ទសអវតារ


ទស​អវតារ គឺ​ជា​អវតារ​ទាំង ១០ នៃ​ព្រះវិស្ណុ ដែល​ចុះ​មក​ជួយ​មនុស្ស​តាម​ យុគ ផ្សេង​ៗ គ្នា ។ អវតារ​នៃ​ព្រះ​វិស្ណុ​ មិន​មែន​មាន​ត្រឹម​តែ ១០ ប៉ុណ្ណឹង​ទេ នៅ​ក្នុង​​គម្ពីរ​ភគវ័ត​បុរាណ បញ្ជាក់​ថា​មាន​ដល់​ទៅ ២២ ប៉ុន្តែ​​គម្ពីរ​​ក៏​បាន​បញ្ជាក់​ថា «អវតារ​នៃ​ព្រះ​វិស្ណុ មាន​រហូត​ដល់​ទៅ​​រាប់​មិន​អស់ ដូច​ទន្លេ​ដែល​ហូរ​ចេញ​ពី​ប្រភព​មិន​ចេះ​រីង​ស្ងួត» ។

(រាប់​ពី​ឆ្វេង​មក​ស្ដាំ) វរាហៈ, មត្ស្យា, កូម៌ៈ, វាមណៈ, បរសុរាម, ក្រឹស្ណៈ , រាម, ពុទ្ធ, នរសិង្ហ, កល្កិ

អវតារ​​ធំ​ៗ​ទាំង​ ១០ នេះ​មាន ៖

  1. មត្ស្យា (ម័ត-ស្យា) ៖ ត្រី (ពេល​ខ្លះ​ជា​មនុស្ស​ដែល​ចាប់​ពី​ចង្កេះ​​​ជា​កន្ទុយ​ត្រី) ​ដែល​ជួយ​ស្រង់ មនុ ពី​ទឹក​ជំនន់​បំផ្លាញ​លោក និង​រក្សា គម្ពីរ​វេទ ទាំង ៤ ។
  2. កូម៌ៈ (កូ-រ-ម័ក) ៖ អណ្ដើក (ពេល​ខ្លះ​ជា​មនុស្ស​ដែល​ចាប់​ពី​ចង្កេះ​ជា​ស្នូក​អណ្ដើក) ​ដែល​ជា​កំណល់​ ភ្នំ​មន្ទរៈ ក្នុង​ការ​កូរ​វឹក​សមុទ្រ​ទឹក​ដោះ​រវាង​ពួក​ទេវ និង​អសុរ អស់​កាល ១.០០០ ឆ្នាំ ។
  3. វរាហៈ (វ-រា-ហ័ក) ៖ ជ្រូក​ព្រៃ (ពេល​ខ្លះ​ជា​មនុស្ស​ដៃ ៤ មាន​ក្បាល​ជា​​ជ្រូកព្រៃ) ដែល​​សម្លាប់​យក្ស​ឈ្មោះ​ ហរិណយក្ស ដែល​ចាប់​យក នាង​ភូមិ​ទេវី (ជា​មនុស្ស​ស្រី ពេល​ខ្លះ​ជា​ផែនដី) ចុះ​ទៅ​​ក្រោម​ដី ក្រោមទឹក ។ វរាហៈ ប្រយុទ្ធ​អស់​ពេល​ ១.០០០ ឆ្នាំ​ទើប​សម្លាប់​យក្ស​នេះ​បាន ហើយ​ទ្រ​​​ នាង​ភូមិ​ទេវី នឹង​ចែ. មក​កន្លែង​ដើម​ក្នុង​ចក្រវាល​វិញ ។
  4. នរសិង្ហ (ន-រ័ក-សិង្ហ) ៖ មនុស្ស​​ដៃ​ ៤ ​មាន​ក្បាល​ជា​តោ ដែល​សម្លាប់​យក្ស​​កំណាច​ឈ្មោះ​ហរិណយក្សីពុ ដែល​ជា​បង ហរិណយក្ស ។ ហរិណយក្សីពុ សុំ​ពរ​បាន​ពី ព្រះ​ព្រហ្ម ដោយ​មិន​អាច​មាន​មនុស្ស, ទេវតា ឬ​សត្វ​ណា​សម្លាប់​វា​បាន, ទោះ​ជា​ពេល​ថ្ងៃ​ ឬ​ពេល​យប់, ទោះ​ជា​​នៅ​ក្នុង​ ឬ​ក៏​ក្រៅ​វាំង, ទោះ​ជា​នៅ​ផែនដី ឬ​ក៏​នៅ​អវកាស និង​ដោយ​អាវុធ​ពិត ឬ​មិន​ពិត ។ ព្រះវិស្ណុ បាន​ក្លាយ​ខ្លួន​ទៅ​ជា នរសិង្ហ ហើយ​សម្លាប់​យក្ស​នោះ​នៅ ពេល​ថ្ងៃ​រៀប​លិច នៅ​មាត់ទ្វារ​វាំង ដោយ​ចាប់​​មក​ដាក់​នៅ​លើ​ភ្លៅ ហើយ​វះ​ពោះ​នឹង​​ក្រចក​​​ដៃ​ដ៏​ស្រួច​ៗ ដូច​ក្រចក​តោ ។
  5. វាមណៈ (វា-ម-ន័ក) ៖ ព្រាហ្មណ៍​តឿ​ដែល​បញ្ឆោត​យក្ស ពាលី (កូន​ចៅ​ជំនាន់​ទី ៤ នៃ ហរិណយក្សីពុ) ដោយ​សុំ​ដី ៣ ជំហាន ក្រោយ​ពេល​យក្ស ពាលី ច្បាំង​ឈ្នះ ព្រះឥន្ទ កាន់កាប់​ចក្រវាល ។ ក្រោយ​យក្ស ពាលី ព្រម​ហើយ វាមណៈ បាន​ក្លាយ​ខ្លួន​ជា​ធំ​មហិមា ដោយ​ជំហាន​ទី ១ ឈាន​យក​ឋាន​សួគ៌,​ ជំហាន​ទី ២ ឈាន​យក​ឋាន​បាតាល ។ យក្ស ពាលី ដោយ​ដឹង​ថា វាមណៈ​ ជា​អវតារ ព្រះ​វិស្ណុ ក៏​អោន​ក្បាល​ឲ្យ វាមណៈ ជាន់​យក​ជា​ជំហាន​ទី ៣ ។
  6. បរសុរាម (ប័ក-រ័ក-សុ-រាម) ៖ ជា ព្រាហ្មណ៍​ក្សត្រ (បំពេញ​ទាំង​​ការងារ​​របស់​ព្រាហ្មណ៍ និង​ក្សត្រ) ដៃ​កាន់​ពូថៅ​​ដែល​ ព្រះ​សិវៈ ប្រទាន​ឲ្យ​ជា​អាវុធ ។ បរសុរាម ជា​និរន្ត​ជីវី (មាន​ជីវិតអមត) ដែល​អ្នក​គោរព​បូជា​ជឿ​ថា​នៅ​រស់​រហូត​ដល់​សព្វ​ថ្ងៃ ។
  7. រាម ៖ រាមចន្ទ្រ, ស្ដេច​នគរ​អយុធ្យា, តួ​អង្គ​ឯក​ក្នុង​វីរ​កថា រាមាយាណៈ ដ៏​ល្បីល្បាញ ដែល​សម្លាប់​យក្ស​ទសមុខ រាពណ៍ នៅ​ចម្បាំង​ឯ លង្កា​ទ្វីប ដើម្បី​យក​មហេសី សិតា ដែល​យក្ស​នោះ​ពង្រត់​យក​ទៅ ។
  8. ក្រឹស្ណៈ ៖ ជា​អវតារ​ពេញ​​នៃ​ ព្រះវិស្ណុ, ក្រឹស្ណៈ គឺ​ជា​ព្រះវិស្ណុ​នៅ​លើ​ផែនដី ។ ក្រឹស្ណៈ បាន​ធ្វើ​កិច្ច​ការ​​ពិសិដ្ឋ​ជា​ទី​ចម្រើន​ដល់​អ្នក​គោរព​បូជា​ជា​ច្រើន ព្រម​ទាំង​ចូល​រួម​សង្គ្រាម ​កុរុ​ក្សេត្រ នៅ​ក្នុង​វីរ​កថា មហាភារតៈ ដ៏​ល្បីល្បាញ ។
  9. ពុទ្ធ ៖ ព្រះ​ពុទ្ធ​សមណគោតម ដែល​ពួក​ហិណ្ឌូ​និកាយ​វិស្ណុ រាប់​បញ្ចូល​ដើម្បី​អូស​ទាញ​ពុទ្ធបរិស័ទ ។(1)
  10. កល្កិ (ក័ល-កិ) ៖ អវតារ​ចុង​ក្រោយ​នៃ ព្រះវិស្ណុ ជា​មនុស្ស​ជិះ​សេះ​ស (ពេល​ខ្លះ​ជា​មនុស្ស​ ក្បាល​សេះ ជិះ​សេះ​ស) ដៃ​មាន​កាន់​ដាវ មក​នៅ​ពេល​ចុង​បញ្ចប់​នៃ កលិយុគ (2) (យុគ​សម័យ​បច្ចុប្បន្ន) ដើម្បី​កម្ទេច​​សភាព​អាក្រក់ និង​គ្មាន​គុណធម៌​ទាំង​អស់ ។

យើង​ឃើញ​​មាន​ការ​បកប្រែ​បច្ចុប្បន្ន​ខ្លះ​ យល់ថា ទស​អវតារ ជា​និមិត្ត​សញ្ញា​នៃ​ ទ្រឹស្ដីបទ​នៃ​​ការ​​វិវត្តន៍,  យល់ថា ទស​អវតារ ជា​រូប​ដំណាង​តាម​លំដាប់​នៃ​​សភាព​នៃ​ជីវិត​ពី​សាមញ្ញ រហូត​ដល់​សាំញ៉ាំ តាម​លំដាប់​​កំណត់ ។

  1. មត្ស្យា ៖ ត្រី, សត្វ​មាន​ឆ្អឹង​កង​ថ្នាក់​ទី​ ១ ដែល​វិវឌ្ឍ​ពី​ក្នុង​ទឹក​មក ។
  2. កូម៌ៈ ៖ អណ្ដើក (រស់​នៅ​ក្នុង​ទឹក​ក៏​បាន លើ​គោក​ក៏បាន ប៉ុន្តែ​មិន​មែន​សត្វ​មាន​ឆ្អឹង​កង) ។
  3. វរាហៈ ៖ ជ្រូក​ព្រៃ, សត្វ​ព្រៃ​នៅ​លើ​គោក ។
  4. នរសិង្ហ ៖ ពាក់​កណ្ដាល​សត្វ ពាក់​កណ្ដាល​មនុស្ស (ចង្អុល​បង្ហាញ​ពី​ការ​លេច​​ឡើង​នូវ​ គំនិត​ និង​បញ្ញា​មនុស្ស​ ទប់ទល់​នឹង​​​កម្លាំង​ធម្មជាតិ) ។
  5. វាមណៈ ៖ មនុស្ស​តឿ, មនុស្ស​លោក​ដំបូង ។
  6. បរសុរាម ៖ មនុស្ស​លោក​រស់​នៅ​ក្នុង​ព្រៃ ចាប់​ផ្ដើម​ចេះ​ប្រើ​អាវុធ ។
  7. រាម ៖ មនុស្ស​លោក​ចាប់​ផ្ដើម​ចេះ​រស់​នៅ​រួម​គ្នា បង្កើត​ជា​សង្គម​ឡើង ។
  8. ក្រឹស្ណៈ ៖ មនុស្ស​លោក​ចាប់​ផ្ដើម​ចេះ​ចិញ្ចឹម​សត្វ ចេះ​ធ្វើ​នយោបាយ​ ។
  9. ពុទ្ធ ៖ មនុស្ស​លោក​​ស្វែង​រក​ការ​ត្រាស់​ដឹង ។
  10. កល្កិ ៖ មនុស្ស​លោក​សម័យ​ខាង​មុខ មាន​កម្លាំង​បំផ្លាញ​មហិមា ។

***

កំណត់​ចំណាំ និង​អាន​បន្ថែម ៖

  1. នៅ​គម្ពីរ​ខ្លះ គេ​យក​ ពល​រាម (Wikipedia: Balarama) ដែល​ជា​បងប្រុស​របស់ ក្រឹស្ណៈ ជា​អវតារ​ទី ៨ ចំណែក​​ឯ ក្រឹស្ណៈ ក្លាយ​ជា​អវតារ​ទី ៩ ដោយ​មិន​រាប់​បញ្ចូល​ ពុទ្ធ ។
  2. យុគ​ទាំងអស់​មាន ៤ ៖ សត្យយុគ (1.728.000 ឆ្នាំ), ត្រេត​យុគ (1.296.000 ឆ្នាំ), ទ្វាបរយុគ (864.000 ឆ្នាំ) និង កលិយុគ (432.000 ឆ្នាំ) ។

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in អត្ថបទ វប្បធម៌ និង អរិយធម៌ and tagged , , , , . Bookmark the permalink.

2 Responses to ទសអវតារ

  1. Pingback: ទសអវតារ ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ | តាម៉ាប់ យាយម៉ាប់

  2. Pingback: ទសអវតារ ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ | តាម៉ាប់ យាយម៉ាប់

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s