ប្រាសាទ​ស្នឹង​ កើត-លិច


នៅ​ក្នុង​បរិវេណ វត្ត​ស្នឹង ឃុំ​ស្នឹង ស្រុក​បាណន់ ខែត្រ​បាត់ដំបង មាន​ប្រាសាទ​ចំនួន​ ២ គឺ​ប្រាសាទ​ស្នឹង​ខាងកើត និង​ប្រាសាទ​ស្នឹង​ខាង​លិច ដែល​ប្រហែលជា​ត្រូវ​បាន​កសាង​នៅ​កំឡុង​ស.វ​ទី ១២ ឬ​អាច​មុន​នេះ ។ ដែល​កំណត់​ថា កើត-លិច នេះ​ គឺ​កំណត់​ទៅ​តាម​ទីតាំង​នៅ​ខាង​កើត និង​ខាង​លិច​ព្រះ​វិហារ​វត្ត​ស្នឹង ។

ប្រាសាទ​ស្នឹង​ខាង​កើត ​មាន​ប៉ម​ ៣ សង់​ពី​ឥដ្ឋ​នៅ​លើ​ខឿន​ថ្ម​បាយ​ក្រៀម​មួយ ។ នៅ​ប៉ម​​កណ្ដាល​មាន​ផ្ដែរ​ឆ្លាក់​រូប​ ព្រះ​ឥន្ទ​គង់​លើ​ដំរី​ក្បាល​បី (ឯរាវ័ណ) ឯ​ប៉ម​ពីរ​ផ្សេង​ទៀត​មាន​ផ្ដែរ​ដែរ តែ​ពុំ​ឃើញ​មាន​ចម្លាក់​អ្វី​នោះ​ទេ ។ នៅ​​មុខ​ប៉ម​​ ជើង​-ត្បូង មាន​ស៊ុម​​​ទ្វា​ធ្វើ​ពី​ថ្ម​ភក់ ប្រហែល​ជា​ស៊ុម​​ទ្វា​នៃ​យ៉​ដែល​ត​ភ្ជាប់​ពី​ប៉ម​ទាំង ២ នេះ ក៏​ប៉ុន្តែ​បាក់​បែក​អស់​ហើយ​គ្រាន់​តែ​នៅ​សល់​ស្លាក​ស្នាម​ខ្លះៗ ល្មម​ឲ្យ​អាច​សម្គាល់​បាន ។ នៅ​ខាង​មុខ​ប្រាសាទ មាន​ស្រះ​ទឹក​​ធំ​មួយ​ សន្ធឹង​ពី​ជើង​ទៅ​ត្បូង ។ នៅ​ទី​ប្រាសាទ​នេះ​ គេ​ធ្លាប់​រក​ឃើញ​ទេវរូប​ភេទ​ប្រុស​ចំនួន ៣ និង​ព្រះ​កេស​ទេវរូប​ភេទ​ប្រុស​មួយ​មាន​ពាក់​មកុដ ។

ប្រាសាទ​ស្នឹង​ខាង​លិច ជា​ប្រាសាទ​ទោល​ធ្វើ​អំពី​ថ្ម​ភក់ ។ ប្រាសាទ​នេះ​មាន​ទ្វារ​ចូល​ពី​គ្រប់​ ​៤ ទិស ព្រម​ទាំង​មាន​យ៉​ផង​ដែរ ។ មាន​ផ្ដែរ​នៅ​គ្រប់​ទ្វា​ទាំង ៤ តែ​ផ្ដែរ​ទ្វា​ខាង​ជើង​ ពុំ​ឃើញ​មាន​ចម្លាក់​អ្វី​នោះ​ទេ ។ នៅ​លើ​ផ្ដែរ​​ទ្វា​ទាំង ៣ ទិស​ផ្សេង​ទៀត យើង​ឃើញ​មាន ៖

  1. ផ្ដែរ​ទិស​ខាង​​កើត​ មាន​ចម្លាក់​ រឿង​កូរ​សមុទ្រ​ទឹក​ដោះ (1)
  2. ផ្ដែរ​ទិស​ខាង​លិច​ មាន​ចម្លាក់​​ រូប​ព្រះ​វិស្ណុ​ផ្ទំ​លើ​​សត្វ​ម៉្យាង​ ប្រហែល​ជា គជសីហ៍ (​ជា​ទូទៅ​ផ្ទំ​លើ​ នាគ​អនន្ត) ។
  3. ផ្ដែរ​ទិស​ខាង​ត្បូង​ មាន​ចម្លាក់​រូប​សត្វ​តោ​ ៣ក្បាល​កំពុង​តែ​ទ្រ​មនុស្ស (ឬ​ទេវតា) ដែល​កំពុង​លេង​ចត្រង្គ ។

​ចំណែក​ឯ​កំពូល​ប្រាសាទ​វិញ​បាន​បាក់​ធ្លាក់​ចុះ​ ដែល​ពុំ​អាច​ឲ្យ​យើង​ចូល​ទៅ​ខាង​ក្នុង​ប្រាសាទ​បាន​នោះ​ឡើយ ។ នៅ​ក្បែរ​ប្រាសាទ​នេះ ក៏​ប្រទះ​ឃើញ​​ចម្លាក់​យោនី​ដែល​បាក់​បែក​មួយ​ផង​ដែរ ។

ប្រាសាទ​ទាំង​ ២ នេះ បើ​ទោះជា ​ប្រាសាទ​ស្នឹង​ខាង​កើត​ មាន​​ដល់​ទៅ​ ៣ប៉ម​មែន ប៉ុន្តែ​ហាក់​មិន​មាន​​ប្រណិត​ភាព​ស្មើ​និង​ ប្រាសាទ​ស្នឹង​ខាង​លិច​ ដែល​មាន​តែ​​ប៉ម​ទោល​នោះ​ទេ ។ ម៉្យាង​ទៀត វត្ថុ​ធាតុ​សម្រាប់​សាង​សង់​ ប្រាសាទ​ស្នឹង​កើត (ឥដ្ឋ​ដី​ដុត) ក៏​មិន​ល្អ​ធន់​ដូច​ជា ប្រាសាទ​ស្នឹង​លិច​ដែរ (​ថ្ម​ភក់) ។

***

(1) អំពី​ទេវ​កថា កូរ​សមុទ្រ​ទឹក​ដោះ ៖ កាល​​ដើម​ឡើយ មាន​មហាសមុទ្រ​ទឹកដោះ​គ្រប​ដណ្ដប់​ពេញ​លើ​ចក្រវាល​ទាំង​មូល ។ ពួក​ទេវ និង​ពួក​អសុរ ដែល​ចង់​បាន​ទឹកអម្រឹត (ទឹក​មន្ត​អមត) ក៏​នាំ​គ្នា​កូរ​សមុទ្រ​ទឹកដោះ​នោះ ។

ព្រះវិស្ណុ ដក​ភ្នំ​មន្ទរៈ យក​មក​ធ្វើ​ជា​ខ្នូរ ហើយ​ប្រែ​កាឡា​ខ្លួន​​ជា មហា​អណ្ដើក​កូម៌ៈ ដើម្បី​​ទ្រ ភ្នំ​មន្ទរៈ កុំ​ឲ្យ​លិច ។ ចំណែក ស្ដេច​នាគ​វាសុកី យក​ខ្លួន​ធ្វើ​ជា​ព្រ័ត្រ​សម្រាប់​ឲ្យ​គេ​ទាញ ។ ពួក​ទេវ ទាញ​ខាង​កន្ទុយ ឯ​ពួក​អសុរ ទាញ​ខាង​ក្បាល ។

បន្ទាប់​ពី​កូរ​វឹក​អស់​រយៈ​ពេល ១០០០ឆ្នាំ រតនៈ​យ៉ាង​ច្រើន​ឥត​គណនា​ក៏​បាន​ផុស​ឡើង​ពី​ទឹក ក្នុង​នោះ​មាន ​ព្រះនាង​លក្ស្មី (មហេសី​ ព្រះវិស្ណុ), ឯរាវ័ណ (ដំរី​ក្បាល​បី​ជំនិះ​ព្រះ​ឥន្ទ) … ។ នៅទីបំផុត ទឹកអម្រឹត និង​ទេពអប្សរ ក៏​ផុស​ចេញ​មក ។ ព្រះវិស្ណុ យក​ទឹក​អម្រឹត​ចែក​ឲ្យ ​ពួក​ទេវ​ ទៅ ។

Advertisements

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា, Exploring Cambodia and tagged , , , , . Bookmark the permalink.

One Response to ប្រាសាទ​ស្នឹង​ កើត-លិច

  1. Pingback: ធ្វើ​បច្ចុប្បន្នភាព ៖ ប្រាសាទ​ស្នឹង​លិច | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s