អ្នក​ប្រាជ្ញ​សម័យ​អង្គរ (១)


ក្នុង​សម័យ​អង្គរ គេ​ស្គាល់​ឈ្មោះ​អ្នក​និពន្ធ​សិលាចារឹក​ ៦ រូប ដែល​មាន​នាម​ជាក់​ប្រាកដ​ទុក​កេរ្តិ៍​ដំណែល​ដល់​យើង​គ្រប់គ្នា ។ ស្នាដៃ​ដែល​យើង​លើក​យក​មក​បង្ហាញ​ខាង​ក្រោម​នេះ យើង​បាន​ដក​ស្រង់​ធ្វើ​ជា​សេចក្ដី​ប្រែ​សម្រួល (1) និង​ធ្វើ​សេចក្ដី​អធិប្បាយ​បន្ថែម​ពី​ជីវប្រវត្តិ​តាម​លំដាប់​មុន​ក្រោយ សម្រាប់​ជា​ឯកសារ​​ដល់​អ្នក​ត្រូវ​សិក្សា​អក្សរសាស្ត្រ​ដូច​តទៅ ៖

១) បណ្ឌិត​សិវសោម

បណ្ឌិត​នេះ​ជា​អ្នក​ចេះ​ចាំ​ស្ទាត់​នូវ​ក្បួន​ច្បាប់​ទាំង​ឡាយ​ខាង​ផ្នែក​អក្សរសាស្ត្រ និង​មន្ត​វិជ្ជា​​ផ្សេងៗ ។ លោក​បាន​ចង​ក្រង​ជា​រឿង​រ៉ាវ​ និង​ក្បួន​ខ្នាត​ជា​ច្រើន​​មាន រឿង​មហាភារតយុទ្ធ ក្បួន​វេយ្យាករណ៍​ជាដើម ។ លោក​បាន​ទទួល​ការ​ប្រោស​ប្រណី​ពី​សំណាក់​ព្រះមហាក្សត្រ​ខ្មែរ​សម័យ​នោះ និង​ជា​រាជគ្រូ​ផ្ទាល់​នៃ ព្រះបាទ​ឥន្ទ្រវម៌្ម ទី១ ។ ស្នាដៃ​របស់​លោក​បាន​គង់​នៅ​នឹង​សិលាចារឹក ​ប្រាសាទ​កណ្ដោលដើម (2) ដែល​យើង​ស្រង់​បាន​សេចក្ដី​បន្តិច​ដូច​ខាង​ក្រោម ៖

«…សូម្បី​​បើ​លាក់​ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ស្ងាត់​ក៏​ដោយ រាជ​សត្រូវ​ភ្លឺ​ស្វាង​ដោយ​ប្រទីប​ជ័យជម្នះ​របស់​ព្រះអង្គ រត់​ចូល​មក​ជ្រក​ក្រោម​ព្រះ​បាទ ហាក់​ដូច​ជា​ខ្លាច​ក្រែង​ព្រះ​អង្គ​ចាប់​បាន​ជា​ថ្មី​ទៀត ។…»

ពាក្យ​យ៉ាង​ខ្លី​ខាង​លើ​នេះ អ្នក​និពន្ធ សិវសោម សរសើរ​បារមី​ ព្រះ​បាទ​ឥន្ទ្រវម៌្ម​ទី ១ ដែល​មាន​ឫទ្ធានុភាព​​នាំ​ឲ្យ​រាជ​សត្រូវ​នៅ​គ្រប់​ទិសទី​សុខ​ចិត្ត​នាំ​គ្នា​មក​ចុះ​ញ៉ម​ក្រោម​ព្រះ​ចេស្ដា​ព្រះ​អង្គ ។

២) បណ្ឌិត​យតិអមរភាវៈ

អ្នក​ប្រាជ្ញ​ឯក​ក្នុង​រជ្ជកាល ព្រះបាទ​យសោវម៌្មទី ១ ដែល​ព្រះ​អង្គ​ទ្រង់​ប្រោស​ព្រះរាជទាន​ឋានន្តរសក្ដិ ជា​អធិបតី​លើ​ចំណោម​បណ្ឌិត​ទាំង​ឡាយ​ក្នុង​សម័យ​នោះ ព្រម​ទាំង​ជា​សង្ឃរាជ​លើ​ វត្តឥន្ទ្រាស្រម ដែល​ជា​មជ្ឈមណ្ឌល​ខាង​លទ្ធិ​សាសនា​ព្រាហ្មណ៍ ។ លោក​ទុក​ស្នាដៃ​ក្នុង​សិលាចារឹក​នៅ​ ភ្នំបាយ័ង្ក (ភ្នំ​បាយ៉ង់) ដែល​យើង​ស្រង់​យក​សេចក្ដី​បន្តិច​ដូច​តទៅ ៖

«…សូម​ព្រះ​សិវៈ​ដ៏​មាន​ជតា​ធំ ហើយ​ដែល​មាន​ព្រះ​បាទ​ធ្ងន់​ជាន់​រាពណ៌ ទសមុខ​ឲ្យ​ស្រែក​ថ្ងូរ​ទ្រហឹង​ពេញ​អាកាសា ដោយ​សេចក្ដី​ឈឺចាប់, ថែរក្សា​នូវ​សម្បត្តិ​របស់​អ្នក ។…»

ប្រយោគ​ខ្លី​ខាង​លើ បណ្ឌិត​យតិអមរភាវៈ សុំ​ឲ្យ​ព្រះ​ឥសូរ​ដែល​មាន​ឫទ្ធិ​អំណាច​អាច​នឹង​ជាន់​លើ​យក្ស​រាពណ៌ ដែល​មាន​មុខ​ដប់​ឲ្យ​ស្រែក​ថ្ងូរ​ដោយ​ចាញ់​បារមី​បាន​នោះ សូម​ឲ្យ​មក​ជួយ​ថែរក្សា​នូវ​សេចក្ដី​សុខ​រុងរឿង​របស់​ប្រជានុរាស្ត្រ​ទាំង​ឡាយ​កុំ​បី​ខាន ។ នេះ​ឯង​ជា​សេចក្ដី​អំពាវនាវ​របស់​សិលាចារឹក កើត​ឡើង​ដោយ​ព្រះរាជូបត្ថម្ភ​នៃ​ ព្រះបាទ​យសោវម៌្មទី ១ គឺ​ជា​ព្រះ​មហាក្សត្រ​ក្លៀវក្លា​មួយ​អង្គ​ក្នុង​ ស.វ. ទី ៩ ដែល​បាន​រៀប​ចំ​កសាង ​ប្រាសាទ​អង្គរធំ (3)

៣) បណ្ឌិត​ទិវាករ (4)

កវី​និពន្ធ​យ៉ាង​ឯក ជំនាន់​រជ្ជកាល​នៃ ព្រះបាទ​រាជេន្ទ្រវម៌្មទី ២ ។ លោក​ចេះ​ស្ទាត់​នូវ​វិជ្ជា​ត្រ័យ​វេទ អាច​សែក​មន្តអាគម​ធ្វើ​ទ័ព​សត្រូវ​ឲ្យ​វិនាស​ខ្ចាត់ខ្ចាយ​បាន ។ បណ្ឌិត​នេះ​ទទួល​​សេចក្ដី​ប្រោស​ប្រាណ​ពី​ព្រះ​រាជា​យ៉ាង​គាប់​ចិត្ត​ក្រៃ​លែង គឺ​ព្រះ​អង្គ​បាន​ប្រធាន​នូវ​បុត្រី​មួយ​​ព្រះ​អង្គ​ព្រះនាម «ឥន្ទ្រលក្ស្មី» ឲ្យ​ធ្វើ​ជា​ភរិយា​ បណ្ឌិត​ទិវាករ ។ ស្នាដៃ​លោក​លាត​ត្រដាង​នៅ​ក្នុង​ផ្ទាំង​សិលាចារឹក​ប្រាសាទ​កំភឹស (5) ដែល​យើង​ដក​ស្រង់​សេចក្ដី​ខ្លះ​ៗ ដូច​តទៅ ៖

«…​ឆេះ​រោលរាល​ដោយ​ព្រួញ​ទិព្យ​របស់​ព្រះអង្គ មហា​ព្រៃ​នៃ​ពួក​សត្រូវ​លែង​លូតលាស់​ឡើង​វិញ សូម្បី​បើ​ស្រោច​ស្រប់​ដោយ​ទឹក​ភ្នែក​ពួក​ទី​ប្រឹក្សា​ក៏ដោយ ។…»

ក្នុង​ឃ្លា​យ៉ាង​ខ្លី​ខាង​លើ​នេះ អ្នក​និពន្ធ ទិវាករ បាន​សរសើរ​ឫទ្ធិ​បារមី​នៃ ព្រះ​បាទ​ជយវម៌្មទី ៥ ដែល​ជា​ក្សត្រ​ប្រកប​នូវ​បារមី​ក្លៀវក្លា​ បង្ក្រាប​អស់​ពួក​សត្រូវ​ដែល​មាន​នៅ​គ្រប់​ទិស​តំបន់ ដែល​អ្នក​និពន្ធ​បាន​ប្រៀប​ប្រដូច​នឹង​មហា​ព្រៃ​ឲ្យ​ស្ងប់ស្ងាត់​ឈឹង​សូន្យ  ទោះ​បី​ជា​មាន​ពួក​ទី​ប្រឹក្សា​ប្រឹង​ដាស់​តឿន​រំលឹក​យ៉ាង​ណា​ក៏ដោយ ។

ដក​ស្រង់ ៖ អក្សរសាស្ត្រ​ខ្មែរ (១៩៦០), លី ធាមតេង (ទំ. 62-65) (នៅ​មាន​ត)

***

  1. Inscriptions du Cambodge (8 volumes) (1937-1966), par George Cœdès
  2. ក្នុង​ ផែន​ទី​ស្ថានីយ​បុរាណ​ខ្មែរ ហៅ​​ប្រាសាទ​​នេះ​ថា កណ្ដាល​ដុំ (ឃុំ​កណ្ដែក, ស្រុក​ប្រាសាទ​បាគង, ខែត្រ​សៀមរាប) មាន​សិលាចារឹក​លេខ K.809 ។
  3. ប្រាសាទ​អង្គរធំ គឺ​ត្រូវ​បាន​កសាង​ដោយ ព្រះបាទជយវម៌្មទី ៧ នោះ​ទេ ។ ចំណែក​ឯ ព្រះបាទ​យសោវម៌្មទី ១ ទ្រង់​បាន​កសាង ប្រាសាទ​ភ្នំ​បាខែង ធ្វើ​ជា​ផ្ចិត​រាជធានី ដែល​មាន​ឈ្មោះ​ថា យសោធរបុរៈ, ​សព្វ​ថ្ងៃ​នៅ​មាន​សំណល់​កំពែង​ធ្វើ​ពី​ដី​ដុត​ នៅ​ទិស​ខាង​ត្បូង និង​ខាង​លិច​ភ្នំ ជា​ភស្តុតាង ។
  4. Inscriptions du Cambodge (vol. 1), par George Cœdès (p. 37)
  5. មិន​ឃើញ​មាន​ឈ្មោះ​ប្រាសាទ​នេះ​ក្នុង ផែន​ទី​ស្ថានីយ​បុរាណ​ខ្មែរ នោះ​ទេ ។ ដូច្នេះ​ អាច​ជា​ការ​សរសេរ​ខុស​របស់​អ្នក​និពន្ធ ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s