អ្នក​ប្រាជ្ញ​សម័យអង្គរ (តចប់)


(ត​ចប់)

៤) បណ្ឌិត​កវិន្ទ្រៈ

អ្នក​និពន្ធ​យ៉ាង​ឆើត​មួយ​រូប​ក្នុង​រជ្ជកាល​ ព្រះបាទ​សូរ្យវម៌្មទី ១ ។ លោក​បាន​រៀន​ចេះ​ស្ទាត់​នូវ​គម្ពីរ​ក្បួន​ខ្នាត​ផ្សេងៗ ហើយ​ជា​អ្នក​មាន​ប្រាជ្ញា​វាង​វៃ​បំផុត អាច​នឹង​ដោះ​ស្រាយ​នូវ​បញ្ហា​អ្វីៗ យ៉ាង​ពិបាក​បាន​យ៉ាង​ឆាប់​រហ័ស ។ ហេតុ​នេះ​ហើយ ទើប​ព្រះរាជា​សព្វ​ព្រះទ័យ​តែងតាំង​ជា​ទីប្រឹក្សា​ព្រះ​អង្គ ។​ស្នាដៃ​លោក​មាន​ពិស្ដារ​ក្នុង​សិលាចារឹក​ ប្រាសាទ​ខ្នារ (1) ដែល​យើង​ដក​ស្រង់​សេចក្ដី​មួយ​ប្រយោគ​មក​ដាក់​បន្ត​នៅ​ទី​នេះ ៖

«…ក្នុង​សង្គ្រាម គ្រឿងអាវុធ​​ដែល​បច្ចាមិត្ត​គ្រវាត់​មក​ធ្ងន់​លើ​ព្រះ​អង្គ​ដោយ​​ពេញ​ទំហឹង ហាក់​ដូច​ជា​សត្វ​តូច​មួយ​ទិច ឬ​ស្រី​ក្រញៅ​ប៉ុណ្ណោះ ។…»

ក្នុង​ប្រយោគ​នេះ អ្នក​និពន្ធ កវិន្ទ្រៈ ​បាន​បង្ហាញ​នូវ​ចេស្ដា​នៃ ព្រះបាទ​សូរ្យវម៌្មទី ១ ក្នុង​គ្រា​ដែល​យាង​ចេញ​តយុទ្ធ​ក្នុង​រណរង្គ ។ អ្នក​និពន្ធ​បាន​បោល​ថា កាល​បើ​សត្រូវ​ប្រហារ​នូវ​សស្ត្រាវុធ​មក​លើ​ព្រះអង្គ ព្រះបាទ​សូរ្យវម៌្មទី ១ ឥត​មាន​ទ្រង់​ញញើត​ឡើង ព្រោះ​ឥត​មាន​ឈឺចាប់​ដល់​ព្រះ​កាយ​បន្តិច​សោះ គ្រាន់​តែ​សៅហ្មង​បន្តិច​ទុក​ដូច​ជា​សត្វ​តូច​មួយ​ទិច ឬ​ដូច​ជា​ស្រី​ក្រញៅ​ប៉ុណ្ណោះ ។

៥) បណ្ឌិត​ភូបន្ទ្រៈ

អ្នក​ប្រាជ្ញ​មួយ​រូប​ក្នុង​សម័យ ​ព្រះ​បាទ​ជយវម្ម៌ទី ៧ ។ លោក​ជា​អធិបតី​លើ​គណៈ​អ្នក​ប្រាជ្ញ​ទាំង​ឡាយ ដែល​ជា​ទីប្រឹក្សា​ព្រះរាជា ហើយ​លោក​ជា​ចៅក្រម​យ៉ាង​ល្បីល្បាញផង ព្រោះ​ជា​អ្នក​មាន​ស្មារតី​ទូលំទូលាយ​ខាង​ផ្លូវ​ច្បាប់ (2) ។ យើង​ដក​ស្រង់​ស្នាដៃ​របស់​លោក​ពី​ក្នុង​សិលាចារឹក​ ប្រាសាទ​ទ (3) ដែល​មាន​សេចក្ដី​ដូច​តទៅ ៖

«…​ទ្រង់​ជ្រាប​ថា ផែន​ដី​ព្រះអង្គ​ដែល​ទ្រង់​បាន​កសាង​ឲ្យ​ក្លាយ​ទៅ​ជា​ឋានសួគ៌​ដោយ​ព្រះ​ប្រាជ្ញាញាណ, ត្រូវ​មរណៈ​ព្យាបាទ​ហើយ ទ្រង់​ដឹក​នាំ​ឲ្យ​យក​ទឹក​អម្រឹត​ធ្វើ​ជា​ភេសជ្ជៈ ដើម្បី​ញ៉ាំង​សត្វ​ដែល​ត្រូវ​ស្លាប់​ កុំ​ឲ្យ​ស្លាប់​ទៀត ។…»

ប្រយោគ​ខាង​លើ​នេះ បង្ហាញ​ពី​សម្រស់​ពាក្យ​ពេចន៍​ជា​ស្នាដៃ​របស់​អ្នក​និពន្ធ​ឈ្មោះ ភូបន្ទ្រៈ ដែល​សរសើរ​ព្រះ​កិត្តិគុណ​របស់ ព្រះបាទ​ជយវម៌្ម​ទី ៧ ត្បិត​ព្រះ​ចៅ​អង្គ​នេះ ទ្រង់​មាន​ព្រះ​មេត្តាធម៌​ក្រៃ​លែង ទ្រង់​បាន​ចាត់​ចែង​បង្កើត​ជា​កង​ព្យាបាល​រោគ​សម្រាប់​ប្រជាជន​ជា​ច្រើន​កន្លែង ទើប​សេចក្ដី​ផ្ដើម​នៃ​សិលាចារឹក​នេះ​និយាយ​ថា ៖ ព្រះ​អង្គ​ទ្រង់​ឈ្វេង​យល់​ថា ផែន​ដី​ដែល​ព្រះអង្គ​កសាង ឲ្យ​មាន​សុខសាន្ត​សម្បូរ​សប្បាយ​ដូច​ជា​ស្ថាន​សួគ៌​នេះ ឥឡូវ​ត្រូវ​រោគាព្យាធិ​មក​រុករាន​ញាំញី​ហើយ ទើប​ព្រះ​អង្គ​ណែ​នាំ​ប្រជាជន​​ដ៏​ជា​ទី​សព្វ​ព្រះទ័យ​ឲ្យ​កសាង​ខ្លួន​តាម​ផ្លូវ​ល្អ ពោល​គឺ​ ឲ្យ​ផឹក​នូវ​ទឹក​អម្រឹត​រស​ជាតិ​ សីលធម៌​ព្រះ​ពុទ្ធសាសនា និង​កែរោគ​ជន​ទាំង​នោះ ដោយ​បង្កើត​ឲ្យ​មាន​ក្រុម​ព្យាបាល​ជំងឺ​ដោយ​ឱសថ​ផ្សេងៗ ។

៦) ព្រះ​នាង​ឥន្ទ្រទេវី

indradevi

ព្រះ​អគ្គមហេសី ឥន្ទ្រទេវី

អគ្គ​មហេសី​ទី ២ នៃ​ ព្រះបាទ​ជយវម៌្មទី ៧ គឺ ព្រះ​នាង​​ទ្រង់​បាន​ទទួល​រាជាភិសេក​ជា​មួយ​ព្រះ​ចៅ​ផែន​ដី ក្រោយ​ពេល​ដែល​ព្រះ​មហេសី​ដើម ជា​ព្រះ​អនុជ​បង្កើត​របស់​ព្រះនាង​ចូល​​ទិវង្គត ។ ព្រះនាង​ឥន្ទ្រទេវី ទ្រង់​បាន​ណែ​នាំ​ព្រះរាជា ឲ្យ​មាន​ព្រះ​ទ័យ​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធសាសនា និង​ការ​កសាង​វប្បធម៌​ ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​សាលា​ជាន់​ខ្ពស់​​សម្រាប់​បង្រៀន​កូនចៅ​ខ្មែរ និង​បង្កើត​វង់​ល្ខោន​សម្រាប់​សំដែង​សិល្បៈ​ខ្មែរ​ជា​ដើម ។ ត​ទៅ​នេះ យើង​ស្រង់​ពី​សិលាចារឹក ប្រាសាទ​ភិមាន​អាកាស (4) (5)  ៖

«…ដោយ​មាន​ភក្ដី​ចំពោះ​ព្រះ​ស្វាមី​លុះ​ត្រា​និព្វាន ព្រះនាង​ទ្រង់​ទន្ទឹង​រង់​ចាំ​ឲ្យ​ឃើញ​ថា ព្រះ​រាជា​ទ្រង់​ថ្វាយ​ព្រះ​អង្គ​ស៊ប់​ក្នុង​ពុទ្ធឱវាទ​សិន ទើប​ព្រះ​នាង​ចូល​កាន់​និព្វាន​ជា​ក្រោយ ។…»

ប្រយោគ​ខ្លី​នេះ ព្រះ​នាង​ឥន្ទ្រ​ទេវី ទ្រង់​ចារឹក​ទុក​អំពី​ទឹក​ព្រះ​ទ័យ​នៃ​ ព្រះនាង​ជយ​រាជ​ទេវី ជា​ព្រះ​អនុជ​បង្កើត និង​ជា​មហេសី​ដើម​នៃ​ព្រះ​ស្វាមី​ព្រះ​នាង កាល​មុន​ចូល​ទិវង្គត ។

indradevi-javarman7-jayarajadevi

ព្រះ​នាង​ឥន្ទ្រទេវី, ព្រះ​បាទ​ជយវម៌្ម​ទី ៧, ព្រះនាង​ជយរាជ​ទេវី

ដក​ស្រង់ ៖ អក្សរសាស្ត្រ​ខ្មែរ (១៩៦០), លី ធាមតេង (ទំ. 62-67)

***

  1. ក្នុង​ ផែន​ទី​ស្ថានីយ​បុរាណ​ខ្មែរ, ប្រាសាទ​ខ្នារ​ មាន​ច្រើន តែ​មាន​ប្រាសាទ​មួយ​ធំ (ភូមិ​ក្រឡាពាស, ឃុំ​ព្រីងធំ, ស្រុក​​ជាំក្សាន្ត​, ខែត្រ​ព្រះវិហារ) មាន​សិលាចារឹក​​ដល់​ទៅ​ ៤ ផ្ទាំង​ គឺ K.355, K.356, K.660 និង K.661 ។
  2. Inscriptions du Cambodge (vol. 1), par George Cœdès (p. 228)
  3. ក្នុង​ ផែន​ទី​ស្ថានីយ​បុរាណ​ខ្មែរ, ប្រាសាទ​ទ (ភូមិ​អូរទទឹង, ឃុំ​ព្រះដាក់, ស្រុក​បន្ទាយ​ស្រី, ខែត្រ​សៀមរាប) មាន​​សិលាចារឹក​​លេខ K.692 ។
  4. Inscriptions du Cambodge (vol. 3), par George Cœdès (p. 161 et suite)
  5. ក្នុង​ ផែន​ទី​ស្ថានីយ​បុរាណ​ខ្មែរ, ប្រាសាទ​ភិមាន​អាកាស (ក្នុង​កំពែង​អង្គរ​ធំ) មាន​សិលាចារឹក​ ៣ ផ្ទាំង​ គឺ K.291, K.484 និង K.485 ។

 

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ ប្រវត្តិវិទ្យា, អត្ថបទ វប្បធម៌ និង អរិយធម៌, អ្នក​អក្សរសាស្រ្ត - អ្នក​និពន្ធ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s