ជ្រោះផ្អោក


ទឹក​ជ្រោះ​ផ្អោក មាន​ទីតាំង​ស្ថិត​នៅ​​ ភូមិ​ជ្រោយ​ស្លែង ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គិរីវង្ស ខែត្រតាកែវ ។ ទីតាំង​នេះ​មាន​ចម្ងាយ​ប្រហែលជា 2 គ.ម៉. ពី​ផ្លូវ​ជាតិ​លេខ 2 ដោយ​បត់​ស្ដាំ​ដៃ ពេល​ជិះ​ពី​ ផ្សារទន្លាប់​ មក ។ ទីតាំង​នេះ អាច​ពិបាក​រក​​សម្រាប់​អ្នក​ដែល​មក​ពី​ ផ្សារ​ទន្លាប់ ដោយ​សារ​តែ​ស្លាក​សញ្ញា​បង្ហាញ​ទីតាំង​​ដាក់​បែរ​ទៅ​ទិស​ខាង​ត្បូង (បែរ​ទៅ​ប្រទេស​វៀតណាម) ។ លោក​អ្នក​អាច​​រក​ផ្លូវ​បត់​ចូល​ទីតាំង​នោះ​បាន​​ដោយ​សម្គាល់​ទៅ​លើ​ចម្ងាយ (ប្រហែល​ជា 2 គ.ម៉. ពី​ផ្សារ​ទន្លាប់) និង​បត់​ចូល​តាម​ផ្លូវ​ផ្សារ​តូច​មួយ បន្ទាប់​មក​ជិះ​ទៅ​ត្រង់​រហូត ។

នៅ​ទីតាំង​​ ជ្រោះ​ផ្អោក នេះ​មាន​លក់​ជា​ហូរហែ​នូវ​ត្បូង​មាន​តម្លៃ ដែល​អ្នក​ស្រុក​ជីក​បាន​នៅ​ទី​នេះ​តែ​ម្ដង ។ អ្នក​លក់​អះអាង​ថា​ ត្បូង​នៅ​ទីនេះ​មាន​គុណភាព​មិន​ចាញ់​ត្បូង​នៅ​ ប៉ៃលិន​ នោះ​ទេ ក៏​ប៉ុន្តែ​សុទ្ធ​ ឬ​យ៉ាង​ណា​ ខ្ញុំ​មិន​ហ៊ាន​អះ​អាង​ទេ ព្រោះ​មិន​ដែល​មាន​ត្បូង​ពាក់​នឹង​គេ😀 ។

ជ្រោះផ្អោក មិន​សម្បូរ​អ្នក​​មក​ពី​ឆ្ងាយ​នោះ​ទេ គឺ​សម្បូរ​តែ​អ្នក​ជិត​ៗ លើក​លែង​តែ​ពេល​មាន​ពិធី​បុណ្យ​ទាន ។ ទឹក​នៅ​ទីនេះ​ហូរ​រឹមៗ ហើយ​ក៏​មិន​ជា​សម្បូរ​ទឹក​ប៉ុន្មាន​ដែរ ដោយ​សារ​ទទឹង​ផ្លូវ​ទឹក​​​​ប្រវែង​ប្រហែល​ជា 1 ម៉. ប៉ុណ្ណោះ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ធ្វើជា​ទំនប់​ស៊ីម៉ង់​ 2-3 ថ្នាក់ សម្រាប់​ទប់​ទឹក​​ដែល​ឲ្យ​អាច​ឲ្យ​អ្នក​ទៅ​លេង ហែល​កម្សាន្ត​បាន (ហែល​បាន​តែ​ក្មេង​តូចៗ) ។

ចំពោះ​ខ្ញុំ​ផ្ទាល់ អ្វី​ដែល​គួរឲ្យ​ទាក់ទាញ​នៃ​​ទីតាំង​ ជ្រោះ​ផ្អោក នេះ គឺ​ទេស​ភាព​ជុំ​វិញ​ពណ៌​ខៀវ​ស្រងាត់ ដែល​ព័ទ្ធជុំវិញ​ដោយ​ភ្នំ ជា​ពិសេស​ ភ្នំសិវបុរៈ (ភ្នំ​បាយ៉ង់កោរ) ដ៏​សក្ដិសិទ្ធិ ។

អំពី​ប្រវត្តិ​​ឈ្មោះ​នៃ​ជ្រោះ​នេះ គេហទំព័រ ខ្មែរ​ដេលី បាន​បកស្រាយ​ថា ៖ នៅ​ដើម​សតវត្ស​ទី​១៩​ មាន​ព្រឹទ្ធាចារ្យ​ម្នាក់​ឈ្មោះ ប៉ក់ ប៉ោ​ក ហៅ​ តា​អោក និង​ភរិយា​បាន​ទៅ​តាំង​ទីលំនៅ​នៅ​ចំណុចប្រសព្វ​នៃ​មាត់​ជ្រោះ​មួយ​លាតសន្ធឹង​លើ​ផ្ទៃដី​ធំ​ទូលាយ​ដែល​មាន​ដើមឈើ​ព័ទ្ធជុំវិញ ​មាន​ម្លប់​ត្រឈឹងត្រឈៃ​គួរ​ជាទី​មនោរម ។ លំនៅឋាន​​របស់​ លោកតា​អោក​ បាន​សាង​សង់​ឡើង​របៀប​ជា ព្រះវិហារ​តូច​មួយ​ចំ​កណ្ដាល​ទ្រូងព្រៃ ​មាន​ផ្លូវ​ចេញចូល​ខ្វែង​ខ្វាត់​​ជា​​បួន​ទិស​លម្អ​ដោយ​ផ្កា​ចម្រុះ​ពណ៌ ​។​

​លោក​ព្រឹទ្ធាចារ្យ ប៉ក់ ប៉ោ​ក និង​ភរិយា រស់នៅ​របៀប​ជា​អ្នក​សច្ចំ​ធ្វើ​សមាធិកម្មដ្ឋាន ហើយ​ចូលចិត្ត​ជួយ​សង្គ្រោះ​អ្នក​ដែល​មាន​ការ​លំបាក និង​មាន​ជំងឺ​ឈឺ​ថ្កាត់​ជាដើម​ ។ ថ្ងៃមួយ​អ្នកស្រុក​បាន​សែង​អ្នកជំងឺ​ធ្ងន់​ម្នាក់​ដែល​ស្ទើរតែ​ដាច់ខ្យល់​ស្លាប់​សុំ​ឲ្យ​លោក​តា​ជួយ​ព្យាបាល ។ ក្នុង​គ្រា​នោះ ​លោកតា​ប៉ក់ ប៉ោក​ ក៏​ទទួល​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​សំបក​ឫស​ឈើ​ព្រៃ និង​ទឹកជ្រោះ​មក​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​គួបផ្សំ​នឹង​ការ​បួងសួង​សុំ ឲ្យ​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងនោះ​ក្លាយទៅជា​ឱសថ​ទិព្វ​សម្រាប់​ព្យាបាល​​​អ្នកជំងឺ​ ។ ក្រោយ​ពី​បាន​ទទួលទាន​ថ្នាំ​នេះ​រួច​ហើយ ​អ្នកជំងឺ​ក៏​បាន​ជាសះស្បើយ​ភ្លាម ​រួច​បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ក្ដី​សប្បាយរីករាយ និង​ការ​ដឹងគុណ​ឥតឧបមា​ ។ ដំណឹង​នេះ​ក៏​បាន​ឮ​ដល់​អ្នកស្រុក​ជិតខាង ​គេ​សាកសួរ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​នោះ ​គាត់​ក៏​បាន​ប្រាប់​តាម​ដំណើរ​ដើមទង​ជាសះស្បើយ​ដោយសារតែ​ ទឹកជ្រោះ​តា​ប៉ោក​ ឬ​ជ្រោះ​តាអោ​ក មាន​ភាព​ស័ក្ដិសិទ្ធិ​ណាស់​។​

​នៅ​ពេល​ឮ​ដូច្នេះ​អ្នកស្រុក​ក៏​បាន​នាំគ្នា​ទៅ​សុំ​ទឹកជ្រោះ​តា​ប៉ោ​ក «​តា​អោក​» យក​មក​រក្សាទុក​ក្នុង​ផ្ទះ​សម្រាប់​ព្យាបាល​ជំងឺ​គ្រប់​ៗ ​គ្នា​លុះ​ក្រោយមក​ទៀត​អ្នកស្រុក​ក៏​បាន​ហៅ​ ជ្រោះ​តា​ប៉ោ​ក ថា​ជ្រោះ​តា​អោក ចុងក្រោយ​ក៏​ក្លាយ​មក​ជា​ ជ្រោះ​ផ្អោក​ រហូតមកដល់​ពេល​​​បច្ចុប្បន្ន​នេះ​ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ដំនើរកំសាន្ត, Exploring Cambodia and tagged , , , , , . Bookmark the permalink.

2 Responses to ជ្រោះផ្អោក

  1. Pingback: ដំណើរឆ្ពោះ​​ទៅ សិវបុរៈ | តាម៉ាប់ យាយម៉ាប់

  2. ស្រុកស្រែ និយាយថា៖

    បើមាន​ពេល គិតចង់​ទៅលេង​ទីនេះ​ដែរ…

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s