ពាក្យ​សម្បថ​ចំពោះ​ព្រះ​ស្រី​សូរ្យវម៌្មទេពទី ១


គេ​បាន​រក​ឃើញ​សិលាចារឹក​នេះ​​លើ​មេ​ទ្វារ​នៃ​គោបុរៈ​ខាង​កើត​បរិវេណ​ខាង​ក្នុង​នៃ​ព្រះ​បរមរាជវាំង​គឺ ក្លោង​ទ្វារ​ដែល​នាំ​ចូល​ទៅ​រក ​ប្រាសាទ​ភិមានអាកាស ។ នៅ​គោបុរៈ​ខាង​កើត​នោះ គេ​ឃើញ​មាន​សិលាចារឹក​​ចំនួន ៨​ផ្ទាំង ដែល​មាន​អត្ថបទ​ចំនួន ១១​បន្ទាត់ ខាង​ដើម​ជា​ពាក្យ​សម្បថ រួច​អត្ថបទ​បន្ទាប់ ជា​បញ្ជី​រាយ​នាម​មន្ត្រី និង​ឈ្មោះ​ស្រុក ដែល​មន្ត្រី​ទាំង​នោះ​គ្រប់គ្រង ។ ទោះបី​មន្ត្រី​ទាំងឡាយ​នោះ ធ្វើ​ពាក្យ​សម្បថ​តាម​ថ្នាក់​គឺ ថ្នាក់​ឯក​ដោយ​ឡែក ថ្នាក់​ទោ​ដោយ​ឡែក​ក៏​ដោយ ក៏​អត្ថបទ​នៃ​ពាក្យ​សម្បថ មាន​ទម្រង់ និង​ខ្លឹមសារ​ដូច​គ្នា​បេះ​បិទ ។

សិលាចារឹក​ទាំង​នោះ​សរសេរ​ជា​ភាសា​ខ្មែរ​បុរាណ  មាន​ភាព​ទ្រុឌទ្រោម​រេចរឹល និង​រលុប​​បាត់​ជា​ច្រើន​អន្លើ មិន​អាច​ប្រមូល​ផ្ដុំ​បាន​ជា​អត្ថបទ​ពេញលេញ​បាន​ឡើង ។ តែ​ជា​ភ័ព្វ​សំណាង​ល្អ ក្រោយ​មក គេ​បាន​រក​ឃើញ​សិលាចារឹក​ដូច​គ្នា​នេះ​មួយ​ផ្ទាំង​ទៀត​ដែល​មាន​ឃ្លា​ខ្លះ​នៅ​ល្អ អាច​យក​ទៅ​បំពេញ​​ចំណែក​ខ្វះ​ចន្លោះ​នៃ​អត្ថបទ​សិលាចារឹក​ទាំង ៨​ខាង​ដើម ។ លោក Etienne Aymonier និង​លោក George Cœdès បាន​ផ្គុំ​សិលាចារឹក​ទាំង ៩​ផ្ទាំង​នោះ ហើយ​ចងក្រង​អត្ថបទ​ដើម​បាន​ទាំង​ស្រុង​ឡើង​វិញ ៖

«នៅ​មហាសករាជ ៩៣៣ ៩​កើត ខែភទ្របទ ថ្ងៃអាទិត្យ នេះ​គឺជា​ពាក្យ​សម្បថ​យើង​ទាំង​អស់​គ្នា ដែល​នៅ​ជា​ភាគ​តម្រួត (​ឯក​, ទោ​, ត្រី​ និង ចត្វា​​) វេលា​សម្បថ​នេះ យើង​សូម​កាត់​ដៃ ថ្វាយ​ជីវិត ដោយ​ភក្ដីភាព​ដ៏​បរិសុទ្ធ​របស់​យើង ចំពោះ​ ព្រះបាទ​សម្ដេច​ព្រះ​ស្រី​សូរ្យវម៌្មទេព យើង​សូម​ធ្វើ​សម្បថ​​នៅ​ចំពោះ​មុខ​ព្រះ​អគ្គី (​ព្រះ​ភ្លើង​) ព្រះ​រតនវត្ថុ និង​ព្រហ្មចារ្យ​ទាំងអស់ ។ យើង​មិន​គោរព​​ថ្វាយ​ដល់​ព្រះមហាក្សត្រ​ណា​ដទៃ​ទៀត ក្រៅពី​ព្រះអង្គ​ឡើយ ។ យើង​មិន​ក្លាយទៅជា​ខ្មាំងសត្រូវ​ចំពោះ​ព្រះអង្គ​ឡើយ ។

អំពើ​ទាំង​ឡាយ​ណា ដែល​កើត​ចេញពី​សេចក្ដី​កតញ្ញូ​ភក្ដី ចំពោះ​ ព្រះ​បាទ​​សម្ដេច​ព្រះ​​ស្រី​សូរ្យ​វ​ម៌្មទេព​ នោះ យើង​​គប្បី​ខិតខំ​ធ្វើ ។ បើសិនជា​ពេល​មាន​ចម្បាំង​យើង​ខិតខំ​ច្បាំង​យ៉ាង​មោះមុត ឲ្យ​អស់ពី​សន្តាន​ចិត្ត​យើង មិន​គិត​ស្ងួន (​សំចៃ​) នូវ​ជីវិត​យើង ដោយ​ភក្ដីភាព​របស់​យើង​ចំពោះ​​ព្រះអង្គ ឥត​រត់​គេចវេះ​ពី​សង្គ្រាម​ចម្បាំង​ឡើយ ទោះបី​ពេល​ឥត​មាន​ចម្បាំង ។ បើសិនជា​យើង​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំ​ខ្លួន យើង​នឹង​សូម​ឲ្យ​ការ​ទទួល​ផល​ល្អ នៃ​ភាព​ស្មោះត្រង់ ចំពោះ​ព្រះមហាក្សត្រ​កើត​មាន​ដល់​យើង ។ បើសិនជា​យើង​អាច​បម្រើរាជការ​រហូត​ដល់​អស់​ជីវិត​នុះ យើង​ស្លាប់​ដោយ​ប្រកា​រណា​ៗ​មួយ គួរ​យើង​ស្លាប់​យ៉ាង​នេះ​ដោយ​ភក្ដីភាព ។​ ​ ​

ប្រសិន​បើ​ក្នុង​រាជការ​នៃ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សូរ្យ​វ​ម៌្ម​ទេព ព្រះអង្គ​មាន​​ព្រះ​រាជ​បន្ទូល​មក​ប្រើ​យើង​ឲ្យ​ទៅ​ទី​ដ៏​ឆ្ងាយ ព្រោះ​ទ្រង់​ត្រូវការ​ព័ត៌មាន​​ផ្សេងៗ នោះ​យើង​នឹង​ខិតខំ​ស្វែងរក​ថ្វាយ ឲ្យ​ដឹង​អស់​ហេតុការណ៍​​ពិតៗ ឲ្យ​បាន​ក្បោះក្បាយ តាម​គន្លង​ពាក្យ​សម្បថ​នៃ​យើង​គ្រប់​ៗ​ប្រាណ ។

បើសិនជា​យើង​មិនបាន​គោរព​តាម​ព្រះ​រាជបញ្ជា ពាក្យ​សម្បថ​នេះ​ទេ យើង​សូម​ឲ្យ​ព្រះមហាក្សត្រ ដែល​សោយរាជ្យ​ក្នុង​ថ្ងៃ​អនាគត ដាក់​ទណ្ឌកម្ម​​ដល់​យើងខ្ញុំ កុំ​ឲ្យ​ខ្វះ​ប្រការ​ណាមួយ​ឡើយ ។ ​បើសិនជា​យើង​បាន​ប្រព្រឹត្ត​អំពើ​ក្បត់ ខុស​អំពី​ពាក្យ​សម្បថ​នេះ សូម​ឲ្យ​យើង​ទៅ​កើត​នៅ​ឋាននរក ៣២ ជាន់ រហូតដល់​អស់​ព្រះអាទិត្យ និង​ព្រះ​ចន្ទ ។​

បើសិនជា​យើង​ទាំងអស់​គ្នា គោរព​តាម​ព្រះរាជ​បញ្ជា ដោយ​បរិសុទ្ធ តាម​ពាក្យ​សម្បថ​នេះ សូម​ឲ្យ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​បញ្ជា ដើម្បី​ឲ្យ​ទូលបង្គំ បាន​នៅ​ថែរក្សា​ការ​កសាង​បុណ្យ​បារមី​ព្រះអង្គ នៅ​ក្នុង​ព្រះ​នគរ​យើង និង​សូម​សម្បត្តិ​ទាំងពួង​ចូរ​មាន​ដល់​គ្រួសារ​យើង ដោយ​សេចក្ដី​សុខ ។ ស្វាមី​ភក្ដី​របស់​យើង​ចំពោះ​ ព្រះ​បាទ​សម្ដេច​ព្រះ​ស្រី​សូរ្យ​វ​ម៌្មទេព ដែល​ព្រះអង្គ​ទ្រង់​បាន​គ្រងរាជ្យ​ពេញលក្ខណៈ តាំងពី​មហាសករាជ ៩២៤ (​ត្រូវ​នឹង​ឆ្នាំ ១០០២ នៃ​គ្រិស្តសករាជ​) ។ លទ្ធផល​នៃ​ស្វាមី​ភក្ដី​របស់​យើង តាំងពី​លោក​យើង​នេះ រហូតដល់​បរលោក ៕ ​»

***

អត្ថបទ​ជា​អក្សរ​ទំនើប​ដោយ លោក ហម​ ឆាយលី​

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

2 Responses to ពាក្យ​សម្បថ​ចំពោះ​ព្រះ​ស្រី​សូរ្យវម៌្មទេពទី ១

  1. ឌីយ៉ា និយាយថា៖

    អានបណ្ដើរព្រឺសម្បុរគីង្គក់បណ្ដើរ ពិតជាវាចារមោះមុតពិតមែន

    • តា ម៉ាប់ និយាយថា៖

      រឿងអីមិនមោះមុត បើ​មាន​បាន​ទៅតាម​ណុងដែរ ។ តែឥឡូវចង់​ផឹក​ទឹក​សម្បថ​ក៏​វា​មិនខ្លាច​នឹង​លួច​ជាតិ​ដែរ ។

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s