On Air


កាល​ពី​ពេល​ព្រឹក​ម្សិល​មិញ​នេះ ខ្ញុំ​បាន​ចូល​រួម​ជា​វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី “សំឡេង​ម្ចាស់​ឆ្នោត” ជា​កម្មវិធី​មួយ​នៃ​ ការ​ផ្សាយ​សំឡេង​សង្គម​ស៊ីវិល ដែល​មាន​ផ្សាយ​រាល់​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ រៀង​រាល់​ម៉ោង 7 : 30 នាទី – ម៉ោង 8 : 30 នាទី តាម​វិទ្យុ​សម្បុក​ឃ្មុំ FM 105 MHz ។ ក្នុង​កំឡុង​​ពេល​នៃ​កម្មវិធី ប្រិយ​មិត្ត​ក៏​អាច​ទូរស័ព្ទ​​​មក​បាន​ដោយ​មាន​ជា​មតិ​ ឬ​សំណួរ​ចោត​ទៅ​ដល់​វាគ្មិន​កិត្តិយស​វិញ​តាម​រយៈ​ទូរស័ព្ទ​លេខ … (ឥត​ចាំ) ។

ក្រៅ​ពី​​កញ្ញា​អ្នក​សម្រប​សម្រួល​ម្នាក់ ក៏​មាន​វាគ្មិន​ 2​នាក់​ទៀត​ផង​ដែរ ម្នាក់​គឺ​ លោក ស្រី សុ​ភ័ក្ត្រ (អ្នក​រាល់​គ្នា​នៅ​ទី​នេះ​អាច​ស្គាល់) និង​កញ្ញា​ម្នាក់​ទៀត​ដែល​ជា​និស្សិត​ផ្នែក​សារព័ត៌មាន​ ។ ប្រធាន​បទ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ​ គឺ “ម្ចាស់​ឆ្នោត​ និង​​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ” ។ ក្នុង​រយៈ​ពេល​ 1 ម៉ោង​ពេញ​នៃ​កម្មវិធី​នេះ ខ្ញុំ​និយាយ​បាន​ប្រហែល​ជា 5​នាទី ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ចំនួន​ 3 របស់​អ្នក​សម្រប​សម្រួល ដោយ​សារ​តែ​ខ្ញុំ​មិន​មាន​ជំនាញ​ និង​ចំណេះ​ដឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​តាម​ទូរស័ព្ទ​​របស់​ប្រិយ​មិត្ត​ដែល​កំពុង​ស្ដាប់​ ។

ជា​រួម​ មតិ​ភាគ​ច្រើន​នៃ​ប្រិយ​មិត្ត​ គឺ​ចង់​ឃើញ​ប្រពន្ធ​ផ្សព្វផ្សាយ​មួយ​ដែល​ស្មើ​ភាព​គ្នា មិន​មាន​ការ​លំអៀង​ទៅ​តែ​ម្ខាង​ដូច​សព្វ​ថ្ងៃ ។ ម៉្យាង​វិញ​ទៀត ប្រិយ​មិត្ត​ក៏​​បាន​សាក​សួរ​អំពី​ការ​តាំង​ចិត្ត​នៃ​អ្នក​យក​ព័ត៌មាន​ ដោយ​សារ​តែ​ឃើញ​ថា​សព្វ​ថ្ងៃ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​មិន​ហ៊ាន​បញ្ចេញ​នូវ​ព័ត៌មាន​អំពី​បញ្ហា​អវិជ្ជមាន​របស់​សង្គម​សព្វ​ថ្ងៃ​ឲ្យ​មហាជន​បាន​ដឹង​ឮ ។ សំណួរ​ដែល​សំខាន់​បំផុត​ គឺ​ទាក់ទង​នឹង​ទំនួល​ខុស​ត្រូវ​មុខ​ច្បាប់​ចំពោះ​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (ជា​ពិសេស Facebook) ក្នុង​ការ​ចែក​ចាយ​ព័ត៌មាន ។

ចំពោះ​សំណួរ ទាំង 3 ដែល​កញ្ញា​​អ្នក​សម្រប​សម្រួល​បាន​សាក​សួរ​មក​ខ្ញុំ​ៗ​​បាទ​សុំ​សង្ខេប​ដូច​ខាង​ក្រោម ៖

1. ចាស សូម​ជម្រាប​សួរ ! តើ​លោក​យល់​យ៉ាង​ណា​ដែរ​​ចំពោះ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ពេល​បច្ចុប្បន្ន​នេះ ?

ចំ ៖ បាទ ចំពោះ​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ច្រើន​សណ្ឋាន ដូច​ជា​ការ​ទំនាក់​ទំនង​ទូទៅ ការ​បង្កើត​ជា​មូលនិធិ ជួយ​មន្ទីរពេទ្យ ឬ​កុមារ​កំព្រា និង​សំខាន់​បំផុត​ គឺ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ក៏​ប៉ុន្តែ​មិន​មែន​រាល់​ព័ត៌មាន​នោះ​សុទ្ធ​តែ​ពិត​នោះ​ទេ អ្នក​អាន​អ្នក​ស្ដាប់​ត្រូវ​ផ្ទៀង​ផ្ទាត់​ ក៏​ដូច​ជា​ពិចារណា ។

2. ​លោក​បាន​ចែក​រំលែក​អត្ថបទ​​​អំពី​វប្បធម៌ និង​អរិយធម៌ ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​តាម​រយៈ​ការ​​រូប​ថត​របស់​លោក តើ​អ្វី​ដែល​​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​និង​ធ្វើ​បែប​នេះ ?

ចំ ៖ មូលហេតុ​ចម្បង​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​​ថត​រូប​ហើយ​ដាក់​បញ្ចូល​ជា​ឯកសារ​នៅ​ក្នុង​ប្លក​របស់​ខ្ញុំ​នេះ​ ដោយ​សារ​តែ​ខ្ញុំ​មើល​ឃើញ​កង្វះ​ខាត​យ៉ាង​ច្រើន​អំពី​ឯកសារ​ជា​ភាសា​ខ្មែរ​អំពី​ទីតាំង​ទាំង​នោះ ដោយ​សារ​ឯកសារ​ភាគ​ច្រើន​ជា​ភាសា​បារាំង​ដោយ​សារ​មាន​អ្នក​ស្រាវជ្រាវ​បារាំង​ធ្លាប់​ធ្វើ​ពី​មុន​មក និង​តាម​ឯកសារ​របស់​លោក​គ្រូ មីសែល ត្រាណេ ។  ខ្ញុំ​នឹង​ចុះ​ទៅ​ទីតាំង​នោះ​ដើម្បី​ថត​រូប​ ដើម្បី​ដាក់​បង្ហាញ​ក្នុង​ប្លក​របស់​ខ្ញុំ ទាំង​រូប​ថត ទាំង​ប្រវត្តិ​ពិត​តាម​សិលាចារឹក ឬ​ការ​ស្រាវជ្រាវ​ផ្សេងៗ​ ក៏​ដូច​ជា​រឿង​ព្រេង​ប្រចាំ​តំបន់ ។

3. តើ​ទីតាំង​ទាំងនោះ​ជា​ទីតាំង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វប្បធម៌​ ឬ​យ៉ាង​ដូច​ម្ដេច ?

ចំ ៖ ជាទូទៅ​ជា​រមណីយដ្ឋាន​ ដែល​ភាគ​ច្រើន​ជា​ប្រាសាទ ។ ប្រាសាទ​ដែល​ខ្ញុំ​ផ្ដោត​ទៅ​លើ​ គឺ​ប្រាសាទ​មុន​សម័យ​អង្គរ​ ដែល​គេ​ឥត​គិត​ទៅ​ដល់ គេ​​មិន​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​ប្រាសាទ​ភ្នំ​បាយ៉ង់​កោរ និង​នៅ​ខែត្រ​កំពត​ដែល​មាន​ប្រាសាទ​ក្នុង​រូង​ភ្នំ​ជា​ដើម ។

លោក​អ្នក​អាច​ស្ដាប់​​កិច្ច​ពិភាក្សា​នៅ​ក្នុង​កម្ម​វិធី​ទាំង​មូល​​បាន ដោយ​គ្រាន់​តែ​ចុច​នៅ​ ទីនេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , . Bookmark the permalink.

8 Responses to On Air

  1. ឌីយ៉ា និយាយថា៖

    ល្បីបាត់!

  2. VIRIYA LIM និយាយថា៖

    មាន record ទុកដែរឬអត់អូនម៉ាប់? បងចង់ស្តាប់ដែរ!!! មិនដឹងល្អយ៉ាងណាបើខ្ញុំបានចូលរួម។

    • តា ម៉ាប់ និយាយថា៖

      ខ្ញុំ​ដាក់ដំណរភ្ជាប់នៅចុង​អត្ថបទហើយបង ! បើ​បង​មាន​ពេលទំនេរ​មក​ភ្នំពេញរយៈ​ពេល ១ អាទិត្យ​អី ខ្ញុំនឹង​ទាក់ទង​ឲ្យ​បង​បាន​ចូល​ជា​វាគ្មិនកិត្តិយស ។

  3. VIRIYA LIM និយាយថា៖

    នៅពេលដែលយើងប្រើពាក្យថា “ទំនាក់ទំនង” យើងមិនចាំបាច់ដាក់ “ការ” ពីមុខទៀតទេ ព្រោះថា ទំនាក់ទំនង វាជានាមស្រាប់ទៅហើយ!

  4. VIRIYA LIM និយាយថា៖

    អត់បន្ថែមពីរបីម៉ាត់ទៀតថា៖ “បាទ! ជួនកាលម្តងម្កាល ដែលខ្ញុំធ្លាប់បានចែករំលែកពីរូបថត និងអត្ថបទពាក់ពន្ធ័នឹងយាយម៉ាប់របស់ខ្ញុំ ព្រោះខ្ញុំស្រលាញ់គាត់ពេក”!!!! :p :p

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s