អង្គថ្មបាំង


កាល​ពី​​រសៀល​ថ្ងៃ​អង្គារ ទី​10 នេះ ខ្ញុំ​បាន​ទៅ​​​ ភូមិ​ក្រាំង​មេត្រី ឃុំ​​ស្គុះ​ ស្រុក​សំរោង​ទង​ ខែត្រ​​កំពង់​ស្ពឺ ដោយ​​សារ​មាន​មិត្ត​ម្នាក់​ដែល​មាន​ម្ដាយ​ធម៌​នៅ​ទីនោះ ប្រាប់​ថា​​ភូមិ​ស្រុក​នោះ​មាន​​​សល់​ប្រាសាទ​បុរាណ​​​មួយ​នៅ​កណ្ដាល​វាល​ស្រែ ដែល​ទី​នោះ​ផង​ដែល មាន​ថ្ម​​រាង​ស្រួចផុស​​ចេញ​ពី​ដី ។

ធ្វើ​ដំណើរ​​​ចេញ​ពី​ភ្នំពេញ​ ដោយ​ប្រើ​ពេល​អស់​ប្រហែល​ 40​នាទី ពួក​យើង​បាន​ទៅ​ដល់​ភូមិ​ក្រាំង​មេត្រី ។ ក្រោយ​ពី​បាន​សំណេះ​សំណាល​ជា​មួយ​ម្ចាស់​ផ្ទះ​​មួយ​ស្របក់​មក ពួក​យើង​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ប្រហែល​ជា 400 ម៉. ទើប​បាន​ទៅ​ដល់​ទី​ទួល​បុរាណ​នោះ ដោយ​ចូល​ពី​ខាង​កើត​ ដែល​ជា​ច្រក​ចូល​​តាំង​ពី​បរម​​បុរាណ ។ គួរ​ឲ្យ​សោក​ស្ដាយ​ ខ្ញុំ​មិន​បាន​ឃើញ​ប្រាសាទ​បុរាណ​នោះ​ទេ ដោយ​ហេតុ​តែ​វា​បាន​បាក់​រលំ​​អស់​ទៅ​ហើយ ។

តាម​ឯកសារ​ដែល​មាន​បាន​បញ្ជាក់​ថា​ ប្រាសាទ​នេះ​ធ្វើ​អំពី​ឥដ្ឋ​ តែ​បាក់​បែក​ទាំង​ស្រុង ព័ទ្ធ​ជុំវិញ​ដោយ​កសិណ​​មួយ បែរ​មុខ​ទៅ​កើត និង​មាន​ផ្លូវ​ចូល​ពី​ទិស​ខាង​កើត ។ មាន​ចម្លាក់​មួយ​ចំនួន ៖ ផ្ដែរ, ថ្ម​ថ្លើម​អណ្ដើក និង​លិង្គ​មួយ​ដែល​មាន​ផ្នែក​ខាង​ក្រោម​រាង​ប្រាំ​បី​ជ្រុង ។ ខ្ញុំ​មិន​បាន​ប្រទះ​ឃើញ​ចម្លាក់​ទាំង​នេះ​ទេ ប្រហែល​ជា​វា​ត្រូវ​បាត់​បង់​នៅ​សម័យ​សង្គ្រាម ឬ​ក៏​ត្រូវ ​លោក​ Henri Parmentier ប្រមូល​ទៅ​តាំង​ពី​ឆ្នាំ 1935 មក​ម្ល៉េះ ។ ឯ​តួ​ប្រាសាទ​នោះ ខ្ញុំ​គិត​ថា​​គេ​សាង​សង់​វា​ឡើង ដើម្បី​ធ្វើ​ជា​ដំបូល​​​ឲ្យ​ ថ្មបាំង ដ៏​សក្ដិសិទ្ធិ​ដែល​ផុស​ចេញ​មក​ពី​ដី​ដោយ​ឯកឯង ។

បើ​តាម​រឿង​ព្រេង​ដែល​ខ្ញុំ​បាន​សាក​សួរ​ពី​អ្នក​ស្រុក​​ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ៖ មាន​ស្ដេច​មួយ​អង្គ ព្រះ​នាម​មិន​ប្រាកដ​​បាន​រត់​គេច​ពី​ការ​ធ្វើ​គុត ​។ កាល​រត់​ទៅ​ដល់​​តំបន់​មួយ ដោយ​មាន​ពរ​កណ្ដៀត​កូន​ជាប់​ចង្កេះ ទី​នោះ​ក្រោយ​មក​ក៏​ក្លាយ​ជា ភូមិ​ពរ ។ ក្រោយ​មក​ទៀត​មក​ដល់​​តំបន់​មួយ​មាន​ដើម​សំរោង​ច្រើន ស្ដេច​នោះ​ក៏​តោង​ដើម​សំរោង​លាក់​ខ្លួន ទី​នោះ​ក្រោយ​មក​ក៏​ក្លាយ​ជា​ ស្រុក​សំរោង​តោង ដែល​រយាល​ក្លាយ​ជា​ សំរោង​ទង​ ដូច​សព្វ​ថ្ងៃ ។  ស្ដេច​នោះ​​បន្ទាប់​មក​បាន​រត់​ទៅ​ពួន​ក្នុង​ក្រោល​គោ​ធំ​មួយ ទី​នោះ​ក្រោយ​មក​ក៏​ក្លាយ​ជា​ ភូមិ​ក្រោល​គោ ។ជា​ចុង​ក្រោយ​ ស្ដេច​នោះ​ក៏​រត់​មក​ដល់​ទី​ទួល​​​ថ្ម​បាំង​នេះ ដែល​ការ​នោះ​មិន​ទាន់​មាន​ឈ្មោះ​ជា​អ្វី​នោះ​ទេ ដោយ​ទ័ល​ច្រក​មិន​ដឹង​រត់​ទៅ​ខាង​ណា​ទៀត ក៏​បន់​ស្រន់​បួង​សួង​សុំ​ឲ្យ​អ្នក​តា​បង់បត់​ចាស់​​ស្រុក​​ជួយ​កំបាំង​​ខ្លួន​ពី​ការ​តាម​ធ្វើ​គុត ​ថ្ម​​នោះ​ក៏​បំបាំង​ខ្លួន​ស្ដេច​នោះ​រហូត​ទៅ ទើប​ជាប់​ឈ្មោះ​ជា​ ទួល​​អ្នក​តា​ថ្ម​បាំង​ ដូច​សព្វ​ថ្ងៃ​នេះ​ហោង ។

ទី​ទួល​នេះ ជា​តំបន់​ដែល​មាន​មហិទ្ធិឫទ្ធិ​ខ្លាំង​បំផុត​នៅ​ម្ដុំ​ភូមិ​ស្រុក​នេះ ដោយ​អ្នក​ស្រុក​អះអាង​ថា ធ្លាប់​សុំ​ខ្ចី​ចាន​ ឆ្នាំង​ ស្លាបព្រា សម្រាប់​ពិធី​ផ្សេង​ៗ បាន តែ​ក្រោយ​មក​បាន​សាប​រលាប​បន្តិច​​ម្ដង​ៗ ដោយ​អ្នក​ស្រុក​ខ្ចី​មិន​សង ឬ​ធ្វើ​ខូច​ខាត​ហើយ​មិន​សង​វិញ ។

តាម​ការ​គិត​របស់​ខ្ញុំ ពាក្យ អង្គ​ ដែល​គេ​ឧស្សាហ៍​ឃើញ​នាំ​មុខ​ពាក្យ​ផ្សេង​ៗ​ទៀត​នោះ (ឧ. អង្គ​តាសោម, អង្គសូរភី, អង្គ​ថ្ម​បាំង) គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ អង្គជាត​ នោះ​ឡើយ ដែល​កាល​ពី​ដើម​មក​ហើយ​ ស្រុក​ខ្មែរ គោរព​ អង្គជាត​ព្រះ​ឥសូរ នេះ​ឯង ទើប​មាន​ជាប់​នាម​ អង្គៗ រហូត​មក​ដល់​សព្វ​ថ្ងៃ  ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

4 Responses to អង្គថ្មបាំង

  1. ពីមុនមកធ្លាប់ជិះកាត់ខេត្តកំពង់ស្ពឺ(តំបន់ រមណីយដ្ឋាន​ពពែភ្នំ) ហើយប្រទះឃើញមានសារមន្ទី​មួយ គិតចង់ថាទៅមើលមើល៍​ តើក្នុងសារមន្ទីនោះមានអ្វីខ្លះ?

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s