ដុបប៉ាញាណ


នៅ​លើ​កំពូល​ភ្នំ​ពីរ​ដែល​ស្ថិត​នៅ​ជាប់​គ្នា នៅ​ទិស​ខាងកើត ភ្នំ​បាយ៉ង់​កោរ មាន​ប្រាសាទ​ចំនួន​បី ។ នៅ​លើ​ភ្នំ​ទី​មួយ​ដែល​មាន​កម្ពស់​មិន​សូវ​ជា​ខ្ពស់​ប៉ុន្មាន ដែល​អ្នក​ស្រុក​ហៅ​ថា ដុបប៉ាញាណៗ មាន​ប្រាសាទ​ធ្វើ​ពី​ឥដ្ឋ​ចំនួន ២ និង​នៅ​លើ​កំពូល​ភ្នំ​ទី​ពីរ​ដែល​ខ្ពស់​មាន​ប្រាសាទ​ធ្វើ​អំពី​ឥដ្ឋ​មួយ​ផង​ដែរ ។

នៅ​លើ​ភ្នំ​ទី​មួយ​ បើ​តាម​ឯកសារ​ដែល​​ទទួល​បាន​ គេ​ហៅ​ភ្នំ​នេះ​ថា ភ្នំ​តាញាណ និង​ប្រាសាទ​ទាំង​ពីរ​ថា ​ប្រាសាទ​តាញាណ​កើត ឬ​ប្រាសាទ​នាង​សក់​ក្រអូប និង ប្រាសាទ​តាញាណ​លិច ឬ​ប្រាសាទ​នាង​រំសាយ​សក់ ។ ឯ​ភ្នំ​ទី​ពីរ តាម​ឯកសារ​ដដែល​គឺ ភ្នំតានន់ ហើយ​ប្រាសាទ​នោះ​មាន​ឈ្មោះ​ដល់​ទៅ ៣ គឺ ប្រាសាទ​កំពូល​តានន់ ឬ​ ប្រាសាទ​កំពូល​វិញ្ញាណ ឬ ប្រាសាទ​ព្រះ​បាទ​ដៃ​ខ្លី ។

ក្នុង​ចំណោម​ប្រាសាទ​ទាំង ៣ នេះ ប្រាសាទ​តាញាណ​ខាង​កើត​ស្ថិត​នៅ​ក្នុង​សភាព​ល្អ​ជាង​គេ ដោយ​បច្ចុប្បន្ន​គេ​ធ្វើ​ដំបូល​ប្រក់​ក្បឿង​យ៉ាង​ស្អាត​​ ហើយ​មាន​ការ​រឹត​តួ​ប្រាសាទ​ទាំង​មូល​ ជៀស​វាង​ការ​ប្រេះ​រលំ​ទៀត​ផង ។ ចំណែក​ឯ​ប្រាសាទ​តាញាណ​ខាង​លិច​វិញ បាន​បាក់​បែក​​នៅ​សល់​តែ​ជញ្ជាំង​ ២ជ្រុង និង​ស៊ុម​ទ្វារ​ធ្វើ​ពី​ថ្ម​ភក់​ប៉ុណ្ណោះ ។ គេ​ឃើញ​មាន​ សោមសូត្រ​ លយ​ចេញ​នៅ​​ជញ្ជាំង​ជ្រុង​ខាង​ជើង​ប្រាសាទ​ផង​ដែរ ។ ឯ​ប្រាសាទ​កំពូល​តានន់​វិញ ត្រូវ​បាន​ប្រើ​ប្រាស់​ជា​អាសនៈ​ពុទ្ធ​សាសនា​​នៅ​ពេល​បច្ចុប្បន្ន ដោយ​មាន​គ្រប​ដំបូល​ស័ង្កសី​ជំនួស​ដំបូល​ប្រាសាទ​ដែល​បាក់​រលំ ។ គួរ​ឲ្យ​សោក​ស្ដាយ​ផង​ដែរ ដែល​ឥដ្ឋ​នៃ​តួ​ប្រាសាទ​ត្រូវ​បាន​គេ​រើស​យក​មក​រៀប​ធ្វើ​ជា​កម្រាល​ផ្លូវ​ដើរ​អស់​ទៅ​ហើយ ។ ប្រាសាទ​ទាំង​បី​នេះ​ប្រហែល​ជា​ត្រូវ​បាន​កសាង​ឡើង​ក្នុង​កំឡុង​ពេល​តែ​មួយ​ជា​មួយ​នឹង​ប្រាសាទ​ប៉ាយ៉ង់​កោរ ដោយ​សារ​​តែ​វត្ថុ​ធាតុ​ដើម (ឥដ្ឋ) ​សម្រាប់​កសាង​ប្រាសាទ​ទាំង​នេះ​ គឺ​ដូច​គ្នា ។

ប្រាសាទ​និមួយៗ មាន​ឈ្មោះ​រៀង​ខ្លូន​ៗ ​តាម​រឿង​ព្រេង ឯ​រឿង​នោះ​ជា​រឿង​ត​ពី​រឿង ភ្នំ​បាយ៉ង់កោរ សាច់​​រឿង​​ដំណាល​ថា ៖

ក្រោយ​ពី​បាន​សុខ​សាន្តត្រាណ​ហើយ ព្រះ​បាទ​បាយ៉ង់កោរ និង​មហេសី​សក់​ក្រអូប ក៏​មាន​បុត្រ​មួយ​ព្រះ​នាម​ថា ព្រះបាទ​ដៃខ្លី តែ​ព្រះអង្គ​មាន​អវយវៈ​គ្រប់​គ្រាន់​ដូច​គេ​ដូច​ឯង ។ ស្ដេច​សៀម មិន​ចោល​គំនិត​ចង់​បាន ព្រះ​នាង​សង់​ក្រអូប យក​ទៅ​ធ្វើ​ជា​មហេសី​ឡើយ បាន​ឲ្យ​គេ​ស៊ើប​សួរ​រក​ដំណឹង​ព្រះ​នាង​រហូត​ដឹង ។ ក្រោយ​ពី​បាន​ដំណឹង​ហើយ ស្ដេច​សៀម​បាន​ធ្វើ​ឧបាយ​ដោយ​ចាត់​ឲ្យ​មាន​ សំពៅ​សម្ដែង​ល្ខោន ភ្លេងភ្លាត់ មក​សម្ដែង​នៅ​ភ្នំ​បាយ៉ង់កោរ​នេះ ។ លុះ​សម្ដែង​ជាប់​ជា​ប្រចាំ​ យូរ​ៗទៅ ក៏​លេច​ឮ​ដំណឹង​ដល់ ព្រះ​នាង​សក់​ក្រអូបៗ ក៏​បាន​មក​ទស្សនា​ដោយ​គង់​នៅ​លើ​សំពៅ ដោយ​ជាប់​ចិត្ត​នឹង​ការ​សម្ដែង​សិល្បៈ​នោះ​ពេក ព្រះ​នាង​មិន​ដឹង​ខ្លួន​ថា​សំពៅ​សៀម​នោះ​បាន​លើក​យុថ្កា​បើក​ចេញ​មក​នោះ​ទេ ។ ស្ដេច​បាយ៉ង់កោរ ក៏​នៅ​តែ​ពីរ​នាក់​ព្រះបាទ​ដៃ​ខ្លី​ ជា​បុត្រ ។

លុះ​ដល់​បុត្រ​នេះ​ចម្រើន​វ័យ​ធំ​ឡើង ក៏​សុំ​បិតា​យាង​ទៅ​រក​ព្រះ​មាតា ។ លុះ​យាង​ទៅ​ដល់​ស្រុក​សៀម​ជួប​នឹង​មាតា​ហើយ​តែ​មិន​ស្គាល់​មុខ​ជាក់ ក៏​ទៅ​ជា​រួម​សង្វាស​នឹង​មាតា​ឯង​ទៅ​វិញ ។ លុះ​ដល់​នាំ​មាតា​ទៅ​ដល់​សំពៅ ទើប​បែក​រឿង​ដឹង​រ៉ាវ​ជាក់ ក៏​ប្រញាប់​នាំ​មាតា​ត្រឡប់​មក​ជួប​បិតា​វិញ ។ លុះ​បាន​ជួប​នឹង​ ស្ដេច​បាយ៉ង់​កោរ ជា​ស្វាមី​ហើយ ព្រះ​នាង​សក់​ក្រអូប ក៏​ទូល​តាម​ដំណើរ​រឿង​ឧប​ទ្រុប​ទាំង​ឡាយ ស្ដេច​បាយ៉ង់កោរ​ ក៏​លើក​លែង​ទោស​ដោយ​សម្គាល់​ថា​ជា​ការ​មិន​ដឹង​ មិន​ស្គាល់ តែ​ដោយ​ខ្លាច​មាន​បាប​កម្ម​ទើប​ឲ្យ​ អ្នក​ប្រាជ្ញ បណ្ឌិត ហោរា មក​ជំនុំ លុះ​ជំនុំ​រួច​ហើយ​​ក៏​សម្រេច​ថា ព្រះ​បាទ​ដៃ​ខ្លី ត្រូវ​ជីក​​ស្រះ​ ១០០១ អង្គ (ម៉េច​បាន​ហៅ​ អង្គ​ ទៅ​វិញ) លុះ​ស្រះ​ទាំង ១០០១ អង្គ​​នេះ​គោក​ទៅ​វិញ​ទើប​ផុត​កម្ម​ពៀរ​វេរា​ដែល​បាន​រួម​សង្វាស​នឹង​មាតា​ខ្លួន​ឯង ។

***

អាន​បន្ថែម ៖

  1. មជ្ឈមណ្ឌល​ខ្មែរ​នៅ​ស្វីស ៖ រឿង​ភ្នំ​បាយ៉ង់​កោរ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , , . Bookmark the permalink.

3 Responses to ដុបប៉ាញាណ

  1. ឈ្មោះប្លែកមែនប្រាសាទនេះ

    • តា ម៉ាប់ និយាយថា៖

      អ្នកស្រុកហៅអញ្ចឹង សួរស្គាល់ភ្នំតាញាណទេ ? ឥតស្គាល់ទេ មានតែ ដុបប៉ាញាណៗៗៗ ។ ដល់អញ្ចឹងខ្ញុំត ណឹងអាញាណៗៗៗ ណឹង នៅឯណា ហាហាហា

  2. Pingback: ដំណើរឆ្ពោះ​​ទៅ សិវបុរៈ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s