ជីវិត


ជីវិត ពាក្យ​ពីរ​ម៉ាត់​នេះ​មានន័យ​ទូលំទូលាយ​ខ្លាំង​ណាស់ ។ សម្ដេច​​ព្រះ​មហា​សង្ឃរាជ ជោតញ្ញាណោ​ ជួន ណាត ពន្យល់​ពាក្យ​នេះ​ថា ដំណើរ​ជីវិត​រស់​នៅ អាយុ ។ ជីវិត ជា​គូ​នឹង​ មរណៈ តែ​មាន​ជីវិត ក៏​គង់​តែ​នឹង​បាត់បង់ជីវិត ។ ជន​ណា​មិន​ស្រលាញ់​ជីវិត ? ជន​ណា​មិន​ចង់​រស់​បាន​យូរ​ដោយ​មាន​សេចក្ដី​សុខ​ទាំង​ផ្លូវ​កាយ​ និង​ផ្លូវចិត្ត ? តែ​គ្មាន​បុថុជ្ជន​ណា​ដែល​ជៀស​រួច​ពី​​វដ្ដសង្សារ កើត​ ចាស់​ ឈឺ​ ស្លាប់ នោះ​ទេ ។

ព្រះ​សម្មាសម្ពុទ្ធ ព្រះបរមគ្រូ​ បាន​សម្ដែង​ថា ៖

  • សព្វេ សង្ខារា អនិច្ចា មានន័យ​ថា សង្ខារ​ជា​វត្ថុ​មិន​ទៀងទាត់ កើត​មាន​ គង់​រលត់​ទៅវិញ​ជា​ធម្មតា ។
  • សព្វេ សង្ខារា ទុក្ខា មានន័យថា សង្ខារ​​ទាំង​អស់​ជា​ទុក្ខ ដូច្នេះ​សេចក្ដី​រីករាយ​ដែល​កើត​មាន​នោះ គ្រាន់​តែ​កើត​នៅចន្លោះ​ទុក្ខ​ប៉ុណ្ណោះ ។
  • សព្វ ធម្មា អនន្តា មានន័យ​ថា ធម៌​ទាំង​អស់​មិន​មែន​ជា​របស់​ខ្លួន រូប​កាយ​​ខ្លួន​ឯង តែ​មិន​អាច​សុំ​ថា​ចង់​ឲ្យ​ស្អាត​ដូច​ម្ដេច​ក៏បាន ចង់​ឲ្យ​កើត​នៅ​ក្នុង​គ្រួសារ​មាន​ឬ​ក្រ​ក៏​មិនបាន ។

ខ្ញុំ​មិន​ហ៊ាន​និយាយ​ច្រើន​អំពី​ ព្រះធម៌ នោះ​ទេ ដោយ​ចំណេះ​ដឹង​នៅ​ទន់​ខ្សោយ តែ​មួយ​រយៈ​នេះ ខ្ញុំ​បាន​ជួប​រឿង​សង្វេគ​ជា​ច្រើន​ គួរ​ឲ្យ​ខ្ញុំ​រំជួល​ចិត្ត​ពិចារណា​អំពី ជីវិត ។ ខ្ញុំ​​បាន​ឃើញ​ជីវិត​​ថ្មី​ទើប​នឹង​កើត​ឡើង​នៅ​ចំពោះ​មុខ​ ហើយ​នៅ​ពេល​នោះ​ផង​ដែរ​ ក៏​បាន​ឃើញ​ជីវិត​ដ៏​ក្មេង​ខ្ចី​​បាន​ផុត​រលត់​បាត់​ពី​មុខ​ដែរ ។

រួម​គ្នា​ងើប​ឲ្យ​ផុត​ពី​ជំងឺ​មហារីក

ពីរ​ថ្ងៃ​ជាប់​គ្នា មាន​ជីវិត​ដ៏​ក្មេង​ខ្ចី​ពីរ​បាន​ផុត​រលត់​ដោយ​សារ​រោគ​មហារីក ។ ជំងឺ​ដ៏​កាច​សាហាវ​ដែល​ពិបាក​នឹង​ព្យាបាល អាច​បង្ការ​បាន​ដោយ​ការ​ចាក់​វ៉ាក់សាំង (មហារីក​ស្បូន​ចំពោះ​ស្ត្រី, មហារីក​ថ្លើម), ​ការ​តាម​ដាន​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​, ​ការ​កាត់​សាច់​កាច​នោះ​ចោល​ទាន់​ពេលវេលា, ការ​មិន​ជក់​បារី និង​ការ​គ្រប់គ្រង​​របប​អាហារ​ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី នៅ​ប្រទេស​កម្ពុជា ភាគច្រើន​នៃ​អ្នក​ជំងឺ​មហារីក​ដឹង​ខ្លួន​ថា​មាន​ជំងឺ​នេះ​ នៅ​ដំណាក់​កាល​ចុង​ក្រោយ ដែល​មិន​អាច​ជួយ​អ្វី​បាន​ក្រៅពី​ការ​ព្យាបាល​ដោយ​ជាតិ​គីមី (ដែល​អាច​ពន្យារ​អាយុ​បាន តែ​​មាន​ផល​ប៉ះពាល់​ច្រើន) និង​ការ​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ (មាន​ ម៉រហ្វីន ជាដើម) ។ ការ​យល់​ដឹង​ចំពោះ​ជំងឺ​នៅ​មាន​កម្រិត ​ឬ​ឯ​កម្រិត​ជីវិត​ក៏​ជា​បញ្ហា​មួយ​ចម្បង​ផង​ដែរ (ឧទាហរណ៍ ៖ វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​ស្បូន​មាន​តម្លៃ​ដល់​ទៅ ១៥០ ដុល្លារ) ។ ម៉្យាង​ទៀត​ ជា​ទម្លាប់​ជនជាតិ​ខ្មែរ​ភាគ​ច្រើន​ទៅ​មន្ទីរពេទ្យ​នៅ​ពេល​ដែល​ឈឺ ដោយ​កម្រ​នឹង​ទៅ​ពិនិត្យ​សុខភាព​ណាស់ ។

អំពី​រឿង​ ជីវិត ​នេះ ខ្ញុំ​គិត​ថា​ប្រហែល​ជា​សរសេរ​មិន​អស់​ទេ ដូច​ជីវិត​ខ្ញុំ​ស្រាប់ មួយ​ថ្ងៃ​រស់​នៅ មួយ​ទំព័រ​ជីវិត ដូច្នេះ​រឿង​ជីវិត​នេះ​មាន​​ច្រើន​ម៉ឺន​សែន​ទំព័រ​ណាស់​ ឯ​អ្នក​និពន្ធ​ក៏​ខុស​ៗ គ្នា ។ ដូច្នេះ ក៏​យក​ ពុទ្ធឱវាទ ទាំង ៣ ខាង​លើ​មក​ពិចារណា​ រម្ងាប់ចិត្ត​ជា​ការ​ប្រសើរ​ណាស់ ។ ខ្ញុំ​នៅ​ចាំ​ពាក្យ លោក​តា សុទ្ធ ប៉ូលីន​ និយាយ​ថា ដើម្បី​កុំ​ឲ្យ​គិត​ដល់ ជីវិត និង​សេចក្ដី​រលត់​ជីវិត​ដែល​ជៀស​ពុំ​រួច​នោះ​គឺ មនុស្ស​គិត​អំពី ស្នេហា ។ មនុស្ស​លោក​ស្នេហា​គ្នា​ ដើម្បី​បន្លប់​អារម្មណ៍​កុំ​ឲ្យ​គិត​ដល់​រឿង​ទាំង​ពីរ​ខាង​លើ​នេះ គេ​ស្នេហា​គ្នា​ឲ្យ​ភ្លេច​ទុក្ខ​មួយ​គ្រា ។ ប៉ុន្តែ​ក៏​គួរ​ចាំ​ថា មាន​ស្នេហ៍​តែង​មាន​ទុក្ខ ចាន​ក្នុង​រាវ​តែង​រណ្ដំ តែ​ការ​អត់​អោន អធ្យាស្រ័យ​ គឺ​ជា​អ្វី​ដែល​មនុស្ស​លោក​គួរ​មាន​ក្នុង​ចិត្ត​គ្រប់​ៗ គ្នា ។

សរសេរ​ចុះ​ សរសេរ​ឡើង ដូច​ខុស​ចំណង​ជើង ដូច្នេះ​សូម​ប្រើ​សញ្ញា ៕ ត្រឹម​ប៉ុណ្ណេះ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in កំណត់សរសេរ តាម៉ាប់ and tagged , , , , , , . Bookmark the permalink.

One Response to ជីវិត

  1. លី កល្យាណ និយាយថា៖

    ជីវីហ្អា៎! សាច់ឈាមយើងបែបប្រុងបួសមែនទែនហើយឯង!

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s