ​សារ​តែ​ការ​ទាក់ទាញ​នៃ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ ក្រសួង​ទេសចរណ៍​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បណ្ដុះបណ្ដាល និង​ពង្រឹង​សមត្ថភាព​ធនធាន​មគ្គុទ្ទេសក៍​ទេសចរណ៍​យ៉ាង​សកម្ម​ផុលផុស ​ដើម្បី​ធានា​ដល់​គុណភាព​សេវា​កម្ម​​បញ្ជូន​សារ​ចំណេះ​ដឹង​ពី​អតីតកាល​របស់​កម្ពុជា ​ឲ្យ​បាន​កាន់​តែ​ត្រឹមត្រូវ​ដល់​ភ្ញៀវ​ទេសចរ​ប្រវត្តិសាស្ត្រ​ទាំងឡាយ ។

កន្លង​ទៅ​ថ្មី​ៗ នេះ​មាន​បាតុភូត​អវិជ្ជមាន​ខ្លះ កើត​ឡើង​ពី​ក្នុង​ចំណោម​មគ្គុទ្ទេសក៍​ជាតិ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឲ្យ​ក្រសួង និង​ប្រមុខរដ្ឋាភិបាល​សម្ដែង​នូវ​កង្វល់ និង​កំពុង​ចាត់ការ​ដោះ​ស្រាយ​ចំណុច​អសកម្ម​ទាំង​​នេះ ។ ក្ដី​កង្វល់​នោះ គឺ​ការ​បកស្រាយ​មិន​បាន​ត្រឹម​ត្រូវ​នូវ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ផ្ទាំង​ចម្លាក់​នៅ​ថែវ​ជ្រុង​ខាង​ត្បូង​នៃ​ប្រាសាទអង្គរវត្ត ។ ហេតុ​នេះ​ហើយ​ទើប​ពេល​នេះ ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរ​ម្នាក់ និង​ជា​សាស្ត្រាចារ្យ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ដល់​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​សៀមរាប និង​ភ្នំពេញ សូម​ធ្វើ​ការ​បញ្ជាក់​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​រឿង​នេះ ដោយ​​ពឹង​ផ្អែក​លើ​សារ​ជា​អក្សរ​សហសម័យ​នៅ​លើ​ជញ្ជាំង​ប្រាសាទ​នោះ​តែ​ម្ដង ។

1. angkor

រូបភាព​ដោយ លោកសាស្ត្រាចារ្យ​​ វ. សុធារ៉ា

១. អំពី​ភ្នំ​សិវបាទ ដែល​ជា​កន្លែង ​ព្រះបាទ​សូរ្យវម៌្ម​ទី២ ត្រួតពល ៖ មាន​ការ​បក​ស្រាយ​ថា​​ជា ភ្នំគូលេន ភ្នំ​ព្រះវិហារ ឬ​ភ្នំ​បាយ៉ង់ ដែល​ព្រះបាទសូរ្យវម៌្មទី២ ប្រជុំ​ពល​ទាហាន​ដើម្បី​លើក​ទៅ​វាយ ចាម្ប ឬ​យួន ដូច​ដែល​មាន​ក្នុង​កំណត់ត្រា​ចិន ។ តាម​ពិត ភ្នំសិវបាទ នេះ គឺ​ត្រូវ​នឹង​ភ្នំព្រះនេត្រព្រះ បើ​តាម​សិលាចារឹក K. 216S ឆ្នាំ​១០០៦ ។ ចំណែក​នៅ ប្រាសាទ​តា​មាន់​ធំ មាន​ឈ្មោះ សិវបាទបស្ចឹម, ប្រាសាទ​អ្នកបួស ឈ្មោះ សិវបាទបូព៌, ប្រាសាទ​លើ​កំពូល​ ភ្នំបាយ៉ង់ ហៅ​ថា សិវបុរៈ និង​ប្រាសាទ​ភ្នំសណ្តក ហៅថា សិវបុរទន្ទេន ។ គ្មាន​សិលា​ចារឹក​ណា​សរសេរ​ឲ្យ​ថា​ ព្រះបាទ​សូរ្យវម៌្មទី​២ ប្រជុំ​កងទ័ព​ដើម្បី​លើក​ទៅ​ច្បាំង​ប្រឆាំង​នឹង​ប្រទេស​ណា​មួយ​នោះ​ទេ ។

6. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

២. ពួក​មន្ត្រី​សវនាការ ពេល​ព្រះអង្គ​នៅ​លើ ភ្នំសិវបាទ នោះ ៖​ ពួក​មន្ត្រី​កំពុង​ធ្វើ​សវនាការ ក្នុង​រូប​ចម្លាក់​នោះ សុទ្ធ​សឹង​ជា​មេទ័ព​សំខាន់​ៗ ដែល​ប្រហែល​ជា​កំពុង​រាយការណ៍​អំពី​ស្ថានភាព​កងទ័ព ។ ពួក​គាត់​មាន ព្រះកម្រតេងអញ​ស្រីវីរសិង្ហវម៌្ម, ព្រះកម្រតេង​តមូលស្រីវទ្ធ, ព្រះកម្រតេងអញ​ធនញ្ជ័យ និង​ គុណទោសទស៌ិ ដែល​ជា​រដ្ឋមន្ត្រី​សន្តិសុខ​ទាំង​បួន​រូប ។

10. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

8. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

៣. មេទ័ព​ធំ​ៗ ទាំងឡាយ​ដែល​នាំ​ទ័ព​មក​ពី​តាម​ខេត្ត​នានា ដើម្បី​រួបរួម​ជា​កងទ័ព​ធំ ៖​ឈ្មោះ​មេទ័ព​ទាំង​អស់​ដែល​ឈរ​លើ​ខ្នង​ដំរី​សឹក​នោះ​ជា​មេទ័ព​ជំនិត​របស់​ ព្រះអង្គ​ទាំង​ឡាយ ដែល​ភាគ​ច្រើន ជា​អ្នក​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ដូច​ជា ល្ទៅ នៅ​ជិត​ ព្រៃនគរ (ហូជីមិញ), ឥន្ទ្របុរ (ត្បូងឃ្មុំ) របស់​ធនញ្ជ័យ ឬ​អរជូន និង​ល្វោ ឬ​ លវោទយ របស់​ជយសិង្ហវម៌្ម ជា​ទឹក​ដី​ត្រូវ​នឹង លពបុរី​ ប្រទេស​ថៃ​​សព្វ​​ថ្ងៃ​​ជា​ដើម ។

3. angkor

រូបភាព​ដោយ លោក​សាស្ត្រាចារ្យ​​ វ. សុធារ៉ា

៤. បញ្ហា​​កងទ័ព​សៀម​កុក(ស្យាំ​កុក) ដែល​ដឹក​មុខ​ដោយ​កងទ័ព​ស្រួច​របស់​ខ្មែរ ៖ មាន​ការ​អះអាង​ថា​ជា ​កងទ័ព​ថៃ ដែល​ជា​ទ័ព​ស្រួច​នាំ​មុខ​កងទ័ព​ខ្មែរ ។ នេះ​ជា​ការ​ប៉ាន់​ស្មាន​ខុស ដោយ​សារ​សិលា​ចារឹក​បង្ហាញ​ថា «អ្នករាជកាយ៌្យភាគបមញជេងឈាល តនាំស្យាំកុក» ដែល​មាន​ន័យ​ថា «អ្នក​រាជការ​ភាគ​ប្រមាញ់​ជើង​ឆាល់ ដែល​នាំ​មុខ​ពួក​សៀម​កុក» ។ ដូច្នេះ គឺ​ទ័ព​ស្រួច​ជួរ​មុខ​របស់​រាជការ​ខ្មែរ​ជា​អ្នក​នាំ​មុខ​កងទ័ព សៀម​កុក។ ម្យ៉ាង​ទៀត ពាក្យ«សៀម» មិន​ទាន់​ប្រាកដ​ថា​ជា​ថៃ​នៅ​ឡើយ ។ ព្រោះថា បើ​ផ្នែក​លើ​ភស្តុតាង​សំណេរ​សហសម័យ ពួក​សៀម មាន​បន្សល់​ទុក​តែ​ការ​សរសេរ​អក្សរ និង​ភាសា​ខ្មែរ ព្រម​ទាំង​កាន់​តែ​គោរព​ខ្ជាប់​តែ​ប្រពៃណី​វប្បធម៌​ខ្មែរ​តាំង​ពី​ដំបូង​ទី​មក ។ វា​ទើប​តែ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​សតវត្ស​ទី​​១៩​ ប៉ុណ្ណោះ ។

2. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

៥. សញ្ញា​​សម្គាល់​មេទ័ព​ជា​ព្រះមហាក្សត្រ, ជា​ព្រះអង្គ​ម្ចាស់ និង​ជា​រាស្ត្រ​ធម្មតា ៖​ នៅ​ពី​ខាង​មុខ​មេទ័ព​ម្នាក់​ៗ សុទ្ធ​តែ​មាន​លើក​ទង់​សម្គាល់​ជា​រូប​បដិមា​នៅ​លើ​ចុង​នៃ​ដង​ទង់​នី​មួយ​ៗ ដែល​មាន​បី​ប្រភេទ គឺ​ជា​រូប «ហនុមាន» សម្គាល់​សេនាបតី​ជា​រាស្ត្រ, រូប «គ្រុឌ» សម្គាល់​សេនាបតី​ជា​ក្សត្រ, និង​រូប «វិស្ណុ​ជិះ​គ្រុឌ» សម្គាល់​ព្រះមហាក្សត្រ​ក្នុង​សឹក​សង្គ្រាម ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក មហា​ពិទូរ (ឈឹម) ក្រសេម ។ មាន​រូប​ក្លស់​បាំង​មេទ័ព​នីមួយៗ ក្នុង​ចំនួន​ខុស​ៗ​គ្នា បង្ហាញ​ពី​ចំនួន​គ្រឿង​ឥស្សរិយយស​របស់​មេទ័ព​ទាំង​នោះ ដែល​ព្រះ​មហាក្សត្រ​បាន​ប្រទាន​ឲ្យ​តាម​គុណ​បំណាច់​របស់​ពួក​គេ​ផ្ទាល់ ។

4. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

៦. ផ្ទាំង​​ចម្លាក់​ ៣​ជាន់​ដែល​បង្ហាញ​ពី​ស្ថាន​នរក ៣២ ឬ ៣៣ មួយ​ជាន់ និង​ស្ថានសួគ៌ ២​ជាន់ ៖ មាន​ការ​បក​ស្រាយ​ថា​ជា ផ្ទាំង​បង្ហាញ​ពី​ទិដ្ឋភាព​ស្ថានសួគ៌, ស្ថាន​មនុស្ស និង​ស្ថាននរក ម្យ៉ាង​ទៀត​ថា របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​កាប់​សម្លាប់ និង​ធ្វើ​ទារុណកម្ម​មនុស្ស​យ៉ាង​ព្រៃ​ផ្សៃ​នោះ មក​ពី​គេ​យក​ទិដ្ឋភាព​ផ្ទាំង​ចម្លាក់​ស្ដី​ពី ស្ថាននរក នេះ​ធ្វើ​ជា​គំរូ ។ ការ​បក​ស្រាយ​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ ពី​ព្រោះ​មាន​សិលាចារឹក​​២ បញ្ជាក់​នៅ​ខាង​ដើម​ផ្ទាំង​ចម្លាក់​នេះ​ថា ផ្ទាំង​ខាង​លើ​ពីរ​ជាន់ គឺ​ជា​មាគ៌ា​នៃ​ស្ថានសួគ៌ និង​ផ្ទាំង​មួយ​ជាន់​ក្រោម​គេ​បំផុត​បង្ហាញ​ពី ស្ថាននរក ។ ដូច្នេះ​ផ្ទាំង​ចម្លាក់​នេះ បង្ហាញ​តែ​ពី «កម្មផល» របស់​ជីវិត​មនុស្ស​ដែល​ក្រោយ​ពី​ស្លាប់​ទៅ គេ​អាច​នឹង​បាន​ឡើង​ទៅ​ស្ថានសួគ៌ ប្រសិន​បើ​ពេល​នៅ​រស់​ពួក​គេ​បាន​សាង​អំពើ​កុសល តែ​ពួក​គេ​នឹង​ធ្លាក់​ទៅ​ស្ថាននរក ប្រសិន​បើ​បាន​​ប្រព្រឹត្ត​តែ​អកុសល​កម្ម ។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ទៀត​នោះ ផ្ទាំង​ចម្លាក់​ផែន​នេះ​ឯង​បង្ហាញ​នូវ​រូបភាព​ដូច​នៅ​ក្នុង​ខ្លឹមសារ​សិលាចារឹក​ភាគ​ច្រើន​ថា បើ​នរណា​ម្នាក់​បាន​ធ្វើ​អំពើ​ល្អ​នឹង​បាន​ឡើង​ស្ថានសួគ៌ រី​ឯ​ញាតិសន្ដាន បក្សពួក​ទាំងអស់​ក៏​នឹង​បាន​ឡើង​ស្ថានសួគ៌​ជា​មួយ​​អ្នក​នោះ​ដែរ តែ​បើ​មាន​នរណា​ម្នាក់​ធ្វើ​អំពើ​បាប អ្នក​នោះ​នឹង​ធ្លាក់​នរក​ហើយ​ញាតិសន្ដាន ព្រម​ទាំង​បក្សពួក​ទាំងអស់​របស់​អ្នក​នោះ​ក៏​ត្រូវ​ធ្លាក់​នរក​ជា​មួយ​គ្នា​នោះ​ដែរ ដរាប​ណា​នៅ​មាន​ ព្រះចន្ទ ព្រះអាទិត្យ​ នៅ​ឡើយ ។ បើ​​​តាម​ឈ្មោះ​ស្ថាន​នរក​ដែល​មាន​ចំណារ​អក្សរ​ទាំង​នោះ​ឃើញ​ថា​មាន​ឈ្មោះ​ដូច​ ស្ថាននរក​ ៣២ជាន់ (ទ្វាត្រិំសនរក) ឬ​៣៣ជាន់(ត្រៃត្រិំសនរក) ក្នុង​ព្រហ្មញ្ញសាសនា​របស់​ឥណ្ឌា ។

7. angkor

រូបភាព​ដោយ លោក​​សាស្ត្រាចារ្យ​ វ. សុធារ៉ា

5. angkor

រូបភាព​ដោយ លោក​សាស្ត្រាចារ្យ​​ វ. សុធារ៉ា

ដូច្នេះ ខ្ញុំ​សំណូមពរ​ដល់​ជន​រួម​ជាតិ ជា​ពិសេស​បងប្អូន​មគ្គុទ្ទេសក៍​ទេសចរណ៍​ទាំង​អស់ សូម​មេត្តា​ស្វែងយល់, ពិចារណា និង​ចងចាំ​ឲ្យ​បាន​ច្បាស់​លាស់​ជា​មុន​សិន មុន​នឹង​បក​ស្រាយ​រឿង​ទាំងអស់​នេះ​ប្រាប់​ភ្ញៀវ​ទេសចរ ចាប់​ពី​ពេល​នេះ​ត​ទៅ ៕

***

រូប​ភាព និង​អត្ថបទ​​​ដែល​ចុះ​ផ្សាយ​នេះ​​បាន​ទទួល​ការ​អនុញ្ញាត​ពី​ លោក​សាស្ត្រាចារ្យ វង់ សុធារ៉ា, សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញ​ និង​​អ្នក​ឯកទេស​សិលាចារឹក ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា and tagged , , , , , . Bookmark the permalink.

12 Responses to ការបកស្រាយផ្ទាំងចម្លាក់នៅប្រាសាទអង្គរវត្តរោងទងខាងត្បូង

  1. ស្រុកស្រែ និយាយថា៖

    អត្ថបទនេះ ល្អតើតាម៉ាប់…

  2. Horm Sanghy Nisetpdajsankha និយាយថា៖

    កម្រតេង បើតាមសម្ដេចសង្ឃលោកថា ត្រូវនឹងពាក្យថា គម្ដែង

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s