ការងារមួយ


jobមាន​ការងារ​មួយ​ដែល​ខ្ញុំ​ធ្វើ​បាន​ល្អ និង​រក​ចំណូល​បាន​ច្រើន​បំផុត ក្នុង​ចំណោម​ការងារ​ទាំង​ប៉ុន្មាន​​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​នៅ​ពេល​មុខ​ទៀត ខ្ញុំ​នឹង​ធ្វើ​ការ​ងារ ឬ​ប្រកប​អាជីវកម្ម​អ្វី​នោះ​ទេ បើ​សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​បែរ​ជា​ធ្វើ​ការ​ងារ​ដែល​ខុស​នឹង​ជំនាញ​ទាំង​ពីរ​ដែល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​អញ្ចឹង​នោះ ។

ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជា​​ច្រើន​យ៉ាង ដឹកជញ្ជូន​អីវ៉ាន់,​ ថតរូប, កាន់​ភ្លើង​ឲ្យ​គេ​ថត​​រូប, បកប្រែ​ផ្ទាល់មាត់ និង បក​ប្រែ​អត្ថបទ តែ​ជំនាញ​ដែល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ​ គឺ​ភាសា​អង់គ្លេស​សម្រាប់​ការ​អប់រំ និង … (លាក់) ។

សម្រាប់​ការងារ​មួយ​នោះ គឺ​ខ្ញុំ​ត្រូវ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ អាន​អត្ថបទ​មួយ​ប្រយោគ​ម្ដងៗ ខ្ញុំ​បក​ប្រែ​អត្ថបទ​ពី​ភាសា​បរទេស​មក​ជា​ភាសា​ខ្មែរ ។ វា​មិន​មែន​ជា​ការងារ​ដ៏​ងាយ​ស្រួល​នោះ​ទេ បើ​ទោះ​ជា​ខ្ញុំ​ចំណាយ​ពេល​តិច​ ហើយ​អាច​រក​បាន​ច្រើន​ក្ដី ។ ខ្ញុំ​ត្រូវ​ខិត​ខំ​ធ្វើ​ឲ្យ​ទាន់​ពេល​​កំណត់ ទ្រាំ​ឥត​ងងុយ និង​ឈឺ​ខ្នង​ជា​រឿយៗ តែ​ម៉្យាង​ដែរ​ព្រោះ​ការងារ​នេះ​មិន​រត់​មក​រក​ខ្ញុំ​រាល់​ខែ​នោះ​ទេ កន្លះ​ឆ្នាំ​អី​ទើប​មក​ម្ដង ។

ខ្ញុំ​ធ្លាប់​បក​ប្រែ​ផ្ទាល់​មាត់​ម្ដង ហើយ​មាន​អ្នក​​​មក​ទាក់ទង​ខ្ញុំ​ទៀត​ដែរ តែ​ក៏​បាត់​ទៅ​វិញ​ ប្រហែល​ដោយ​សារ​តុង (accent) ខ្ញុំ​អន់​ក៏​មិន​ដឹង ។ កាល​ខ្ញុំ​នៅ​រៀន​ភាសា​អង់គ្លេស ខ្ញុំ​មិន​ពូកែ​ការ​បញ្ចេញ​សំឡេង​នោះ​ទេ តែ​ខ្ញុំ​ពូកែ​វាក្យសព្ទ ។ វា​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​ការ​បក​ប្រែ​អត្ថបទ ។ កាល​ពី​ដើម​ឆ្នាំ​នេះ ខ្ញុំ​បាន​ធ្វើការ​ក្រៅ​ម៉ោង​​​​​ប្រហែលជា​មួយ​ខែ (ធ្វើ​ 5​ថ្ងៃ​មួយ​សប្ដាហ៍) ពី​​ម៉ោង 10 ព្រឹក​ដល់​ម៉ោង 12 ថ្ងៃត្រង់ នៅ​ផ្ទះ​បកប្រែ និង​សង្ខេប​អត្ថបទ​ខ្លី​ៗ សម្រាប់​ព័ត៌មាន​​រត់​លើ​កញ្ចក់​ទូរទស្សន៍​​ពេល​ព្រឹក បាន​​ជិត 200 អត្ថបទ​ដែរ ។ ដល់​ពេល​បាន​លុយ​មក ឆូង​ឆាំងៗ អស់​រលីង មិន​ដឹង​ជា​ចាយ​ស្អី !😦

ប៉ុន្មាន​ថ្ងៃក្រោយ​បោះឆ្នោត​នេះ ខ្ញុំ​​មិន​បាន​សរសេរ​ប្លុក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ដែល​ខ្ញុំ​បាន​សង្កេត​ឃើញ​ផ្ទាល់ ដោយ​សារ​តែ​រវល់​ការងារ​បក​ប្រែ​អត្ថបទ​មួយ​ទៀត ។ ការងារ​ម្ដង​នេះ គឺ​បក​ប្រែ​អត្ថបទ​វេជ្ជសាស្ត្រ ផ្ដោត​លើ​ជំងឺ​កុមារ ។ អូយ ! ពិត​ជា​ពិបាក​មែន​ទែន ជំងឺ​ខ្លះ​មិន​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ អញ្ចឹង​មាន​តែ​បក​ប្រែ​លក្ខណៈ​នៃ​ជំងឺ​នេះ​យក​មក​ធ្វើ​ជា​ឈ្មោះ​តែ​ម្ដង ឡើង​វែង​អន្លាយ [ឧ. Myelomeningocoele = ជំងឺ​ខួរ​ឆ្អឹង​ខ្នង​ដុះ​ចេញ​មក​ក្រៅ (តាម​ពិត​ហៅ​ជំងឺ​ដុះ​កន្ទុយ​នៅ​ខ្នង​ស្រួល​ជាង)]  ឯ​ដំណើរ​ការ​ថែទាំ​ព្យាបាល​ក៏​ស្មុគ​ស្មាញ​ព្រោះ​សុទ្ធ​តែ​ទាក់​ទង​នឹង​អាយុ​ជីវិត​បង​​កុមារ​ៗ ។ បង​ប្រុស​ម្នាក់​ដែល​យក​ការងារ​នេះ​មក​ឲ្យ​ខ្ញុំ​ធ្វើ បាន​បញ្ជាក់​ថា​ឲ្យ​ខ្ញុំ​ធ្វើ​ពី​ចំណុច … រហូត​ដល់​ចប់ តែ​មាន​អញ្ចឹង​អី​ខ្ញុំ​ធ្វើ​បាន​តែ​ពាក់​កណ្ដាល ពាក់​កណ្ដាល​ទៀត​គាត់​ធ្វើ​ដដែល ។ ទម្លាប់​អាក្រក់​ធ្វើ​ការងារ​យឺត និង​ពន្យារពេល​របស់​ខ្ញុំ​នេះ ពិត​ជា​​មហា​ពិបាក​កែ​មែន ។ ខ្លាច​តែ​គាត់​អន់​ចិត្ត​ទេ តែ​សង្ឃឹម​ថា​មិន​អី​ទៅ​ចុះ ! 😕

ក្រោយ​ធ្វើ​ការងារ​នេះ​រួច ខ្ញុំ​មាន​ពេល​ទំនេរ​មក​សរសេរ​ប្លុក​វិញ​ដោយ​សារ​ មហាវិទ្យាល័យ​មួយ​ទើប​និង​ប្រឡង​បញ្ចប់​ឆ្នាំ​ចុង​ក្រោយ រង់​ចាំ​តែ​មើល​លទ្ធផល​ បើ​ជាប់​ទទួល​សញ្ញាប័ត្រ បើ​ធ្លាក់​ប្រឡង​សង  ឯ​មហាវិទ្យាល័យ​មួយ​ទៀត​ទើប​នឹង​ប្រឡង​បញ្ចប់​ឆមាស​ទី 2 ហើយ​ឆ្នាំ​នេះ​សង្ឃឹម​ច្រើន​ថា​មិន​ប្រឡង​សង​ដូច​រាល់​ឆ្នាំ (ឆ្នាំ​នេះ​ឆមាស​ទី​ 1 ខ្ញុំ​ជាប់​យ៉ាង​សង្ហារ បារាំង​គេ​ថា Reçu) ។ បវេសនកាល​ឆ្នាំ​ថ្មី​ សម្រាប់​ជំនាញ​ … នោះ បើក​នៅ​ខែ​មករា​ឯណោះ ដូច្នេះ​ខ្ញុំ​មាន​ពេល​ដល់ទៅ​បួន​ខែ​ដើរ​ហើរ !😀 ចាំ​មើល​បាន​ប្រាក់​ឈ្នួល​សិន​ បាន​ដឹង​ថា​ទៅ​ណា​ទៀត !

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

26 Responses to ការងារមួយ

  1. អាពៅ និយាយថា៖

    កុំ​ថា​ឡើយ​តា​ម៉ាប់​ឯង​ធ្វើការ​ខុស​ជំនាញ ខ្ញុំ​ក៏​ដូច​តែ​គ្នា… ខ្ញុំ​អា​ការងារ​ចុង​ក្រោយ​ខំ​ទៅ​សម្ភាស​យក​ការងារ​«ក» បែរ​ជា​គេ​ឲ្យ​មក​ធ្វើការ​ការងារ​គណនេយ្យ​វិញ​ដដែល… ឈឺ​ចាប់​! ស្អប់​ជំពប់​លើ​ឡាហូត!

    • តា ម៉ាប់ និយាយថា៖

      យ៉ាង​ហោចណាស់​ឯង​មាន​ការងារ​ធ្វើ​ជាប់​រហូត ! ហ៊ឹម ពេលនេះយើង​នៅ​ដេក​ស៊ីបាន ដល់ពេលចេញ​រក​លុយ​ស៊ុប​មិនដឹង​ពិបាក​យ៉ាង​ណា​ទេ ! សំណាង​ដែរ ដែល​យើង​មិន​ស្អប់ឯង អូយកុំអី !!!

  2. លី កល្យាណ និយាយថា៖

    ចាំខ្ញុំសុំតោងទៅតាមកាមេរាផង

  3. សុខហេង និយាយថា៖

    តា​ម៉ាប់​រៀន​ប៉ុន្មាន​មហា​វិទ្យាល័យ? រៀន​នៅ IFL ដែរ?

  4. ឌីយ៉ា និយាយថា៖

    ប្រវត្តិការងារ​ស្រដៀង​ខ្ញុំណាស់ គឺហត់នឹងបកប្រែអត្ថបទពេទ្យ ជាពិសេសអត្តបទជំងឺកុមារ ។ តែខ្ញុំ​មិន​មាន​ការងារ​ជា​ដំ​កំភួន​ដូច​តាម៉ាប់ទេ ។ សរសើរ​ណាស់ ដែល​តាម៉ាប់​មាន​ការងារល្អៗ​បែប​នេះ ។

    • តា ម៉ាប់ និយាយថា៖

      ដុំ​កំភួន​ស្អីលោកអើយ ម៉ាឆ្នាំបាន​ពីរដងណឹង បើ​ការ​ងារ​ជាប់​លាប់​បាន​គេ​ថា​ដុំ​កំភួន ។ ល្អៗៗៗ អី ធ្វើតែម្ដង លើក​ក្រោយ​គេ​លែង​ហៅឲ្យធ្វើ !

    • ឌីយ៉ា និយាយថា៖

      ចុះបកប្រែអក្សររត់លើកម្មវិធីពត៌មាននោះ ពិតជាល្អមែនទែន! មាន​ដែល​មាន​គំនិត​ចង់​បើក​​ក្រុមហ៊ុន​បក​ប្រែ​អត្ថបទដែរទេហ្នឹងតាម៉ាប់?

    • តា ម៉ាប់ និយាយថា៖

      ឥតមានគំនិតសោះព្រោះឥតមានសញ្ញាបត្រខាងណឹងឲ្យគេជឿទុកចិត្តបាន ។

  5. ស្រុកស្រែ និយាយថា៖

    បែបនេះ គេហៅថា Multy skills ហើយ​អុងយ៉ាម៉ាប់ ដ៏​គួ​អោយ​ចូល​ចិត្ត…។ មានរឿង​មួយ​ទៀត… គឺ​ខ្ញុំ​កំពុង​​តែ​រង់ចាំ​អាន​អត្ថបទ​នៅ​ទីនេះ ដែល​ពិពណ៌នា​អំពី​សកម្មភាពរបស់​អុងយ៉ា ដើរអត់ចូល​សាលា ទៅ​​តាម «លោកប្រធាន»​​ នៅ​តាម​ខេត្ត​នានា…😀

  6. ទឹម បឿន និយាយថា៖

    គួរ​ឲ្យ​ចាប់អារម្មណ៍

  7. បុរិន្ទ និយាយថា៖

    ការងារជាក់លាក់ នឹងមាន ក្រោយពីបញ្ចប់មហាវិទ្យាល័យ

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s