ប្រាសាទ​ស្តុកកក់ធំ


Prasat Sdok Kok Thom central prang

ប៉ម​កណ្ដាល​ (រូបភាព​ពី renown travel)

ប្រាសាទ​ស្តុក​កក់​ធំ បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ខេត្ត​ស្រះ​កែវ ចម្ងាយ​ប្រមាណ ៣ គ.ម៉. ពី​ព្រំ​ដែន​ ខ្មែរ​-ថៃ ។ ថ្វី​ត្បិត​តែ​ប្រាសាទ​នេះ​មាន​ទំហំ​តូច បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រាសាទ​នៅ ឧទ្យាន​អង្គរ តែ​ប្រាសាទ​នេះ​​មាន​សារ​សំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​យ៉ាង​ធំ​ធេង ដោយ​សារ​គេ​បាន​រក​ឃើញ​សិលាចារឹក​យ៉ាង​​វែង​មួយ​រៀប​រាប់​រឿង​រ៉ាវ​ក្នុង​រយៈ​កាល​ជាង ២៥០ ឆ្នាំ ។ ប្រាសាទ​នេះ​​មាន​ប៉ម​កណ្ដាល​តែ​មួយ​ ធ្វើ​អំពី​ថ្ម​ភក់ សង់​​លើ​គ្រឹះ​ថ្ម​បាយ​ក្រៀម បែរ​មុខ​ទៅ​កើត និង​មាន​ទ្វារ​បញ្ឆោត​ពី​ ៣ ទិស​ផ្សេង​ទៀត ។ នៅ​ទិស​ឦសាន និង​អាគ្នេយ៍​​ប៉ម​កណ្ដាល​ មាន​បណ្ណាល័យ​ ២ បែរ​មុខ​ទៅ​ទិស​ខាង​លិច ។ ព័ទ្ធ​ជុំ​វិញ​ គឺ​ជា​ថែវ​​បួន​ជ្រុង (ទំហំ ៣៦ ម៉. x ៤២ ម៉.) ដែល​មាន​ច្រក​ចូល​​តែ​ពី​ទិស​ខាង​កើត ។ នៅ​ជុំ​វិញ​ថែវ មាន​គូ​ទឹក​​ព័ទ្ធ​ជុំ​វិញ​ តែ​ត្រូវ​កាត់​ដោយ​ផ្លូវ​ចូល​ពី​ទិស​ខាង​កើត និង​ខាង​លិច ។ នៅ​ជុំវិញ​គូ​ទឹក មាន​កំពែង​​ថ្ម​បាយ​ក្រៀម​មួយ​ជាន់​ទៀត​ កម្ពស់ ២,៥ ម៉. (ទំហំ ១២៦ ម៉. x ១២០ ម៉) ដែល​មា​ន​ច្រក​ចូល​​ធំ​មួយ​ ពី​ទិស​ខាង​កើត​ផង​ដែរ ។ នៅ​ខាង​កើត​​ ច្រក​ចូល​ធំ​នេះ ចម្ងាយ​ប្រមាណ​ជា​ ២០០ ម៉. មាន​បារាយណ៍​មួយ​ដែល​មាន​ទំហំ ៣៧០ ម៉. x ២០០ ម៉. ។

ប្លង់​រួម​នៃ​ប្រាសាទ (រូប​ភាព​ពី sundail thai isan)

សិលាចារឹក​ K. 235

the-sdok-kok-thom-inscription

សិលាចារឹក​ស្តុកកក់ធំ (រូបភាព​ពី anangpaser)

សិលាចារឹក​នេះ​មាន​ចំនួន ៣៤០ បន្ទាត់​​ ចារ​ជា​ភាសា​សំស្ក្រឹត​ និង​ខ្មែរ​បុរាណ ​នៅ​លើ​ជ្រុង​ទាំង​ ៤ នៃ​ផ្ទាំង​ថ្ម​ដែល​មាន​​កម្ពស់ ១,៥១ ម៉. ។ សិលាចារឹក​នេះ​ត្រូវ​បាន​ចារ​នៅ​ថ្ងៃ ០៨ កុម្ភៈ​ ឆ្នាំ​១០៥៣ ​ក្រោម​បញ្ជា​នៃ​ព្រាហ្មណ៍​ឈ្មោះ សទឝិវ (Sadaśiva) ​ជា​ព្រាហ្មណ៍​​បុរោហិត​នៃ​ព្រះ​មហាក្សត្រ​ខ្មែរ ​ហើយ​ក៏​ដូច​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៃ​តំបន់​នេះ ។ សិលាចារឹក​នេះ​បញ្ជាក់​ពី​ ពូជពង្ស​សាលោហិត​របស់​គាត់​​ចំនួន​ ៩ ជំនាន់​ដែល​ជា​​ព្រាហ្មណ៍​បុរោហិត​នៃ​ព្រះមហាក្សត្រ​ខ្មែរ​រៀង​តាំង​ពី​ ព្រះបាទ​ជយវម៌្ម ទី ២ ។ ដូន​តា​ដំបូង​បំផុត​នៃ​ព្រាហ្មណ៍​នេះ គឺ​ ព្រាហ្មណ៍​ ឝិវកៃវល្យ (Śivakaivalya) ដែល​បាន​រៀន​សូត្រ​​​ចេះ​ចប់​គម្ពីរ​វេទ​​ទាំង ៤ ពី​ព្រាហ្មណ៍​ធំ​មួយ​ទៀត​ឈ្មោះ ហរិណ្យទាម (Hariṇyadāma) ។ ​សិលាចារឹក​នេះ​ក៏​បញ្ជាក់​ពី​ពិធី​ពិសេសមួយ​ដែល​ គេ​ហៅ​ថា «ទេវរាជ» (សំស្ក្រឹត) ឬ «កម្រេតេង ជ គត ត រាជ» (ខ្មែរ​បុរាណ) ដែល​បាន​ប្រារព្ធ​​ឡើង​នៅ​ឯ​ ឝ្រីមហេន្ទ្របវ៌ត (ភ្នំ​គូលេន) ។ សិលាចារឹក​នេះ​​ក៏​បាន​បញ្ជាក់​​អំពី​សារសំខាន់​នៃ​​​ពូជពង្ស​សន្តាន​ព្រាហ្មណ៍​នេះ ដែល​មាន​បុព្វសិទ្ធិ​ពិសេស​ក្នុង​ការ​ប្រារព្ធ​ពិធី​ពិសេស​នេះ​​សម្រាប់​ព្រះ​រាជា​ ដែល​មិន​មាន​​ពូជពង្ស​សន្តាន​ណា​ផ្សេង​ធ្វើ​បាន​ឡើយ ។

ការ​ងារ​ជួសជុល  & អភិរក្ស​ឡើង​វិញ

ការ​ងារ​ជួស​ជុល និង​អភិរក្ស​ប្រាសាទ​នេះ​​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ដំណាក់​កាល ។ បច្ចុប្បន្ន​ យើង​អាច​មើល​ឃើញ​ប្រាសាទ​ស្តុក​កក់​ធំ ស្ទើរ​តែ​ដូច​កាល​ពី​ជិត ១.០០០ ឆ្នាំ​មុន​ ដែល​ប្រាសាទ​នេះ​ទើប​តែ​ត្រូវ​បាន​កសាង​រួច​ថ្មី ។ គេ​បាន​ប្រើ​ថ្ម​ថ្មី​ជំនួស​កន្លែង​ថ្ម​ចាស់​ដែរ​បាត់ ទោះ​ជា​យ៉ាង​ណា​ យើង​អាច​​សម្គាល់​បាន​នូវ​ភាព​ខុស​គ្នា​រវាង​ថ្ម​ទាំង​ ២ ប្រភេទ​នេះ​បាន ។

ប្រាសាទ​នេះ​មាន​ចម្ងាយ​ប្រមាណ ៤៤១ គ.ម៉. ពី​ទីក្រុង​ភ្នំពេញ ស្ថិត​នៅ​ទីតាំង​ភូមិសាស្ត្រ 13.843602, 102.737178

***

ឯកសារ​យោង (គួរ​អាន​បន្ថែម) ៖

About តា ម៉ាប់

ខ្មែរ​ម្នាក់​ដែល​រស់​ដើម្បី​ខ្មែរ ! A young Khmer with big ambition for his motherland!
This entry was posted in ប្រាសាទ​បុរាណ​ខ្មែរ​នៅ​បរទេស, អំពី​សិលាចារឹក​ខ្មែរ and tagged , , , , . Bookmark the permalink.

សាសង

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s