ប្រាសាទ​ភ្នំ​បាខែង


ភ្នំ​បាខែង​ ស្ថិត​នៅ​ទិស​ខាង​លិច​ ប្រាសាទ​អង្គរវត្ត​ ​នៅ​ជាប់​និង​ផ្លូវ​កៅស៊ូ​​តម្រង់​ទៅ​ទ្វារ​ធំ​ទិស​ខាង​ត្បូង​ អង្គរធំ ។ ភ្នំ​ធម្មជាតិ​មួយ​នេះ​ ជា​ទី​កន្លែង​ដែល​ទេសចរណ៍​ជា​ច្រើន​តែង​នាំ​គ្នា​ពពាក់​ពពូន​ឡើង​មក​នៅ​រាល់​វេលា​ល្ងាច​ ដើម្បី​រង់​ចាំ​មើល​ថ្ងៃ​លិច ដោយ​មាន​អ្នក​ខ្លះ​ឡើង​មក​តាំង​ពី​ម៉ោង​ ៤ អង្គុយ​ហាល​ថ្ងៃ​ដើម្បី​​ចាប់​កន្លែង​បាន​មុន​គេ ។

តាម​សិលា​ចារឹក ព្រះបាទ​យសោវម៌្ម​ទី ១ (889 – 899) (1) បាន​បញ្ជា​ឲ្យ​គេ​កសាង​ប្រាសាទ​ភ្នំ​បាខែង​នេះ​ឡើង​​ជា​ប្រាសាទ​រាជ្យ និង​ជា​ផ្ចិត​នៃ រាជ​ធានី​យសោធរបុរៈ (​ទី​ក្រុង​នៃ​យសោវម៌្ម) ។ រាជ​ធានី​នេះ​មាន​ទំហំ 4 គ.ម៉. x 4 គ.ម៉ ដោយ​ព័ទ្ធ​ទៅ​ដោយ​កំពែង​ធ្វើ​ពី​ដី​ដុត (កំពែង​នេះ​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្រោម​ជើង​ទំនប់​​ខាង​កើតនៃ​ បារាយណ៍​ខាង​លិច) ។ ប្រាសាទ​នេះ​ស្ថិត​នៅ​ក្នុង​រចនាបថ បាខែង ។ ទេវ​ធំ​ដែល​នៅ​រក្សា​ប្រសាទ​នេះ​មាន​ឈ្មោះ​ថា យសោធរេស្វរៈ (ព្រះ​​​ដែល​ពោរពេញ​ទៅ​ដោយ​កិត្តិសព្ទ​ល្បី​ខ្ចរខ្ចាយ) ។​

ភ្នំ​នេះ​មាន​ឈ្មោះ​ដើម​ថា យសោធរ​គិរី  ក្រោយ​មក​គេ​ហៅ​ថា ភ្នំ​កណ្ដាល ។ ការ​ហៅ​នេះ​ប្រហែល​​ជា​គេ​គិត​​​ប្រៀប​ធៀប​រវាង ភ្នំ​បូក និង​ភ្នំ​ក្រោម ហើយ​ភ្នំ​នេះ​ស្ថិត​​នៅ​កណ្ដាល​គេ។ បច្ចុប្បន្ន​ គេ​ហៅ​ថា​ប្រាសាទ​ភ្នំ​បាខែង តាម​សិលាចារឹក​ចារ​បន្ថែម​នៅ​ ស.វ.ទី ១៦ ។ គួរ​បញ្ជាក់​ថា ​មាន​ប្រាសាទ​នៅ​លើ​កំពូល​ភ្នំ​ទាំង​ ៣នេះ​ ដែល​សាង​សង់​នៅ​ក្នុង​រជ្ជកាល​ជា​មួយ​គ្នា ។

ប្រាសាទ​​នេះ​មាន​កំពែង​​ថ្ម​បាយ​ក្រៀម​​​ជា​រាង​ចតុកោណ​ទំហំ​​ 190 ម៉. x 120 ម៉. និង​មាន​គោរបុរៈ​​ពី​គ្រប់ ៤​ទិស ។ ចូល​តាម​គោរបុរៈ​ខាង​កើត​ អ្នក​ត្រូវ​ដើរ​​ប្រមាណ​ជា ១០០ ម៉. មុន​នៅ​ទៅ​ដល់​​ថ្នាក់​ក្រោម​នៃ​ប្រាសាទ ។ នៅ​អម​សង​ខាង​ផ្លូវ​ដើរ​នេះ​ មាន​បណ្ណាល័យ​ឆ្វេង​ស្ដាំ ។ ជណ្តើរ​បុរាណ​ឡើង​ភ្នំ​មានពី​​ ៣​ទិស​លើក​លែង​តែ​ទិស​ខាង​ត្បូង ។ មាន​រឿង​ជា​ច្រើន​ទៀត​អំពី​ប្រាសាទ​នេះ​ ដែល​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ដឹង ហើយ​ក៏​មិន​ចាប់​អារម្មណ៍​នឹង​ចង់​ដឹង ។

ទី​ ១ ប្រាសាទ​នេះ​ គឺ​ជា​ប្រាសាទ​​សាង​សង់​ឡើង​ដោយ​ការ​ដាប់​ភ្នំ ។ ដំបូង​ឡើយ​​កំពូល​ភ្នំ​នេះ​មិន​​រាប​​ស្មើ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ តែ​ស្ថាបត្យករ​ជំនាន់​នោះ​​បាន​ដាប់​ពង្រាប​ផ្នែក​ខ្លះ​នៃ​កំពូល​​ភ្នំ​នេះ និង​ទុក​មួយ​ផ្នែក​ទៀត​ជា​រាង​សាជី​ដើម្បី​ប្រើ​ជា​គ្រឹះ​ស្នូល​នៃ​ប្រាសាទ​នេះ​តែ​ម្ដង (សូម​ពិនិត្យ​ពី​ទិស​​និរតី​) ។ ប្រាសាទ​នេះ​មាន​គ្រឹះ​ ៥ថ្នាក់ (៦ ទាំង​កំពូល) ថ្នាក់​ខាង​ក្រោម​មាន​ទំហំ 76 ម៉. x 76 ម៉. , ថ្នាក់​ខាង​លើ​មាន​ទំហំ 47 ម៉. x 47 ម៉.  និង​មាន​កម្ពស់​​សរុប​ ១៣ ម៉. ។ ចំណែក​ឯ​ថ្នាក់​កំពូល (ល្អៀង​មក​ខាង​លិច) ​មានទំហំ 31 ម៉. x 31 ម៉. ។

ទី ២ ការ​សាង​សង់​ប្រកប​ដោយ​ទឹក​ដៃ​ខ្ពស់ ។ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​​ចំពោះ​កម្ពស់​ប្រាសាទ​ ស្ថាបត្យករ​បាន​​ បំភ័ន្ត​នេត្រាទស្សន៍ (Manipulating Perspectives)​ ដោយ​​សាងសង់​កម្ពស់​នៃ​ថ្នាក់​​និមួយៗ​ ទាប​ជាង​កម្ពស់​នៃ​​​​​ថ្នាក់​ក្រោម​ៗ ។ ឯ​ទំហំ​នៃ​សត្វ​តោ​ដែល​យាម​តាម​ជណ្ដើរ​ឡើង​ទាំង ៤​ទិស ក៏​រួម​តូច​​ទៅ​តាម​នោះ​ផង​ដែរ ។

ទី ៣ ប្រាសាទ​នេះ​មាន​តួ​ប៉ម​សរុប​ ១០៩ ដោយ​មាន​តួ​ប៉ម​ចំនួន ៤៤ នៅ​ជាប់​​ផ្ទាល់​ដី និង​តួ​ប៉ម ៦០​ នៅ​តាម​ថ្នាក់​និមួយៗ នៃ​តួ​គ្រឹះ​ប្រាសាទ (៥ ថ្នាក់ មួយ​ថ្នាក់​មាន ១២ប៉ម) និង​នៅ​​កំពូល​​តម្រៀប​ជា​រាង Quincunx (តួ​ប៉ម​ប្រាំ តួ​ប៉ម​​ធំ​កណ្ដាល និង​តួ​ប៉ម​៤​ នៅ​តាម​ទិស​តូច​​ៗ​ទាំង ៤) ។ ដោយ​ឡែក​ ការ​សាង​សង់​ប៉ម​ចំនួន ១០៩​ នេះ​មាន​ការ​បក​ស្រាយ​ផ្សេង​ៗ​ គ្នា ៖

  1. តាម​ជំនឿ​សាសនា​ព្រាហ្មណ៍ កំពូល​ទាំង ១០៩ គេ​ហៅថា កំពូល ១០៨ និង​កំពូល​មហារាជ​មួយ ។ និមិត្ត​រូប​កំពូល​ទាំង ១០៨ បើ​យក ១ + ០ + ៨ = ៩ ជា​លេខ​ពិសិដ្ឋ​ដែល​ជា​និមិត្ត​រូប​នៃ​ការ​សូត្រ​ឧទ្ទិស​ថ្វាយ​ចំពោះ ព្រះព្រហ្ម ១០៨ ចប់​តាម​គម្ពីរ​វេទ​ទាំង​បួន គឺ ឫគ្វេទ យជ្ជុវេទ សាមវេទ និង ​អថព៌វេទ ។
  2. តាម​ជំនឿ​សាសនា​ព្រាហ្មណ៍​ កំពូល ១០៨ បូក​នឹង​កំពូល​មហារាជ​ដែល​ខ្ពស់​ជាង​គេ​មួយ​ទៀត យើង​បាន​កំពូល​ចំនួន ១០៩ គឺ​ជា​មាគ៌ា​ធម៌​ដ៏​កំពូល​របស់​ព្រហ្មញ្ញសាសនា ដែល​គេ​សូត្រ​ឧទ្ទិស​ចំពោះ​ព្រះ​សិវៈ​ និង​ព្រះវិស្ណុ ចំនួន ១០៩ចប់​ ដោយ​ផ្អែក​តាម​គម្ពីរ​វេទ​ទាំង៤​ និង​កម្លាំង​អមត​ទាំង ៩​ប្រការ ។
  3. ប៉ម​ទាំង ១០៨ ត្រូវ​បាន​តម្រៀប​ស្មើ​ៗ​គ្នា​គឺ ១២ បូក​រួម​នឹង​ ប្រាង្គ​ធំ​កណ្ដាល​មួយ​នៅ​ជាន់​ខាង​លើ ។  ប្រាង្គ​ទាំង​១២ នៅ​តាម​ថ្នាក់​និមួយៗ​ គឺ​តំណាងឱ្យសត្វទាំង១២ នៃ​ឆ្នាំ ហើយ​ប៉ម​ទាំង ១០៨ នោះ ប្រហែល​ជា​និមិត្ត​សញ្ញា​នៃ​ចន្លោះ​ពេល​តាម​ចន្ទគតិ​ទាំង​៤ ដែល​មាន​រយៈពេល ២៧ថ្ងៃ នៃ​ចន្លោះ​ពេល​និមួយៗ ។ នៅ​តាម​ទិស​និមួយៗ យើង​អាច​មើល​តែ​ប៉ម​តែ​ ៣៣ ប៉ុណ្ណោះ នេះ​តំណាង​ឱ្យ​ចំនួន​ទេវតា​ទាំង ៣៣ ក្នុង​ព្រហ្មញ្ញសាសនា ។

ទី ៤ នៅ​ស.វ.ទី ១៦ ព្រះ​សង្ឃ​ពុទ្ធសាសនា​មួយ​អង្គ បាន​ព្យាយាម​កែ​ប្រែ​​ប្រាសាទ​នេះ​ទៅ​ជា​បូជនីយដ្ឋាន​ពុទ្ធសាសនា ដោយ​បាន​យក​ថ្ម​​​ពី​ប៉ម​​ជា​ច្រើន​ប្រាសាទ​នេះ ដើម្បី​សង់​ជា​​ព្រះ​ភ្នែន​មួយ​ដ៏​ធំ​មហិមានៅ​លើ​ថ្នាក់​កំពូល​នៃ​ប្រាសាទ (សូម​មើល​រូប​ខាង​ក្រោម) ប៉ុន្តែ​មិន​បាន​សម្រេច ។(2)

***

អាន​បន្ថែម ៖

  1. A) សៀវភៅ​​សម្រាប់​បង្រៀន​នៅ ដេប៉ាតឺម៉ង់​ប្រវត្តិវិទ្យា, មហាវិទ្យាល័យ​សង្គមសាស្ត្រ មនុស្ស​សាស្ត្រ សរសេរ​ថា យសោវម៌ទេវ (៨៨៩ – ៨៩៩) ។
    B) លោក Claude Jaques សរសេរ​ថា Yasovarman I (889 – 915), Harshavarman I (915 – 923) ។
    C) ខ្ញុំ​ក៏​មាន​ចម្ងល់​ត្រង់​នេះ​ដែរ បើ​តាម (A)  ព្រះបាទ​យសោវម៌្ម​ទី ១ ទ្រង់​សោយរាជ្យ​បាន​​តែ​ ១០​ឆ្នាំ​ បើ​គិត​ទៅ​ពេល​វេលា​នេះ​ហាក់​ដូច​ជា​ខ្លី​ពេក​មិន​សម​​នឹង​​សង់​​ប្រាសាទ​បាន​ច្រើន​នោះ​ទេ​ ចំណែក​ឯ​ព្រះ​រាជបុត្រ​ទ្រង់​វិញ​ ព្រះ​បាទ​​​ហស៌វម៌្ម​ទី ១ សោយរាជ្យ​ដល់​ទៅ​ ២៦ ឆ្នាំ (៨៩៩ – ៩២៥)​ សាង​សង់​ប្រាសាទ​តែ​​ ២ គឺ ប្រាសាទ​បក្សី​ចាំ​ក្រុង និង ​ប្រាសាទ​ក្រវាន់ ។ បើ​តាម (B) ពេល​វេលា​ហាក់​ដូច​ជា​សម​ប្រកប​ជាង ។
  2. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ​ខ្មែរ​ប្រឹង​រស់​ឡើង​វិញ​នៅ​ ស.វ. ទី ១៦

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , , , . Bookmark the permalink.

3 Responses to ប្រាសាទ​ភ្នំ​បាខែង

  1. Pingback: ប្រាសាទ​ភ្នំបូក | តាម៉ាប់ យាយម៉ាប់

  2. Pingback: អ្នក​ប្រាជ្ញ​សម័យ​អង្គរ (១) | តាម៉ាប់ យាយម៉ាប់

  3. Pingback: បួន​ខែ​​នៅ​ អង្គរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s