រូបថត​ពីអង្គរ (៣) ៖ ប្រាសាទ​នៅ​​ក្រុង​សៀមរាប


ត​ពី​ប្រកាស​មុន ប្រកាស​នេះ ខ្ញុំ​នឹង​​និយាយ​អំពី ប្រាសាទ​ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុង​សៀមរាប ដែល​មាន​ចំនួន ៦ ក្នុង​នោះ ៥ ខ្ញុំ​បាន​ទៅ​ដល់​ដោយ​ផ្ទាល់ ។

១. ប្រាសាទ​ព្រះ​ឥន្ទ​កោសីយ៍ ៖ ស្ថិត​នៅ​​ត្រើយ​ខាង​កើត​ស្ទឹង​សៀមរាប ក្នុង​ទីធ្លា​វត្ត​ព្រះឥន្ទ​កោសីយ៍ ។ ជា​ប្រាសាទ​ឥដ្ឋ​ ២ បែរ​មុខ​ទៅ​កើត សង់​លើ​ខឿន​តែ​មួយ​​ ក្នុង​រចនាបថ​បាខែង ។ ប្រាង្គ​ធំ​មាន​ផ្ដែរ​ ជា​រូប​​​រូប​ព្រះ​ឥន្ទ​គង់​លើ​​ឰរាវ័ណ, រូប​រឿង​កូរ​សមុទ្រ​ទឹក​ដោះ និង​ហោជាង​រូប​ព្រះ​ក្រិស្នា​ទ្រ​ភ្នំ​គោវធ៌ន (បិត​បាយអ រលុះ​រូប​បាត់​ខ្លះ) ។ នៅ​មុខ​ប្រាសាទ​ មាន​​បណ្ណាល័យ​មួយ និង​គ្រឹះ​បណ្ណាល័យ​មួយ​ ក៏​ដូច​ជា​ស៊ុម​ទ្វារ​ពី​ថ្ម​ភក់​ ។ នៅ​ជុំវិញ​ប្រាសាទ​មាន​ស្លាក​ស្នាម​គូ​ទឹក ។ ប្រាសាទ​នេះ​មាន​សិលាចារឹក K. 262 និង K.263 ។

២. ប្រាសាទ​គោក​ចក ៖ ​ស្ថិត​នៅ​ជាប់​ខាង​ជើង​សាលា​បឋម​សិក្សា​គោក​ចក ។ ជា​ប្រាសាទ​ឥដ្ឋ ២ បែរ​មុខ​ទៅ​កើត សង់​ដាច់​គ្នា ប្រហែល​ជា​ក្នុង​រចនាបថ​បាខែង​ដែរ ។ ប្រាសាទ​​ទាំង ២ មាន​ផ្ដែរ​រូប​គ្រុឌ​ចាប់​នាគ (ផ្ដែរ​ប្រាង្គ​តូច​រចនា​រួច​សព្វគ្រប់, ផ្ដែរ​ប្រាង្គ​ធំ​មិន​ទាន់​រួច) ។ ប្រាសាទ​នេះ​មាន​សិលាចារឹក K. 521 ។ នៅ​ជុំវិញ​ប្រាសាទ​មាន​ស្លាក​ស្នាម​គូ​ទឹក ។ បច្ចុប្បន្ន​មាន​ការ​បោស​សម្អាត កាប់​ឆ្ការ​ និង​ថែរក្សា ខុស​ពី​រូប​ថត​​ដែល​បាន​ដាក់​បង្ហាញ (រូប​ថត​នៅ​​ខែ​កុម្ភៈ ២០១៤) ។

៣. ប្រាសាទ​គោក​ប៉ាទ្រី ៖ ស្ថិត​នៅ​​ទល់​មុខ​ ភូមិវប្បធម៌ ក្នុង​រោង​​ដែក​ប្រក់​ស័ង្កសី​មួយ ។ បច្ចុប្បន្ន បាក់​បែក​អស់​សល់​តែ​គ្រឹះ និង​បំណែក​សសរពេជ្រ ។ តាម​ឯកសារ​បញ្ជាក់​ថា ជា​ប្រាសាទ​ឥដ្ឋ ២ មិន​ស្ថិត​នៅ​ជួរ​ជា​មួយ​គ្នា ។

៤. ប្រាសាទ​វត្ត​អធ្វា ៖ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​អធ្វា ​ត្រើយ​ខាង​លិច​ស្ទឹង​សៀមរាប តាម​ផ្លូវ​ទៅ​ភ្នំ​ក្រោម ។ ប្រាង្គ​ធំ​​ធ្វើ​ពី​​ថ្ម​ភក់​មាន​យ៉​នៅ​គ្រប់​ ៤ ទិស​ បែរ​មុខ​ទៅ​ទិស​ខាង​លិច ស្ថិត​​ក្នុង​រចនាបថ​អង្គរវត្ត ។ មាន​​ប្រាង្គ​តូច​ៗ ៤ ធ្វើ​ពី​ថ្ម​ភក់​ដែរ បែរ​មុខ​ទៅ​ទិស​ខាង​លិច នៅ​ពី​គ្រប់​​អនុ​ទិស​នៃ​ប្រាង្គ​ធំ ។ មាន​កំពែង​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម និង​ច្រក​ចូល​ធំ​​ធ្វើ​ពី​ថ្ម​ភក់​ នៅ​ទិស​ខាង​លិច ។ ប្រាសាទ​នេះ​មាន​សិលាចារឹក​K. 261, K. 792, K. 793 និង​ K. 794 ។

៥. ប្រាសាទ​ភ្នំ​ក្រោម ៖ ប្រាសាទ​ថ្ម​ភក់ ៣ សង់​លើ​ខឿន​តែ​មួយ​​ ក្នុង​រចនាបថ​បាខែង​ នៅ​លើ​កំពូល​ភ្នំ​ក្រោម ។ នៅ​ខាង​មុខ​ប្រាង្គ​ធំ​ទាំង ៣ មាន​ បណ្ណាល័យ (ឯកសារ​ខ្លះ​ហៅ ហោត្រ័យ ឬ ធម្មសាលា) ៤ ដោយ​ពីរ​ខាង​ក្នុង​សង់​អំពី​ថ្ម​ភក់ និង​ ពីរ​ខាង​ក្រៅ​សង់​អំពី​ឥដ្ឋ ។ នៅ​ជុំវិញ​ប្រាសាទ​មាន​រោង ១០ បាក់បែក​អស់ ។ ប្រាសាទ​នេះ​មាន​កំពែង​ និង​ខ្លោង​ទ្វា​ធ្វើ​ពី​ថ្ម​បាយ​ក្រៀម ។

៦. ប្រាសាទ​វត្ត​ចេតិយ ៖ ស្ថិត​នៅ​ក្នុង​ទីធ្លា​វត្ត​ចេតិយ (ភូមិ​វាល ឃុំ​សំបួរ ក្រុង​សៀមរាប) ។ ប្រាសាទ​​​ឥដ្ឋ​នេះ​ត្រូវ​បាន​កែប្រែ​នៅ​សម័យ​ក្រោយ​ ឲ្យ​ក្លាយ​ជា​ចេតិយ​ដូច​បាន​ឃើញ​នៅ​ពេល​បច្ចុប្បន្ន ។ ប្រាសាទ​នេះ​បែរ​មុខ​ទៅ​ទិស​ខាង​កើត មាន​ផ្ដែរ​រូប​​​រូប​ព្រះ​ឥន្ទ​គង់​លើ​​ឰរាវ័ណ ​ប្រហែល​ជា​ស្ថិត​ក្នុង​រចនាបថ​បាខែង ។ នៅ​ជុំវិញ​ប្រាសាទ​មាន​ស្លាក​ស្នាម​គូ​ទឹក ។

រូប​ពី CISARK

***

អាន​បន្ថែម ៖ ឈូក​ខ្មែរ ៖

  1. ប្រាសាទ​ព្រះ​ឥន្ទ​កោសីយ៍
  2. ប្រាសាទ​វត្ត​អធ្វា
  3. រមណីយដ្ឋាន​ភ្នំ​ក្រោម
  4. រឿងព្រេង​នាង​កែវ​ប្រាំពីរ​ពណ៌ និង​វត្ត​ចេតិយ

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​​បុរាណ​នៅ​កម្ពុជា and tagged , , , , , . Bookmark the permalink.

One Response to រូបថត​ពីអង្គរ (៣) ៖ ប្រាសាទ​នៅ​​ក្រុង​សៀមរាប

  1. Pingback: ប្រាសាទ​គោកចក | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s