ចម្លាក់​នៅ​ថែវ​​​មុំ​ឦសាន​នៃ​​ប្រាសាទ​អង្គរវត្ត​


នៅ​​កំពែង​ជាន់​ថែវ​ទី​ ៣ (រាប់​ពី​ក្នុង​មក​ក្រៅ) នៃ​ប្រាសាទ​បរម​វិស្ណុ​លោក (ឈ្មោះ​ដើម​ប្រាសាទ​អង្គរវត្ត) មាន​ចម្លាក់​ជា​ផ្ទៃ​រឿង​សរុប​ ៨ ផ្ទាំង មាន​ប្រវែង​ជិត​ ៨០០ ម៉ែត្រ ដោយ​មាន​ពីរ​ផ្ទាំង​នៅ​ទិស​ធំ​​និមួយៗ ។

ខ្ញុំ​នឹង​រៀប​រាប់​អំពី​​ត្រួស​ៗ អំពី​ចម្លាក់​នៅ​តាម​ផ្ទាំង​និមួយៗ ៖

  1. ចម្លាក់​អំពី ​រឿង​មហាភារតៈ ស្ថិត​នៅ​ថែវ​ខាង​លិច​ ប៉ែក​ខាង​ត្បូង
  2. ចម្លាក់​អំពី​ សម្ដេច​ជា​អម្ចាស់​ ព្រះ​បរម​វិស្ណុ​លោក(1) ទ្រង់​ត្រួត​ពល​នៅ​លើ​ភ្នំ សិវបាទ ស្ថិត​នៅ​ថែវ​ខាង​ត្បូង ប៉ែក​ខាង​លិច
  3. ចម្លាក់​អំពី ឋាន​សួគ៌ ឋាន​នរក ស្ថិត​នៅ​ថែវ​ខាង​ត្បូង ប៉ែក​ខាង​កើត
  4. ចម្លាក់​អំពី ការ​កូរ​សមុទ្រ​ទឹក​ដោះ(2) ស្ថិត​នៅ​ថែវ​ខាង​​កើត​ ប៉ែក​​ខាង​ត្បូង
  5. ចម្លាក់​អំពី ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ(3)​ លើ​ពួក​អសុរ ស្ថិត​នៅ​ថែវ​​ខាង​កើត ប៉ែក​​ខាង​ជើង ***
  6. ចម្លាក់​អំពី ជ័យ​ជម្នះ​នៃ​ព្រះ​ក្រិស្នា(4) ​លើ​ ពាណ ស្ថិត​នៅ​ថែវ​​ខាង​ជើង​ ប៉ែក​​ខាង​កើត ***
  7. ចម្លាក់​អំពី ចម្បាំង​នៃ​អាទិទេព​នឹង​ពួក​ភាវៈ​អាក្រក់ ស្ថិត​នៅ​ថែវ​​ខាង​ជើង​ ប៉ែក​​ខាង​លិច
  8. ចម្លាក់​អំពី រឿង​រាមកេរ្តិ៍(5) ត្រង់​សមរភូមិ​ក្រុង​លង្កា ស្ថិត​នៅ​ថែវ​​ខាង​លិច ប៉ែក​​ខាង​ជើង

ខ្ញុំ​សុំ​លើក​និយាយ​ពី​​​រូប​ចម្លាក់​ពី​រផ្ទាំង​គឺ ផ្ទាំង​ទី ៥ និង​ទី ៦ ។ បើជា​ជន​ជាតិ​ខ្មែរ​ភាគ​ច្រើន​​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​ធម្មតា ក៏​គង់​សង្កេត​ឃើញ​ថា​ទឹក​ដៃ​នៃ​ចម្លាក់​ទាំង​ពីរ​ផ្ទាំង​នេះ​មាន​សភាព​អន់​ជាង​ទឹក​ដៃ​ចម្លាក់​នៅ​លើ​ផ្ទាំង​ផ្សេង​ៗ ទៀត តែ​គ្រាន់​តែ​អាច​ថា​មិន​គិត​ឆ្ងល់​រក​មូល​ហេតុ​តែ​ប៉ុណ្ណោះ ។ ចំពោះ​ជន​បរទេស​វិញ គេ​បែរ​ជា​ដឹង​រឿង​​​ទាំង​នេះ​វិញ​ ក៏​ព្រោះ​គេ​មាន​មគ្គុទ្ទេសក៍​គេ​បក​ស្រាយ​​ប្រាប់​ ។

សៀវភៅ មគ្គុទ្ទេសក៍​នគរ​ (គ.ស. ១៩៥៦) សរសេរ​ដោយ​ អាចារ្យ​ ប៉ាង ខាត់​ បាន​បក​ស្រាយ​ថា ចម្លាក់​នេះ​ជនជាតិ​ចិន​ជា​អ្នក​ឆ្លាក់​ព្រោះ​រូប​សត្វ​សេះ ដំរី​ជាដើម​មាន​លក្ខណៈ​ជា​ចិន ។ លុះ​ទាល់​តែ​ដល់​ឆ្នាំ ១៩៦២ ទើប​ លោក Georges Cœdès អ្នក​ប្រាជ្ញ​បារាំង​បាន​បក​ស្រាយ​រឿង​នេះ​បាន​ដោយ​សិក្សា​សិលា​ចារឹក​ដែល​មាន​នៅ​លើ​ផ្ទាំង​ចម្លាក់​ទាំង​​ពីរ​នោះ​ផ្ទាល់​តែ​ម្ដង ។ តាម​ពិត​ទៅ​ ចម្លាក់​ទាំង​ពីរ​ផ្ទាំង​នេះ​ គឺ​ត្រូវ​គេ​ឆ្លាក់​នៅ​ជាង ៤០០​ឆ្នាំ​ក្រោយ​ការ​កសាង​ប្រាសាទ​អង្គរវត្ត ដែល​អាច​បញ្ជាក់​សេចក្ដី​ផង​ដែរ​ថា ប្រាសាទ​អង្គរវត្ត​សាងសង់​មិនទាន់​រួច​រាល់​ទេ​ក្នុង​រាជ្យ​ សម្ដេច​ជា​អម្ចាស់ ព្រះ​មហា​បរម​វិស្ណុ​លោក (គ.ស. ១១១៣ – ១១៥០) ។

ផ្ទៃ​ពណ៌​​បៃ​តង​ បង្ហាញ​ពី​ទីតាំង​ផ្ទាំង​ចម្លាក់​ដែល​ឆ្លាក់​ក្រោយ (ប្រភព​រូប​ភាព បណ្ដាញ​ព័ត៌មាន​​វប្បធម៌​ខ្មែរ)

នៅ​ផ្ទាំង​ចម្លាក់​ថែវ​​ខាង​កើត​​ ប៉ែក​​ខាង​ជើង​បាន​សរសេរ​ថា ៖

ព្រះ​បាទ​មហាវិឞ្ណុលោក ធ្វេព្វុំទានស្រចនៅផេនព្យរ លុះ​ថ្លេង​រាជ​ព្រះ​បាទ​ស្ដច​ព្រះរាជឱង្ការ​បម៌្មរាជាធិរាជរាមាធិបតិ​បម៌្មចក្រពត៌្តរាជ ប្រេ​ព្រះមហីធរ នៅរាជសិល្បិបុនះធ្លកផេន និយាយអនុ​ … កំលុង អឞ្ឋសក មមិនក្សត្រ ពុទ្ធពារបុណ៌្ណមិ ភទ្របទ្ទ

​សម្រាយ​​សម្រួល​ថា ៖

ព្រះបាទ​សូរ្យវម៌្មទី ២ លោក​ធ្វើ​ពុំ​ទាន់​ស្រេច​នៅ​ផែន ២​ លុះ​​ដល់​រាជ្យ​ព្រះបាទ​​ចន្ទរាជា ស្ដេច​ប្រើ​ព្រះ​មហីធរ និង​​ក្រុម​ជាង​វាំង​ឲ្យ​ឆ្លាក់​និទាន … រួច​កំឡុង​​ថ្ងៃ​ពុធ ទី ៨ ខែ​កញ្ញា គ.ស ១៥៤៦ ៕

នៅ​ផ្ទាំង​ចម្លាក់​​ថែវ​ខាង​ជើង ប៉ែក​​ខាង​កើត​បាន​សរសេរ​ថា ៖

វ្រះបាទមហាវិឞ្ណុលោក ថ្វេព្វុំទានសំរេចនៅផ្ទាងព្យរ ថ្លេងរាជ​វ្រះបាទ​សំតេច​វ្រះរាជឱង្ការ បម៌្មរាជាធិរាជតបរម៌្មបវិត្រ ឱ្យឆ្លាក់និយាយ ឱសា​សំរច​នាលុះត ឯកចត្វរ អឞ្ឋបញ្ចសក កុន៌ក្សត្រ បូន៌្នមី ផល្គុណ អាទិត្យពារ សំរចនុប៌្បៀង ភ្នាកតៃព្យរមុម រុវ្រេង

​សម្រាយសម្រួល​ថា ៖

ព្រះបាទ​សូរ្យវម៌្មទី ២ លោក​ធ្វើ​ពុំ​ទាន់​ស្រេច​នៅ​ផ្ទាំង ២ លុះ​ដល់​​រាជ្យ​ព្រះបាទ​​ចន្ទរាជា ឲ្យ​ឆ្លាក់​និទាន លុះ​​ដល់​ថ្ងៃអាទិត្យ ២៧ ខែកុម្ភៈ គ.ស ១៥៤៦ បាន​សម្រេច​របៀង​ ភ្នាក់​ដៃពីរមុម ដូច​ពី​ព្រេង ៕

តាម​សិលាចារឹក​ពីរ​ផ្ទាំង​ខ្លី​ៗ​ ខាង​លើ​នេះ យើង​អាច​ប្រមាណ​បាន​ថា ខ្មែរ​នៅ​ ស.វទី ១៦ មិន​ទាន់​ភ្លេច​បុព្វបុរស​ដើម​របស់​ខ្លួន​នៅ​ឡើយ ព្រម​ទាំង​​នៅ​ចេះ​ចាំ​រឿង​រ៉ាវ​យ៉ាង​ច្រើន​អំពី​សម័យ​​អង្គរ ។

គួរ​រំលឹក​ផង​ដែរ​ថា ដោយ​សារ ​ព្រះបាទ​សូរ្យ​វម៌្មទី ២ ទ្រង់​គោរព​ព្រហ្មញ្ញសាសនា​ និកាយ​ព្រះ​វិស្ណុ បាន​ជា​យើង​ឃើញ​មាន​ចម្លាក់​រឿង​ដែល​ទាក់ទង​និង​ព្រះវិស្ណុ​នៅ​ពាស​ពេញ​ប្រាសាទ​អង្គរវត្ត ៖

  1. បរម​វិស្ណុ​លោក (មាន​សេចក្ដី​ថា​អ្នក​ដែល​ទៅ​ឋាន​ព្រះ​វិស្ណុ) ជា​ព្រះ​បច្ឆា​មរណ​នាម​នៃ​ព្រះអង្គ ។
  2. ការ​កូរ​សមុទ្រ​ទឹក​ដោះ ព្រះ​វិស្ណុ​ បែង​​ខ្លួន​ជា​សត្វ​អណ្ដើក​ឈ្មោះ កូម៌ ដើម្បី​ធ្វើ​ជា​កំណល់​ភ្នំមន្ទរៈ ។
  3. ព្រះវិស្ណុ ឬ ព្រះនារាយណ៍​ជា​ឈ្មោះ​ដែល​ជនជាតិ​ខ្មែរ​ស្គាល់​ជា​ទូទៅ ។
  4. ព្រះ​ក្រិស្នា ជា​អវតារ​មួយ​នៃ ព្រះ​វិស្ណុ​ ជា​មនុស្ស​សម្បុរ​ខ្មៅ​ដែល​បាន​សម្រេច​ស្នាដៃ​ជា​ច្រើន ហើយ​ក៏​ជា​តួអង្គ​មួយ​​នៅ​ក្នុង​រឿង​មហាភារតៈ ដែរ ។
  5. ព្រះរាម ជា​អវតារ​មួយ​នៃ​ ព្រះវិស្ណុ ដែល​សម្លាប់​យក្ស​ ក្រុង​រាពណ៍​ទស​មុខ​ នៅ​ក្រុង​លង្កា​។

អវតារ​ទាំង ៣​ នៃ ព្រះវិស្ណុ ជា​អវតារ​ដែលគេ​និយម​ឆ្លាក់​ជាង​គេ​នៅ​ស្រុក​ខ្មែរ ក្រៅពី​នេះ អវតារ​ទាំង ៧​ផ្សេង​ទៀត មិន​ដែល​ឃើញ​មាន​ឆ្លាក់​នោះ​ទេ ។

***

ឯកសារ​ដើម ៖

  1. បណ្ដាញ​ព័ត៌មាន​វប្បធម៌​ខ្មែរ ៖ ដូច​បុរាណ​កាល
  2. CEN : ការ​បង្ហើយ​ចម្លាក់​នៅ​ប្រាសាទអង្គរវត្ត
Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, អត្ថបទ ប្រវត្តិវិទ្យា, Exploring Cambodia and tagged , , , , . Bookmark the permalink.

11 Responses to ចម្លាក់​នៅ​ថែវ​​​មុំ​ឦសាន​នៃ​​ប្រាសាទ​អង្គរវត្ត​

  1. លោកដុកទ័ររៀបរាប់​បាន​ល្អ!… 😀

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s